យ៉ូហាន 16:7-15
យ៉ូហាន 16:7-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាតាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នា ដ្បិតបើខ្ញុំមិនទៅទេ ព្រះជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមក។ កាលណាព្រះអង្គយាងមក ព្រះអង្គនឹងសម្តែងឲ្យមនុស្សលោកដឹងច្បាស់ អំពីបាប អំពីសេចក្តីសុចរិត និងអំពីការជំនុំជម្រះ។ អំពីបាបដោយព្រោះគេមិនជឿដល់ខ្ញុំ អំពីសេចក្តីសុចរិត ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ហើយអ្នករាល់គ្នានឹងមិនឃើញខ្ញុំទៀតទេ អំពីការជំនុំជម្រះ ព្រោះចៅហ្វាយរបស់លោកីយ៍នេះត្រូវទទួលទោសហើយ។ ខ្ញុំនៅមានរឿងជាច្រើនទៀតដែលត្រូវប្រាប់អ្នករាល់គ្នា តែឥឡូវនេះ អ្នករាល់គ្នាពុំអាចទទួលបានទេ។ ពេលព្រះវិញ្ញាណនៃសេចក្តីពិតបានយាងមកដល់ ព្រះអង្គនឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត ដ្បិតព្រះអង្គនឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូលចំពោះតែសេចក្តីណាដែលព្រះអង្គឮ ហើយនឹងសម្តែងឲ្យអ្នករាល់គ្នាដឹងការដែលត្រូវកើតមក។ ព្រះអង្គនឹងតម្កើងខ្ញុំ ព្រោះព្រះអង្គនឹងយកអ្វីដែលជារបស់ខ្ញុំ មកប្រាប់អ្នករាល់គ្នា។ គ្រប់ទាំងអស់ដែលព្រះវរបិតាមាន ជារបស់ខ្ញុំ ហេតុនេះហើយបានជាខ្ញុំប្រាប់ថា ព្រះអង្គនឹងយកអ្វីដែលជារបស់ខ្ញុំមកប្រាប់អ្នករាល់គ្នា»។
យ៉ូហាន 16:7-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ខ្ញុំសូមប្រាប់អ្នករាល់គ្នាតាមត្រង់ថា បើខ្ញុំទៅ ទើបមានប្រយោជន៍ដល់អ្នករាល់គ្នា។ បើខ្ញុំមិនទៅទេ ព្រះដ៏ជួយការពារមិនយាងមករកអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ បើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមករកអ្នករាល់គ្នា។ កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងបញ្ជាក់ឲ្យមនុស្សលោកដឹងថា គេយល់ខុសអំពីបាប* អំពីសេចក្ដីសុចរិត* និងអំពីការកាត់ទោស។ គេយល់ខុសអំពីបាប ព្រោះគេមិនជឿលើខ្ញុំ អំពីសេចក្ដីសុចរិត ព្រោះខ្ញុំទៅឯព្រះបិតា ហើយអ្នករាល់គ្នានឹងមិនឃើញខ្ញុំទៀតទេ អំពីការកាត់ទោស ព្រោះចៅហ្វាយរបស់មនុស្សលោកនេះបានទទួលទោសរួចហើយ។ ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំអាចទទួលនៅពេលនេះទេ។ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ចំពូក ដ្បិតសេចក្ដីផ្សេងៗដែលព្រះអង្គថ្លែង មិនចេញមកពីព្រះអង្គផ្ទាល់ទេ គឺព្រះអង្គថ្លែងតែសេចក្ដីណាដែលទ្រង់ព្រះសណ្ដាប់ឮ ព្រមទាំងមានព្រះបន្ទូលប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ ដែលត្រូវកើតមាននៅថ្ងៃមុខផង។ ព្រះអង្គនឹងសម្តែងសិរីរុងរឿងរបស់ខ្ញុំ ព្រោះព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំ យកមកប្រាប់អ្នករាល់គ្នា។ អ្វីៗដែលព្រះបិតាមានទាំងប៉ុន្មានសុទ្ធតែជារបស់ខ្ញុំទាំងអស់។ ហេតុនេះហើយបានជាខ្ញុំពោលថា ព្រះអង្គទទួលសេចក្ដីទាំងអស់ពីខ្ញុំយកមកប្រាប់អ្នករាល់គ្នា»។
យ៉ូហាន 16:7-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំប្រាប់តាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះព្រះដ៏ជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ នោះខ្ញុំនឹងចាត់ទ្រង់ឲ្យមក កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្ដីសុចរិត ហើយពីសេចក្ដីជំនុំជំរះ គឺពីអំពើបាបដោយព្រោះគេមិនជឿដល់ខ្ញុំ ពីសេចក្ដីសុចរិត ដោយព្រោះខ្ញុំទៅឯព្រះវរបិតាខ្ញុំ ហើយអ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ នឹងពីសេចក្ដីជំនុំជំរះ ដោយព្រោះចៅហ្វាយរបស់លោកីយនេះត្រូវទោសហើយ។ ខ្ញុំនៅមានសេចក្ដីជាច្រើនទៀត នឹងប្រាប់ដល់អ្នករាល់គ្នា តែឥឡូវនេះ អ្នករាល់គ្នាពុំអាចនឹងទទួលបានទេ កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានបន្ទូល ចំពោះតែសេចក្ដីណាដែលទ្រង់ឮ ហើយនឹងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយកសេចក្ដីដែលដំរូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា គ្រប់ទាំងអស់ដែលព្រះវរបិតាមាន នោះជារបស់ផងខ្ញុំដែរ ហេតុនោះបានជាខ្ញុំប្រាប់ថា ទ្រង់នឹងយកសេចក្ដីដែលដំរូវពីខ្ញុំ មកប្រាប់អ្នករាល់គ្នា។