យ៉ូហាន 18:19-23

យ៉ូហាន 18:19-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក សម្តេច​សង្ឃ​សួរ​ព្រះ‌យេស៊ូវ​អំពី​ពួក​សិស្ស និង​អំពី​សេចក្តី​បង្រៀន​របស់​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​និយាយ​ប្រាប់​មនុស្ស​លោក នៅ​កណ្តាល​ជំនុំ ខ្ញុំ​តែង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ និង​ក្នុង​ព្រះ‌វិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សម្ងាត់​ទេ។ ហេតុ​អ្វី​បាន​ជា​លោក​សួរ​ខ្ញុំ? ចូរ​សួរ​អស់​អ្នក​ដែល​បាន​ស្តាប់​ខ្ញុំ ពី​អ្វី​ដែល​ខ្ញុំ​និយាយ​នោះទៅ គេ​សុទ្ធ​តែ​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ»។ កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ កង​រក្សា​ព្រះវិហារ​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ ក៏​ទះ​កំផ្លៀង​ព្រះ‌យេស៊ូវ ហើយ​និយាយ​ថា៖ «តើ​អ្នក​ឯង​ឆ្លើយ​ទៅ​សម្តេច​សង្ឃ​បែប​នេះ​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «បើ​ខ្ញុំ​និយាយ​ខុស ចូរ​ប្រាប់​មក​មើល តើ​ខុស​ត្រង់​ណា តែ​បើ​ខ្ញុំ​បាន​និយាយ​ល្អ​វិញ ហេតុ​អ្វី​បាន​ជា​វាយ​ខ្ញុំ?»

ចែក​រំលែក
អាន យ៉ូហាន 18

យ៉ូហាន 18:19-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​មហា​បូជា‌ចារ្យ*​សួរ​ព្រះ‌យេស៊ូ​អំពី​ពួក​សិស្ស*​របស់​ព្រះអង្គ និង​អំពី​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​លោក​វិញ​ថា៖ «ខ្ញុំ​បាន​និយាយ​ដោយ​ចេញ​មុខ​ប្រាប់​មនុស្ស​លោក ខ្ញុំ​តែង​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ* និង​នៅ​ក្នុង​ព្រះ‌វិហារ* ជា​កន្លែង​ដែល​ជន‌ជាតិ​យូដា​ទាំង​អស់​ជួប‌ជុំ​គ្នា គឺ​ឥត​និយាយ​ក្នុង​ទី​លាក់​កំបាំង​ទេ។ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​សួរ​ខ្ញុំ? សូម​លោក​សួរ​អស់​អ្នក​ដែល​បាន​ឮ​សេចក្ដី​ខ្ញុំ​និយាយ​នោះ​ទៅ ដ្បិត​គេ​សុទ្ធ​តែ​ដឹង​អំពី​អ្វីៗ​ដែល​ខ្ញុំ​បាន​និយាយ»។ ពេល​ឮ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ ទាហាន​ម្នាក់​ក្នុង​កង​រក្សា​ព្រះ‌វិហារ​ដែល​ឈរ​នៅ​ក្បែរ​នោះ ទះ​កំផ្លៀង​ព្រះអង្គ ទាំង​ពោល​ថា៖ «ម្ដេច​ក៏​អ្នក​ឯង​ហ៊ាន​ឆ្លើយ​របៀប​នេះ​ទៅ​លោក​មហា​បូជា‌ចារ្យ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​ទាហាន​នោះ​វិញ​ថា៖ «បើ​ខ្ញុំ​និយាយ​ខុស​ឆ្គង សុំ​ប្រាប់​មើល៍! តើ​មាន​ឆ្គង​ត្រង់​ណា! តែ​បើ​ខ្ញុំ​និយាយ​ត្រឹម​ត្រូវ ម្ដេច​ក៏​អ្នក​វាយ​ខ្ញុំ?»។

ចែក​រំលែក
អាន យ៉ូហាន 18

យ៉ូហាន 18:19-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​សំដេច​សង្ឃ​ក៏​ពិចារណា​សួរ​ព្រះ‌យេស៊ូវ ពី​ដំណើរ​ពួក​សិស្ស នឹង​សេចក្ដី​ដែល​ទ្រង់​បង្រៀន ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​លោក​ថា ខ្ញុំ​បាន​និយាយ​នឹង​បណ្តា​មនុស្ស នៅ​កណ្តាល​ជំនុំ ខ្ញុំ​តែង‌តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​ក្នុង​ព្រះ‌វិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សំងាត់​ទេ ហេតុ​អ្វី​បាន​ជា​លោក​សួរ​ខ្ញុំ ចូរ​សួរ​ដល់​ពួក​អ្នក​ដែល​បាន​ស្តាប់​ខ្ញុំ ពី​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នោះ​វិញ មើល គេ​ដឹង​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ដែរ កាល​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ហើយ នោះ​មាន​ពួក​អាជ្ញា​ម្នាក់ ដែល​ឈរ​នៅ​ទី​នោះ បាន​ទះ​កំផ្លៀង​ព្រះ‌យេស៊ូវ ដោយ​ពាក្យ​ថា ឯង​ឆ្លើយ​ទៅ​សំដេច​សង្ឃ​យ៉ាង​ដូច្នេះ​ឬ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា បើ​ខ្ញុំ​បាន​និយាយ​អាក្រក់ នោះ​ចូរ​ធ្វើ​បន្ទាល់​ពី​សេចក្ដី​អាក្រក់​នោះ​ចុះ តែ​បើ​ខ្ញុំ​បាន​និយាយ​ល្អ​វិញ ហេតុ​អ្វី​បាន​ជា​វាយ​ខ្ញុំ

ចែក​រំលែក
អាន យ៉ូហាន 18