យ៉ូហាន 12:1-11

យ៉ូហាន 12:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មុន​បុណ្យ​រំលង​ប្រាំមួយ​ថ្ងៃ ព្រះ‌យេស៊ូវ​យាង​មក​ដល់​ភូមិ​បេ‌ថានី ជា​ភូមិ​ឡាសារ​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។ នៅ​ទី​នោះ គេ​រៀប​ចំ​ព្រះ‌ស្ងោយ​ថ្វាយ​ព្រះ‌អង្គ ហើយ​នាង​ម៉ាថា​ក៏​បម្រើ​ភ្ញៀវ ឯ​ឡាសារ​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌អង្គ។ នាង​ម៉ារា​យក​ប្រេង​ក្រអូប​ដ៏​មាន​តម្លៃ គឺ​ប្រេង​ទេព្វិរូ​សុទ្ធ​មួយ​នាលិ មក​ចាក់​លាប​ព្រះ‌បាទ​ព្រះ‌អង្គ រួច​យក​សក់​នាង​ជូត ក្លិន​ក្រអូប​នោះ ក៏​សាយ​ឡើង​ពេញ​ក្នុង​ផ្ទះ។ ប៉ុន្តែ សិស្ស​ព្រះ‌អង្គ​ម្នាក់ ឈ្មោះ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​ដែល​រៀប​នឹង​បញ្ជូន​ព្រះ‌អង្គ និយាយ​ឡើង​ថា៖ «ម្តេច​ក៏​មិន​លក់​ប្រេង​ក្រអូប​នេះ យក​ប្រាក់​បី​រយ​ដេណារី ទៅ​ចែក​ឲ្យ​អ្នក​ក្រីក្រ​វិញ​ទៅ?» គាត់​និយាយ​ដូច្នោះ មិន​មែន​ដោយ​ព្រោះ​គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ក្រីក្រ​ទេ គឺ​ដោយ​ព្រោះ​គាត់​ជា​ចោរ គាត់​កាន់​ថង់​ប្រាក់ ហើយ​ធ្លាប់​លួច​យក​ប្រាក់​ដែល​គេ​ដាក់​នៅ​ក្នុង​ថង់​នោះ​ទៀត​ផង។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​ចិត្ត​នាង​ចុះ ដ្បិត​នាង​បាន​ទុក​ប្រេង​ក្រអូប​នេះ សម្រាប់​ដល់​ថ្ងៃ​បញ្ចុះ​សព​ខ្ញុំ។ អ្នក​រាល់​គ្នា​តែង​មាន​អ្នកក្រី​ក្រ​នៅ​ជា​មួយ​រហូត តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នករាល់​គ្នា​រហូត​ទេ»។ មាន​ពួក​សាសន៍​យូដា​សន្ធឹក​ណាស់ បាន​ដឹង​ថា ព្រះ‌អង្គ​គង់​ទី​នោះ ដូច្នេះ គេ​ក៏​នាំ​គ្នា​មក តែ​មិន​មែន​ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​ប៉ុណ្ណោះ គឺ​ចង់​ឃើញ​ឡាសារ ដែល​ព្រះ‌អង្គ​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ថែម​ទៀត​ផង។ ដូច្នេះ ពួក​សង្គ្រាជ​ក៏​ពិគ្រោះ​គ្នា​សម្លាប់​ទាំង​ឡាសារ​ដែរ ព្រោះ​ដោយ​សារ​តែ​គាត់​ហើយ បាន​ជា​មាន​សាសន៍​យូដា​ជា​ច្រើន​ដក​ខ្លួន​ចេញ​ពី​ពួក​គេ ហើយ​ទៅ​ជឿ​ព្រះ‌យេស៊ូវ​វិញ។

ចែក​រំលែក
អាន យ៉ូហាន 12

យ៉ូហាន 12:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រាំ​មួយ​ថ្ងៃ​មុន​បុណ្យ​ចម្លង* ព្រះ‌យេស៊ូ​យាង​មក​ភូមិ​បេតថា‌នី ជា​ភូមិ​របស់​លោក​ឡាសារ ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ នៅ​ទី​នោះ គេ​រៀបចំ​ជប់‌លៀង​ថ្វាយ​ព្រះ‌យេស៊ូ។ នាង​ម៉ាថា​បម្រើ​ភ្ញៀវ រីឯ​លោក​ឡាសារ​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌យេស៊ូ និង​អ្នក​ឯ​ទៀត។ នាង​ម៉ារី​យក​ប្រេង​ក្រអូប​កន្លះ‌លីត្រ គឺ​ប្រេង​ទេព្វិរូ​សុទ្ធ​ដ៏​មាន​តម្លៃ​លើស‌លុប មក​ចាក់​លាប​ព្រះ‌បាទា​ព្រះ‌យេស៊ូ រួច​យក​សក់​នាង​ជូត ក្លិន​ប្រេង​ក្រអូប​សាយ​ពេញ​ផ្ទះ។ ពេល​នោះ សិស្ស*​ម្នាក់​ឈ្មោះ​យូដាស‌អ៊ីស្កា‌រីយ៉ុត ដែល​នឹង​នាំ​គេ​មក​ចាប់​ព្រះអង្គ ពោល​ឡើង​ថា៖ «ម្ដេច​ក៏​មិន​យក​ប្រេង​ក្រអូប ដែល​មាន​តម្លៃ​បី​រយ​ដួង* ទៅ​លក់​យក​ប្រាក់​ចែក​ឲ្យ​ជន​ក្រីក្រ​វិញ?»។ គាត់​និយាយ​ដូច្នេះ មិន​មែន​មក​ពី​គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ក្រ​ទេ គឺ​មក​ពី​គាត់​ជា​ចោរ គាត់​កាន់​ថង់​ប្រាក់ ហើយ​តែង​លួច​យក​ប្រាក់​ដែល​គេ​ដាក់​ក្នុង​ថង់​នោះ។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​បំណង​ចិត្ត​នាង​ទៅ! នាង​ចាក់​ប្រេង​ក្រអូប​នេះ​សម្រាប់​ថ្ងៃ​បញ្ចុះ​សព​ខ្ញុំ។ អ្នក​ក្រីក្រ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ»។ ជន‌ជាតិ​យូដា​ច្រើន​កុះ‌ករ​បាន​ឮ​ដំណឹង​ថា ព្រះអង្គ​គង់​នៅ​ភូមិ​បេតថា‌នី គេ​នាំ​គ្នា​មក មិន​មែន​គ្រាន់​តែ​ចង់​ឃើញ​ព្រះ‌យេស៊ូ​ប៉ុណ្ណោះ​ទេ គឺ​ចង់​ឃើញ​លោក​ឡាសារ​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ​ថែម​ទៀត​ផង។ ពួក​នាយក​បូជា‌ចារ្យ*​បាន​សម្រេច​ចិត្ត​សម្លាប់​លោក​ឡាសារ​ដែរ ព្រោះ​តែ​គាត់​នេះ​ហើយ​បាន​ជា​មាន​ជន‌ជាតិ​យូដា​ជា​ច្រើន​បែក​ចេញ​ពី​ពួក​គេ មក​ជឿ​លើ​ព្រះ‌យេស៊ូ។

