យ៉ូហាន 13:1-30

យ៉ូហាន 13:1-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​មុន​ពិធី​បុណ្យ​រំលង ព្រះ‌យេស៊ូវ​ជ្រាប​ថា ពេល​កំណត់​ដែល​ព្រះ‌អង្គ​ត្រូវ​ចេញ​ពី​លោក​នេះ ទៅ​ឯ​ព្រះ‌វរបិតា​វិញ បាន​មក​ដល់​ហើយ ហើយ​ដែល​ព្រះ‌អង្គ​បាន​ស្រឡាញ់​សិស្ស​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ពិភព​លោក​នេះ ព្រះ‌អង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។ កាល​កំពុង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នោះ ហើយ​កាល​អារក្ស​បាន​នាំ​ចិត្ត​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន ឲ្យ​នាំ​គេ​មក​ចាប់​ព្រះ‌អង្គ ព្រះ‌យេស៊ូវ​ជ្រាប​ថា ព្រះ‌វរបិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ ហើយ​ថា ព្រះ‌អង្គ​មក​ពី​ព្រះ ក៏​ត្រូវ​ទៅ​ឯ​ព្រះ​វិញ ព្រះ‌អង្គ​ក្រោក​ឡើង ដោះ​ព្រះ‌ពស្ត្រ​ចេញ រួច​យក​ក្រមា​មក​ក្រវាត់​អង្គ។ បន្ទាប់​មក ព្រះ‌អង្គ​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រមា​ដែល​ព្រះ‌អង្គ​ក្រវាត់​ចង្កេះ​មក​ជូត។ ពេល​ព្រះ‌អង្គ​មក​ដល់ ស៊ីម៉ូន-ពេត្រុស គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​លាង​ជើង​ឲ្យ​ទូល​បង្គំ​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អ្វីៗ​ដែល​ខ្ញុំ​ធ្វើ អ្នក​មិន​យល់​ទេ​នៅ​ពេល​នេះ តែ​ថ្ងៃ​ក្រោយ​អ្នក​នឹង​យល់»។ ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អង្គ​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូល​បង្គំ​ឡើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក អ្នក​គ្មាន​ចំណែក​ជា​មួយ​ខ្ញុំ​ទេ»។ ស៊ីម៉ូន-ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ បើ​ដូច្នេះ សូម​កុំ​លាង​ត្រឹម​តែ​ជើង​ទូល​បង្គំ​ប៉ុណ្ណោះ​ឡើយ សូម​លាង​ដល់​ទាំង​ដៃ​ទាំង​ក្បាល​ផង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​ដែល​ងូត​ទឹក​ហើយមិន​បាច់​លាង​ខ្លួន​ទេ ត្រូវ​ការ​លាង​តែ​ជើង​ប៉ុណ្ណោះ ដ្បិត​ខ្លួន​ទាំង​មូល​ស្អាត​ហើយ។ អ្នក​រាល់​គ្នា​ស្អាត​ហើយ តែ​មិន​មែន​ទាំង​អស់​គ្នា​ទេ»។ ព្រះ‌អង្គ​ជ្រាប​ថា អ្នក​ណា​ដែល​នឹង​នាំ​គ្នា​មក​ចាប់​ព្រះ‌អង្គ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​មិន​មែន​ស្អាតទាំង​អស់​គ្នា​ទេ»។ កាល​ព្រះ‌អង្គ​លាង​ជើង​គេ​រួច​ហើយ ព្រះ‌អង្គ​ពាក់​ព្រះ‌ពស្ត្រ​ឡើង​វិញ ក៏​គង់​នៅ​តុ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​យល់​ពី​អ្វី​ដែល​ខ្ញុំ​ទើប​នឹង​ធ្វើ​នេះ​ឬ​ទេ? អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា "លោក​គ្រូ" និង "ព្រះ‌អម្ចាស់" នោះ​ត្រូវ​មែន ដ្បិត​គឺ​ខ្ញុំ​នេះ​ហើយ។ ដូច្នេះ បើ​ខ្ញុំ​ជា​ព្រះ‌អម្ចាស់ និង​ជា​គ្រូ បាន​លាង​ជើង​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ហើយ អ្នក​រាល់​គ្នា​ក៏​ត្រូវ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ដ្បិត​ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​គំរូ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ​ដែរ។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បាវ​បម្រើ​មិន​ធំ​ជាង​ចៅ‌ហ្វាយ​ទេ ហើយ​អ្នកដែល​គេ​ចាត់​គេ​ឲ្យ​ទៅ ក៏​មិន​ដែល​ធំ​ជាង​អ្នក​ដែល​ចាត់​ខ្លួន​ឲ្យ​ទៅ​នោះ​ដែរ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម មាន​ពរ​ហើយ។ ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​ទាំង​អស់​គ្នា​ទេ ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស ប៉ុន្តែ ត្រូវ​តែ​បាន​សម្រេចតាម​បទ​គម្ពីរ​ដែល​ថា "អ្នក​ដែល​បរិ‌ភោគ​នំបុ័ង​ជា​មួយ​ខ្ញុំ បាន​លើក​កែង​ជើងទាស់​នឹង​ខ្ញុំ" ។ ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា មុន​នឹង​ហេតុ‌ការណ៍​នោះ​កើត​ឡើង ដើម្បី​កាល​ណា​ហេតុ‌ការណ៍​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ជឿ​ថា គឺ​ខ្ញុំ​នេះ​ហើយ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ទទួល​អ្នក​ដែលខ្ញុំ​ចាត់​ឲ្យ​ទៅ អ្នក​នោះ​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ អ្នក​នោះ​ទទួល​ព្រះ‌អង្គដែលបាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះដែរ»។ កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​តប់​ប្រមល់ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ពួក​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។ ពួក​សិស្ស​ក៏​ងាក​មើល​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​អ្នក​ណា។ សិស្ស​ម្នាក់​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ អង្គុយ​នៅ​តុ ផ្អែក​លើ​ព្រះ‌ឱរា​ព្រះ‌អង្គ ស៊ីម៉ូន-ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​អ្នក​នោះ​សួរ​ព្រះ‌យេស៊ូវ ថា​តើ​ព្រះ‌អង្គ​ចង់​មាន​ព្រះ‌បន្ទូល​អំពី​អ្នក​ណា។ អ្នក​នោះ​ក៏​ទូល​សួរ​ព្រះ‌យេស៊ូវ ទាំង​ទម្រេត​លើ​ព្រះ‌ឱរា​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ជា​អ្នក​ណា?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «គឺ​ជា​អ្នក​ដែល​ខ្ញុំ​នឹង​ជ្រលក់​ចំណិត​នំបុ័ង​ហុច​ទៅ​ឲ្យ»។ ដូច្នេះ ព្រះ‌អង្គ​ក៏​ជ្រលក់​នំបុ័ង​មួយ​ចំណិត ហុច​ទៅ​ឲ្យ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន។ ក្រោយ​គាត់​ទទួល​ចំណិត​នោះ​ហើយ អារក្ស​សាតាំង​ក៏​ចូល​គាត់។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្វី​ដែល​អ្នក​បម្រុង​នឹង​ធ្វើ ចូរ​ធ្វើ​ឲ្យ​ឆាប់ៗ​ទៅ!» ប៉ុន្តែ ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ គ្មាន​អ្នក​ណា​ដឹង​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ដូច្នេះ​ឡើយ។ ខ្លះ​ស្មាន​ថា ដោយ​ព្រោះ​យូដាស​កាន់​ថង់​ប្រាក់ ព្រះ‌យេស៊ូវ​ប្រាប់​ឲ្យ​គាត់​ទៅ​ទិញ​របស់​របរ​សម្រាប់​ពិធី​បុណ្យ ឬ​ឲ្យ​គាត់​ទៅ​ចែក​ទាន​អ្វី​ដល់​អ្នក​ក្រីក្រ។ ដូច្នេះ ក្រោយ​ពី​បាន​ទទួល​ចំណិត​នំប៉័ង​ហើយ គាត់​ក៏​ចេញ​ទៅ​ភ្លាម ពេល​នោះ យប់​ហើយ។

ចែក​រំលែក
អាន យ៉ូហាន 13

