យ៉ូហាន 2:14-25
យ៉ូហាន 2:14-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះអង្គឃើញពួកអ្នកលក់គោ លក់ចៀម លក់ព្រាប និងពួកអ្នកដូរប្រាក់ អង្គុយនៅក្នុងព្រះវិហារ ព្រះអង្គក៏យកខ្សែធ្វើជារំពាត់ ដេញគេចេញពីព្រះវិហារទាំងអស់ ទាំងចៀម ទាំងគោ ហើយចាក់ប្រាក់របស់ពួកអ្នកដូរប្រាក់ចេញ ព្រមទាំងផ្កាប់តុរបស់គេផង។ ព្រះអង្គមានព្រះបន្ទូលទៅពួកអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងនេះចេញ កុំយកដំណាក់របស់ព្រះវរបិតាខ្ញុំ ធ្វើជាកន្លែងជំនួញឡើយ!» សិស្សព្រះអង្គក៏នឹកឃើញសេចក្តីដែលមានចែងទុកមកថា៖ «សេចក្តីឧស្សាហ៍ដល់ដំណាក់ព្រះអង្គ នឹងបំផ្លាញទូលបង្គំ» ។ ពេលនោះ ពួកសាសន៍យូដាទូលសួរព្រះអង្គថា៖ «ដែលលោកធ្វើដូច្នេះ តើលោកមានទីសម្គាល់អ្វីបង្ហាញយើង?» ព្រះយេស៊ូវឆ្លើយទៅគេថា៖ «ចូរបំផ្លាញព្រះវិហារនេះចុះ ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ»។ ពួកសាសន៍យូដាទូលថា៖ «គេសង់ព្រះវិហារនេះអស់សែសិបប្រាំមួយឆ្នាំ តែលោកនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃឬ?» ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលអំពីព្រះវិហារ ដែលជារូបអង្គទ្រង់ទេ។ ក្រោយពីព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ទើបពួកសិស្សព្រះអង្គនឹកឃើញថា ព្រះអង្គបានមានព្រះបន្ទូលពាក្យនេះ ហើយគេក៏ជឿព្រះគម្ពីរ និងសេចក្ដីដែលព្រះយេស៊ូវមានព្រះបន្ទូល។ ពេលព្រះអង្គគង់នៅក្រុងយេរូសាឡិម ក្នុងវេលាបុណ្យរំលង មនុស្សជាច្រើនបានជឿដល់ព្រះនាមព្រះអង្គ ព្រោះគេឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ។ ប៉ុន្តែ ព្រះយេស៊ូវមិនទុកចិត្តគេទេ ព្រោះព្រះអង្គស្គាល់មនុស្សទាំងអស់ ហើយព្រះអង្គមិនត្រូវការ ឲ្យអ្នកណាធ្វើបន្ទាល់ពីអ្នកណាឡើយ ដ្បិតព្រះអង្គជ្រាបពីជម្រៅចិត្តរបស់មនុស្ស។
យ៉ូហាន 2:14-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅក្នុងបរិវេណព្រះវិហារ* ព្រះអង្គឃើញអ្នកលក់គោ លក់ចៀម លក់ព្រាប និងអ្នកអង្គុយដូរប្រាក់។ ព្រះអង្គយកខ្សែធ្វើរំពាត់ដេញអ្នកទាំងនោះ ព្រមទាំងចៀម និងគោរបស់គេចេញពីបរិវេណព្រះវិហារ* ព្រះអង្គបាចប្រាក់អ្នកដូរប្រាក់ចោល ហើយផ្កាប់តុរបស់គេផង។ ព្រះអង្គមានព្រះបន្ទូលទៅអ្នកលក់ព្រាបថា៖ «ចូរយករបស់ទាំងអស់នេះចេញទៅ កុំយកដំណាក់ព្រះបិតាខ្ញុំធ្វើជាកន្លែងលក់ដូរដូច្នេះឡើយ»។ ពួកសិស្ស*នឹកឃើញសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា៖ «មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គ បានជាគេប្រហារជីវិតទូលបង្គំ» ។ ពេលនោះ ជនជាតិយូដាទូលសួរព្រះអង្គថា៖ «តើលោកមានទីសម្គាល់អ្វីបង្ហាញឲ្យយើងដឹងថា លោកមានសិទ្ធិធ្វើការទាំងនេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូររុះព្រះវិហារ*នេះចោលទៅ ខ្ញុំនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃ»។ ជនជាតិយូដាតបថា៖ «គេបានចំណាយពេលសែសិបប្រាំមួយឆ្នាំ ដើម្បីសង់ព្រះវិហារនេះ រីឯលោក លោកនឹងសង់ឡើងវិញ ក្នុងរវាងតែបីថ្ងៃប៉ុណ្ណោះឬ?»