យ៉ូហាន 20:1-9

យ៉ូហាន 20:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​ទីមួយ​ក្នុង​សប្ដាហ៍​នោះ កាល​នៅ​ងងឹត​នៅ​ឡើយ នាង​ម៉ារា​ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា បាន​ទៅ​ឯ​ផ្នូរ​តាំង​ពីព្រលឹម ហើយ​ឃើញ​ថា មាន​គេ​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​រួច​ទៅហើយ។ នាង​រត់​ទៅ​ប្រាប់​ស៊ីម៉ូន-ពេត្រុស និង​សិស្ស​ម្នាក់​ទៀត​ដែល​ព្រះ‌អង្គ​ស្រឡាញ់​ថា៖ «គេ​បាន​យក​ព្រះ‌អម្ចាស់​ចេញ​ពី​ផ្នូរ​ហើយ យើង​ខ្ញុំ​មិន​ដឹង​ថា​គេ​ទៅ​ទុក​ឯ​ណា​ទេ»។ ពេត្រុស និង​សិស្ស​ម្នាក់​ទៀត ក៏​ចេញ​ទៅ​ឯ​ផ្នូរ។ អ្នក​ទាំង​ពីរ​រត់​ទៅ​ជា​មួយ​គ្នា តែ​សិស្ស​ម្នាក់​នោះ​រត់​លឿន​ជាង​ពេត្រុស ហើយ​ទៅ​ដល់​ផ្នូរ​មុន។ គាត់​ឱន​មើល ឃើញ​មាន​តែ​សំពត់​ស្នប​នៅ​ទី​នោះ តែ​គាត់​មិន​បាន​ចូល​ទេ។ ពេល​នោះ ស៊ីម៉ូន-ពេត្រុស​ដែល​រត់​មក​តាម​ក្រោយ ក៏​មក​ដល់ គាត់​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​សំពត់​ស្នប​នៅ​ទី​នោះ ហើយ​ក្រណាត់​ដែល​គ្រប​ព្រះ‌សិរ​ព្រះ‌អង្គ មិន​នៅ​ជា​មួយ​សំពត់​ស្នប​ទេ គឺ​បាន​បត់​ដាក់​នៅ​ដោយ​ឡែក​វិញ។ សិស្ស​ដែល​មក​ដល់​ផ្នូរ​មុន ក៏​ចូល​ទៅ​ដែរ គាត់​បាន​ឃើញ ហើយ​ជឿ ដ្បិត​គេ​មិន​ទាន់​យល់​បទ​គម្ពីរ​នៅ​ឡើយ ដែល​ថា ព្រះ‌អង្គ​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ។

ចែក​រំលែក
អាន យ៉ូហាន 20

យ៉ូហាន 20:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ កាល​នៅ​ងងឹត​នៅ​ឡើយ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដា‌ឡា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ផ្នូរ ហើយ​ឃើញ​ថា​មាន​គេ​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ​ផុត​ទៅ​ហើយ។ នាង​ក៏​រត់​មក​ជម្រាប​លោក​ស៊ីម៉ូន​ពេត្រុស និង​សិស្ស*​ម្នាក់​ទៀត ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់​ថា៖ «គេ​យក​ព្រះ‌អម្ចាស់​ចេញ​ពី​ផ្នូរ​បាត់​ហើយ យើង​មិន​ដឹង​ជា​គេ​យក​ទៅ​ដាក់​នៅ​ឯ​ណា​ទេ!»។ លោក​ពេត្រុស និង​សិស្ស​ម្នាក់​ទៀត​នោះ ក៏​ចេញ​ទៅ​ផ្នូរ។ សិស្ស​ទាំង​ពីរ​រត់​ទៅ​ជា​មួយ​គ្នា តែ​សិស្ស​ម្នាក់​នោះ​រត់​លឿន​ជាង​លោក​ពេត្រុស ទៅ​ដល់​ផ្នូរ​មុន។ គាត់​ឈ្ងោក​មើល​ទៅ ឃើញ​សំពត់​ស្នប តែ​គាត់​មិន​ចូល​ទៅ​ក្នុង​ផ្នូរ​ឡើយ។ លោក​ស៊ីម៉ូន​ពេត្រុស​រត់​តាម​ក្រោយ​មក​ដល់ គាត់​ចូល​ទៅ​ក្នុង​ផ្នូរ ហើយ​សម្លឹង​មើល​សំពត់​ស្នប​នៅ​ទី​នោះ ព្រម​ទាំង​ក្រណាត់​ដែល​គេ​គ្រប​ព្រះ‌សិរសា​ព្រះអង្គ មូរ​ទុក​ដោយ​ឡែក គឺ​មិន​នៅ​ជា​មួយ​សំពត់​ស្នប​ទេ។ ពេល​នោះ សិស្ស​ដែល​ទៅ​ដល់​ផ្នូរ​មុន ក៏​ចូល​ទៅ​ខាង​ក្នុង​ដែរ គាត់​បាន​ឃើញ​ហើយ​ជឿ។ កាល​ណោះ ពួក​សិស្ស​ពុំ​ទាន់​យល់​អត្ថ‌ន័យ​គម្ពីរ ដែល​ចែង​ទុក​មក​ថា ព្រះ‌យេស៊ូ​ត្រូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ឡើយ​ទេ។

