យ៉ូហាន 15:13-17
យ៉ូហាន 15:13-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះឡើយ គឺអ្នកដែលហ៊ានប្តូរជីវិតជំនួសពួកសម្លាញ់របស់ខ្លួននោះទេ បើអ្នករាល់គ្នាធ្វើតាមអ្វីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។ ខ្ញុំមិនហៅអ្នកថាជាបាវបម្រើទៀតទេ ដ្បិតបាវបម្រើមិនដឹងថាចៅហ្វាយធ្វើអ្វីឡើយ ប៉ុន្តែ ខ្ញុំហៅអ្នករាល់គ្នាថាជាសម្លាញ់ ព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក។ មិនមែនអ្នករាល់គ្នាទេដែលបានរើសខ្ញុំ គឺខ្ញុំទេតើដែលបានរើសអ្នករាល់គ្នា ទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផល ហើយឲ្យផលនោះបាននៅជាប់ ដើម្បីឲ្យអ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះវរបិតា ក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យ។ ខ្ញុំបង្គាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា គឺដើម្បីឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក»។
យ៉ូហាន 15:13-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ។ បើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។ ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្តនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្តសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់ឲ្យអ្នករាល់គ្នាដឹងហើយដែរ។ មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឲ្យទៅ និងបង្កើតផល ព្រមទាំងឲ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាពុំខាន។ រីឯសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នានោះ គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក»។
យ៉ូហាន 15:13-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ បើអ្នករាល់គ្នាធ្វើតាមសេចក្ដីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាជាពួកសំឡាញ់ខ្ញុំហើយ ខ្ញុំមិនហៅជាអ្នកបំរើទៀត ពីព្រោះអ្នកបំរើគេមិនដឹងថាជាចៅហ្វាយធ្វើអ្វីទេ គឺខ្ញុំហៅអ្នករាល់គ្នាថាជាសំឡាញ់វិញ ពីព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក មិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេ គឺខ្ញុំទេតើ ដែលរើសអ្នករាល់គ្នាវិញ ទាំងតាំងអ្នករាល់គ្នាឲ្យទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នាបាននៅជាប់ផង ដើម្បីឲ្យព្រះវរបិតាបានប្រោសប្រទានឲ្យអ្នករាល់គ្នាបានអ្វីៗ ដែលនឹងសូមពីទ្រង់ ដោយនូវឈ្មោះខ្ញុំ ខ្ញុំបង្គាប់សេចក្ដីនេះដល់អ្នករាល់គ្នា គឺឲ្យស្រឡាញ់គ្នាទៅវិញទៅមកចុះ។