យ៉ូហាន 13:1-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​មុន​ថ្ងៃ​បុណ្យ​ចម្លង* ព្រះ‌យេស៊ូ​ជ្រាប​ថា ដល់​ពេល​កំណត់​ដែល​ព្រះអង្គ​ត្រូវ​ឆ្លង​ពី​លោក​នេះ​ឆ្ពោះ​ទៅ​ព្រះ‌បិតា​ហើយ។ ដោយ​ព្រះអង្គ​ស្រឡាញ់​សិស្ស​របស់​ព្រះអង្គ​ដែល​រស់​នៅ​ក្នុង​លោក​នេះ ព្រះអង្គ​ក៏​ស្រឡាញ់​គេ​រហូត​ដល់​ទី​បំផុត។ ពេល​នោះ ព្រះ‌យេស៊ូ និង​ពួក​សិស្ស​កំពុង​បរិភោគ​អាហារ មារ​សា‌តាំង*​បាន​ធ្វើ​ឲ្យ​យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​កូន​លោក​ស៊ីម៉ូន មាន​គំនិត​នាំ​គេ​មក​ចាប់​ព្រះអង្គ។ ព្រះ‌យេស៊ូ​ជ្រាប​ថា ព្រះ‌បិតា​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ក្រោម​អំណាច​ព្រះអង្គ ហើយ​ជ្រាប​ថា ព្រះអង្គ​យាង​មក​ពី​ព្រះ‌ជាម្ចាស់ និង​យាង​ទៅ​ឯ​ព្រះ‌ជាម្ចាស់​វិញ។ ព្រះអង្គ​ក្រោក​ឡើង ដោះ​ព្រះ‌ពស្ដ្រ​ចេញ យក​ក្រមា​មក​ក្រវាត់​ចង្កេះ។ បន្ទាប់​មក ព្រះអង្គ​ចាក់​ទឹក​ក្នុង​ផើង​មួយ រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សិស្ស ព្រម​ទាំង​យក​ក្រមា​ពី​ចង្កេះ​មក​ជូត​ផង។ ពេល​ព្រះអង្គ​ហៀប​នឹង​លាង​ជើង​ឲ្យ​លោក​ស៊ីម៉ូន​ពេត្រុស លោក​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ មិន​សម​នឹង​ព្រះអង្គ​លាង​ជើង​ឲ្យ​ទូលបង្គំ​សោះ!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ពេល​នេះ អ្នក​មិន​ទាន់​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ឡើយ ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​យល់​ជា​មិន​ខាន»។ លោក​ពេត្រុស​ទូល​ព្រះអង្គ​ថា៖ «ទេ ព្រះអង្គ​មិន​ត្រូវ​លាង​ជើង​ទូលបង្គំ​ជា​ដាច់​ខាត!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន​បើ​ខ្ញុំ​មិន​លាង​ជើង​អ្នក​ទេ នោះ​អ្នក​មិន​អាច​រួម​ជា​មួយ​ខ្ញុំ​ត​ទៅ​ទៀត​ឡើយ»។ លោក​ស៊ីម៉ូន​ក៏​ទូល​ព្រះអង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​ដូច្នេះ សូម​កុំ​លាង​តែ​ជើង​ប៉ុណ្ណោះ សូម​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​ដែល​បាន​ងូត​ទឹក​រួច មិន​បាច់​លាង​ខ្លួន​ទេ គឺ​លាង​តែ​ជើង ដ្បិត​ខ្លួន​គេ​ស្អាត​បរិសុទ្ធ*​ទាំង​មូល​ហើយ។ អ្នក​រាល់​គ្នា​បាន​ស្អាត​បរិសុទ្ធ តែ​មិន​មែន​គ្រប់​គ្នា​ទេ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “អ្នក​រាល់​គ្នា​មិន​មែន​បរិសុទ្ធ​គ្រប់​គ្នា”​ដូច្នេះ មក​ពី​ព្រះអង្គ​ជ្រាប​អំពី​អ្នក​ដែល​ហៀប​នឹង​នាំ​គេ​មក​ចាប់​ព្រះអង្គ។ កាល​ព្រះ‌យេស៊ូ​លាង​ជើង​ឲ្យ​គេ​រួច​ហើយ ព្រះអង្គ​ស្លៀក‌ពាក់​ឡើង​វិញ យាង​មក​តុ ទាំង​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​យល់​អំពី​កិច្ចការ ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា​នេះ​ឬ​ទេ? អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា ព្រះ‌គ្រូ និង​ព្រះ‌អម្ចាស់ នោះ​ត្រូវ​មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ!