យ៉ូហាន 20:19-31
យ៉ូហាន 20:19-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅល្ងាចថ្ងៃនោះ គឺជាថ្ងៃទីមួយក្នុងសប្ដាហ៍ កន្លែងដែលពួកសិស្សប្រជុំគ្នាបានខ្ទាស់ទ្វារជិត ដោយព្រោះខ្លាចសាសន៍យូដា ព្រះយេស៊ូវយាងមកឈរនៅកណ្តាលពួកគេ មានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ព្រះអង្គក៏បង្ហាញព្រះហស្ត និងឆ្អឹងជំនីរឲ្យគេឃើញ។ ពួកសិស្សមានចិត្តត្រេកអរ ដោយបានឃើញព្រះអម្ចាស់។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេម្តងទៀតថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ខ្ញុំឲ្យមកដែរ»។ កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គផ្លុំលើពួកគេ ហើយមានព្រះបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ។ បើអ្នករាល់គ្នាអត់ទោសបាបឲ្យអ្នកណា នោះគេនឹងទទួលបានការអត់ទោស តែបើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា ទោសរបស់អ្នកនោះនឹងនៅជាប់»។ ថូម៉ាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ (ដែលគេហៅថា ឌីឌីម) គាត់មិននៅជាមួយ ក្នុងពេលដែលព្រះយេស៊ូវយាងមកនោះទេ។ ដូច្នេះ ពួកសិស្សផ្សេងទៀតប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់» តែគាត់ឆ្លើយថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅព្រះហស្តព្រះអង្គ ទាំងលូកម្រាមដៃទៅក្នុងស្នាមដែកគោល ហើយលូកដៃខ្ញុំទៅត្រង់ឆ្អឹងជំនីរព្រះអង្គ នោះខ្ញុំមិនជឿទេ»។ ប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ព្រះអង្គនៅក្នុងផ្ទះម្តងទៀត ហើយថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះ ព្រះយេស៊ូវយាងមក ឈរកណ្តាលពួកគេ ទាំងទ្វារនៅបិទ ហើយទ្រង់មានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត!» បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅថូម៉ាសថា៖ «ចូរលូកម្រាមដៃអ្នក ស្ទាបមើលដៃខ្ញុំនេះ ហើយលូកដៃមកត្រង់ឆ្អឹងជំនីរខ្ញុំ កុំមានចិត្តរឹងរូសមិនព្រមជឿដូច្នេះ ចូរជឿទៅ!»។ ថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់របស់ទូលបង្គំ ទ្រង់ពិតជាព្រះរបស់ទូលបង្គំមែន!» ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿដោយឥតឃើញសោះ!»។ ព្រះយេស៊ូវបានធ្វើទីសម្គាល់ជាច្រើនទៀតនៅមុខពួកសិស្ស ដែលមិនបានកត់ត្រាទុកក្នុងសៀវភៅនេះ តែសេចក្ដីដែលបានកត់ត្រាទុកនេះ គឺដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវពិតជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះមែន ហើយឲ្យអ្នករាល់គ្នាដែលជឿបានជីវិត ដោយសារព្រះនាមព្រះអង្គ។
យ៉ូហាន 20:19-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅល្ងាចថ្ងៃអាទិត្យនោះ ពួកសិស្ស*នៅក្នុងផ្ទះខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេមានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត!»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅព្រះហស្ដ និងនៅត្រង់ឆ្អឹងជំនីរឲ្យគេឃើញផង។ ពួកសិស្សសប្បាយចិត្តជាខ្លាំង ដោយបានឃើញព្រះអម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេសាជាថ្មីថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត! ដូចព្រះបិតាបានចាត់ខ្ញុំឲ្យមកយ៉ាងណា ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅយ៉ាងនោះដែរ»។ បន្ទាប់ពីមានព្រះបន្ទូលហើយ ព្រះអង្គផ្លុំលើពួកគេ ទាំងមានព្រះបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណ!។ បើអ្នករាល់គ្នាលើកលែងទោសអ្នកណាឲ្យរួចពីបាប* ព្រះជាម្ចាស់ក៏នឹងលើកលែងទោសអ្នកនោះឲ្យរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។ កាលព្រះយេស៊ូយាងមកនោះ លោកថូម៉ាស ហៅឌីឌីម ជាសិស្ស*ម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរ មិនបាននៅជាមួយពួកគេទេ។ សិស្សឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់»។ ប៉ុន្តែ គាត់និយាយទៅពួកគេវិញថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅបាតដៃ មិនបានដាក់ម្រាមដៃក្នុងស្នាមដែកគោល ហើយបើខ្ញុំមិនបានដាក់ដៃត្រង់ឆ្អឹងជំនីររបស់លោកទេ ខ្ញុំមិនជឿជាដាច់ខាត»។ ប្រាំបីថ្ងៃក្រោយមក ពួកសិស្សជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មី លោកថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះ ទ្វារផ្ទះនៅខ្ទាស់ជាប់ ព្រះយេស៊ូយាងមកឈរនៅកណ្ដាលចំណោមពួកគេ ទាំងមានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត!»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ!»។ លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំមែន!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គល*ហើយ!»។ ព្រះយេស៊ូបានធ្វើទីសម្គាល់ជាច្រើនទៀតឲ្យពួកសិស្សឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។ រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថា ព្រះយេស៊ូពិតជាព្រះគ្រិស្ត និងពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយឲ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយព្រះអង្គ។
យ៉ូហាន 20:19-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃដំបូងក្នុងអាទិត្យនោះឯង លុះព្រលប់ហើយ កាលទ្វារទាំងអស់ នៅកន្លែងដែលពួកសិស្សប្រជុំគ្នា បានបិទ ដោយព្រោះខ្លាចសាសន៍យូដា នោះព្រះយេស៊ូវទ្រង់យាងមកឈរនៅកណ្តាលពួកសិស្ស មានបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ កាលទ្រង់មានបន្ទូលដូច្នោះហើយ នោះក៏បង្ហាញព្រះហស្ត នឹងចំហៀងទ្រង់ឲ្យគេមើល ដូច្នេះពួកសិស្សមានចិត្តត្រេកអរ ដោយបានឃើញព្រះអម្ចាស់ រួចព្រះយេស៊ូវមានបន្ទូលទៅគេម្តងទៀតថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ ទ្រង់មានបន្ទូលដូច្នោះ រួចក៏ផ្លុំលើគេទាំងមានបន្ទូលថា ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ បើអ្នករាល់គ្នានឹងអត់ទោសបាបដល់អ្នកណា នោះបាបគេនឹងបានអត់ទោសឲ្យ តែបើអ្នករាល់គ្នានឹងប្រកាន់ទោសបាបចំពោះអ្នកណា នោះបាបគេនឹងត្រូវប្រកាន់ជាប់វិញ។ រីឯថូម៉ាស ជាម្នាក់ក្នុងពួក១២ ដែលគេហៅថា ឌីឌីម គាត់មិននៅជាមួយ ក្នុងកាលដែលព្រះយេស៊ូវយាងមកនោះទេ ដូច្នេះ ពួកសិស្សឯទៀតប្រាប់គាត់ថា យើងបានឃើញព្រះអម្ចាស់ តែគាត់ឆ្លើយថា បើខ្ញុំមិនឃើញស្នាមដែកគោលនៅព្រះហស្តទ្រង់ ទាំងលូកម្រាមទៅក្នុងស្នាមដែកគោលនោះ ហើយលូកដៃខ្ញុំទៅក្នុងចំហៀងទ្រង់ នោះខ្ញុំមិនព្រមជឿទេ ដល់៨ថ្ងៃក្រោយមក ពួកសិស្សទ្រង់នៅក្នុងផ្ទះម្តងទៀត ហើយថូម៉ាសក៏នៅជាមួយដែរ នោះព្រះយេស៊ូវទ្រង់យាងមក ឈរកណ្តាលពួកគេ ទាំងទ្វារនៅបិទ ហើយមានបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្ត រួចទ្រង់មានបន្ទូលទៅថូម៉ាសថា ចូរលូកម្រាមដៃអ្នកមក ស្ទាបមើលដៃខ្ញុំឯណេះ ហើយលូកដៃមកក្នុងចំហៀងខ្ញុំផង កុំឲ្យមានចិត្តមិនជឿឡើយ ត្រូវឲ្យជឿចុះ នោះថូម៉ាសទូលឆ្លើយថា ឱព្រះអម្ចាស់ទូលបង្គំ ឱព្រះនៃទូលបង្គំអើយ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ។ ព្រះយេស៊ូវក៏ធ្វើទីសំគាល់ជាច្រើនទៀត នៅមុខពួកសិស្សទ្រង់ ដែលមិនបានចែងទុកក្នុងសៀវភៅនេះទេ បានចែងទុកតែប៉ុណ្ណេះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះពិត ហើយឲ្យអ្នករាល់គ្នាបានជីវិត ដោយសារព្រះនាមទ្រង់ ដោយមានសេចក្ដីជំនឿ។