យ៉ូហាន 18:1-40

យ៉ូហាន 18:1-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ព្រះ‌អង្គ​ក៏​ឆ្លង​ជ្រោះ​កេដ្រុន​ជា​មួយ​ពួក​សិស្ស ហើយ​ព្រះ‌អង្គ និង​ពួក​សិស្ស​ក៏​ចូល​ទៅ​ក្នុង​សួន​ច្បារ​មួយ។ រីឯ​យូដាស ដែល​ជា​អ្នក​ក្បត់​ព្រះ‌អង្គ ក៏​ស្គាល់​កន្លែង​នោះ​ដែរ ព្រោះ​ព្រះ‌យេស៊ូវ និង​ពួក​សិស្ស​តែង​ជួប​គ្នា​នៅ​ទី​នោះ។ ដូច្នេះ យូដាស​បាន​នាំ​ពួក​ទាហាន ពួក​កង​រក្សា​ព្រះ​វិហារ​ខ្លះ​ពី​ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​ទៅ​ទី​នោះ មាន​ទាំង​កាន់​គោម ចន្លុះ និង​មាន​អាវុធ​ផង។ ព្រះ‌យេស៊ូវ​ជ្រាប​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​កើត​ឡើង​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​យាង​ទៅ​មុខ សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មក​រក​អ្នក​ណា?»។ គេ​ទូល​ឆ្លើយ​ថា៖ «រក​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ»។ រីឯ​យូដាស ក៏​ឈរ​នៅ​ជា​មួយ​ពួក​គេ​ដែរ។ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា «គឺ​ខ្ញុំ​ហ្នឹង​ហើយ» គេ​ក៏​ថយ​ក្រោយ ដួល​ដាច់​ផ្ងារ​ទាំង​អស់​គ្នា។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ម្តង​ទៀត​ថា៖ «តើ​អ្នក​រាល់​គ្នា​មក​រក​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «រក​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ហ្នឹង​ហើយ។ ដូច្នេះ បើ​អ្នក​រាល់​គ្នា​រក​ខ្ញុំ ចូរ​ឲ្យ​អ្នក​ទាំង​នេះ​ចេញ​ទៅ​ចុះ»។ នេះ​គឺ​ដើម្បី​ឲ្យ​បាន​សម្រេច​ពាក្យ​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ ឥត​មានណា​ម្នាក់​បាត់​បង់ឡើយ» ។ ស៊ីម៉ូន-ពេត្រុស មាន​ដាវ​មួយ ហើយ​គាត់​ក៏​ហូត​មក កាប់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវ​បម្រើ​សម្តេច​សង្ឃ​ម្នាក់ ឈ្មោះ​ម៉ាល‌កុស។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា៖ «ចូរ​ស៊ក​ដាវ​របស់​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ទទួល​ពែង ដែល​ព្រះ‌វរបិតា​បាន​ប្រទាន​មក​ខ្ញុំ​ទេ​ឬ?» ពួក​ទាហាន មេទ័ព និង​ពួក​កង​រក្សា​ព្រះ​វិហារ​របស់​សាសន៍​យូដា បាន​ចាប់​ព្រះ‌យេស៊ូវ​ចង។ គេ​នាំ​ព្រះ‌អង្គ​ទៅ​ជួប​លោក​អាណមុន​គេ ព្រោះ​លោក​ជា​ឪពុក​ក្មេក​របស់​កៃផា ដែល​ធ្វើ​ជា​សម្តេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ។ គឺ​លោក​កៃផា​នេះ​ហើយ ដែល​ទូន្មាន​ពួក​សាសន៍​យូដា​ថា ដែល​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​ប្រជាជន នោះ​មាន​ប្រយោជន៍​ជា​ជាង ។ ស៊ីម៉ូន-ពេត្រុស និង​សិស្ស​ម្នាក់​ទៀត​បាន​ដើរ​តាម​ព្រះ‌យេស៊ូវ។ ដោយ​សារ​សម្តេច​សង្ឃ​ស្គាល់​សិស្ស​ម្នាក់​នោះ បាន​ជា​គាត់​អាច​ចូល​ជាមួយ​ព្រះ​យេស៊ូវ ទៅ​ក្នុង​ទី‌លាន​សម្តេច​សង្ឃ​បាន តែ​ពេត្រុស​ឈរ​នៅ​មាត់​ទ្វារ​ខាង​ក្រៅ ដូច្នេះ សិស្ស​ម្នាក់​ដែល​សម្តេច​សង្ឃ​ស្គាល់​នោះ ក៏​ចេញ​ទៅ​និយាយ​នឹង​អ្នក​ឆ្មាំ​ទ្វារ រួច​នាំ​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង​ដែរ។ ស្រី​បម្រើ​ដែល​ចាំ​យាម​ទ្វារ និយាយ​ទៅ​កាន់​ពេត្រុស​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​ឬ?» គាត់​ឆ្លើយ​ថា៖ «មិន​មែន​ទេ»។ ពេល​នោះ ពួក​បាវ​បម្រើ និង​ពួក​កង​រក្សា​ព្រះវិហារ​ក៏​ឈរ​នៅ​ទី​នោះ​ដែរ គេ​បាន​ដុត​ភ្លើង​អាំង ព្រោះ​រងា ហើយ​ពេត្រុស​ក៏​ឈរ​អាំង​ភ្លើង​ជា​មួយ​ពួក​គេ។ បន្ទាប់​មក សម្តេច​សង្ឃ​សួរ​ព្រះ‌យេស៊ូវ​អំពី​ពួក​សិស្ស និង​អំពី​សេចក្តី​បង្រៀន​របស់​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​និយាយ​ប្រាប់​មនុស្ស​លោក នៅ​កណ្តាល​ជំនុំ ខ្ញុំ​តែង​តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ និង​ក្នុង​ព្រះ‌វិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សម្ងាត់​ទេ។ ហេតុ​អ្វី​បាន​ជា​លោក​សួរ​ខ្ញុំ? ចូរ​សួរ​អស់​អ្នក​ដែល​បាន​ស្តាប់​ខ្ញុំ ពី​អ្វី​ដែល​ខ្ញុំ​និយាយ​នោះទៅ គេ​សុទ្ធ​តែ​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ»។ កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ កង​រក្សា​ព្រះវិហារ​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ ក៏​ទះ​កំផ្លៀង​ព្រះ‌យេស៊ូវ ហើយ​និយាយ​ថា៖ «តើ​អ្នក​ឯង​ឆ្លើយ​ទៅ​សម្តេច​សង្ឃ​បែប​នេះ​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «បើ​ខ្ញុំ​និយាយ​ខុស ចូរ​ប្រាប់​មក​មើល តើ​ខុស​ត្រង់​ណា តែ​បើ​ខ្ញុំ​បាន​និយាយ​ល្អ​វិញ ហេតុ​អ្វី​បាន​ជា​វាយ​ខ្ញុំ?» លោក​អាណ​ឲ្យ​គេ​នាំ​ព្រះ‌អង្គ​ទាំង​ជាប់​ចំណង ទៅ​លោក​កៃផា ជា​សម្តេច​សង្ឃ​វិញ។ ពេលនោះ ស៊ីម៉ូន-ពេត្រុស​កំពុង​ឈរ​អាំង​ភ្លើង ហើយ​មាន​គេ​សួរ​គាត់​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​ឬ?» គាត់​ប្រ‌កែក​ថា៖ «មិន​មែន​ទេ»។ មាន​បាវ​បម្រើ​របស់​សម្តេច​សង្ឃម្នាក់ ជា​សាច់​ញាតិ​នឹង​អ្នកដែល​ពេត្រុស​បាន​កាប់​ដាច់​ត្រចៀក សួរ​ថា៖ «តើ​ខ្ញុំ​មិនបាន​ឃើញ​អ្នក​ឯង​នៅ​ក្នុង​សួន​ច្បារ ជា​មួយ​អ្នក​នោះដែរ​ទេឬ?» ពេត្រុស​ក៏​ប្រ‌កែក​ម្តង​ទៀត រំពេច​នោះ​ស្រាប់​តែ​មាន់​ក៏​រងាវ​ឡើង។ បន្ទាប់​មក គេ​នាំ​ព្រះ‌យេស៊ូវ​ពី​ដំណាក់​លោក​កៃផា ទៅ​ឯ​បន្ទាយ​របស់​លោក​ទេសា​ភិបាល។ ពេលនោះ​ព្រលឹម​ស្រាង​ហើយ គេ​មិន​បាន​ចូល​ទៅ​ក្នុង​បន្ទាយ​នោះ​ទេ ក្រែង​គេ​ត្រូវ​សៅ‌ហ្មង ហើយ​មិន​អាច​បរិ‌ភោគ​បុណ្យ​រំលង​បាន ។ ដូច្នេះ លោក​ពីឡាត់​ចេញ​ទៅ​រក​គេ សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​អ្នក​នេះ​ពី​រឿង​អ្វី?» គេ​ឆ្លើយ​ទៅ​លោក​ថា៖ «ប្រសិន‌បើជន​នេះ​មិន​មែន​ជា​មនុស្ស​អាក្រក់ នោះ​យើង​ខ្ញុំ​មិននាំ​គាត់​មក​ជូន​លោក​ទេ»។ លោក​ពីឡាត់​មាន​ប្រសាសន៍​ថា៖ «ចូរ​យក​ទៅ​កាត់​ទោស​តាម​ច្បាប់​របស់​អ្នក​រាល់​គ្នា​ចុះ»។ តែ​ពួក​សាសន៍​យូដា​ជម្រាប​លោក​ថា៖ «យើង​ខ្ញុំ​គ្មាន​ច្បាប់​នឹង​ប្រហារ​ជីវិត​អ្នក​ណា​ទេ»។ (គេ​និយាយ​ដូច្នេះ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​សេចក្ដីដែល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល ពី​របៀប​ដែល​ព្រះ‌អង្គ​ត្រូវ​សុគត) ។ ដូច្នេះ លោក​ពីឡាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ រួច​ហៅ​ព្រះ‌យេស៊ូវ​មក​សួរ​ថា៖ «តើ​អ្នក​ជា​សេ្តច​សាសន៍​យូដា​មែន​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «តើ​លោក​មាន​ប្រសាសន៍​ដូច្នេះ ដោយ​ខ្លួន​លោក ឬ​មាន​អ្នក​ណា​ជម្រាប​លោក​អំពី​ខ្ញុំ?»