យ៉ូហាន 12:32-36 - Compare All Versions
យ៉ូហាន 12:32-36 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ឯខ្ញុំ ប្រសិនបើខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីបង្ហាញពីព្រះអង្គត្រូវសុគតជាយ៉ាងណា។ ពួកបណ្តាជនទូលឆ្លើយព្រះអង្គថា៖ «យើងខ្ញុំបានឮក្នុងក្រឹត្យវិន័យថា ព្រះគ្រីស្ទគង់នៅអស់កល្បជានិច្ច ចុះម្តេចបានជាថា កូនមនុស្សត្រូវលើកឡើងដូច្នេះ? តើអ្នកណាជាកូនមនុស្ស?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ពន្លឺនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតប៉ុណ្ណោះ។ ចូរដើរក្នុងពេលដែលនៅមានពន្លឺ ក្រែងលោសេចក្តីងងឹតតាមអ្នករាល់គ្នាទាន់។ អ្នកណាដែលដើរក្នុងសេចក្តីងងឹត មិនដឹងថាខ្លួនទៅទីណាទេ។ កាលអ្នករាល់គ្នានៅមានពន្លឺនៅឡើយ ចូរជឿដល់ពន្លឺចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ»។ កាលព្រះយេស៊ូវមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គក៏យាងចេញទៅ ដោយកំបាំងពីគេ។
យ៉ូហាន 12:32-36 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
រីឯខ្ញុំវិញ កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីប្រាប់គេអំពីរបៀបដែលព្រះអង្គត្រូវសោយទិវង្គត។ បណ្ដាជននាំគ្នាទូលអង្វរព្រះអង្គថា៖ «យើងបានដឹងតាមរយៈក្រឹត្យវិន័យថា ព្រះគ្រិស្ត*ត្រូវស្ថិតនៅអស់កល្បជានិច្ច ចុះម្ដេចក៏លោកមានប្រសាសន៍ថា បុត្រមនុស្សនឹងត្រូវគេលើកឡើងពីដីដូច្នេះ? តើនរណាជាបុត្រមនុស្សនោះ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ពន្លឺនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតប៉ុណ្ណោះ។ ចូរនាំគ្នាដើរ ក្នុងពេលដែលអ្នករាល់គ្នាកំពុងតែមានពន្លឺនៅឡើយ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ ដ្បិតអ្នកដើរក្នុងសេចក្ដីងងឹតពុំដឹងថាខ្លួនធ្វើដំណើរទៅទីណាទេ។ ក្នុងពេលដែលអ្នករាល់គ្នាមានពន្លឺនៅឡើយ ចូរនាំគ្នាជឿលើពន្លឺ ដើម្បីឲ្យបានទៅជាបុត្រធីតានៃពន្លឺ»។ កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គយាងចេញទៅលាក់ខ្លួន មិនឲ្យបណ្ដាជនឃើញ។
យ៉ូហាន 12:32-36 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឯខ្ញុំ បើសិនជាខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ ទ្រង់មានបន្ទូលសេចក្ដីទាំងនេះ ដើម្បីនឹងបង្ហាញ ពីទ្រង់ត្រូវសុគតជាបែបយ៉ាងណា ហ្វូងមនុស្សទូលឆ្លើយថា យើងខ្ញុំបានឮក្នុងក្រិត្យវិន័យថា ព្រះគ្រីស្ទ ទ្រង់គង់នៅអស់កល្បជានិច្ច ចុះធ្វើដូចម្តេចបានជាថា កូនមនុស្សត្រូវលើកឡើងដូច្នេះ តើអ្នកណាជាកូនមនុស្សនេះ នោះព្រះយេស៊ូវមានបន្ទូលទៅគេថា ពន្លឺនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេ ចូរដើរកំពុងដែលនៅមានពន្លឺចុះ ក្រែងលោសេចក្ដីងងឹតតាមអ្នករាល់គ្នាទាន់ អ្នកណាដែលដើរក្នុងសេចក្ដីងងឹត នោះមិនដឹងជាទៅឯណាទេ ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឲ្យបានធ្វើជាកូននៃពន្លឺ។