។ បើ​ខ្ញុំ​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រូ បាន​លាង​ជើង​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ហើយ អ្នក​រាល់​គ្នា​ក៏​ត្រូវ​តែ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​ដល់​អ្នក​រាល់​គ្នា។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​បម្រើ​មិន​ដែល​ធំ​ជាង​ម្ចាស់​ឡើយ រីឯ​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ ក៏​មិន​ដែល​ធំ​ជាង​អ្នក​ចាត់​ខ្លួន​ឲ្យ​ទៅ​នោះ​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ហើយ​ប្រតិបត្តិ​តាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គល​មិន​ខាន។ ខ្ញុំ​និយាយ​ដូច្នេះ​មិន​មែន​សំដៅ​លើ​អ្នក​ទាំង​អស់​គ្នា​ទេ ដ្បិត​ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស តែ​ខ្ញុំ​និយាយ​នេះ ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា: “អ្នក​បរិភោគ​អាហារ​ជា​មួយ​ខ្ញុំ បាន​ប្រឆាំង​នឹង​ខ្ញុំ” ។ ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ពី​ឥឡូវ​នេះ​ឲ្យ​ហើយ មុន​ការណ៍​ទាំង​នោះ​កើត​មាន។ កាល​ណា​ការណ៍​ទាំង​នោះ​មក​ដល់ អ្នក​រាល់​គ្នា​នឹង​ជឿ​ថា ខ្ញុំ​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ទទួល​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​ឲ្យ​ទៅ ក៏​ដូច​ជា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។ កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​រន្ធត់​ព្រះ‌ហឫទ័យ​ក្រៃ‌លែង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជាក់​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។ ពួក​សិស្ស*​ងាក​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ថា​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ពី​នរណា។ សិស្ស​ម្នាក់​ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់​អង្គុយ​ក្បែរ​ព្រះអង្គ។ លោក​ស៊ីម៉ូន​ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​គាត់​សួរ​ព្រះ‌យេស៊ូ​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ពី​នរណា។ សិស្ស​នោះ​ក៏​ឱន​ទៅ​ជិត​ព្រះ‌ឱរា​ព្រះ‌យេស៊ូ​ទូល​សួរ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​នរណា​មួយ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល តប​ទៅ​គាត់​ថា៖ «ខ្ញុំ​ជ្រលក់​នំប៉័ង​មួយ​ដុំ​ហុច​ទៅ​ឲ្យ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ»។ ព្រះអង្គ​ជ្រលក់​នំប៉័ង​មួយ​ដុំ ហុច​ទៅ​ឲ្យ​យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​កូន​របស់​លោក​ស៊ីម៉ូន។ ពេល​យូដាស​ទទួល​ដុំ​នំប៉័ង​នោះ មារ​សា‌តាំង*​ក៏​ចូល​ក្នុង​ចិត្ត​គាត់។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ ចូរ​ធ្វើ​ឲ្យ​ឆាប់ៗ​ទៅ!»។ ក្នុង​បណ្ដា​អស់​អ្នក​ដែល​នៅ​រួម​តុ គ្មាន​នរណា​ម្នាក់​យល់​ថា ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ឡើយ។ ដោយ​យូដាស​កាន់​ថង់​ប្រាក់ អ្នក​ខ្លះ​នឹក​ស្មាន​ថា ព្រះ‌យេស៊ូ​ប្រើ​គាត់​ឲ្យ​ទៅ​ទិញ​របស់​របរ​សម្រាប់​ពិធី​បុណ្យ ឬ​ឲ្យ​យក​ប្រាក់​ទៅ​ចែក​ដល់​ជន​ក្រីក្រ។ យូដាស​ទទួល​យក​ដុំ​នំប៉័ង រួច​ចេញ​ទៅ​ភ្លាម ពេល​នោះ យប់​ងងឹត​ហើយ។