។ លោក​ពីឡាត់​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​ជា​សាសន៍​យូដា​ឬ? គឺ​សាសន៍​របស់​អ្នក​ឯង និង​ពួក​សង្គ្រាជ​ទេ​តើ ដែល​បញ្ជូន​អ្នក​មក​ខ្ញុំ។ តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ផែនដី​នេះ​ទេ។ ប្រសិន‌បើ​រាជ្យ​របស់​ខ្ញុំ​នៅ​ផែនដី​នេះ​មែន ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​ត‌យុទ្ធ មិន​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​សាសន៍​យូដា​ឡើយ។ ប៉ុន្តែ រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ផែនដី​នេះ​ទេ»។ លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ថា៖ «ដូច្នេះ អ្នក​ជា​ស្តេច​មែន​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «លោក​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្តេច នោះ​ត្រូវ​ហើយ ខ្ញុំ​កើត​មក ហើយ​ចូល​មក​ក្នុង​លោក​នេះ​សម្រាប់​ការ​នេះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្តី​ពិត។ អស់​អ្នក​ណា​ដែល​កើត​ពី​សេចក្តី​ពិត អ្នក​នោះ​ស្តាប់​សំឡេង​ខ្ញុំ»។ លោក​ពីឡាត់​ទូល​សួរ​ព្រះ‌អង្គ​ទៀត​ថា៖ «អ្វី​ទៅ​ជា​សេចក្តី​ពិត​នោះ?»។ ក្រោយ​ពី​លោក​មានប្រសាសន៍​ដូច្នេះ​ហើយ លោកក៏​ចេញ​ទៅ​ជួប​ពួក​សាសន៍​យូដា​ម្តង​ទៀត ប្រាប់​គេ​ថា៖ «ខ្ញុំ​មិន​ឃើញ​ថា​អ្នក​នេះ​មាន​ទោស​អ្វី​ឡើយ។ តាម​ទម្លាប់​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ត្រូវ​ដោះ​លែង​មនុស្ស​ម្នាក់​ក្នុង​ឱកាស​បុណ្យ​រំលង។ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​លែង​ស្តេច​សាសន៍​យូដា​ឬ​ទេ?» គេ​ក៏​ស្រែក​ឡើង​ទាំង​អស់​គ្នា​ម្តង​ទៀត​ថា៖ «កុំ​ដោះ​លែង​អ្នក​នេះ​ឡើយ សូមដោះ​លែង​បារ៉ា‌បាស​វិញ!»។ (រីឯ​បារ៉ា‌បាស​ជា​ចោរ​ប្លន់)។

ចែក​រំលែក
អាន យ៉ូហាន 18

យ៉ូហាន 18:1-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ព្រះអង្គ​យាង​ទៅ​ខាង​នាយ​ជ្រោះ​កេដ្រូន​ជា​មួយ​ពួក​សិស្ស*។ នៅ​ទី​នោះ មាន​សួន​ឧទ្យាន​មួយ ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​សួន​ឧទ្យាន​នោះ​ជា​មួយ​ពួក​សិស្ស។ រីឯ​យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ ក៏​ស្គាល់​កន្លែង​នោះ​ដែរ ព្រោះ​ជា​កន្លែង​ដែល​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​ធ្លាប់​ជួប‌ជុំ​គ្នា​ជា​ញឹក‌ញាប់។ ដូច្នេះ យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ព្រះ‌វិហារ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង។ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក។ ព្រះ‌យេស៊ូ​ឈ្វេង​យល់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ត្រូវ​កើត​ដល់​ព្រះអង្គ ព្រះអង្គ​ក៏​យាង​ទៅ​មុខ មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?»។ គេ​ទូល​ព្រះអង្គ​ថា៖ «រក​ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ»។ រីឯ​យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ​ក៏​នៅ​ជា​មួយ​ពួក​គេ​ដែរ។ កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា “គឺ​ខ្ញុំ​ហ្នឹង​ហើយ” ដូច្នេះ គេ​ថយ​ក្រោយ ហើយ​ដួល​ដាច់‌ផ្ងារ​ទាំង​អស់​គ្នា។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ម្ដង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?» គេ​ទូល​ថា៖ «រក​ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ហ្នឹង​ហើយ បើ​អ្នក​រាល់​គ្នា​មក​រក​ខ្ញុំ ទុក​ឲ្យ​អ្នក​ទាំង​នេះ​ចេញ​ទៅ​ចុះ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​ព្រះអង្គ​បាន​ថ្លែង​ទុក​មក​ថា «“អស់​អ្នក​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ឥត​មាន​នរណា​ម្នាក់​ត្រូវ​វិនាស​ឡើយ”»។ លោក​ស៊ីម៉ូន​ពេត្រុស​មាន​ដាវ​មួយ គាត់​ហូត​កាប់​អ្នក​បម្រើ​ម្នាក់​របស់​លោក​មហា​បូជា‌ចារ្យ ដាច់​ស្លឹក​ត្រចៀក​ស្ដាំ អ្នក​បម្រើ​នោះ​ឈ្មោះ​ម៉ាល‌កុស។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​អ្នក​មិន​ចង់​ឲ្យ​ខ្ញុំ​ផឹក​ពី​ពែង​នៃ​ទុក្ខ​លំបាក ដែល​ព្រះ‌បិតា​ប្រទាន​មក​ខ្ញុំ​ទេ​ឬ?»។ ពួក​ទាហាន និង​មេ​បញ្ជា‌ការ​របស់​គេ ព្រម​ទាំង​កង​រក្សា​ព្រះ‌វិហារ*​របស់​ជន‌ជាតិ​យូដា នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ ហើយ​ចង​ព្រះអង្គ។ គេ​នាំ​ព្រះអង្គ​ទៅ​ជួប​លោក​អាណ​មុន​គេ ព្រោះ​លោក​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​កៃផា ដែល​កាន់​តំណែង​ជា​មហា​បូជា‌ចារ្យ​នៅ​ឆ្នាំ​នោះ គឺ​លោក​កៃផា​នេះ​ហើយ ដែល​បាន​ឲ្យ​យោបល់​ទៅ​ជន‌ជាតិ​យូដា​ថា “គួរ​ឲ្យ​មនុស្ស​តែ​ម្នាក់​ស្លាប់​ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ”។ លោក​ស៊ីម៉ូន​ពេត្រុស​ដើរ​តាម​ព្រះ‌យេស៊ូ​ជា​មួយ​សិស្ស*​ម្នាក់​ទៀត លោក​មហា​បូជា‌ចារ្យ​ស្គាល់​សិស្ស​ម្នាក់​នោះ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​អាច​ចូល​ជា​មួយ​ព្រះ‌យេស៊ូ ទៅ​ទីធ្លា​ខាង​ក្នុង​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ*។ រីឯ​លោក​ពេត្រុស​វិញ គាត់​ឈរ​នៅ​ខាង​ក្រៅ​ក្បែរ​មាត់​ទ្វារ។ សិស្ស​ដែល​លោក​មហា​បូជា‌ចារ្យ​ស្គាល់​នោះ ក៏​ចេញ​មក​និយាយ​ជា​មួយ​ស្ត្រី​ម្នាក់ ជា​អ្នក​យាម​ទ្វារ ហើយ​នាំ​លោក​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង​ដែរ។ ស្ត្រី​បម្រើ​ជា​អ្នក​យាម​ទ្វារ​និយាយ​ទៅ​កាន់​លោក​ពេត្រុស​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ លោក​ពេត្រុស​តប​ថា៖ «ទេ! មិន​មែន​ទេ!»។ ពួក​អ្នក​បម្រើ​របស់​លោក​មហា​បូជា‌ចារ្យ និង​កង​រក្សា​ព្រះ‌វិហារ​នាំ​គ្នា​បង្កាត់​ភ្លើង​អាំង ព្រោះ​ពេល​នោះ​រងា​ណាស់។ លោក​ពេត្រុស​ក៏​នៅ​អាំង​ភ្លើង​ជា​មួយ​ពួក​គេ​ដែរ។ លោក​មហា​បូជា‌ចារ្យ*​សួរ​ព្រះ‌យេស៊ូ​អំពី​ពួក​សិស្ស*​របស់​ព្រះអង្គ និង​អំពី​សេចក្ដី​ដែល​ព្រះអង្គ​បង្រៀន។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​លោក​វិញ​ថា៖ «ខ្ញុំ​បាន​និយាយ​ដោយ​ចេញ​មុខ​ប្រាប់​មនុស្ស​លោក