យ៉ូហាន 12:20-36

យ៉ូហាន 12:20-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្នុង​ចំណោម​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ​បង្គំ​នៅ​ពេល​បុណ្យ​នោះ ក៏​មាន​សាសន៍​ក្រិក​ខ្លះ​ដែរ។ គេ​មក​រក​ភីលីព ដែល​មក​ពី​ភូមិ​បេត‌សៃដា ស្រុក​កាលី‌ឡេ ហើយ​ពោល​ទៅ​គាត់​ថា៖ «លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះ‌យេស៊ូវ»។ ភីលីព​ទៅ​ប្រាប់​អន‌ទ្រេ បន្ទាប់​មក អន‌ទ្រេ និង​ភីលីព​ទៅ​ទូល​ព្រះ‌យេស៊ូវ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ពេល​កំណត់​ដែល​កូន​មនុស្ស​ត្រូវ​បាន​លើក​តម្កើង បាន​មក​ដល់​ហើយ។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​នៅ​វា​តែ​មួយ​ដដែល តែ​បើ​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ជា​ច្រើន។ អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​របស់​ខ្លួន​នៅ​ក្នុង​ពិភព​លោក​នេះ នឹង​រក្សា​ជីវិត​ទុក​ឲ្យ​ស្ថិតស្ថេរ​នៅ​រហូត​អស់​កល្ប​ជានិច្ច។ អ្នក​ណា​បម្រើ​ខ្ញុំ ត្រូវ​មក​តាម​ខ្ញុំ ទោះ​បី​ខ្ញុំ​នៅ​ឯ​ណា អ្នក​បម្រើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌វរបិតា​នឹង​លើក​មុខ​អ្នក​នោះ»។ «ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់​ប្រមល់​ខ្លាំង​ណាស់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្តេច? ឱ​ព្រះ‌វរបិតា​អើយ សូម​សង្គ្រោះ​ទូល​បង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង ប៉ុន្តែ នេះ​ជា​ហេតុ​ដែល​ទូល​បង្គំ​ត្រូវ​មក​នៅ​ពេល​នេះ។ ឱ​ព្រះ‌វរបិតា​អើយ សូម​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ឡើង »។ ពេល​នោះ ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា៖ «យើង​បាន​តម្កើង​ឡើង​ហើយ ក៏​នឹង​តម្កើង​ឡើង​ទៀត​ដែរ»។ បណ្តា​ជន​ដែល​ឈរ​នៅ​ទី​នោះ​បាន​ឮ ហើយ​និយាយ​ថា នេះ​ជា​សំឡេង​ផ្គរ​លាន់។ ខ្លះ​ទៀត​ថា «ទេវតា​និយាយ​មក​កាន់​ព្រះ‌អង្គ»។ ព្រះ‌យេស៊ូវ​ឆ្លើយ​ថា៖ «សំឡេង​នេះ​បន្លឺ​ឡើង​សម្រាប់​អ្នក​រាល់​គ្នា មិន​មែន​សម្រាប់​ខ្ញុំ​ទេ។ ឥឡូវ​នេះ ជា​ពេល​កាត់​ទោស​ពិភព​លោក​នេះ​ហើយ ហើយ​ចៅ‌ហ្វាយ​របស់​ពិភព​លោក​នេះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្រៅ។ ឯ​ខ្ញុំ ប្រសិន‌បើ​ខ្ញុំ​ត្រូវ​លើក​ពី​ដី​ឡើង នោះ​ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​បង្ហាញពី​ព្រះ‌អង្គ​ត្រូវ​សុគត​ជា​យ៉ាង​ណា។ ពួក​បណ្តាជន​ទូល​ឆ្លើយ​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​ក្នុង​ក្រឹត្យ‌វិន័យ​ថា ព្រះ‌គ្រីស្ទ​គង់​នៅ​អស់​កល្ប​ជា‌និច្ច ចុះ​ម្តេច​បាន​ជា​ថា កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ? តើ​អ្នក​ណា​ជា​កូន​មនុស្ស?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពន្លឺ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ។ ចូរ​ដើរ​ក្នុង​ពេល​ដែល​នៅ​មាន​ពន្លឺ ក្រែង​លោ​សេចក្តី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់។ អ្នក​ណា​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត មិន​ដឹង​ថា​ខ្លួន​ទៅ​ទី​ណា​ទេ។ កាល​អ្នក​រាល់គ្នា​នៅ​មាន​ពន្លឺ​នៅ​ឡើយ ចូរ​ជឿ​ដល់​ពន្លឺ​ចុះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​នៃ​ពន្លឺ»។ កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះ‌អង្គ​ក៏​យាង​ចេញ​ទៅ ដោយ​កំបាំង​ពី​គេ។

ចែក​រំលែក
អាន យ៉ូហាន 12

យ៉ូហាន 12:20-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ចំណោម​អស់​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​ក្នុង​ឱកាស​បុណ្យ​ចម្លង* មាន​ជន‌ជាតិ​ក្រិក​ខ្លះ​ដែរ។ គេ​ចូល​ទៅ​ជិត​លោក​ភីលីព ជា​អ្នក​ភូមិ​បេតសៃ‌ដា ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ពោល​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​ចង់​ជួប​លោក​យេស៊ូ»។ លោក​ភីលីព​ទៅ​ប្រាប់​លោក​អនទ្រេ ហើយ​លោក​អនទ្រេ និង​លោក​ភីលីព ចូល​ទៅ​ទូល​ព្រះ‌យេស៊ូ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​សម្តែង​សិរី‌រុងរឿង​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រាប់​ស្រូវ​ធ្លាក់​ដល់​ដី ហើយ​បើ​មិន​ងាប់​ទេ គ្រាប់​នោះ​នៅ​តែ​មួយ​ដដែល។ ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ច្រើន។ អ្នក​ណា​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ទៅ រីឯ​អ្នក​ដែល​មិន​ជំពាក់​ចិត្ត​នឹង​ជីវិត​របស់​ខ្លួន ក្នុង​ពិភព​លោក​នេះ​ទេ នឹង​រក្សា​ជីវិត​ខ្លួន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។ បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌បិតា​នឹង​លើក​កិត្តិយស​អ្នក​នោះ»។ «ឥឡូវ​នេះ ទូលបង្គំ​រន្ធត់​ចិត្ត​ណាស់ មិន​ដឹង​ជា​នឹង​ទូល​ថា​ដូច​ម្ដេច​ឡើយ។ ឱ​ព្រះ‌បិតា​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក នៅ​ពេល​កំណត់​នេះ​ផង។ ប៉ុន្តែ ទូលបង្គំ​មក ដើម្បី​រង​ទុក្ខ​លំបាក​ក្នុង​ពេល​កំណត់​នេះ​ហើយ។ ព្រះ‌បិតា​អើយ សម្តែង​សិរី‌រុងរឿង​ព្រះ‌នាម​របស់​ព្រះអង្គ​ឡើង»។ ពេល​នោះ មាន​ឮ​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក​ថា៖ «យើង​បាន​សម្តែង​សិរី‌រុងរឿង​របស់​យើង​ហើយ យើង​ក៏​នឹង​សម្តែង​សិរី‌រុងរឿង​ជា​ថ្មី​ទៀត»។ បណ្ដា‌ជន​នៅ​ទី​នោះ​បាន​ឮ​ព្រះ‌សូរសៀង ក៏​ពោល​ថា «សន្ធឹក​ផ្គរ‌លាន់» អ្នក​ខ្លះ​ទៀត​ពោល​ថា «មាន​ទេវតា*​និយាយ​មក​លោក»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «សំឡេង​នេះ​បន្លឺ​ឡើង​សម្រាប់​អ្នក​រាល់​គ្នា​មិន​មែន​សម្រាប់​ខ្ញុំ​ទេ។ ឥឡូវ​នេះ ដល់​ពេល​កាត់​ទោស​មនុស្ស​លោក​ហើយ ហើយ​ចៅហ្វាយ​របស់​មនុស្ស​លោក​នឹង​ត្រូវ​បណ្ដេញ​ចេញ​ទៅ​ក្រៅ។ រីឯ​ខ្ញុំ​វិញ កាល​ណា​គេ​លើក​ខ្ញុំ​ឡើង​ពី​ដី ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​ប្រាប់​គេ​អំពី​របៀប​ដែល​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត។ បណ្ដា‌ជន​នាំ​គ្នា​ទូល‌អង្វរ​ព្រះអង្គ​ថា៖ «យើង​បាន​ដឹង​តាម​រយៈ​ក្រឹត្យ‌វិន័យ​ថា ព្រះ‌គ្រិស្ត*​ត្រូវ​ស្ថិត​នៅ​អស់‌កល្ប​ជានិច្ច ចុះ​ម្ដេច​ក៏​លោក​មាន​ប្រសាសន៍​ថា បុត្រ​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើង​ពី​ដី​ដូច្នេះ? តើ​នរណា​ជា​បុត្រ​មនុស្ស​នោះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពន្លឺ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ប៉ុណ្ណោះ។ ចូរ​នាំ​គ្នា​ដើរ ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មាន​ពន្លឺ​នៅ​ឡើយ ក្រែង‌លោ​សេចក្ដី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់ ដ្បិត​អ្នក​ដើរ​ក្នុង​សេចក្ដី​ងងឹត​ពុំ​ដឹង​ថា​ខ្លួន​ធ្វើ​ដំណើរ​ទៅ​ទី​ណា​ទេ។ ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​មាន​ពន្លឺ​នៅ​ឡើយ ចូរ​នាំ​គ្នា​ជឿ​លើ​ពន្លឺ ដើម្បី​ឲ្យ​បាន​ទៅ​ជា​បុត្រ‌ធីតា​នៃ​ពន្លឺ»។ កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​យាង​ចេញ​ទៅ​លាក់​ខ្លួន មិន​ឲ្យ​បណ្ដា‌ជន​ឃើញ។

ចែក​រំលែក
អាន យ៉ូហាន 12

យ៉ូហាន 12:20-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្នុង​ពួក​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ‌បង្គំ នៅ​ក្នុង​វេលា​បុណ្យ​នោះ ក៏​មាន​សាសន៍​ក្រេក​ខ្លះ​ដែរ គេ​មក​ឯ​ភីលីព ជា​អ្នក​នៅ​ភូមិ​បេត‌សៃដា ស្រុក​កាលី‌ឡេ គេ​សូម​គាត់​ថា លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះ‌យេស៊ូវ ភីលីព​ក៏​ទៅ​ប្រាប់​អនទ្រេ រួច​អនទ្រេ នឹង​ភីលីព​ទៅ​ទូល​ដល់​ព្រះ‌យេស៊ូវ តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា កំណត់​ដែល​កូន​មនុស្ស​ត្រូវ​ដំកើង​ឡើង