យ៉ូហាន 2:4-12
យ៉ូហាន 2:4-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ តើការនោះអំពល់អ្វីដល់យើង? ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ»។ មាតាព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖ «ចូរធ្វើតាមអ្វីដែលលោកប្រាប់ចុះ»។ នៅទីនោះ មានពាងថ្មប្រាំមួយ ដែលសាសន៍យូដាប្រើសម្រាប់ធ្វើពិធីជម្រះកាយ ពាងមួយៗចំណុះទឹកពីរឬបីអម្រែក។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរចាក់ទឹកឲ្យពេញពាងទាំងនេះទៅ» គេក៏ចាក់ទឹកពេញដល់មាត់ពាង។ ព្រះអង្គមានព្រះបន្ទូលប្រាប់គេថា៖ «ឥឡូវនេះ ចូរដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។ ពេលចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ ហើយមិនដឹងថាស្រានេះមកពីណា (មានតែពួកអ្នកបម្រើដែលដងទឹកប៉ុណ្ណោះទើបដឹង) ចៅមហាក៏ហៅកូនកំលោះមកនិយាយថា៖ «មនុស្សគ្រប់គ្នាតែងលើកស្រាទំពាំងបាយជូរឆ្ងាញ់ មកជូនភ្ញៀវជាមុន លុះបានពិសាច្រើនហើយ ទើបលើកស្រាមិនសូវឆ្ងាញ់មកជាក្រោយ តែអ្នកវិញ បែរជាទុកស្រាឆ្ងាញ់មកទល់ពេលនេះ»។ ព្រះយេស៊ូវធ្វើទីសម្គាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសម្តែងសិរីល្អរបស់ព្រះអង្គ ហើយពួកសិស្សក៏ជឿដល់ព្រះអង្គ។ ក្រោយមក ព្រះអង្គយាងចុះទៅក្រុងកាពើណិម ជាមួយមាតា បងប្អូន និងពួកសិស្សព្រះអង្គ ហើយស្នាក់នៅទីនោះបួនប្រាំថ្ងៃ។
យ៉ូហាន 2:4-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ! កុំរវល់នឹងរឿងនេះអី ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។ មាតារបស់ព្រះអង្គប្រាប់ទៅពួកអ្នកបម្រើថា៖ «បើលោកប្រាប់ឲ្យធ្វើអ្វី ចូរធ្វើតាមទៅ»។ នៅទីនោះ មានពាងប្រាំមួយដែលជនជាតិយូដាដាក់ទឹក សម្រាប់ធ្វើពិធីជម្រះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរបីអម្រែក។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកបម្រើថា៖ «សុំដងទឹកមកចាក់ឲ្យពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។ ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះ សុំដងយកទៅជូនលោកចៅមហាទៅ» គេក៏ដងយកទៅជូន។ លោកចៅមហាភ្លក់ទឹក ដែលបានប្រែមកជាស្រាទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាឡើយ មានតែពួកអ្នកបម្រើដែលបានដងទឹកមកចាក់ពាងទើបដឹង។ គាត់ហៅកូនកំលោះមក និយាយថា៖ «អ្នកផងទាំងពួងតែងយកស្រាទំពាំងបាយជូរឆ្ងាញ់មកជូនភ្ញៀវជាមុន លុះភ្ញៀវពិសាច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញ ម្ដេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។ នេះជាទីសម្គាល់ដំបូងបង្អស់ដែលព្រះយេស៊ូបានធ្វើ នៅភូមិកាណា ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សក៏បានជឿលើព្រះអង្គ។ បន្ទាប់មក ព្រះអង្គយាងចុះទៅក្រុងកាពើណិមជាមួយមាតា ព្រមទាំងបងប្អូន និងសិស្សរបស់ព្រះអង្គ ហើយស្នាក់នៅទីនោះមួយរយៈពេលខ្លី។
យ៉ូហាន 2:4-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែព្រះយេស៊ូវមានបន្ទូលតបថា មាតាអើយ តើការនោះអំពល់អ្វីដល់យើង ពេលវេលាខ្ញុំមិនទាន់មកដល់នៅឡើយ មាតាទ្រង់ក៏ប្រាប់ដល់ពួកបាវថា ការអ្វីដែលលោកប្រាប់ឲ្យធ្វើ នោះត្រូវធ្វើចុះ រីឯនៅទីនោះ មានពាងថ្ម៦ តាមទំនៀមការលាងសំអាតរបស់សាសន៍យូដា ពាងមួយៗនោះចំណុះទឹកបាន២ឬ៣អម្រែក ព្រះយេស៊ូវមានបន្ទូលទៅគេថា ចូរចាក់ទឹកឲ្យពេញពាងទាំងនេះទៅ គេក៏ចាក់ទឹកពេញដល់មាត់ពាង រួចទ្រង់មានបន្ទូលប្រាប់គេថា ឥឡូវនេះ ចូរដងយកទៅជូនដល់លោក ជាមង្គលការចុះ គេក៏ដងយកទៅ កាលអ្នកមង្គលការបានភ្លក់ទឹក ដែលបានប្រែទៅជាស្រាទំពាំងបាយជូរហើយ ឥតមានដឹងជាមកពីណា (តែពួកបាវបំរើដែលដងទឹកនោះ គេដឹង) នោះអ្នកមង្គលការក៏ហៅប្ដីថ្មោងថ្មីមកនិយាយថា មនុស្សទាំងឡាយ គេតែងតែលើកស្រាទំពាំងបាយជូរល្អមកជាមុន លុះកាលបានផឹកជាច្រើនហើយ នោះទើបលើកស្រាទំពាំងបាយជូរ ដែលមិនសូវល្អមកជាក្រោយ តែនេះ អ្នកបានទុកស្រាទំពាំងបាយជូរយ៉ាងល្អ ដរាបដល់ឥឡូវនេះវិញ ព្រះយេស៊ូវ ទ្រង់ធ្វើទីសំគាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសំដែងសិរីល្អរបស់ទ្រង់ ហើយពួកសិស្សក៏ជឿដល់ទ្រង់។ លុះក្រោយមក ទ្រង់យាងចុះទៅឯក្រុងកាពើណិម មានទាំងមាតា បងប្អូន នឹងពួកសិស្សទ្រង់ទៅជាមួយផង តែនៅឯណោះមិនយូរប៉ុន្មានទេ