យ៉ូហាន 14:14-30
យ៉ូហាន 14:14-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បើអ្នករាល់គ្នាសូមអ្វី ក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។ «បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបទបញ្ជារបស់ខ្ញុំចុះ ខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយព្រះអង្គនឹងប្រទានព្រះជាជំនួយមួយអង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយជារៀងរហូត គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលលោកីយ៍ទទួលមិនបាន ព្រោះមិនឃើញ ក៏មិនស្គាល់ព្រះអង្គផង តែអ្នករាល់គ្នាស្គាល់ ដ្បិតព្រះអង្គគង់ជាមួយ ហើយសណ្ឋិតនៅក្នុងអ្នករាល់គ្នា។ ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។ បន្តិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំ តែអ្នករាល់គ្នានឹងឃើញខ្ញុំ ដោយព្រោះខ្ញុំរស់ អ្នករាល់គ្នាក៏នឹងរស់ដែរ។ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតារបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នា។ អ្នកណាដែលមានបទបញ្ជារបស់ខ្ញុំ ហើយធ្វើតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ព្រះវរបិតាខ្ញុំស្រឡាញ់អ្នកណាដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះ ក៏នឹងសម្តែងខ្លួនឲ្យអ្នកនោះស្គាល់ទៀតផង»។ យូដាស (មិនមែនអ៊ីស្ការីយ៉ុត) ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គសម្តែងឲ្យយើងខ្ញុំស្គាល់ព្រះអង្គ តែមិនឲ្យមនុស្សលោកស្គាល់ផងដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ ព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ក៏នឹងតាំងទីលំនៅជាមួយអ្នកនោះដែរ។ អ្នកណាដែលមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនកាន់តាមពាក្យខ្ញុំឡើយ ហើយពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលបានចាត់ខ្ញុំឲ្យមកនោះវិញ។ ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ក្នុងកាលដែលខ្ញុំនៅជាមួយគ្នានៅឡើយ។ ប៉ុន្តែ ព្រះដ៏ជាជំនួយ គឺព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មកក្នុងនាមខ្ញុំ ទ្រង់នឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយរំឭកអស់ទាំងអ្វីៗដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាផង។ ខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនដូចមនុស្សលោកឲ្យទេ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យខ្លាចឡើយ។ អ្នករាល់គ្នាបានឮពាក្យដែលខ្ញុំប្រាប់ថា "ខ្ញុំនឹងចេញទៅ ហើយខ្ញុំនឹងមករកអ្នករាល់គ្នាវិញ"។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នកត្រូវមានអំណរឡើង ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាធំលើសជាងខ្ញុំ។ ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នា មុនហេតុការណ៍នោះកើតឡើង ដើម្បីកាលណាហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងជឿ។ ខ្ញុំមិនមានពេលច្រើន ដើម្បីនិយាយជាមួយអ្នករាល់គ្នាប៉ុន្មានទៀតទេ ដ្បិតចៅហ្វាយរបស់លោកីយ៍នេះមកជិតដល់ហើយ តែវាគ្មានអំណាចអ្វីលើខ្ញុំទេ
យ៉ូហាន 14:14-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បើអ្នករាល់គ្នាសូមអ្វីក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។ «ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាពិតជាកាន់តាមបទបញ្ជារបស់ខ្ញុំ ខ្ញុំនឹងទូលអង្វរព្រះបិតា ហើយព្រះអង្គប្រទានព្រះដ៏ជួយការពារមួយអង្គទៀត ឲ្យគង់នៅជាមួយអ្នករាល់គ្នាជាដរាបតរៀងទៅ ព្រះអង្គជាព្រះវិញ្ញាណដែលសម្តែងសេចក្ដីពិត។ មនុស្សលោកពុំអាចទទួលព្រះអង្គទេ ព្រោះគេមើលព្រះអង្គមិនឃើញ ហើយក៏មិនស្គាល់ព្រះអង្គផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាស្គាល់ព្រះអង្គ ព្រោះព្រះអង្គស្ថិតនៅជាប់នឹងអ្នករាល់គ្នា ហើយព្រះអង្គនឹងគង់ក្នុងអ្នករាល់គ្នា។ ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាឡើយ ខ្ញុំនឹងមករកអ្នករាល់គ្នាវិញ។ បន្តិចទៀត មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឃើញខ្ញុំ ព្រោះខ្ញុំមានជីវិតរស់ ហើយអ្នករាល់គ្នាក៏នឹងមានជីវិតរស់ដែរ។ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នានៅក្នុងខ្ញុំ ខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។ អ្នកណាមានបទបញ្ជារបស់ខ្ញុំ និងប្រតិបត្តិតាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំស្រឡាញ់អ្នកដែលស្រឡាញ់ខ្ញុំ ហើយខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ ខ្ញុំនឹងបង្ហាញឲ្យអ្នកនោះស្គាល់ខ្ញុំថែមទៀតផង»។ លោកយូដាស (មិនមែនយូដាសអ៊ីស្ការីយ៉ុតទេ) ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាព្រះអង្គបង្ហាញឲ្យតែយើងខ្ញុំស្គាល់ព្រះអង្គ មិនឲ្យមនុស្សលោកស្គាល់ផងដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រតិបត្តិតាមពាក្យខ្ញុំ។ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយព្រះបិតា និងខ្ញុំ ក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ។ អ្នកណាមិនស្រឡាញ់ខ្ញុំ អ្នកនោះមិនប្រតិបត្តិតាមពាក្យខ្ញុំឡើយ។ ពាក្យដែលអ្នករាល់គ្នាឮខ្ញុំនិយាយ មិនមែនជាពាក្យរបស់ខ្ញុំទេ គឺជាព្រះបន្ទូលរបស់ព្រះបិតាដែលបានចាត់ខ្ញុំឲ្យមក។ ខ្ញុំបានប្រាប់សេចក្ដីទាំងនេះឲ្យអ្នករាល់គ្នាដឹង ក្នុងពេលដែលខ្ញុំស្ថិតនៅជាមួយអ្នករាល់គ្នានៅឡើយ ប៉ុន្តែ ព្រះដ៏ជួយការពារ គឺព្រះវិញ្ញាណដ៏វិសុទ្ធ*ដែលព្រះបិតាចាត់ឲ្យមកក្នុងនាមខ្ញុំ នឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ព្រមទាំងរំឭកអ្វីៗដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផង។ ខ្ញុំទុកសេចក្ដីសុខសាន្តឲ្យអ្នករាល់គ្នា ខ្ញុំផ្ដល់សេចក្ដីសុខសាន្តរបស់ខ្ញុំឲ្យអ្នករាល់គ្នា។ សេចក្ដីសុខសាន្តដែលខ្ញុំផ្ដល់ឲ្យនេះ មិនដូចសេចក្ដីសុខសាន្តដែលមនុស្សលោកឲ្យទេ។ ចូរកុំរន្ធត់ចិត្ត កុំភ័យខ្លាចឲ្យសោះ។ អ្នករាល់គ្នាបានឮខ្ញុំនិយាយរួចមកហើយថា ខ្ញុំនឹងចាកចេញទៅ រួចខ្ញុំមករកអ្នករាល់គ្នាវិញ។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខតែសប្បាយចិត្តដោយខ្ញុំទៅឯព្រះបិតា ដ្បិតព្រះបិតាមានឋានៈធំជាងខ្ញុំ។ ខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងឥឡូវនេះ មុនហេតុការណ៍ទាំងនោះកើតឡើង។ លុះដល់ហេតុការណ៍ទាំងនោះកើតឡើង អ្នករាល់គ្នានឹងជឿ។ ខ្ញុំនិយាយជាមួយអ្នករាល់គ្នាមិនបានច្រើនទៀតទេ ព្រោះចៅហ្វាយរបស់លោកីយ៍កំពុងតែមក វាគ្មានអំណាចអ្វីលើខ្ញុំសោះ។
យ៉ូហាន 14:14-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បើអ្នករាល់គ្នានឹងសូមអ្វី ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ។ បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលលោកីយទទួលពុំបាន ព្រោះមិនឃើញ ហើយមិនស្គាល់ទ្រង់សោះ តែអ្នករាល់គ្នាស្គាល់ទ្រង់ ដ្បិតទ្រង់គង់ជាមួយ ក៏នឹងសណ្ឋិតនៅក្នុងអ្នករាល់គ្នាដែរ ខ្ញុំមិនចោលអ្នករាល់គ្នាឲ្យនៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ បន្តិចទៀត លោកីយនឹងលែងឃើញខ្ញុំ តែអ្នករាល់គ្នានឹងឃើញខ្ញុំវិញ ហើយដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នានឹងរស់ដែរ នៅថ្ងៃនោះ អ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតាខ្ញុំ អ្នករាល់គ្នាក៏នៅក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នករាល់គ្នាដែរ អ្នកណាដែលមានបញ្ញត្តរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ ខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ក៏នឹងសំដែងខ្លួនឲ្យអ្នកនោះស្គាល់ផង យូដាស (មិនមែនអ៊ីស្ការីយ៉ុត) គាត់ទូលទ្រង់ថា ព្រះអម្ចាស់អើយ តើកើតមានហេតុដូចម្តេច បានជាទ្រង់នឹងសំដែងមកឲ្យយើងខ្ញុំស្គាល់ទ្រង់ តែមិនឲ្យលោកីយស្គាល់ផង ព្រះយេស៊ូវមានបន្ទូលឆ្លើយថា បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះ ក៏នឹងតាំងទីលំនៅនៅជាមួយដែរ អ្នកណាដែលមិនស្រឡាញ់ខ្ញុំ នោះមិនកាន់តាមពាក្យខ្ញុំទេ ឯពាក្យដែលអ្នករាល់គ្នាឮ នោះមិនមែនជាពាក្យខ្ញុំ គឺជាព្រះបន្ទូលរបស់ព្រះវរបិតា ដែលទ្រង់ចាត់ឲ្យខ្ញុំមកទេតើ។ ខ្ញុំប្រាប់សេចក្ដីទាំងនេះ ដល់អ្នករាល់គ្នា កំពុងដែលនៅជាមួយគ្នានៅឡើយ តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ ខ្ញុំទុកសេចក្ដីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្ដីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយឲ្យទេ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ អ្នករាល់គ្នាបានឮពាក្យដែលខ្ញុំប្រាប់ថា ខ្ញុំទៅ ហើយនឹងមកឯអ្នករាល់គ្នាវិញ បើសិនជាអ្នករាល់គ្នាស្រឡាញ់ដល់ខ្ញុំ នោះនឹងមានសេចក្ដីអំណរឡើង ដោយព្រោះខ្ញុំទៅឯព្រះវរបិតា ដ្បិតព្រះវរបិតាទ្រង់ធំលើសជាងខ្ញុំ ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នា មុនដែលការនោះមកដល់ ដើម្បីកាលណាមកហើយ នោះឲ្យអ្នករាល់គ្នាបានជឿ ពីនេះទៅមុខ ខ្ញុំមិនបាននិយាយនឹងអ្នករាល់គ្នាប៉ុន្មានទៀតទេ ដ្បិតចៅហ្វាយរបស់លោកីយនេះជិតមកដល់ហើយ តែវាគ្មានអ្វីនៅក្នុងខ្ញុំទេ