ខ្ញុំ​តែង​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ* និង​នៅ​ក្នុង​ព្រះ‌វិហារ* ជា​កន្លែង​ដែល​ជន‌ជាតិ​យូដា​ទាំង​អស់​ជួប‌ជុំ​គ្នា គឺ​ឥត​និយាយ​ក្នុង​ទី​លាក់​កំបាំង​ទេ។ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​សួរ​ខ្ញុំ? សូម​លោក​សួរ​អស់​អ្នក​ដែល​បាន​ឮ​សេចក្ដី​ខ្ញុំ​និយាយ​នោះ​ទៅ ដ្បិត​គេ​សុទ្ធ​តែ​ដឹង​អំពី​អ្វីៗ​ដែល​ខ្ញុំ​បាន​និយាយ»។ ពេល​ឮ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ ទាហាន​ម្នាក់​ក្នុង​កង​រក្សា​ព្រះ‌វិហារ​ដែល​ឈរ​នៅ​ក្បែរ​នោះ ទះ​កំផ្លៀង​ព្រះអង្គ ទាំង​ពោល​ថា៖ «ម្ដេច​ក៏​អ្នក​ឯង​ហ៊ាន​ឆ្លើយ​របៀប​នេះ​ទៅ​លោក​មហា​បូជា‌ចារ្យ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​ទាហាន​នោះ​វិញ​ថា៖ «បើ​ខ្ញុំ​និយាយ​ខុស​ឆ្គង សុំ​ប្រាប់​មើល៍! តើ​មាន​ឆ្គង​ត្រង់​ណា! តែ​បើ​ខ្ញុំ​និយាយ​ត្រឹម​ត្រូវ ម្ដេច​ក៏​អ្នក​វាយ​ខ្ញុំ?»។ ពេល​នោះ លោក​អាណ​បញ្ជូន​ព្រះអង្គ ទាំង​ជាប់​ចំណង​ទៅ​លោក​កៃផា ជា​មហា​បូជា‌ចារ្យ។ លោក​ស៊ីម៉ូន​ពេត្រុស​អាំង​ភ្លើង​នៅ​ទី​នោះ។ មាន​គេ​សួរ​លោក​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ លោក​ពេត្រុស​ប្រកែក​ថា៖ «ទេ! មិន​មែន​ទេ!»។ មាន​អ្នក​បម្រើ​របស់​មហា​បូជា‌ចារ្យ*​ម្នាក់​ត្រូវ​ជា​បងប្អូន​នឹង​អ្នក ដែល​លោក​ពេត្រុស​កាប់​ដាច់​ស្លឹក​ត្រចៀក ពោល​ថា៖ «ខ្ញុំ​ក៏​បាន​ឃើញ​អ្នក​ឯង​នៅ​ក្នុង​សួន​ជា​មួយ​គាត់​ដែរ!»។ លោក​ពេត្រុស​ប្រកែក​សា​ជា​ថ្មី​ម្ដង​ទៀត។ រំពេច​នោះ ស្រាប់​តែ​មាន់​រងាវ​ឡើង។ បន្ទាប់​មក គេ​បណ្ដើរ​ព្រះ‌យេស៊ូ​ចេញ​ពី​ដំណាក់​លោក​កៃផា ទៅ​បន្ទាយ​របស់​លោក​ទេសា‌ភិបាល។ ពេល​នោះ ភ្លឺ​ស្រាងៗ​ហើយ។ ជន‌ជាតិ​យូដា​ពុំ​បាន​ចូល​ក្នុង​បន្ទាយ​ទេ ព្រោះ​គេ​ខ្លាច​មាន​បាប នាំ​ឲ្យ​ធ្វើ​ពិធី​ជប់‌លៀង​ក្នុង​ឱកាស​បុណ្យ​ចម្លង*​មិន​បាន។ ដូច្នេះ លោក​ពីឡាត​ចេញ​មក​ជួប​ពួក​គេ សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​អ្នក​នេះ​អំពី​រឿង​អ្វី?»។ គេ​ជម្រាប​លោក​ថា៖ «ប្រសិន​បើ​គាត់​មិន​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទេ យើង​ខ្ញុំ​នាំ​គាត់​មក​ជូន​លោក​ធ្វើ​អ្វី!»។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​វិនិច្ឆ័យ​ទោស តាម​វិន័យ​របស់​អ្នក​រាល់​គ្នា​ទៅ»។ ជន‌ជាតិ​យូដា​ជម្រាប​ទៅ​លោក​វិញ​ថា៖ «យើង​ខ្ញុំ​គ្មាន​សិទ្ធិ​ប្រហារ​ជីវិត​អ្នក​ណា​សោះ​ឡើយ»។ គេ​និយាយ​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​របៀប​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត។ លោក​ពីឡាត​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ រួច​ហៅ​ព្រះ‌យេស៊ូ​មក​សួរ​ថា៖ «តើ​អ្នក​ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​មាន​ប្រសាសន៍​ដូច្នេះ តើ​មក​ពី​គំនិត​របស់​លោក​ផ្ទាល់ ឬ​មាន​អ្នក​ផ្សេង​ទៀត​ជម្រាប​លោក?»។ លោក​ពីឡាត​តប​វិញ​ថា៖ «ខ្ញុំ​មិន​មែន​ជា​ជន‌ជាតិ​យូដា​ទេ! គឺ​ជន‌ជាតិ​របស់​អ្នក និង​ពួក​នាយក​បូជា‌ចារ្យ​ទេ​តើ ដែល​បាន​បញ្ជូន​អ្នក​មក​ខ្ញុំ តើ​អ្នក​បាន​ធ្វើ​អ្វី?