។ តាមពិត ព្រះយេស៊ូមានព្រះបន្ទូលសំដៅទៅលើព្រះវិហារ ដែលជារូបកាយរបស់ព្រះអង្គវិញឯណោះទេ។ ពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ ពួកសិស្សនឹកឃើញថា ព្រះអង្គមានព្រះបន្ទូលដូច្នេះ គេក៏ជឿព្រះគម្ពីរ ព្រមទាំងជឿព្រះបន្ទូលរបស់ព្រះយេស៊ូដែរ។ ពេលព្រះយេស៊ូគង់នៅក្រុងយេរូសាឡឹម ក្នុងឱកាសបុណ្យចម្លង* មានមនុស្សជាច្រើនបានជឿលើព្រះនាមព្រះអង្គ ដោយឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ។ ប៉ុន្តែ ព្រះយេស៊ូពុំទុកចិត្តគេទេ ដ្បិតព្រះអង្គស្គាល់ចិត្តគំនិតអ្នកទាំងនោះ មិនបាច់មាននរណាពន្យល់ព្រះអង្គអំពីចិត្តមនុស្សឡើយ ព្រោះព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្តមនុស្ស។
យ៉ូហាន 2:14-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់ឃើញពួកអ្នកលក់គោ លក់ចៀម លក់ព្រាប នឹងពួកអ្នកដូរប្រាក់ អង្គុយនៅក្នុងព្រះវិហារ នោះទ្រង់ក៏យកខ្សែធ្វើជារំពាត់ ដេញគេចេញពីព្រះវិហារទាំងអស់ទៅ គឺដេញទាំងចៀម ទាំងគោ ហើយក៏ចាក់ប្រាក់របស់ពួកអ្នកដូរចេញដែរ ព្រមទាំងផ្កាប់តុគេផង រួចមានបន្ទូលទៅពួកអ្នកលក់ព្រាបថា ចូរយករបស់ទាំងនេះចេញទៅ កុំឲ្យយកដំណាក់នៃព្រះវរបិតាខ្ញុំ ធ្វើជាផ្ទះជំនួញឡើយ ពួកសិស្សទ្រង់ក៏នឹកឃើញពីសេចក្ដីដែលចែងទុកមកថា «សេចក្ដីឧស្សាហ៍ដល់ដំណាក់ទ្រង់ បានស៊ីបង្ហិនទូលបង្គំ» ដូច្នេះ ពួកសាសន៍យូដា គេទូលសួរទ្រង់ថា ដែលលោកធ្វើយ៉ាងដូច្នេះ នោះតើនឹងសំដែងទីសំគាល់ណា ឲ្យយើងខ្ញុំឃើញផង ព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ចូរបំផ្លាញព្រះវិហារនេះចុះ រួចក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ ដូច្នេះ ពួកសាសន៍យូដាទូលថា គេសង់ព្រះវិហារនេះ ពេញ៤៦ឆ្នាំគត់ តែលោកនឹងសង់ឡើងវិញ ក្នុងរវាង៣ថ្ងៃឬ ប៉ុន្តែ គឺទ្រង់មានបន្ទូលពីព្រះវិហារ ដែលជារូបអង្គទ្រង់ទេ ដូច្នេះ កាលទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះពួកសិស្សនឹកឃើញថា ទ្រង់បានមានបន្ទូលពាក្យនោះ ហើយគេក៏ជឿគម្ពីរ នឹងព្រះបន្ទូលរបស់ព្រះយេស៊ូវ។ កាលទ្រង់គង់នៅក្រុងយេរូសាឡិម នៅក្នុងវេលាបុណ្យរំលង នោះមានមនុស្សជាច្រើនជឿដល់ព្រះនាមទ្រង់ ដោយឃើញទីសំគាល់ដែលទ្រង់ធ្វើមក តែព្រះយេស៊ូវទ្រង់មិនទុកចិត្តនឹងគេទេ ពីព្រោះទ្រង់ស្គាល់ដល់គ្រប់ទាំងមនុស្ស ហើយទ្រង់មិនត្រូវការ ឲ្យអ្នកណាធ្វើបន្ទាល់ពីមនុស្សណាទេ ដ្បិតទ្រង់ជ្រាបហើយ ពីសេចក្ដីដែលនៅក្នុងមនុស្សទាំងឡាយ។