ចែក​រំលែក
អាន យ៉ូហាន 20

យ៉ូហាន 20:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​ទី​១​ក្នុង​អាទិត្យ​នោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់‌ដាឡា នាង​ទៅ​ឯ​ផ្នូរ​ពី​ព្រលឹម កាល​កំពុង​នៅ​ងងឹត​នៅ​ឡើយ ក៏​ឃើញ​ថ្ម​បាន​យក​ចេញ​ពី​មាត់​ផ្នូរ​ហើយ នោះ​នាង​រត់​ទៅ​ប្រាប់​ដល់​ស៊ីម៉ូន-ពេត្រុស នឹង​សិស្ស​១​នោះ​ដែល​ទ្រង់​ស្រឡាញ់​ថា គេ​បាន​យក​ព្រះ‌អម្ចាស់​ចេញ​ពី​ផ្នូរ​ហើយ យើង​ខ្ញុំ​មិន​ដឹង​ជា​គេ​យក​ទៅ​ទុក​ឯ​ណា​ទេ នោះ​ពេត្រុស នឹង​សិស្ស​១​នោះ ក៏​ចេញ​ទៅ​ឯ​ផ្នូរ អ្នក​ទាំង​២​រត់​ទៅ​ជា​មួយ​គ្នា តែ​សិស្ស​១​នោះ​រត់​លឿន​ជាង​ពេត្រុស បាន​ដល់​ផ្នូរ​មុន រួច​គាត់​ឱន​ខ្លួន​ទៅ​មើល ឃើញ​មាន​តែ​សំពត់‌ស្នប​នៅ​ក្នុង​នោះ តែ​គាត់​មិន​បាន​ចូល​ទេ ឯ​ស៊ីម៉ូន-ពេត្រុស ដែល​មក​តាម​ក្រោយ គាត់​ក៏​ចូល​ទៅ​ក្នុង​ផ្នូរ ឃើញ​សំពត់‌ស្នប​នៅ​ក្នុង​នោះ​ដែរ ហើយ​ឃើញ​កន្សែង​ដែល​គ្រប​ព្រះ‌សិរ​ទ្រង់ មិន​នៅ​ជា​មួយ​នឹង​សំពត់‌ស្នប​នោះ​ទេ គឺ​បាន​បត់​ដាក់​នៅ​ទី​កន្លែង​ដោយ​ខ្លួន​វិញ សិស្ស​មួយ​នោះ​ដែល​មក​ដល់​ផ្នូរ​មុន គាត់​ក៏​ចូល​ទៅ​ឃើញ​ដូច្នោះ​ដែរ រួច​គាត់​ជឿ ដ្បិត​គេ​មិន​ទាន់​យល់​បទ​គម្ពីរ​នៅ​ឡើយ ដែល​ថា ទ្រង់​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ

ចែក​រំលែក
អាន យ៉ូហាន 20