ចែក​រំលែក
អាន យ៉ូហាន 12

យ៉ូហាន 12:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​មុន​បុណ្យ​រំលង​៦​ថ្ងៃ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ដល់​ភូមិ​បេ‌ថានី ជា​កន្លែង​ឡាសារ​នៅ គឺ​ជា​អ្នក​ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ នៅ​ទី​នោះ គេ​រៀបចំ​ព្រះ‌ស្ងោយ​ថ្វាយ​ទ្រង់ ហើយ​នាង​ម៉ាថា​ក៏​ខ្វល់‌ខ្វាយ​បំរើ ឯ​ឡាសារ គាត់​នៅ​ក្នុង​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ ជា​មួយ​នឹង​ទ្រង់​ដែរ នោះ​នាង​ម៉ារា​យក​ប្រេង​ក្រអូប​ទេព្វិរូ​សុទ្ធ​១​នាលិ មាន​ដំឡៃ​ណាស់ មក​ចាក់​លាប​ព្រះ‌បាទ​ទ្រង់ រួច​យក​សក់​នាង​ជូត ក្លិន​ក្រអូប​នោះ ក៏​សាយ​ឡើង​ពេញ​ក្នុង​ផ្ទះ ដូច្នេះ ពួក​សិស្ស​ទ្រង់​ម្នាក់ ឈ្មោះ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន ដែល​រៀប​នឹង​បញ្ជូន​ទ្រង់ ក៏​និយាយ​ឡើង​ថា ម្តេច​ឡើយ​ក៏​មិន​បាន​លក់​ប្រេង​ក្រអូប​នេះ​ជា​ដំឡៃ​៦០​រៀល ដើម្បី​ចែក​ឲ្យ​ដល់​មនុស្ស​ក្រីក្រ​វិញ វា​និយាយ​ដូច្នោះ មិន​មែន​ដោយ​ព្រោះ​វា​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ក្រីក្រ​ទេ គឺ​ដោយ​ព្រោះ​វា​ជា​ចោរ វា​កាន់​ថង់​ប្រាក់ ហើយ​ក៏​លួច​យក​របស់​ដែល​ដាក់​នៅ​ក្នុង​ថង់​នោះ​ផង ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា កុំ​ឲ្យ​ធ្វើ​នាង​ឡើយ ដ្បិត​នាង​បាន​ទុក​ប្រេង​ក្រអូប​នេះ សំរាប់​ដល់​ថ្ងៃ​បញ្ចុះ​ខ្មោច​ខ្ញុំ ឯ​អ្នក​រាល់​គ្នា តែង‌តែ​មាន​ពួក​អ្នក​ក្រ​នៅ​ជា​មួយ​ជា​ដរាប តែ​ខ្ញុំ​មិន​នៅ​ជា​មួយ​ជា​ដរាប​ទេ។ មាន​ពួក​សាសន៍​យូដា​សន្ធឹក​ណាស់ បាន​ដឹង​ថា ទ្រង់​គង់​ទី​នោះ ដូច្នេះ គេ​ក៏​នាំ​គ្នា​មក តែ​មិន​មែន​ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​ប៉ុណ្ណោះ គឺ​មក​ចង់​ឃើញ​ឡាសារ ដែល​ទ្រង់​ប្រោស​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ផង តែ​ពួក​សង្គ្រាជ​គេ​ជំនុំ​គ្នា​នឹង​សំឡាប់​ទាំង​ឡាសារ​ដែរ ដ្បិត ដោយ​ព្រោះ​តែ​គាត់ បាន​ជា​មាន​សាសន៍​យូដា​ជា​ច្រើន ដក​ខ្លួន​ចេញ​ពី​ពួក​គេ ទៅ​ជឿ​ដល់​ព្រះ‌យេស៊ូវ​វិញ។

ចែក​រំលែក
អាន យ៉ូហាន 12