យ៉ូហាន 13:1-3
យ៉ូហាន 13:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅមុនពិធីបុណ្យរំលង ព្រះយេស៊ូវជ្រាបថា ពេលកំណត់ដែលព្រះអង្គត្រូវចេញពីលោកនេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ហើយដែលព្រះអង្គបានស្រឡាញ់សិស្សរបស់ព្រះអង្គនៅក្នុងពិភពលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។ កាលកំពុងទទួលទានអាហារពេលល្ងាចនោះ ហើយកាលអារក្សបាននាំចិត្តយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ឲ្យនាំគេមកចាប់ព្រះអង្គ ព្រះយេស៊ូវជ្រាបថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្តព្រះអង្គ ហើយថា ព្រះអង្គមកពីព្រះ ក៏ត្រូវទៅឯព្រះវិញ
យ៉ូហាន 13:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅមុនថ្ងៃបុណ្យចម្លង* ព្រះយេស៊ូជ្រាបថា ដល់ពេលកំណត់ដែលព្រះអង្គត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតាហើយ។ ដោយព្រះអង្គស្រឡាញ់សិស្សរបស់ព្រះអង្គដែលរស់នៅក្នុងលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។ ពេលនោះ ព្រះយេស៊ូ និងពួកសិស្សកំពុងបរិភោគអាហារ មារសាតាំង*បានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុត ជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់ព្រះអង្គ។ ព្រះយេស៊ូជ្រាបថា ព្រះបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចព្រះអង្គ ហើយជ្រាបថា ព្រះអង្គយាងមកពីព្រះជាម្ចាស់ និងយាងទៅឯព្រះជាម្ចាស់វិញ។
យ៉ូហាន 13:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលមុនបុណ្យរំលង នោះព្រះយេស៊ូវទ្រង់ជ្រាបថា ពេលកំណត់ ដែលទ្រង់ត្រូវចេញពីលោកីយនេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ដូច្នេះ ដែលទ្រង់បានស្រឡាញ់ដល់ពួកទ្រង់នៅក្នុងលោកីយនេះ នោះទ្រង់ក៏ចេះតែស្រឡាញ់គេ ដរាបដល់ចុងបំផុត កំពុងពេលបាយយប់នោះឯង កាលអារក្សបានបញ្ចូលចិត្តយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ឲ្យបញ្ជូនទ្រង់ហើយ នោះដោយព្រោះព្រះយេស៊ូវបានជ្រាបថា ព្រះវរបិតាបានប្រគល់ការទាំងអស់ មកក្នុងព្រះហស្តទ្រង់ ហើយថា ទ្រង់មកពីព្រះ ក៏ត្រូវទៅឯព្រះវិញ