យ៉ូហាន 2:13-22

យ៉ូហាន 2:13-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បុណ្យ​រំលង​របស់​សាសន៍​យូដា​ជិត​មក​ដល់​ហើយ ព្រះ‌យេស៊ូវ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម។ ពេល​ព្រះ‌អង្គ​ឃើញ​ពួក​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​ពួក​អ្នក​ដូរ​ប្រាក់ អង្គុយ​នៅ​ក្នុង​ព្រះ‌វិហារ ព្រះ‌អង្គ​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់ ដេញ​គេ​ចេញ​ពី​ព្រះ‌វិហារ​ទាំង​អស់ ទាំង​ចៀម ទាំង​គោ ហើយ​ចាក់​ប្រាក់​របស់​ពួក​អ្នក​ដូរ​ប្រាក់​ចេញ ព្រម​ទាំង​ផ្កាប់​តុ​របស់​គេ​ផង។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​អ្នក​លក់​ព្រាប​ថា៖ «ចូរ​យក​របស់​ទាំង​នេះ​ចេញ កុំ​យក​ដំណាក់​របស់​ព្រះ‌វរបិតា​ខ្ញុំ ធ្វើ​ជា​កន្លែង​ជំនួញ​ឡើយ!» សិស្ស​ព្រះ‌អង្គ​ក៏​នឹក​ឃើញ​សេចក្តី​ដែល​មាន​ចែង​ទុក​មក​ថា៖ «សេចក្តីឧស្សាហ៍​ដល់​ដំណាក់​ព្រះ‌អង្គ នឹង​បំផ្លាញ​ទូល​បង្គំ» ។ ពេល​នោះ ពួក​សាសន៍​យូដា​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ដែល​លោក​ធ្វើ​ដូច្នេះ តើ​លោក​មាន​ទី​សម្គាល់​អ្វី​បង្ហាញ​យើង?» ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​បំផ្លាញ​ព្រះ‌វិហារ​នេះ​ចុះ ហើយ​ក្នុង​រវាង​បី​ថ្ងៃ ខ្ញុំ​នឹង​សង់​ឡើង​វិញ»។ ពួក​សាសន៍​យូដា​ទូល​ថា៖ «គេ​សង់​ព្រះ‌វិហារ​នេះ​អស់​សែសិប​ប្រាំមួយ​ឆ្នាំ តែ​លោក​នឹង​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​ឬ?» ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​អំពី​ព្រះ‌វិហារ ដែល​ជា​រូប​អង្គ​ទ្រង់​ទេ។ ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ទើប​ពួក​សិស្ស​ព្រះ‌អង្គ​នឹក​ឃើញ​ថា ព្រះ‌អង្គ​បាន​មាន​ព្រះ​បន្ទូល​ពាក្យ​នេះ ហើយ​គេ​ក៏​ជឿ​ព្រះគម្ពីរ និង​សេចក្ដី​ដែល​ព្រះ​យេស៊ូវ​មាន​ព្រះ‌បន្ទូល។