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ។ ប្រសិន​បើ​រាជ្យ​របស់​ខ្ញុំ​នៅ​ក្នុង​លោក​នេះ​មែន ពួក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​នាំ​គ្នា​តយុទ្ធ មិន​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​យូដា​បាន​ឡើយ។ ប៉ុន្តែ រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​លោក​នេះ​ទេ»។ លោក​ពីឡាត​ទូល​សួរ​ព្រះអង្គ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ជា​ស្ដេច​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្ដេច។ ខ្ញុំ​កើត​មក ហើយ​ខ្ញុំ​មក​ក្នុង​លោក​នេះ ដើម្បី​ផ្ដល់​សក្ខីភាព​អំពី​សេចក្ដី​ពិត អ្នក​ណា​កើត​ពី​សេចក្ដី​ពិត អ្នក​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ»។ លោក​ពីឡាត​ទូល​ព្រះអង្គ​ថា៖ «អ្វី​ទៅ​សេចក្ដី​ពិត​នោះ?»។ លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​ចេញ​ទៅ​ជួប​ជន‌ជាតិ​យូដា​ជា​ថ្មី​ម្ដង​ទៀត ប្រាប់​ថា៖ «ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ​ឡើយ។ តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ត្រូវ​ដោះ​លែង​អ្នក​ទោស​ម្នាក់​ក្នុង​ឱកាស​បុណ្យ​ចម្លង*។ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្ដេច​យូដា​ឬ​ទេ?»។ ពេល​នោះ គេ​នាំ​គ្នា​ស្រែក​ឡើង​សា​ជា​ថ្មី​ថា៖ «កុំ​ដោះ​លែង​អ្នក​នេះ​ឡើយ សូម​ដោះ​លែង​បារ៉ា‌បាស​វិញ»។ រីឯ​ឈ្មោះ​បារ៉ា‌បាស​នេះ​ជា​ចោរ​ព្រៃ។

ចែក​រំលែក
អាន យ៉ូហាន 18

យ៉ូហាន 18:1-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ព្រះ‌យេស៊ូវ​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​យាង​ទៅ​ខាង​នាយ​ជ្រោះ​កេដ្រុន បាន​នាំ​ទាំង​ពួក​សិស្ស​ទៅ​ផង ហើយ​ទ្រង់ នឹង​ពួក​សិស្ស​ក៏​ចូល​ទៅ​ក្នុង​ច្បារ​១​ដែល​នៅ​ទី​នោះ ឯ​យូដាស ដែល​ជា​អ្នក​បញ្ជូន​ទ្រង់ ក៏​ស្គាល់​កន្លែង​នោះ​ដែរ ពី​ព្រោះ​ព្រះ‌យេស៊ូវ​នឹង​ពួក​សិស្ស តែង​ប្រជុំ​នៅ​ទី​នោះ​ជា​ញឹក‌ញយ ដូច្នេះ កាល​យូដាស​បាន​ទទួល​ពួក​ទាហាន នឹង​ពួក​អាជ្ញា​ខ្លះ ពី​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី​ហើយ នោះ​ក៏​នាំ​គ្នា​ទៅ​ឯ​ទី​នោះ មាន​ទាំង​កាន់​គោម ចន្លុះ នឹង​គ្រឿង​សស្ត្រា‌វុធ​ផង ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ការ​ទាំង​អស់ ដែល​ត្រូវ​មក​ដល់​ទ្រង់ បាន​ជា​ទ្រង់​យាង​ចេញ​ទៅ​សួរ​គេ​ថា តើ​មក​រក​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា រក​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា គឺ​ខ្ញុំ​នេះ​ហើយ ឯ​យូដាស​ដែល​បញ្ជូន​ទ្រង់ ក៏​ឈរ​នៅ​ជា​មួយ​នឹង​គេ​ដែរ កាល​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា គឺ​ខ្ញុំ​នេះ​ហើយ នោះ​គេ​ក៏​ថយ​ក្រោយ ដួល​ផ្ងារ​ទាំង​អស់​គ្នា ដូច្នេះ ទ្រង់​មាន​បន្ទូល​សួរ​គេ​ម្តង​ទៀត​ថា តើ​រក​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា រក​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​ខ្ញុំ​នេះ​ហើយ ដូច្នេះ បើ​អ្នក​រាល់​គ្នា​រក​ខ្ញុំ នោះ​ចូរ​បើក​ឲ្យ​អ្នក​ទាំង​នេះ​ទៅ​ចុះ នោះ​គឺ​ដើម្បី​ឲ្យ​បាន​សំរេច​ពាក្យ ដែល​ទ្រង់​មាន​បន្ទូល​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ នោះ​សូម្បី​ម្នាក់ ក៏​មិន​បាត់‌ផង រីឯ​ស៊ីម៉ូន-ពេត្រុស គាត់​មាន​ដាវ ហើយ​ក៏​ហូត​មក កាប់​ដាច់​ត្រចៀក​ស្តាំ​របស់​បាវ​សំដេច​សង្ឃ​ម្នាក់ បាវ​នោះ​ឈ្មោះ​ម៉ាល‌កុស នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ពេត្រុស​ថា ចូរ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​មិន​ត្រូវ​ឲ្យ​ខ្ញុំ​ទទួល​ពែង ដែល​ព្រះវរ‌បិតា​បាន​ប្រទាន​មក​ខ្ញុំ​ទេ​ឬ​អី។ នោះ​ពួក​ទាហាន នឹង​មេ‌ទ័ព ហើយ​ពួក​អាជ្ញា​របស់​សាសន៍​យូដា ក៏​ចាប់​ព្រះ‌យេស៊ូវ​ចង រួច​នាំ​ទៅ​ឯ​លោក​អាណ ជា​មុន​ដំបូង ដ្បិត​លោក​ជា​ឪពុក​ក្មេក​របស់​កៃផា ដែល​ធ្វើ​ជា​សំដេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ គឺ​លោក​កៃផា​នេះ​ឯង ដែល​ទូន្មាន​ដល់​ពួក​សាសន៍​យូដា​ថា មាន​ប្រយោជន៍​ឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តាជន ឯ​ស៊ីម៉ូន-ពេត្រុស នឹង​សិស្ស​ម្នាក់​ទៀត ក៏​តាម​ព្រះ‌យេស៊ូវ​ទៅ សំដេច​សង្ឃ​បាន​ស្គាល់​សិស្ស​១​នោះ​ដែរ ហើយ​គាត់​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌លាន​សំដេច​សង្ឃ ជា​មួយ​នឹង​ព្រះ‌យេស៊ូវ ឯ​ពេត្រុស គាត់​ឈរ​នៅ​ឯ​មាត់​ទ្វារ​ខាង​ក្រៅ ដូច្នេះ សិស្ស​ម្នាក់ ដែល​សំដេច​សង្ឃ​ស្គាល់​នោះ គាត់​ក៏​ចេញ​ទៅ​និយាយ​នឹង​អ្នក​ឆ្មាំ​ទ្វារ រួច​នាំ​ពេត្រុស​ចូល​មក នោះ​បាវ​ស្រី​ដែល​ចាំ​ទ្វារ​និយាយ​ទៅ​ពេត្រុស​ថា អ្នក​ឯង​ជា​សិស្ស​របស់​មនុស្ស​នោះ​ដែរ​ឬ គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​មែន​ទេ ពួក​បាវ នឹង​ពួក​អាជ្ញា ក៏​ឈរ​នៅ​ទី​នោះ​ដែរ គេ​បាន​ដុត​ភ្លើង​អាំង ព្រោះ​រងា ហើយ​ពេត្រុស​ក៏​ឈរ​អាំង​នៅ​ជា​មួយ​នឹង​គេ នោះ​សំដេច​សង្ឃ​ក៏​ពិចារណា​សួរ​ព្រះ‌យេស៊ូវ ពី​ដំណើរ​ពួក​សិស្ស នឹង​សេចក្ដី​ដែល​ទ្រង់​បង្រៀន ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​លោក​ថា ខ្ញុំ​បាន​និយាយ​នឹង​បណ្តា​មនុស្ស នៅ​កណ្តាល​ជំនុំ ខ្ញុំ​តែង‌តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​ក្នុង​ព្រះ‌វិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សំងាត់​ទេ ហេតុ​អ្វី​បាន​ជា​លោក​សួរ​ខ្ញុំ ចូរ​សួរ​ដល់​ពួក​អ្នក​ដែល​បាន​ស្តាប់​ខ្ញុំ ពី​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នោះ​វិញ មើល គេ​ដឹង​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ដែរ កាល​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ហើយ នោះ​មាន​ពួក​អាជ្ញា​ម្នាក់ ដែល​ឈរ​នៅ​ទី​នោះ បាន​ទះ​កំផ្លៀង​ព្រះ‌យេស៊ូវ ដោយ​ពាក្យ​ថា ឯង​ឆ្លើយ​ទៅ​សំដេច​សង្ឃ​យ៉ាង​ដូច្នេះ​ឬ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​អ្នក​នោះ​ថា បើ​ខ្ញុំ​បាន​និយាយ​អាក្រក់ នោះ​ចូរ​ធ្វើ​បន្ទាល់​ពី​សេចក្ដី​អាក្រក់​នោះ​ចុះ តែ​បើ​ខ្ញុំ​បាន​និយាយ​ល្អ​វិញ ហេតុ​អ្វី​បាន​ជា​វាយ​ខ្ញុំ នោះ​លោក​អាណ​ឲ្យ​គេ​នាំ​ទ្រង់​ទាំង​ជាប់​ចំណង ទៅ​ឯ​លោក​កៃផា ជា​សំដេច​សង្ឃ​វិញ។ ឯ​ស៊ីម៉ូន-ពេត្រុស គាត់​កំពុង​ឈរ​អាំង​ភ្លើង ដូច្នេះ គេ​សួរ​គាត់​ថា អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​ឬ តែ​គាត់​ប្រកែក​ថា ខ្ញុំ​មិន​មែន​ទេ មាន​ពួក​បាវ​សំដេច​សង្ឃ​ម្នាក់ គឺ​ជា​សាច់‌ញាតិ​នឹង​អ្នក​ដែល​ពេត្រុស​បាន​កាប់​ដាច់​ត្រចៀក​នោះ ក៏​និយាយ​ថា តើ​អញ​មិន​បាន​ឃើញ​ឯង​នៅ​ក្នុង​ច្បារ​ជា​មួយ​នឹង​អ្នក​នោះ​ទេ​ឬ​អី ពេត្រុស​ក៏​ប្រកែក​ម្តង​ទៀត ស្រាប់​តែ​មាន់​រងាវ​ឡើង។ គេ​នាំ​ព្រះ‌យេស៊ូវ ពី​លោក​កៃផា ទៅ​ក្នុង​សាលា​ជំនុំ ពេល​នោះ​ព្រលឹម​ស្រាង​ហើយ គេ​មិន​បាន​ចូល​ទៅ​ក្នុង​សាលា​ទេ ក្រែង​គេ​ត្រូវ​សៅ‌ហ្មង នឹង​បរិភោគ​បុណ្យ​រំលង​មិន​បាន ដូច្នេះ លោក​ពីឡាត់​ចេញ​ទៅ​ឯ​គេ សួរ​ថា តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​មនុស្ស​នេះ​ពី​រឿង​អ្វី គេ​ឆ្លើយ​ទៅ​លោក​ថា បើ​វា​មិន​មែន​ជា​មនុស្ស​អាក្រក់ នោះ​យើង​ខ្ញុំ​មិន​បាន​បញ្ជូន​វា​មក​ទេ ដូច្នេះ លោក​ពីឡាត់​មាន​ប្រសាសន៍​ថា ចូរ​យក​ទៅ​ជំនុំ‌ជំរះ​តាម​ច្បាប់​របស់​អ្នក​រាល់​គ្នា​ចុះ តែ​ពួក​សាសន៍​យូដា​ជំរាប​លោក​ថា យើង​ខ្ញុំ​គ្មាន​ច្បាប់​នឹង​សំឡាប់​អ្នក​ណា​ទេ គេ​និយាយ​ដូច្នោះ ដើម្បី​ឲ្យ​បាន​សំរេច​ពាក្យ ដែល​ព្រះ‌យេស៊ូវ​មាន​បន្ទូល នឹង​បង្ហាញ​ពី​ទ្រង់​ត្រូវ​សុគត​បែប​យ៉ាង​ណា នោះ​លោក​ពីឡាត់​ក៏​ចូល​ទៅ​ក្នុង​សាលា​ជំនុំ​វិញ រួច​ហៅ​ព្រះ‌យេស៊ូវ​មក​ដណ្តឹង​សួរ​ថា តើ​អ្នក​ជា​ស្ដេច​សាសន៍​យូដា​ឬ​អី ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា តើ​លោក​មាន​ប្រសាសន៍​ដូច្នេះ​ដោយ​ខ្លួន​លោក ឬ​មាន​អ្នក​ណា​ជំរាប​លោក​ពី​ខ្ញុំ លោក​ពីឡាត់​ឆ្លើយ​ថា តើ​ខ្ញុំ​ជា​សាសន៍​យូដា​ឬ​អី គឺ​សាសន៍​របស់​អ្នក​ឯង នឹង​ពួក​សង្គ្រាជ​ទេ​តើ ដែល​បញ្ជូន​អ្នក​មក​ខ្ញុំ ចុះ​អ្នក​បាន​ធ្វើ​អ្វី ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ​នេះ​ទេ បើ​សិន​ជា​នគរ​ខ្ញុំ​ត្រូវ​ខាង​លោកីយ​នេះ នោះ​ពួក​អ្នក​បំរើ​ខ្ញុំ គេ​នឹង​បាន​ត‌យុទ្ធ​ហើយ ដើម្បី​មិន​ឲ្យ​ខ្ញុំ​ត្រូវ​បញ្ជូន​ទៅ​សាសន៍​យូដា​ឡើយ តែ​ឥឡូវ​នេះ នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​ស្ថាន​នេះ​ទេ លោក​ពីឡាត់​ក៏​សួរ​ទ្រង់​ថា ដូច្នេះ អ្នក​ជា​ស្តេច​មែន​ឬ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា លោក​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្តេច នោះ​ត្រូវ​ហើយ ខ្ញុំ​បាន​កើត​មក ហើយ​ក៏​ចូល​ក្នុង​លោកីយ​នេះ​សំរាប់​តែ​ការ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត អស់​អ្នក​ណា​ដែល​កើត​ពី​សេចក្ដី​ពិត នោះ​ក៏​ឮ​សំឡេង​ខ្ញុំ លោក​ពីឡាត់​ទូល​សួរ​ទ្រង់​ថា តើ​យ៉ាង​ណា​ដែល​ហៅ​ថា​សេចក្ដី​ពិត​នោះ កាល​បាន​ទូល​ដូច្នោះ​រួច​ហើយ នោះ​លោក​ចេញ​ទៅ​ឯ​ពួក​សាសន៍​យូដា​ម្តង​ទៀត ក៏​មាន​ប្រសាសន៍​ថា ខ្ញុំ​មិន​ឃើញ​ជា​អ្នក​នោះ​មាន​ទោស​ខុស​អ្វី​សោះ អ្នក​រាល់​គ្នា​មាន​ទំលាប់​ធ្លាប់​ឲ្យ​ខ្ញុំ​លែង​ម្នាក់ ដល់​អ្នក​រាល់​គ្នា​នៅ​វេលា​បុណ្យ​រំលង ដូច្នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​ស្តេច​នៃ​សាសន៍​យូដា​ឬ​អី គេ​ក៏​ស្រែក​ឡើង​ទាំង​អស់​គ្នា​ម្តង​ទៀត​ថា កុំ​លែង​អ្នក​នោះ​ឡើយ សូម​លែង​បារ៉ា‌បាស​វិញ រីឯ​បារ៉ា‌បាស វា​ជា​ចោរ​ប្លន់។

ចែក​រំលែក
អាន យ៉ូហាន 18