យ៉ូហាន 13:6-10
យ៉ូហាន 13:6-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះអង្គមកដល់ ស៊ីម៉ូន-ពេត្រុស គាត់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គលាងជើងឲ្យទូលបង្គំឬ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «អ្វីៗដែលខ្ញុំធ្វើ អ្នកមិនយល់ទេនៅពេលនេះ តែថ្ងៃក្រោយអ្នកនឹងយល់»។ ពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គមិនត្រូវលាងជើងឲ្យទូលបង្គំឡើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «បើខ្ញុំមិនលាងឲ្យអ្នក អ្នកគ្មានចំណែកជាមួយខ្ញុំទេ»។ ស៊ីម៉ូន-ពេត្រុសទូលព្រះអង្គថា៖ «ឱព្រះអម្ចាស់អើយ បើដូច្នេះ សូមកុំលាងត្រឹមតែជើងទូលបង្គំប៉ុណ្ណោះឡើយ សូមលាងដល់ទាំងដៃទាំងក្បាលផង»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកដែលងូតទឹកហើយមិនបាច់លាងខ្លួនទេ ត្រូវការលាងតែជើងប៉ុណ្ណោះ ដ្បិតខ្លួនទាំងមូលស្អាតហើយ។ អ្នករាល់គ្នាស្អាតហើយ តែមិនមែនទាំងអស់គ្នាទេ»។
យ៉ូហាន 13:6-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលព្រះអង្គហៀបនឹងលាងជើងឲ្យលោកស៊ីម៉ូនពេត្រុស លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ មិនសមនឹងព្រះអង្គលាងជើងឲ្យទូលបង្គំសោះ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ពេលនេះ អ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ ថ្ងៃក្រោយ អ្នកមុខតែយល់ជាមិនខាន»។ លោកពេត្រុសទូលព្រះអង្គថា៖ «ទេ ព្រះអង្គមិនត្រូវលាងជើងទូលបង្គំជាដាច់ខាត!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើខ្ញុំមិនលាងជើងអ្នកទេ នោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតឡើយ»។ លោកស៊ីម៉ូនក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ បើដូច្នេះ សូមកុំលាងតែជើងប៉ុណ្ណោះ សូមលាងទាំងដៃ ទាំងក្បាលផង»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកដែលបានងូតទឹករួច មិនបាច់លាងខ្លួនទេ គឺលាងតែជើង ដ្បិតខ្លួនគេស្អាតបរិសុទ្ធ*ទាំងមូលហើយ។ អ្នករាល់គ្នាបានស្អាតបរិសុទ្ធ តែមិនមែនគ្រប់គ្នាទេ»។
យ៉ូហាន 13:6-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលទ្រង់មកដល់ស៊ីម៉ូន-ពេត្រុស នោះគាត់ទូលថា ព្រះអម្ចាស់អើយ ទ្រង់លាងជើងឲ្យទូលបង្គំឬ ព្រះយេស៊ូវទ្រង់ឆ្លើយថា ការដែលខ្ញុំធ្វើ នោះអ្នកមិនយល់ក្នុងពេលឥឡូវនេះទេ តែទៅមុខទើបនឹងបានយល់វិញ ពេត្រុសទូលប្រកែកថា ទ្រង់មិនត្រូវលាងជើងឲ្យទូលបង្គំសោះឡើយ ព្រះយេស៊ូវមានបន្ទូលថា បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ ស៊ីម៉ូន-ពេត្រុសទូលទ្រង់ថា ឱព្រះអម្ចាស់អើយ បើដូច្នោះ សូមកុំលាងត្រឹមតែជើងទូលបង្គំប៉ុណ្ណោះឡើយ គឺសូមលាងដល់ទាំងដៃទាំងក្បាលផងចុះ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា អ្នកណាដែលងូតទឹកហើយ នោះត្រូវការលាងតែជើងប៉ុណ្ណោះ ឲ្យបានស្អាតទាំងអស់ ឯអ្នករាល់គ្នាក៏បានស្អាតហើយ តែមិនមែនទាំងអស់គ្នាទេ