ចែក​រំលែក
អាន យ៉ូហាន 13

យ៉ូហាន 13:1-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​មុន​បុណ្យ​រំលង នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ថា ពេល​កំណត់ ដែល​ទ្រង់​ត្រូវ​ចេញ​ពី​លោកីយ​នេះ ទៅ​ឯ​ព្រះវរ‌បិតា​វិញ បាន​មក​ដល់​ហើយ ដូច្នេះ ដែល​ទ្រង់​បាន​ស្រឡាញ់​ដល់​ពួក​ទ្រង់​នៅ​ក្នុង​លោកីយ​នេះ នោះ​ទ្រង់​ក៏​ចេះ​តែ​ស្រឡាញ់​គេ ដរាប​ដល់​ចុង​បំផុត កំពុង​ពេល​បាយ​យប់​នោះ​ឯង កាល​អារក្ស​បាន​បញ្ចូល​ចិត្ត​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន ឲ្យ​បញ្ជូន​ទ្រង់​ហើយ នោះ​ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​បាន​ជ្រាប​ថា ព្រះវរ‌បិតា​បាន​ប្រគល់​ការ​ទាំង​អស់ មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ហើយ​ថា ទ្រង់​មក​ពី​ព្រះ ក៏​ត្រូវ​ទៅ​ឯ​ព្រះ​វិញ បាន​ជា​ទ្រង់​ក្រោក​ពី​សោយ​ឡើង ដោះ​ព្រះ‌ពស្ត្រ​ពេញ រួច​យក​ក្រមា​មក​ក្រវាត់​អង្គ ក្រោយ​នោះ ទ្រង់​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ ចាប់​តាំង​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រមា​ដែល​ទ្រង់​ក្រវាត់​នោះ​មក​ជូត កាល​ទ្រង់​មក​ដល់​ស៊ីម៉ូន-ពេត្រុស នោះ​គាត់​ទូល​ថា ព្រះ‌អម្ចាស់​អើយ ទ្រង់​លាង​ជើង​ឲ្យ​ទូលបង្គំ​ឬ ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ការ​ដែល​ខ្ញុំ​ធ្វើ នោះ​អ្នក​មិន​យល់​ក្នុង​ពេល​ឥឡូវ​នេះ​ទេ តែ​ទៅ​មុខ​ទើប​នឹង​បាន​យល់​វិញ ពេត្រុស​ទូល​ប្រកែក​ថា ទ្រង់​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូលបង្គំ​សោះ​ឡើយ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក នោះ​អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ទេ ស៊ីម៉ូន-ពេត្រុស​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ បើ​ដូច្នោះ សូម​កុំ​លាង​ត្រឹម​តែ​ជើង​ទូលបង្គំ​ប៉ុណ្ណោះ​ឡើយ គឺ​សូម​លាង​ដល់​ទាំង​ដៃ​ទាំង​ក្បាល​ផង​ចុះ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា អ្នក​ណា​ដែល​ងូត​ទឹក​ហើយ នោះ​ត្រូវ​ការ​លាង​តែ​ជើង​ប៉ុណ្ណោះ ឲ្យ​បាន​ស្អាត​ទាំង​អស់ ឯ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាត​ហើយ តែ​មិន​មែន​ទាំង​អស់​គ្នា​ទេ នេះ​ព្រោះ​ទ្រង់​ជ្រាប​នូវ​អ្នក​ណា​ដែល​នឹង​បញ្ជូន​ទ្រង់ ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​បន្ទូល​ថា អ្នក​រាល់​គ្នា​មិន​មែន​ស្អាត​គ្រប់​គ្នា​ទេ។ កាល​ទ្រង់​បាន​លាង​ជើង​គេ​រួច ហើយ​បាន​ពាក់​ព្រះ‌ពស្ត្រ​ទ្រង់​វិញ នោះ​ក៏​គង់​នៅ​តុ មាន​បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​យល់​ការ​ដែល​ខ្ញុំ​ទើប​នឹង​ធ្វើ​នេះ​ឬ​ទេ អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ជា​លោក​គ្រូ ហើយ​ជា​ព្រះ‌អម្ចាស់ នោះ​ក៏​ត្រូវ​មែន ពី​ព្រោះ​គឺ​ខ្ញុំ​នេះ​ហើយ ដូច្នេះ បើ​ខ្ញុំ ដែល​ជា​ព្រះ‌អម្ចាស់ ហើយ​ជា​គ្រូ បាន​លាង​ជើង​ឲ្យ​អ្នក​រាល់​គ្នា នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​លាង​ជើង ដល់​គ្នា​នឹង​គ្នា​ដែរ ដ្បិត​ខ្ញុំ​បាន​ធ្វើ​ដំរាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បាវ​មិន​មែន​ធំ​ជាង​ចៅហ្វាយ​ទេ ហើយ​អ្នក​បំរើ​ក៏​មិន​ធំ​ជាង​អ្នក​ដែល​ប្រើ​ដែរ បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​មាន​ពរ​ហើយ ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​រាល់​គ្នា​ទាំង​អស់​ទេ ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​រើស ប៉ុន្តែ បទ​គម្ពីរ​ដែល​ថា «អ្នក​ដែល​បរិភោគ​នំបុ័ង​ជា​មួយ​នឹង​ទូលបង្គំ នោះ​បាន​លើក​កែង‌ជើង ទាស់​នឹង​ទូលបង្គំ​វិញ» ពាក្យ​នោះ​ត្រូវ​តែ​បាន​សំរេច ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​ឥឡូវ​នេះ មុន​ដែល​ការ​នោះ​កើត​មក ដើម្បី​កាល​ណា​បាន​កើត​មក​ដល់ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា គឺ​ខ្ញុំ​នេះ​ហើយ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ទទួល​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​ឲ្យ​ទៅ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ។ កាល​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​តប់‌ប្រមល់ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​ពួក​អ្នក​រាល់​គ្នា​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ ដូច្នេះ ពួក​សិស្ស​ក៏​ងាក​មើល​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ជា​ទ្រង់​មាន​បន្ទូល​ពី​អ្នក​ណា​ទេ មាន​សិស្ស​ម្នាក់​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ គាត់​អង្គុយ​នៅ​តុ ផ្អែក​លើ​ព្រះ‌ឧរា​ទ្រង់ ដូច្នេះ ស៊ីម៉ូន-ពេត្រុស​ក៏​ធ្វើ​គ្រឿង​សំគាល់ ឲ្យ​អ្នក​នោះ​ទូល​សួរ​ព្រះ‌យេស៊ូវ អំពី​អ្នក​ណា​ដែល​ទ្រង់​មាន​បន្ទូល​នោះ អ្នក​នោះ​ក៏​ទូល​សួរ​ព្រះ‌យេស៊ូវ ទាំង​ទំរេត​លើ​ព្រះ‌ឧរា​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា គឺ​ជា​អ្នក​ដែល​ខ្ញុំ​នឹង​ជ្រលក់​ចំណិត​នំបុ័ង​ហុច​ទៅ​ឲ្យ រួច​ទ្រង់​ជ្រលក់​នំបុ័ង​១​ចំណិត ប្រទាន​ទៅ​ឲ្យ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន ក្រោយ​ដែល​ទទួល​ចំណិត​នោះ​ហើយ នោះ​អារក្ស​សាតាំង​ក៏​ចូល​វា រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​វា​ថា ការ​អ្វី​ដែល​អ្នក​គិត​ធ្វើ នោះ​ចូរ​ធ្វើ​ជា​ប្រញាប់​ទៅ​ចុះ ប៉ុន្តែ ក្នុង​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ គ្មាន​អ្នក​ណា​ដឹង​ជា​ទ្រង់​មាន​បន្ទូល​ទៅ​វា ដោយ​ហេតុ​អ្វី​ទេ ខ្លះ​ស្មាន​ថា ដោយ​ព្រោះ​យូដាស​កាន់​ថង់​ប្រាក់ បាន​ជា​ព្រះ‌យេស៊ូវ ទ្រង់​ប្រាប់​ឲ្យ​វា​ទៅ​ទិញ​អីវ៉ាន់​អ្វី​និមួយ ដែល​ត្រូវ​ការ​សំរាប់​បុណ្យ​នោះ ឬ​ឲ្យ​វា​ចែក​ទាន​អ្វី​ដល់​ពួក​អ្នក​ក្រីក្រ កាល​វា​បាន​ទទួល​ចំណិត​នំ​នោះ វា​ក៏​ចេញ​ទៅ​ជា​១​រំពេច ពេល​នោះ​យប់​ហើយ។

ចែក​រំលែក
អាន យ៉ូហាន 13