យ៉ូហាន 13:1-20
យ៉ូហាន 13:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅមុនពិធីបុណ្យរំលង ព្រះយេស៊ូវជ្រាបថា ពេលកំណត់ដែលព្រះអង្គត្រូវចេញពីលោកនេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ហើយដែលព្រះអង្គបានស្រឡាញ់សិស្សរបស់ព្រះអង្គនៅក្នុងពិភពលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។ កាលកំពុងទទួលទានអាហារពេលល្ងាចនោះ ហើយកាលអារក្សបាននាំចិត្តយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ឲ្យនាំគេមកចាប់ព្រះអង្គ ព្រះយេស៊ូវជ្រាបថា ព្រះវរបិតាបានប្រគល់អ្វីៗទាំងអស់មកក្នុងព្រះហស្តព្រះអង្គ ហើយថា ព្រះអង្គមកពីព្រះ ក៏ត្រូវទៅឯព្រះវិញ ព្រះអង្គក្រោកឡើង ដោះព្រះពស្ត្រចេញ រួចយកក្រមាមកក្រវាត់អង្គ។ បន្ទាប់មក ព្រះអង្គចាក់ទឹកក្នុងចានក្លាំ រួចចាប់ផ្ដើមលាងជើងពួកសិស្ស ហើយយកក្រមាដែលព្រះអង្គក្រវាត់ចង្កេះមកជូត។ ពេលព្រះអង្គមកដល់ ស៊ីម៉ូន-ពេត្រុស គាត់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ តើព្រះអង្គលាងជើងឲ្យទូលបង្គំឬ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «អ្វីៗដែលខ្ញុំធ្វើ អ្នកមិនយល់ទេនៅពេលនេះ តែថ្ងៃក្រោយអ្នកនឹងយល់»។ ពេត្រុសទូលព្រះអង្គថា៖ «ព្រះអង្គមិនត្រូវលាងជើងឲ្យទូលបង្គំឡើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «បើខ្ញុំមិនលាងឲ្យអ្នក អ្នកគ្មានចំណែកជាមួយខ្ញុំទេ»។ ស៊ីម៉ូន-ពេត្រុសទូលព្រះអង្គថា៖ «ឱព្រះអម្ចាស់អើយ បើដូច្នេះ សូមកុំលាងត្រឹមតែជើងទូលបង្គំប៉ុណ្ណោះឡើយ សូមលាងដល់ទាំងដៃទាំងក្បាលផង»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកដែលងូតទឹកហើយមិនបាច់លាងខ្លួនទេ ត្រូវការលាងតែជើងប៉ុណ្ណោះ ដ្បិតខ្លួនទាំងមូលស្អាតហើយ។ អ្នករាល់គ្នាស្អាតហើយ តែមិនមែនទាំងអស់គ្នាទេ»។ ព្រះអង្គជ្រាបថា អ្នកណាដែលនឹងនាំគ្នាមកចាប់ព្រះអង្គ ហេតុនេះហើយបានជាព្រះអង្គមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាមិនមែនស្អាតទាំងអស់គ្នាទេ»។ កាលព្រះអង្គលាងជើងគេរួចហើយ ព្រះអង្គពាក់ព្រះពស្ត្រឡើងវិញ ក៏គង់នៅតុ មានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាយល់ពីអ្វីដែលខ្ញុំទើបនឹងធ្វើនេះឬទេ? អ្នករាល់គ្នាហៅខ្ញុំថា "លោកគ្រូ" និង "ព្រះអម្ចាស់" នោះត្រូវមែន ដ្បិតគឺខ្ញុំនេះហើយ។ ដូច្នេះ បើខ្ញុំជាព្រះអម្ចាស់ និងជាគ្រូ បានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។ ដ្បិតខ្ញុំបានធ្វើជាគំរូដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមគំរូដែលខ្ញុំបានធ្វើឲ្យនោះដែរ។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បាវបម្រើមិនធំជាងចៅហ្វាយទេ ហើយអ្នកដែលគេចាត់គេឲ្យទៅ ក៏មិនដែលធំជាងអ្នកដែលចាត់ខ្លួនឲ្យទៅនោះដែរ។ ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះ ហើយប្រព្រឹត្តតាម មានពរហើយ។ ខ្ញុំមិនមែននិយាយពីអ្នកទាំងអស់គ្នាទេ ខ្ញុំស្គាល់អ្នកដែលខ្ញុំបានជ្រើសរើស ប៉ុន្តែ ត្រូវតែបានសម្រេចតាមបទគម្ពីរដែលថា "អ្នកដែលបរិភោគនំបុ័ងជាមួយខ្ញុំ បានលើកកែងជើងទាស់នឹងខ្ញុំ" ។ ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នា មុននឹងហេតុការណ៍នោះកើតឡើង ដើម្បីកាលណាហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងជឿថា គឺខ្ញុំនេះហើយ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាទទួលអ្នកដែលខ្ញុំចាត់ឲ្យទៅ អ្នកនោះទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ អ្នកនោះទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
យ៉ូហាន 13:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅមុនថ្ងៃបុណ្យចម្លង* ព្រះយេស៊ូជ្រាបថា ដល់ពេលកំណត់ដែលព្រះអង្គត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតាហើយ។ ដោយព្រះអង្គស្រឡាញ់សិស្សរបស់ព្រះអង្គដែលរស់នៅក្នុងលោកនេះ ព្រះអង្គក៏ស្រឡាញ់គេរហូតដល់ទីបំផុត។ ពេលនោះ ព្រះយេស៊ូ និងពួកសិស្សកំពុងបរិភោគអាហារ មារសាតាំង*បានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុត ជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់ព្រះអង្គ។ ព្រះយេស៊ូជ្រាបថា ព្រះបិតាបានប្រគល់អ្វីៗទាំងអស់មកក្រោមអំណាចព្រះអង្គ ហើយជ្រាបថា ព្រះអង្គយាងមកពីព្រះជាម្ចាស់ និងយាងទៅឯព្រះជាម្ចាស់វិញ។ ព្រះអង្គក្រោកឡើង ដោះព្រះពស្ដ្រចេញ យកក្រមាមកក្រវាត់ចង្កេះ។ បន្ទាប់មក ព្រះអង្គចាក់ទឹកក្នុងផើងមួយ រួចចាប់ផ្ដើមលាងជើងពួកសិស្ស ព្រមទាំងយកក្រមាពីចង្កេះមកជូតផង។ ពេលព្រះអង្គហៀបនឹងលាងជើងឲ្យលោកស៊ីម៉ូនពេត្រុស លោកទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ មិនសមនឹងព្រះអង្គលាងជើងឲ្យទូលបង្គំសោះ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ពេលនេះ អ្នកមិនទាន់ដឹងថា ខ្ញុំកំពុងធ្វើអ្វីឡើយ ថ្ងៃក្រោយ អ្នកមុខតែយល់ជាមិនខាន»។ លោកពេត្រុសទូលព្រះអង្គថា៖ «ទេ ព្រះអង្គមិនត្រូវលាងជើងទូលបង្គំជាដាច់ខាត!