យ៉ូហាន 12:1-10
យ៉ូហាន 12:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មុនបុណ្យរំលងប្រាំមួយថ្ងៃ ព្រះយេស៊ូវយាងមកដល់ភូមិបេថានី ជាភូមិឡាសារដែលព្រះអង្គបានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ។ នៅទីនោះ គេរៀបចំព្រះស្ងោយថ្វាយព្រះអង្គ ហើយនាងម៉ាថាក៏បម្រើភ្ញៀវ ឯឡាសារអង្គុយរួមតុជាមួយព្រះអង្គ។ នាងម៉ារាយកប្រេងក្រអូបដ៏មានតម្លៃ គឺប្រេងទេព្វិរូសុទ្ធមួយនាលិ មកចាក់លាបព្រះបាទព្រះអង្គ រួចយកសក់នាងជូត ក្លិនក្រអូបនោះ ក៏សាយឡើងពេញក្នុងផ្ទះ។ ប៉ុន្តែ សិស្សព្រះអង្គម្នាក់ ឈ្មោះយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលរៀបនឹងបញ្ជូនព្រះអង្គ និយាយឡើងថា៖ «ម្តេចក៏មិនលក់ប្រេងក្រអូបនេះ យកប្រាក់បីរយដេណារី ទៅចែកឲ្យអ្នកក្រីក្រវិញទៅ?» គាត់និយាយដូច្នោះ មិនមែនដោយព្រោះគាត់យកចិត្តទុកដាក់នឹងអ្នកក្រីក្រទេ គឺដោយព្រោះគាត់ជាចោរ គាត់កាន់ថង់ប្រាក់ ហើយធ្លាប់លួចយកប្រាក់ដែលគេដាក់នៅក្នុងថង់នោះទៀតផង។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទុកឲ្យនាងធ្វើតាមចិត្តនាងចុះ ដ្បិតនាងបានទុកប្រេងក្រអូបនេះ សម្រាប់ដល់ថ្ងៃបញ្ចុះសពខ្ញុំ។ អ្នករាល់គ្នាតែងមានអ្នកក្រីក្រនៅជាមួយរហូត តែខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។ មានពួកសាសន៍យូដាសន្ធឹកណាស់ បានដឹងថា ព្រះអង្គគង់ទីនោះ ដូច្នេះ គេក៏នាំគ្នាមក តែមិនមែនដោយព្រោះព្រះយេស៊ូវប៉ុណ្ណោះ គឺចង់ឃើញឡាសារ ដែលព្រះអង្គប្រោសឲ្យរស់ពីស្លាប់ឡើងវិញថែមទៀតផង។ ដូច្នេះ ពួកសង្គ្រាជក៏ពិគ្រោះគ្នាសម្លាប់ទាំងឡាសារដែរ
យ៉ូហាន 12:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រាំមួយថ្ងៃមុនបុណ្យចម្លង* ព្រះយេស៊ូយាងមកភូមិបេតថានី ជាភូមិរបស់លោកឡាសារ ដែលព្រះអង្គបានប្រោសឲ្យរស់ឡើងវិញ។ នៅទីនោះ គេរៀបចំជប់លៀងថ្វាយព្រះយេស៊ូ។ នាងម៉ាថាបម្រើភ្ញៀវ រីឯលោកឡាសារអង្គុយរួមតុជាមួយព្រះយេស៊ូ និងអ្នកឯទៀត។ នាងម៉ារីយកប្រេងក្រអូបកន្លះលីត្រ គឺប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលុប មកចាក់លាបព្រះបាទាព្រះយេស៊ូ រួចយកសក់នាងជូត ក្លិនប្រេងក្រអូបសាយពេញផ្ទះ។ ពេលនោះ សិស្ស*ម្នាក់ឈ្មោះយូដាសអ៊ីស្ការីយ៉ុត ដែលនឹងនាំគេមកចាប់ព្រះអង្គ ពោលឡើងថា៖ «ម្ដេចក៏មិនយកប្រេងក្រអូប ដែលមានតម្លៃបីរយដួង* ទៅលក់យកប្រាក់ចែកឲ្យជនក្រីក្រវិញ?»