យ៉ូហាន 18:4-9
យ៉ូហាន 18:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវជ្រាបពីការទាំងប៉ុន្មានដែលត្រូវកើតឡើងដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខ សួរគេថា៖ «តើអ្នករាល់គ្នាមករកអ្នកណា?»។ គេទូលឆ្លើយថា៖ «រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំហ្នឹងហើយ»។ រីឯយូដាស ក៏ឈរនៅជាមួយពួកគេដែរ។ ពេលព្រះអង្គមានព្រះបន្ទូលទៅគេថា «គឺខ្ញុំហ្នឹងហើយ» គេក៏ថយក្រោយ ដួលដាច់ផ្ងារទាំងអស់គ្នា។ ព្រះអង្គមានព្រះបន្ទូលសួរគេម្តងទៀតថា៖ «តើអ្នករាល់គ្នាមករកអ្នកណា?» គេទូលឆ្លើយថា៖ «រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ។ ដូច្នេះ បើអ្នករាល់គ្នារកខ្ញុំ ចូរឲ្យអ្នកទាំងនេះចេញទៅចុះ»។ នេះគឺដើម្បីឲ្យបានសម្រេចពាក្យដែលព្រះអង្គមានព្រះបន្ទូលថា «អស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ឥតមានណាម្នាក់បាត់បង់ឡើយ» ។
យ៉ូហាន 18:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូឈ្វេងយល់ហេតុការណ៍ទាំងប៉ុន្មាន ដែលត្រូវកើតដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខ មានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាមករកនរណា?»។ គេទូលព្រះអង្គថា៖ «រកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំហ្នឹងហើយ»។ រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏នៅជាមួយពួកគេដែរ។ កាលព្រះយេស៊ូមានព្រះបន្ទូលទៅគេថា “គឺខ្ញុំហ្នឹងហើយ” ដូច្នេះ គេថយក្រោយ ហើយដួលដាច់ផ្ងារទាំងអស់គ្នា។ ព្រះយេស៊ូមានព្រះបន្ទូលសួរគេម្ដងទៀតថា៖ «អ្នករាល់គ្នាមករកនរណា?» គេទូលថា៖ «រកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំហ្នឹងហើយ បើអ្នករាល់គ្នាមករកខ្ញុំ ទុកឲ្យអ្នកទាំងនេះចេញទៅចុះ»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ស្របតាមសេចក្ដីដែលព្រះអង្គបានថ្លែងទុកមកថា «“អស់អ្នកដែលព្រះអង្គប្រទានមកទូលបង្គំ ឥតមាននរណាម្នាក់ត្រូវវិនាសឡើយ”»។
យ៉ូហាន 18:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវទ្រង់ជ្រាបការទាំងអស់ ដែលត្រូវមកដល់ទ្រង់ បានជាទ្រង់យាងចេញទៅសួរគេថា តើមករកអ្នកណា គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ព្រះយេស៊ូវមានបន្ទូលទៅគេថា គឺខ្ញុំនេះហើយ ឯយូដាសដែលបញ្ជូនទ្រង់ ក៏ឈរនៅជាមួយនឹងគេដែរ កាលទ្រង់មានបន្ទូលទៅគេថា គឺខ្ញុំនេះហើយ នោះគេក៏ថយក្រោយ ដួលផ្ងារទាំងអស់គ្នា ដូច្នេះ ទ្រង់មានបន្ទូលសួរគេម្តងទៀតថា តើរកអ្នកណា គេទូលឆ្លើយថា រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ខ្ញុំបានប្រាប់អ្នករាល់គ្នាថា គឺខ្ញុំនេះហើយ ដូច្នេះ បើអ្នករាល់គ្នារកខ្ញុំ នោះចូរបើកឲ្យអ្នកទាំងនេះទៅចុះ នោះគឺដើម្បីឲ្យបានសំរេចពាក្យ ដែលទ្រង់មានបន្ទូលថា ក្នុងពួកអ្នកដែលទ្រង់បានប្រទានមកទូលបង្គំ នោះសូម្បីម្នាក់ ក៏មិនបាត់ផង