យ៉ូហាន 15:17-27
យ៉ូហាន 15:17-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំបង្គាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា គឺដើម្បីឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក»។ ប្រសិនបើមនុស្សលោកស្អប់អ្នករាល់គ្នា ចូរដឹងថា គេបានស្អប់ខ្ញុំមុនស្អប់អ្នករាល់គ្នាទៅទៀត។ ប្រសិនបើអ្នករាល់គ្នាជារបស់លោកីយ៍ លោកីយ៍នឹងស្រឡាញ់អ្នករាល់គ្នា តែដោយខ្ញុំបានរើសអ្នករាល់គ្នាចេញពីលោកីយ៍មក នោះអ្នករាល់គ្នាមិនមែនជារបស់លោកីយ៍ទៀតទេ ហេតុនោះបានជាលោកីយ៍ស្អប់អ្នករាល់គ្នា។ ចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថា "បាវបម្រើមិនមែនធំជាងចៅហ្វាយឡើយ"។ ប្រសិនបើគេបានបៀតបៀនខ្ញុំ គេនឹងបៀតបៀនអ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ គេក៏នឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ។ ប៉ុន្តែ គេនឹងប្រព្រឹត្តការទាំងនេះដល់អ្នករាល់គ្នា ដោយសារនាមខ្ញុំ ព្រោះគេមិនស្គាល់ព្រះដែលចាត់ខ្ញុំឲ្យមកទេ។ ប្រសិនបើខ្ញុំមិនបានមកនិយាយប្រាប់គេ នោះគេឥតមានបាបទេ តែឥឡូវនេះ គេគ្មានអ្វីដោះសាអំពើបាបរបស់ខ្លួនឡើយ។ អ្នកណាស្អប់ខ្ញុំ ក៏ស្អប់ព្រះវរបិតាខ្ញុំដែរ។ ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការក្នុងចំណោមពួកគេ ដែលគ្មានអ្នកណាទៀតបានធ្វើ នោះគេឥតមានបាបទេ តែឥឡូវនេះ គេបានឃើញ ហើយគេស្អប់ទាំងខ្ញុំ ស្អប់ទាំងព្រះវរបិតារបស់ខ្ញុំ។ ការនេះត្រូវតែបានសម្រេចតាមពាក្យដែលមានចែងនៅក្នុងក្រឹត្យវិន័យរបស់គេ ដែលថា "គេបានស្អប់ខ្ញុំដោយឥតហេតុ"។ ពេលព្រះដ៏ជាជំនួយយាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលចេញពីព្រះវរបិតាមក ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នាបាននៅជាមួយខ្ញុំ តាំងពីដំបូងមក។
យ៉ូហាន 15:17-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នានោះ គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក»។ «ប្រសិនបើមនុស្សលោកស្អប់អ្នករាល់គ្នា ចូរដឹងថា គេបានស្អប់ខ្ញុំមុនស្អប់អ្នករាល់គ្នាទៅទៀត។ ប្រសិនបើអ្នករាល់គ្នាកើតមកពីលោកីយ៍ នោះលោកីយ៍មុខជាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នានៅខាងគេ។ ប៉ុន្តែ ខ្ញុំបានយកអ្នករាល់គ្នាចេញពីចំណោមលោកីយ៍មក ហើយអ្នករាល់គ្នាមិនកើតពីលោកីយ៍ទេ ហេតុនេះហើយបានជាលោកីយ៍ស្អប់អ្នករាល់គ្នា។ ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបម្រើមិនធំជាងម្ចាស់ឡើយ”។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្តិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្តិតាមពាក្យរបស់អ្នករាល់គ្នាដែរ។ ប៉ុន្តែ គេប្រព្រឹត្តអំពើទាំងនោះចំពោះអ្នករាល់គ្នា ព្រោះតែនាមខ្ញុំ ហើយគេពុំបានស្គាល់ព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកទេ។ ប្រសិនបើខ្ញុំមិនបានមកក្នុងលោកនេះ ហើយមិនបាននិយាយប្រាប់គេទេ គេគ្មានជាប់បាបអ្វីសោះ។ ប៉ុន្តែ ឥឡូវនេះ គេគ្មានអ្វីដោះសាអំពីបាបរបស់ខ្លួនឡើយ។ អ្នកណាស្អប់ខ្ញុំ អ្នកនោះក៏ស្អប់ព្រះបិតារបស់ខ្ញុំដែរ។ ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការ ក្នុងចំណោមពួកគេ ជាកិច្ចការដែលគ្មាននរណាម្នាក់បានធ្វើទេនោះ គេមុខជាមិនជាប់បាបអ្វីឡើយ តែឥឡូវនេះ គេបានឃើញ ហើយស្អប់ទាំងខ្ញុំ ស្អប់ទាំងព្រះបិតាខ្ញុំទៀតផង គឺស្របតាមសេចក្ដីដែលមានចែងទុកក្នុងវិន័យ*របស់គេថា “គេបានស្អប់ខ្ញុំ ដោយគ្មានមូលហេតុអ្វីឡើយ” ។ រីឯព្រះដ៏ជួយការពារ ដែលខ្ញុំនឹងចាត់ពីព្រះបិតាឲ្យមករកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណដែលសម្តែងសេចក្ដីពិត ព្រះអង្គចេញពីព្រះបិតាមក។ កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងធ្វើជាបន្ទាល់អំពីខ្ញុំ ហើយអ្នករាល់គ្នាក៏ធ្វើជាបន្ទាល់អំពីខ្ញុំដែរ ពីព្រោះអ្នករាល់គ្នានៅជាមួយខ្ញុំ តាំងពីដើមរៀងមក។
យ៉ូហាន 15:17-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំបង្គាប់សេចក្ដីនេះដល់អ្នករាល់គ្នា គឺឲ្យស្រឡាញ់គ្នាទៅវិញទៅមកចុះ។ បើសិនជាលោកីយស្អប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងហើយ ថាគេបានស្អប់ខ្ញុំជាមុន បើអ្នករាល់គ្នាជារបស់ផងលោកីយ នោះលោកីយនឹងស្រឡាញ់អ្នករាល់គ្នា តែដោយព្រោះខ្ញុំបានរើសចេញពីលោកីយមក ហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីយទៀត នោះបានជាលោកីយស្អប់អ្នករាល់គ្នាវិញ ចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថា បាវមិនមែនធំជាងចៅហ្វាយទេ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ នោះគេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ គេនឹងប្រព្រឹត្តការទាំងនោះដល់អ្នករាល់គ្នា ដោយយល់ដល់ឈ្មោះខ្ញុំ ពីព្រោះគេមិនស្គាល់ព្រះដែលចាត់ឲ្យខ្ញុំមកទេ បើសិនជាខ្ញុំមិនបានមកនិយាយនឹងគេ នោះគេឥតមានបាបទេ តែឥឡូវនេះគេគ្មានសេចក្ដីដោះសាចំពោះបាបរបស់ខ្លួនសោះ អ្នកណាដែលស្អប់ខ្ញុំ នោះក៏ស្អប់ដល់ព្រះវរបិតាខ្ញុំដែរ បើខ្ញុំមិនបានធ្វើការនៅក្នុងពួកគេ ដែលគ្មានអ្នកណាទៀតបានធ្វើឡើយ នោះគេឥតមានបាបទេ តែឥឡូវនេះ គេបានទាំងឃើញ ហើយទាំងស្អប់ខ្ញុំ នឹងព្រះវរបិតារបស់ខ្ញុំដែរ នោះដើម្បីឲ្យសេចក្ដី ដែលចែងទុកមកក្នុងក្រិត្យវិន័យរបស់គេបានសំរេច ដែលថា «គេបានស្អប់ខ្ញុំដោយឥតហេតុ» ប៉ុន្តែ កាលណាព្រះដ៏ជាជំនួយទ្រង់យាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលចេញពីព្រះវរបិតាមក ព្រះអង្គនោះ ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ ហើយអ្នករាល់គ្នានឹងធ្វើបន្ទាល់ដែរ ពីព្រោះអ្នករាល់គ្នាបាននៅជាមួយនឹងខ្ញុំ តាំងតែពីដើមមក។