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើខ្ញុំមិនលាងជើងអ្នកទេ នោះអ្នកមិនអាចរួមជាមួយខ្ញុំតទៅទៀតឡើយ»។ លោកស៊ីម៉ូនក៏ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ បើដូច្នេះ សូមកុំលាងតែជើងប៉ុណ្ណោះ សូមលាងទាំងដៃ ទាំងក្បាលផង»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកដែលបានងូតទឹករួច មិនបាច់លាងខ្លួនទេ គឺលាងតែជើង ដ្បិតខ្លួនគេស្អាតបរិសុទ្ធ*ទាំងមូលហើយ។ អ្នករាល់គ្នាបានស្អាតបរិសុទ្ធ តែមិនមែនគ្រប់គ្នាទេ»។ ព្រះអង្គមានព្រះបន្ទូលថា “អ្នករាល់គ្នាមិនមែនបរិសុទ្ធគ្រប់គ្នា”ដូច្នេះ មកពីព្រះអង្គជ្រាបអំពីអ្នកដែលហៀបនឹងនាំគេមកចាប់ព្រះអង្គ។ កាលព្រះយេស៊ូលាងជើងឲ្យគេរួចហើយ ព្រះអង្គស្លៀកពាក់ឡើងវិញ យាងមកតុ ទាំងមានព្រះបន្ទូលសួរទៅគេថា៖ «តើអ្នករាល់គ្នាយល់អំពីកិច្ចការ ដែលខ្ញុំបានធ្វើចំពោះអ្នករាល់គ្នានេះឬទេ? អ្នករាល់គ្នាហៅខ្ញុំថា ព្រះគ្រូ និងព្រះអម្ចាស់ នោះត្រូវមែន គឺខ្ញុំហ្នឹងហើយ!។ បើខ្ញុំជាព្រះអម្ចាស់ និងជាព្រះគ្រូ បានលាងជើងឲ្យអ្នករាល់គ្នាទៅហើយ អ្នករាល់គ្នាក៏ត្រូវតែលាងជើងឲ្យគ្នាទៅវិញទៅមកដែរ។ ខ្ញុំបានធ្វើជាគំរូឲ្យអ្នករាល់គ្នាប្រព្រឹត្ត ដូចខ្ញុំបានប្រព្រឹត្តដល់អ្នករាល់គ្នា។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកបម្រើមិនដែលធំជាងម្ចាស់ឡើយ រីឯអ្នកដែលគេចាត់ឲ្យទៅ ក៏មិនដែលធំជាងអ្នកចាត់ខ្លួនឲ្យទៅនោះដែរ។ ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះហើយប្រតិបត្តិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។ ខ្ញុំនិយាយដូច្នេះមិនមែនសំដៅលើអ្នកទាំងអស់គ្នាទេ ដ្បិតខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានជ្រើសរើស តែខ្ញុំនិយាយនេះ ដើម្បីឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរថា: “អ្នកបរិភោគអាហារជាមួយខ្ញុំ បានប្រឆាំងនឹងខ្ញុំ” ។ ខ្ញុំនិយាយប្រាប់អ្នករាល់គ្នាពីឥឡូវនេះឲ្យហើយ មុនការណ៍ទាំងនោះកើតមាន។ កាលណាការណ៍ទាំងនោះមកដល់ អ្នករាល់គ្នានឹងជឿថា ខ្ញុំពិតជាព្រះជាម្ចាស់មែន។ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់ឲ្យទៅ ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
យ៉ូហាន 13:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលមុនបុណ្យរំលង នោះព្រះយេស៊ូវទ្រង់ជ្រាបថា ពេលកំណត់ ដែលទ្រង់ត្រូវចេញពីលោកីយនេះ ទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ដូច្នេះ ដែលទ្រង់បានស្រឡាញ់ដល់ពួកទ្រង់នៅក្នុងលោកីយនេះ នោះទ្រង់ក៏ចេះតែស្រឡាញ់គេ ដរាបដល់ចុងបំផុត កំពុងពេលបាយយប់នោះឯង កាលអារក្សបានបញ្ចូលចិត្តយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ឲ្យបញ្ជូនទ្រង់ហើយ នោះដោយព្រោះព្រះយេស៊ូវបានជ្រាបថា