។ គាត់និយាយដូច្នេះ មិនមែនមកពីគាត់យកចិត្តទុកដាក់នឹងអ្នកក្រទេ គឺមកពីគាត់ជាចោរ គាត់កាន់ថង់ប្រាក់ ហើយតែងលួចយកប្រាក់ដែលគេដាក់ក្នុងថង់នោះ។ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឲ្យនាងធ្វើតាមបំណងចិត្តនាងទៅ! នាងចាក់ប្រេងក្រអូបនេះសម្រាប់ថ្ងៃបញ្ចុះសពខ្ញុំ។ អ្នកក្រីក្រនៅជាមួយអ្នករាល់គ្នារហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។ ជនជាតិយូដាច្រើនកុះករបានឮដំណឹងថា ព្រះអង្គគង់នៅភូមិបេតថានី គេនាំគ្នាមក មិនមែនគ្រាន់តែចង់ឃើញព្រះយេស៊ូប៉ុណ្ណោះទេ គឺចង់ឃើញលោកឡាសារដែលព្រះអង្គបានប្រោសឲ្យរស់ឡើងវិញនោះថែមទៀតផង។ ពួកនាយកបូជាចារ្យ*បានសម្រេចចិត្តសម្លាប់លោកឡាសារដែរ
យ៉ូហាន 12:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលមុនបុណ្យរំលង៦ថ្ងៃ នោះព្រះយេស៊ូវទ្រង់យាងមកដល់ភូមិបេថានី ជាកន្លែងឡាសារនៅ គឺជាអ្នកដែលទ្រង់បានប្រោសឲ្យរស់ពីស្លាប់ឡើងវិញ នៅទីនោះ គេរៀបចំព្រះស្ងោយថ្វាយទ្រង់ ហើយនាងម៉ាថាក៏ខ្វល់ខ្វាយបំរើ ឯឡាសារ គាត់នៅក្នុងពួកអ្នកដែលអង្គុយនៅតុ ជាមួយនឹងទ្រង់ដែរ នោះនាងម៉ារាយកប្រេងក្រអូបទេព្វិរូសុទ្ធ១នាលិ មានដំឡៃណាស់ មកចាក់លាបព្រះបាទទ្រង់ រួចយកសក់នាងជូត ក្លិនក្រអូបនោះ ក៏សាយឡើងពេញក្នុងផ្ទះ ដូច្នេះ ពួកសិស្សទ្រង់ម្នាក់ ឈ្មោះយូដាស-អ៊ីស្ការីយ៉ុត ជាកូនស៊ីម៉ូន ដែលរៀបនឹងបញ្ជូនទ្រង់ ក៏និយាយឡើងថា ម្តេចឡើយក៏មិនបានលក់ប្រេងក្រអូបនេះជាដំឡៃ៦០រៀល ដើម្បីចែកឲ្យដល់មនុស្សក្រីក្រវិញ វានិយាយដូច្នោះ មិនមែនដោយព្រោះវាយកចិត្តទុកដាក់នឹងមនុស្សក្រីក្រទេ គឺដោយព្រោះវាជាចោរ វាកាន់ថង់ប្រាក់ ហើយក៏លួចយករបស់ដែលដាក់នៅក្នុងថង់នោះផង ព្រះយេស៊ូវមានបន្ទូលថា កុំឲ្យធ្វើនាងឡើយ ដ្បិតនាងបានទុកប្រេងក្រអូបនេះ សំរាប់ដល់ថ្ងៃបញ្ចុះខ្មោចខ្ញុំ ឯអ្នករាល់គ្នា តែងតែមានពួកអ្នកក្រនៅជាមួយជាដរាប តែខ្ញុំមិននៅជាមួយជាដរាបទេ។ មានពួកសាសន៍យូដាសន្ធឹកណាស់ បានដឹងថា ទ្រង់គង់ទីនោះ ដូច្នេះ គេក៏នាំគ្នាមក តែមិនមែនដោយព្រោះព្រះយេស៊ូវប៉ុណ្ណោះ គឺមកចង់ឃើញឡាសារ ដែលទ្រង់ប្រោសឲ្យរស់ពីស្លាប់ឡើងវិញផង តែពួកសង្គ្រាជគេជំនុំគ្នានឹងសំឡាប់ទាំងឡាសារដែរ