បាន​មក​ដល់​ហើយ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គ្រាប់​ស្រូវ​ដែល​ធ្លាក់​ចុះ​ទៅ​ដី​មិន​ងាប់​ទេ នោះ​ក៏​នៅ​តែ​១​ដដែល តែ​បើ​ងាប់​វិញ នោះ​ក៏​បង្កើត​ផល​ជា​ច្រើន​ឡើង អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​ខ្លួន នៅ​លោកីយ​នេះ​វិញ នោះ​នឹង​រក្សា​ជីវិត​ទុក ដរាប​ដល់​អស់‌កល្ប​រៀង​ទៅ បើ​អ្នក​ណា​បំរើ​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​មក​តាម​ខ្ញុំ​ចុះ យ៉ាង​នោះ ទោះ​បើ​ខ្ញុំ​នៅ​ឯ​ណា​ក្តី អ្នក​បំរើ​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ បើ​អ្នក​ណា​បំរើ​ខ្ញុំ ព្រះវរ‌បិតា​នឹង​លើក​មុខ​អ្នក​នោះ។ ឥឡូវ​នេះ ខ្ញុំ​មាន​ចិត្ត​តប់‌ប្រមល់ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទូល​ដូច​ម្តេច ឱ​ព្រះវរ‌បិតា​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ ឲ្យ​រួច​ពី​ពេល​នេះ​ផង ប៉ុន្តែ គឺ​ដោយ​ហេតុ​នេះ​ឯង បាន​ជា​ទូលបង្គំ​មក​ដល់​ពេល​នេះ ឱ​ព្រះវរ‌បិតា​អើយ សូម​ដំកើង​ព្រះ‌នាម​ទ្រង់​ឡើង នោះ​ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​លើ​មេឃ​ថា អញ​បាន​ដំកើង​ហើយ ក៏​នឹង​ដំកើង​ឡើង​ទៀត​ដែរ ដូច្នេះ បណ្តា​មនុស្ស​ដែល​ឈរ​នៅ​ទី​នោះ ហើយ​ឮ ក៏​និយាយ​ថា ឮ​ផ្គរ‌លាន់ ខ្លះ​ទៀត​ថា មាន​ទេវតា​ទូល​នឹង​ទ្រង់ តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា សំឡេង​នេះ​មិន​មែន​ឮ​ដោយ​ព្រោះ​ខ្ញុំ​ទេ គឺ​ដោយ​យល់​ដល់​អ្នក​រាល់​គ្នា​វិញ ឥឡូវ លោកីយ​នេះ​ត្រូវ​ជាប់​ទោស​ហើយ ឥឡូវ​នេះ ចៅហ្វាយ​របស់​លោកីយ​នេះ ក៏​ត្រូវ​បោះ​ចោល​ចេញ ឯ​ខ្ញុំ បើ​សិន​ជា​ខ្ញុំ​ត្រូវ​លើក​ពី​ដី​ឡើង នោះ​ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ ដើម្បី​នឹង​បង្ហាញ ពី​ទ្រង់​ត្រូវ​សុគត​ជា​បែប​យ៉ាង​ណា ហ្វូង​មនុស្ស​ទូល​ឆ្លើយ​ថា យើង​ខ្ញុំ​បាន​ឮ​ក្នុង​ក្រិត្យ‌វិន័យ​ថា ព្រះ‌គ្រីស្ទ ទ្រង់​គង់​នៅ​អស់​‌កល្ប​ជានិច្ច ចុះ​ធ្វើ​ដូច​ម្តេច​បាន​ជា​ថា កូន​មនុស្ស​ត្រូវ​លើក​ឡើង​ដូច្នេះ តើ​អ្នក​ណា​ជា​កូន​មនុស្ស​នេះ នោះ​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ពន្លឺ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ ចូរ​ដើរ​កំពុង​ដែល​នៅ​មាន​ពន្លឺ​ចុះ ក្រែង​លោ​សេចក្ដី​ងងឹត​តាម​អ្នក​រាល់​គ្នា​ទាន់ អ្នក​ណា​ដែល​ដើរ​ក្នុង​សេចក្ដី​ងងឹត នោះ​មិន​ដឹង​ជា​ទៅ​ឯ​ណា​ទេ ចូរ​អ្នក​រាល់​គ្នា​ជឿ​ដល់​ពន្លឺ កំពុង​ដែល​នៅ​មាន​នៅ​ឡើយ​ចុះ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​នៃ​ពន្លឺ។

ចែក​រំលែក
អាន យ៉ូហាន 12