ចែក​រំលែក
អាន យ៉ូហាន 2

យ៉ូហាន 2:13-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បុណ្យ​ចម្លង*​របស់​ជន‌ជាតិ​យូដា​ជិត​មក​ដល់​ហើយ ព្រះ‌យេស៊ូ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ក្នុង​បរិវេណ​ព្រះ‌វិហារ* ព្រះអង្គ​ឃើញ​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​អ្នក​អង្គុយ​ដូរ​ប្រាក់។ ព្រះអង្គ​យក​ខ្សែ​ធ្វើ​រំពាត់​ដេញ​អ្នក​ទាំង​នោះ ព្រម​ទាំង​ចៀម និង​គោ​របស់​គេ​ចេញ​ពី​បរិវេណ​ព្រះ‌វិហារ* ព្រះអង្គ​បាច​ប្រាក់​អ្នក​ដូរ​ប្រាក់​ចោល ហើយ​ផ្កាប់​តុ​របស់​គេ​ផង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​លក់​ព្រាប​ថា៖ «ចូរ​យក​របស់​ទាំង​អស់​នេះ​ចេញ​ទៅ កុំ​យក​ដំណាក់​ព្រះ‌បិតា​ខ្ញុំ​ធ្វើ​ជា​កន្លែង​លក់​ដូរ​ដូច្នេះ​ឡើយ»។ ពួក​សិស្ស*​នឹក​ឃើញ​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖ «មក​ពី​ទូលបង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ បាន​ជា​គេ​ប្រហារ​ជីវិត​ទូលបង្គំ» ។ ពេល​នោះ ជន‌ជាតិ​យូដា​ទូល​សួរ​ព្រះអង្គ​ថា៖ «តើ​លោក​មាន​ទី​សម្គាល់​អ្វី​បង្ហាញ​ឲ្យ​យើង​ដឹង​ថា លោក​មាន​សិទ្ធិ​ធ្វើ​ការ​ទាំង​នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​រុះ​ព្រះ‌វិហារ*​នេះ​ចោល​ទៅ ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ»។ ជន‌ជាតិ​យូដា​តប​ថា៖ «គេ​បាន​ចំណាយ​ពេល​សែ‌សិប​ប្រាំ​មួយ​ឆ្នាំ ដើម្បី​សង់​ព្រះ‌វិហារ​នេះ រីឯ​លោក លោក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ឬ?»។ តាម​ពិត ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​ព្រះ‌វិហារ ដែល​ជា​រូប​កាយ​របស់​ព្រះអង្គ​វិញ​ឯ‌ណោះ​ទេ។ ពេល​ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ពួក​សិស្ស​នឹក​ឃើញ​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ គេ​ក៏​ជឿ​ព្រះ‌គម្ពីរ ព្រម​ទាំង​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ដែរ។

ចែក​រំលែក
អាន យ៉ូហាន 2

យ៉ូហាន 2:13-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​បុណ្យ​រំលង​របស់​សាសន៍​យូដា​ក៏​ជិត​ដល់ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម កាល​ទ្រង់​ឃើញ​ពួក​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប នឹង​ពួក​អ្នក​ដូរ​ប្រាក់ អង្គុយ​នៅ​ក្នុង​ព្រះ‌វិហារ នោះ​ទ្រង់​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់ ដេញ​គេ​ចេញ​ពី​ព្រះ‌វិហារ​ទាំង​អស់​ទៅ គឺ​ដេញ​ទាំង​ចៀម ទាំង​គោ ហើយ​ក៏​ចាក់​ប្រាក់​របស់​ពួក​អ្នក​ដូរ​ចេញ​ដែរ ព្រម​ទាំង​ផ្កាប់​តុ​គេ​ផង រួច​មាន​បន្ទូល​ទៅ​ពួក​អ្នក​លក់​ព្រាប​ថា ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ កុំ​ឲ្យ​យក​ដំណាក់​នៃ​ព្រះវរ‌បិតា​ខ្ញុំ ធ្វើ​ជា​ផ្ទះ​ជំនួញ​ឡើយ ពួក​សិស្ស​ទ្រង់​ក៏​នឹក​ឃើញ​ពី​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «សេចក្ដី​ឧស្សាហ៍​ដល់​ដំណាក់​ទ្រង់ បាន​ស៊ី​បង្ហិន​ទូលបង្គំ» ដូច្នេះ ពួក​សាសន៍​យូដា គេ​ទូល​សួរ​ទ្រង់​ថា ដែល​លោក​ធ្វើ​យ៉ាង​ដូច្នេះ នោះ​តើ​នឹង​សំដែង​ទី​សំគាល់​ណា ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ទៅ​គេ​ថា ចូរ​បំផ្លាញ​ព្រះ‌វិហារ​នេះ​ចុះ រួច​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​ឡើង​វិញ ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ថា គេ​សង់​ព្រះ‌វិហារ​នេះ ពេញ​៤៦​ឆ្នាំ​គត់ តែ​លោក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​៣​ថ្ងៃ​ឬ ប៉ុន្តែ គឺ​ទ្រង់​មាន​បន្ទូល​ពី​ព្រះ‌វិហារ ដែល​ជា​រូប​អង្គ​ទ្រង់​ទេ ដូច្នេះ កាល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ពួក​សិស្ស​នឹក​ឃើញ​ថា ទ្រង់​បាន​មាន​បន្ទូល​ពាក្យ​នោះ ហើយ​គេ​ក៏​ជឿ​គម្ពីរ នឹង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូវ។

ចែក​រំលែក
អាន យ៉ូហាន 2