យ៉ូហាន 2:9-11
យ៉ូហាន 2:9-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ ហើយមិនដឹងថាស្រានេះមកពីណា (មានតែពួកអ្នកបម្រើដែលដងទឹកប៉ុណ្ណោះទើបដឹង) ចៅមហាក៏ហៅកូនកំលោះមកនិយាយថា៖ «មនុស្សគ្រប់គ្នាតែងលើកស្រាទំពាំងបាយជូរឆ្ងាញ់ មកជូនភ្ញៀវជាមុន លុះបានពិសាច្រើនហើយ ទើបលើកស្រាមិនសូវឆ្ងាញ់មកជាក្រោយ តែអ្នកវិញ បែរជាទុកស្រាឆ្ងាញ់មកទល់ពេលនេះ»។ ព្រះយេស៊ូវធ្វើទីសម្គាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសម្តែងសិរីល្អរបស់ព្រះអង្គ ហើយពួកសិស្សក៏ជឿដល់ព្រះអង្គ។
យ៉ូហាន 2:9-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបម្រើដែលបានដងទឹកមកចាក់ពាងទើបដឹង។ គាត់ហៅកូនកំលោះមក និយាយថា៖ «អ្នកផងទាំងពួងតែងយកស្រាទំពាំងបាយជូរឆ្ងាញ់មកជូនភ្ញៀវជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញ ម្ដេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។ នេះជាទីសម្គាល់ដំបូងបង្អស់ដែលព្រះយេស៊ូបានធ្វើ នៅភូមិកាណា ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សក៏បានជឿលើព្រះអង្គ។
យ៉ូហាន 2:9-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលអ្នកមង្គលការបានភ្លក់ទឹក ដែលបានប្រែទៅជាស្រាទំពាំងបាយជូរហើយ ឥតមានដឹងជាមកពីណា (តែពួកបាវបំរើដែលដងទឹកនោះ គេដឹង) នោះអ្នកមង្គលការក៏ហៅប្ដីថ្មោងថ្មីមកនិយាយថា មនុស្សទាំងឡាយ គេតែងតែលើកស្រាទំពាំងបាយជូរល្អមកជាមុន លុះកាលបានផឹកជាច្រើនហើយ នោះទើបលើកស្រាទំពាំងបាយជូរ ដែលមិនសូវល្អមកជាក្រោយ តែនេះ អ្នកបានទុកស្រាទំពាំងបាយជូរយ៉ាងល្អ ដរាបដល់ឥឡូវនេះវិញ ព្រះយេស៊ូវ ទ្រង់ធ្វើទីសំគាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសំដែងសិរីល្អរបស់ទ្រង់ ហើយពួកសិស្សក៏ជឿដល់ទ្រង់។