ព្រះវរបិតាបានប្រគល់ការទាំងអស់ មកក្នុងព្រះហស្តទ្រង់ ហើយថា ទ្រង់មកពីព្រះ ក៏ត្រូវទៅឯព្រះវិញ បានជាទ្រង់ក្រោកពីសោយឡើង ដោះព្រះពស្ត្រពេញ រួចយកក្រមាមកក្រវាត់អង្គ ក្រោយនោះ ទ្រង់ចាក់ទឹកក្នុងចានក្លាំ ចាប់តាំងលាងជើងពួកសិស្ស ហើយយកក្រមាដែលទ្រង់ក្រវាត់នោះមកជូត កាលទ្រង់មកដល់ស៊ីម៉ូន-ពេត្រុស នោះគាត់ទូលថា ព្រះអម្ចាស់អើយ ទ្រង់លាងជើងឲ្យទូលបង្គំឬ ព្រះយេស៊ូវទ្រង់ឆ្លើយថា ការដែលខ្ញុំធ្វើ នោះអ្នកមិនយល់ក្នុងពេលឥឡូវនេះទេ តែទៅមុខទើបនឹងបានយល់វិញ ពេត្រុសទូលប្រកែកថា ទ្រង់មិនត្រូវលាងជើងឲ្យទូលបង្គំសោះឡើយ ព្រះយេស៊ូវមានបន្ទូលថា បើខ្ញុំមិនលាងឲ្យអ្នក នោះអ្នកគ្មានចំណែកជាមួយនឹងខ្ញុំទេ ស៊ីម៉ូន-ពេត្រុសទូលទ្រង់ថា ឱព្រះអម្ចាស់អើយ បើដូច្នោះ សូមកុំលាងត្រឹមតែជើងទូលបង្គំប៉ុណ្ណោះឡើយ គឺសូមលាងដល់ទាំងដៃទាំងក្បាលផងចុះ ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា អ្នកណាដែលងូតទឹកហើយ នោះត្រូវការលាងតែជើងប៉ុណ្ណោះ ឲ្យបានស្អាតទាំងអស់ ឯអ្នករាល់គ្នាក៏បានស្អាតហើយ តែមិនមែនទាំងអស់គ្នាទេ នេះព្រោះទ្រង់ជ្រាបនូវអ្នកណាដែលនឹងបញ្ជូនទ្រង់ ហេតុនោះបានជាទ្រង់មានបន្ទូលថា អ្នករាល់គ្នាមិនមែនស្អាតគ្រប់គ្នាទេ។ កាលទ្រង់បានលាងជើងគេរួច ហើយបានពាក់ព្រះពស្ត្រទ្រង់វិញ នោះក៏គង់នៅតុ មានបន្ទូលទៅគេថា តើអ្នករាល់គ្នាយល់ការដែលខ្ញុំទើបនឹងធ្វើនេះឬទេ អ្នករាល់គ្នាហៅខ្ញុំជាលោកគ្រូ ហើយជាព្រះអម្ចាស់ នោះក៏ត្រូវមែន ពីព្រោះគឺខ្ញុំនេះហើយ ដូច្នេះ បើខ្ញុំ ដែលជាព្រះអម្ចាស់ ហើយជាគ្រូ បានលាងជើងឲ្យអ្នករាល់គ្នា នោះគួរតែឲ្យអ្នករាល់គ្នាលាងជើង ដល់គ្នានឹងគ្នាដែរ ដ្បិតខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បាវមិនមែនធំជាងចៅហ្វាយទេ ហើយអ្នកបំរើក៏មិនធំជាងអ្នកដែលប្រើដែរ បើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះ ហើយប្រព្រឹត្តតាម នោះមានពរហើយ ខ្ញុំមិនមែននិយាយពីអ្នករាល់គ្នាទាំងអស់ទេ ខ្ញុំស្គាល់អស់អ្នកដែលខ្ញុំបានរើស ប៉ុន្តែ បទគម្ពីរដែលថា «អ្នកដែលបរិភោគនំបុ័ងជាមួយនឹងទូលបង្គំ នោះបានលើកកែងជើង ទាស់នឹងទូលបង្គំវិញ» ពាក្យនោះត្រូវតែបានសំរេច ខ្ញុំប្រាប់អ្នករាល់គ្នាតាំងពីឥឡូវនេះ មុនដែលការនោះកើតមក ដើម្បីកាលណាបានកើតមកដល់ នោះឲ្យអ្នករាល់គ្នាបានជឿថា គឺខ្ញុំនេះហើយ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាទទួលអ្នកដែលខ្ញុំនឹងចាត់ឲ្យទៅ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះក៏ឈ្មោះថាទទួលព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ។