យ៉ូហាន 20:1-10
យ៉ូហាន 20:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ កាលនៅងងឹតនៅឡើយ នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា បានទៅឯផ្នូរតាំងពីព្រលឹម ហើយឃើញថា មានគេយកថ្មចេញពីមាត់ផ្នូររួចទៅហើយ។ នាងរត់ទៅប្រាប់ស៊ីម៉ូន-ពេត្រុស និងសិស្សម្នាក់ទៀតដែលព្រះអង្គស្រឡាញ់ថា៖ «គេបានយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងខ្ញុំមិនដឹងថាគេទៅទុកឯណាទេ»។ ពេត្រុស និងសិស្សម្នាក់ទៀត ក៏ចេញទៅឯផ្នូរ។ អ្នកទាំងពីររត់ទៅជាមួយគ្នា តែសិស្សម្នាក់នោះរត់លឿនជាងពេត្រុស ហើយទៅដល់ផ្នូរមុន។ គាត់ឱនមើល ឃើញមានតែសំពត់ស្នបនៅទីនោះ តែគាត់មិនបានចូលទេ។ ពេលនោះ ស៊ីម៉ូន-ពេត្រុសដែលរត់មកតាមក្រោយ ក៏មកដល់ គាត់ចូលទៅក្នុងផ្នូរ ឃើញសំពត់ស្នបនៅទីនោះ ហើយក្រណាត់ដែលគ្របព្រះសិរព្រះអង្គ មិននៅជាមួយសំពត់ស្នបទេ គឺបានបត់ដាក់នៅដោយឡែកវិញ។ សិស្សដែលមកដល់ផ្នូរមុន ក៏ចូលទៅដែរ គាត់បានឃើញ ហើយជឿ ដ្បិតគេមិនទាន់យល់បទគម្ពីរនៅឡើយ ដែលថា ព្រះអង្គត្រូវរស់ពីស្លាប់ឡើងវិញ។ បន្ទាប់មក សិស្សទាំងពីរក៏ត្រឡប់ទៅផ្ទះរបស់គេវិញ។
យ៉ូហាន 20:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថាមានគេយកថ្មចេញពីមាត់ផ្នូរផុតទៅហើយ។ នាងក៏រត់មកជម្រាបលោកស៊ីម៉ូនពេត្រុស និងសិស្ស*ម្នាក់ទៀត ដែលព្រះយេស៊ូស្រឡាញ់ថា៖ «គេយកព្រះអម្ចាស់ចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកទៅដាក់នៅឯណាទេ!»។ លោកពេត្រុស និងសិស្សម្នាក់ទៀតនោះ ក៏ចេញទៅផ្នូរ។ សិស្សទាំងពីររត់ទៅជាមួយគ្នា តែសិស្សម្នាក់នោះរត់លឿនជាងលោកពេត្រុស ទៅដល់ផ្នូរមុន។ គាត់ឈ្ងោកមើលទៅ ឃើញសំពត់ស្នប តែគាត់មិនចូលទៅក្នុងផ្នូរឡើយ។ លោកស៊ីម៉ូនពេត្រុសរត់តាមក្រោយមកដល់ គាត់ចូលទៅក្នុងផ្នូរ ហើយសម្លឹងមើលសំពត់ស្នបនៅទីនោះ ព្រមទាំងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គ មូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។ ពេលនោះ សិស្សដែលទៅដល់ផ្នូរមុន ក៏ចូលទៅខាងក្នុងដែរ គាត់បានឃើញហើយជឿ។ កាលណោះ ពួកសិស្សពុំទាន់យល់អត្ថន័យគម្ពីរ ដែលចែងទុកមកថា ព្រះយេស៊ូត្រូវមានព្រះជន្មរស់ឡើងវិញនៅឡើយទេ។ បន្ទាប់មក សិស្សទាំងពីរក៏នាំគ្នាវិលត្រឡប់ទៅផ្ទះ។
យ៉ូហាន 20:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅថ្ងៃទី១ក្នុងអាទិត្យនោះ ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងទៅឯផ្នូរពីព្រលឹម កាលកំពុងនៅងងឹតនៅឡើយ ក៏ឃើញថ្មបានយកចេញពីមាត់ផ្នូរហើយ នោះនាងរត់ទៅប្រាប់ដល់ស៊ីម៉ូន-ពេត្រុស នឹងសិស្ស១នោះដែលទ្រង់ស្រឡាញ់ថា គេបានយកព្រះអម្ចាស់ចេញពីផ្នូរហើយ យើងខ្ញុំមិនដឹងជាគេយកទៅទុកឯណាទេ នោះពេត្រុស នឹងសិស្ស១នោះ ក៏ចេញទៅឯផ្នូរ អ្នកទាំង២រត់ទៅជាមួយគ្នា តែសិស្ស១នោះរត់លឿនជាងពេត្រុស បានដល់ផ្នូរមុន រួចគាត់ឱនខ្លួនទៅមើល ឃើញមានតែសំពត់ស្នបនៅក្នុងនោះ តែគាត់មិនបានចូលទេ ឯស៊ីម៉ូន-ពេត្រុស ដែលមកតាមក្រោយ គាត់ក៏ចូលទៅក្នុងផ្នូរ ឃើញសំពត់ស្នបនៅក្នុងនោះដែរ ហើយឃើញកន្សែងដែលគ្របព្រះសិរទ្រង់ មិននៅជាមួយនឹងសំពត់ស្នបនោះទេ គឺបានបត់ដាក់នៅទីកន្លែងដោយខ្លួនវិញ សិស្សមួយនោះដែលមកដល់ផ្នូរមុន គាត់ក៏ចូលទៅឃើញដូច្នោះដែរ រួចគាត់ជឿ ដ្បិតគេមិនទាន់យល់បទគម្ពីរនៅឡើយ ដែលថា ទ្រង់ត្រូវរស់ពីស្លាប់ឡើងវិញ សិស្សទាំង២ក៏ត្រឡប់ទៅឯផ្ទះគេវិញ។