យ៉ូហាន 13:31-38
យ៉ូហាន 13:31-38 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលគាត់ចេញទៅក្រៅផុត ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឥឡូវនេះ កូនមនុស្សបានតម្កើងឡើងហើយ ព្រះក៏បានតម្កើងឡើងក្នុងកូនមនុស្សដែរ ប្រសិនបើព្រះបានតម្កើងឡើងក្នុងកូនមនុស្ស នោះព្រះអង្គនឹងតម្កើងកូនមនុស្សឡើងក្នុងព្រះអង្គទ្រង់ដែរ ក៏នឹងតម្កើងកូនមនុស្សឡើងនៅពេលឆាប់ៗនេះ។ កូនរាល់គ្នាអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ អ្នករាល់គ្នានឹងរកខ្ញុំ តែដូចជាខ្ញុំបានប្រាប់ដល់ពួកសាសន៍យូដារួចហើយ ខ្ញុំក៏ប្រាប់ដល់អ្នករាល់គ្នានៅឥឡូវនេះដែរថា កន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ។ ខ្ញុំឲ្យឱវាទមួយថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារការនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ ស៊ីម៉ូន-ពេត្រុសទូលសួរព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គយាងទៅណា?» ព្រះយេស៊ូវឆ្លើយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមនៅពេលនេះបានទេ តែអ្នកនឹងទៅបាននៅពេលក្រោយ»។ ពេត្រុសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទូលបង្គំទៅតាមក្នុងពេលនេះពុំបាន ទូលបង្គំស៊ូប្តូរជីវិតជំនួសព្រះអង្គ»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា៖ «តើអ្នកនឹងប្តូរជីវិតជំនួសខ្ញុំឬ? ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា មុនមាន់រងាវ អ្នកនឹងប្រកែកបីដង ថាមិនស្គាល់ខ្ញុំ»។
យ៉ូហាន 13:31-38 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះយូដាសចេញផុតទៅ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ឥឡូវនេះ បុត្រមនុស្សបានសម្តែងសិរីរុងរឿងហើយ ហើយព្រះជាម្ចាស់ក៏បានសម្តែងសិរីរុងរឿងក្នុងបុត្រមនុស្សដែរ។ បើព្រះជាម្ចាស់បានសម្តែងសិរីរុងរឿងក្នុងបុត្រមនុស្ស ព្រះអង្គក៏នឹងសម្តែងសិរីរុងរឿងរបស់បុត្រមនុស្ស ក្នុងព្រះអង្គផ្ទាល់ដែរ! ហើយព្រះអង្គនឹងសម្តែងសិរីរុងរឿងរបស់បុត្រមនុស្សក្នុងពេលឆាប់ៗខាងមុខនេះ។ ម្នាលកូនចៅអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែមួយរយៈពេលដ៏ខ្លីទៀត។ អ្នករាល់គ្នានឹងតាមរកខ្ញុំ ប៉ុន្តែ ឥឡូវនេះ ខ្ញុំសុំប្រាប់អ្នករាល់គ្នាដូចខ្ញុំបានប្រាប់ជនជាតិយូដាមកហើយដែរថា អ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំទៅនោះឡើយ។ ខ្ញុំឲ្យបទបញ្ជាថ្មីដល់អ្នករាល់គ្នា គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជាដឹងថា អ្នករាល់គ្នាពិតជាសិស្ស*របស់ខ្ញុំមែន»។ លោកស៊ីម៉ូនពេត្រុសទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ តើព្រះអង្គយាងទៅណា?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមខ្ញុំនៅពេលនេះទេ ថ្ងៃក្រោយ ទើបអ្នកទៅបាន»។ លោកពេត្រុសទូលព្រះអង្គទៀតថា៖ «បពិត្រព្រះអម្ចាស់ ហេតុដូចម្ដេចបានជាទូលបង្គំមិនអាចទៅតាមព្រះអង្គឥឡូវនេះ? ទូលបង្គំសុខចិត្តស៊ូប្ដូរជីវិតសម្រាប់ព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកសុខចិត្តស៊ូប្ដូរជីវិតសម្រាប់ខ្ញុំមែន! តែខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
យ៉ូហាន 13:31-38 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលវាចេញផុតទៅ នោះព្រះយេស៊ូវមានបន្ទូលថា ឥឡូវនេះ កូនមនុស្សបានដំកើងឡើងហើយ ព្រះក៏បានដំកើងឡើងក្នុងកូនមនុស្សដែរ បើសិនជាព្រះបានដំកើងឡើងក្នុងកូនមនុស្ស នោះទ្រង់នឹងដំកើងកូនមនុស្សឡើងក្នុងព្រះអង្គទ្រង់ដែរ ក៏នឹងដំកើងកូនមនុស្សឡើងជា១រំពេចផង ឱកូនរាល់គ្នាអើយ ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ អ្នករាល់គ្នានឹងរកខ្ញុំ តែដូចជាខ្ញុំបានប្រាប់ដល់ពួកសាសន៍យូដារួចហើយថា កន្លែងដែលខ្ញុំទៅនោះ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ ឥឡូវនេះ ខ្ញុំក៏ប្រាប់ដល់អ្នករាល់គ្នាដូច្នោះដែរ ខ្ញុំឲ្យសេចក្ដីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក ស៊ីម៉ូន-ពេត្រុសទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទ្រង់យាងទៅឯណា ព្រះយេស៊ូវទ្រង់ឆ្លើយថា កន្លែងដែលខ្ញុំទៅ នោះអ្នកពុំអាចនឹងទៅតាម ក្នុងគ្រាឥឡូវនេះបានទេ លុះគ្រាក្រោយ ទើបអ្នកនឹងទៅបាន ពេត្រុសទូលទ្រង់ថា ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទូលបង្គំទៅតាម ក្នុងគ្រានេះពុំបាន ទូលបង្គំស៊ូតែប្តូរជីវិតជំនួសទ្រង់ ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគាត់ថា តើអ្នកនឹងប្តូរជីវិតជំនួសខ្ញុំឬ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា មាន់មិនរងាវទៀត ទាល់តែអ្នកបានប្រកែក៣ដង ថាមិនស្គាល់ខ្ញុំ។