យ៉ូហាន 20:19-23

យ៉ូហាន 20:19-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ល្ងាច​ថ្ងៃ​នោះ គឺ​ជា​ថ្ងៃ​ទីមួយ​ក្នុង​សប្ដាហ៍ កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា​បាន​ខ្ទាស់​ទ្វារ​ជិត ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា ព្រះ‌យេស៊ូវ​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​គេ មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត»។ កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះ‌អង្គ​ក៏​បង្ហាញ​ព្រះ‌ហស្ត និង​ឆ្អឹង​ជំនីរ​ឲ្យ​គេ​ឃើញ។ ពួក​សិស្ស​មាន​ចិត្ត​ត្រេក​អរ ដោយ​បាន​ឃើញ​ព្រះ‌អម្ចាស់។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះ‌វរបិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។ កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះ‌អង្គ​ផ្លុំ​លើ​ពួក​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ។ បើ​អ្នក​រាល់​គ្នា​អត់​ទោស​បាប​ឲ្យ​អ្នក​ណា នោះ​គេ​នឹង​ទទួល​បាន​ការ​អត់​ទោស តែ​បើ​អ្នក​រាល់​គ្នា​ប្រកាន់​ទោស​អ្នក​ណា ទោស​របស់​អ្នក​នោះ​នឹង​នៅ​ជាប់»។

ចែក​រំលែក
អាន យ៉ូហាន 20

យ៉ូហាន 20:19-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នោះ ពួក​សិស្ស*​នៅ​ក្នុង​ផ្ទះ​ខ្ទាស់​ទ្វារ​យ៉ាង​ជាប់ ព្រោះ​ខ្លាច​ជន‌ជាតិ​យូដា។ ស្រាប់​តែ​ព្រះ‌យេស៊ូ​យាង​មក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​មាន​ព្រះ‌បន្ទូល​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ទាំង​បង្ហាញ​ស្នាម​របួស​នៅ​ព្រះ‌ហស្ដ និង​នៅ​ត្រង់​ឆ្អឹង​ជំនីរ​ឲ្យ​គេ​ឃើញ​ផង។ ពួក​សិស្ស​សប្បាយ​ចិត្ត​ជា​ខ្លាំង ដោយ​បាន​ឃើញ​ព្រះ‌អម្ចាស់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​សា​ជា​ថ្មី​ថា៖ «សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត! ដូច​ព្រះ‌បិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​យ៉ាង​ណា ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​យ៉ាង​នោះ​ដែរ»។ បន្ទាប់​ពី​មាន​ព្រះ‌បន្ទូល​ហើយ ព្រះអង្គ​ផ្លុំ​លើ​ពួក​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទទួល​ព្រះ‌វិញ្ញាណ!។ បើ​អ្នក​រាល់​គ្នា​លើក‌លែង​ទោស​អ្នក​ណា​ឲ្យ​រួច​ពី​បាប* ព្រះ‌ជាម្ចាស់​ក៏​នឹង​លើក‌លែង​ទោស​អ្នក​នោះ​ឲ្យ​រួច​ពី​បាប​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​រាល់​គ្នា​ប្រកាន់​ទោស​អ្នក​ណា អ្នក​នោះ​មុខ​ជា​ត្រូវ​ជាប់​ទោស​មិន​ខាន»។

ចែក​រំលែក
អាន យ៉ូហាន 20

យ៉ូហាន 20:19-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​នោះ​ឯង លុះ​ព្រលប់​ហើយ កាល​ទ្វារ​ទាំង​អស់ នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស មាន​បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ កាល​ទ្រង់​មាន​បន្ទូល​ដូច្នោះ​ហើយ នោះ​ក៏​បង្ហាញ​ព្រះ‌ហស្ត នឹង​ចំហៀង​ទ្រង់​ឲ្យ​គេ​មើល ដូច្នេះ​ពួក​សិស្ស​មាន​ចិត្ត​ត្រេក‌អរ ដោយ​បាន​ឃើញ​ព្រះ‌អម្ចាស់ រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះវរ‌បិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ ទ្រង់​មាន​បន្ទូល​ដូច្នោះ រួច​ក៏​ផ្លុំ​លើ​គេ​ទាំង​មាន​បន្ទូល​ថា ចូរ​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ បើ​អ្នក​រាល់​គ្នា​នឹង​អត់​ទោស​បាប​ដល់​អ្នក​ណា នោះ​បាប​គេ​នឹង​បាន​អត់​ទោស​ឲ្យ តែ​បើ​អ្នក​រាល់​គ្នា​នឹង​ប្រកាន់​ទោស​បាប​ចំពោះ​អ្នក​ណា នោះ​បាប​គេ​នឹង​ត្រូវ​ប្រកាន់​ជាប់​វិញ។

ចែក​រំលែក
អាន យ៉ូហាន 20