យ៉ូហាន 11:45-53
យ៉ូហាន 11:45-53 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ កាលពួកសាសន៍យូដាជាច្រើន ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវបានធ្វើ គេក៏ជឿដល់ព្រះអង្គ តែមានខ្លះបានទៅជួបពួកផារិស៊ី ហើយប្រាប់ពីការដែលព្រះយេស៊ូវបានធ្វើ។ ពេលនោះ ពួកសង្គ្រាជ និងពួកផារិស៊ីបានប្រមូលក្រុមប្រឹក្សាមក ហើយពោលថា៖ «តើយើងត្រូវធ្វើដូចម្តេច? ព្រោះមនុស្សនេះធ្វើទីសម្គាល់ច្រើនណាស់។ បើយើងទុកឲ្យធ្វើតែយ៉ាងដូច្នេះ មនុស្សទាំងអស់នឹងជឿតាមគាត់ ហើយសាសន៍រ៉ូមនឹងមកចាប់យកទាំងស្រុក និងជាតិយើងផង!»។ មានម្នាក់ក្នុងចំណោមពួកគេ ឈ្មោះកៃផា ដែលជាសម្តេចសង្ឃក្នុងឆ្នាំនោះ លោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមិនដឹងអ្វីសោះ! ក៏មិនយល់ថា បើមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជននេះ នោះមានប្រយោជន៍ជាង ដើម្បីកុំឲ្យសាសន៍ទាំងមូលត្រូវវិនាស»។ លោកមានប្រសាសន៍ដូច្នេះ មិនមែនដោយគំនិតរបស់លោកទេ គឺដោយព្រោះលោកជាសម្តេចសង្ឃនៅឆ្នាំនោះ លោកបានទាយថា ព្រះយេស៊ូវត្រូវសុគតជំនួសសាសន៍នោះ ហើយមិនត្រឹមតែជំនួសសាសន៍នោះប៉ុណ្ណោះ គឺសុគតដើម្បីឲ្យអស់ទាំងកូនរបស់ព្រះ ដែលខ្ចាត់ខ្ចាយទៅ បានប្រមូលរួមមកជាសាសន៍តែមួយដែរ។ ដូច្នេះ ចាប់តាំងពីថ្ងៃនោះមក គេក៏ពិគ្រោះគ្នាដើម្បីធ្វើគុតព្រះអង្គ។
យ៉ូហាន 11:45-53 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ជនជាតិយូដាជាច្រើននាក់ ដែលមកផ្ទះនាងម៉ារី បានឃើញព្រះយេស៊ូធ្វើកិច្ចការទាំងនោះ ក៏ជឿលើព្រះអង្គ។ ប៉ុន្តែ មានគ្នាគេខ្លះទៅជួបពួកខាងគណៈផារីស៊ី* រៀបរាប់នូវកិច្ចការដែលព្រះយេស៊ូបានធ្វើ។ ពេលនោះ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី បានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់*មកប្រជុំ ហើយពោលថា៖ «អ្នកនោះបានធ្វើទីសម្គាល់ជាច្រើន តើយើងគិតធ្វើដូចម្ដេច? ប្រសិនបើយើងបណ្ដោយឲ្យគាត់ធ្វើដូច្នេះតទៅទៀត ប្រជាជនមុខតែជឿទៅលើគាត់ទាំងអស់គ្នា ហើយជនជាតិរ៉ូម៉ាំងនឹងមកបំផ្លាញព្រះវិហារ* និងបំបាត់ជាតិសាសន៍របស់យើងជាមិនខាន»។ នៅក្នុងចំណោមពួកគេ មានលោកម្នាក់ឈ្មោះ កៃផា ដែលជាមហាបូជាចារ្យនៅឆ្នាំនោះ លោកមានប្រសាសន៍ទៅគេថា៖ «អស់លោកពុំយល់អ្វីសោះ! តើអស់លោកគិតមិនឃើញទេឬថា បើមនុស្សតែម្នាក់ស្លាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រនោះ ប្រសើរជាងទុកឲ្យជាតិទាំងមូលត្រូវវិនាស!»។ លោកមានប្រសាសន៍ដូច្នេះ មិនមែនផុសចេញពីគំនិតខ្លួនឯងផ្ទាល់ឡើយ គឺក្នុងឋានៈជាមហាបូជាចារ្យនៅឆ្នាំនោះ លោកបានទាយថា ព្រះយេស៊ូត្រូវសោយទិវង្គត ដើម្បីជាប្រយោជន៍ដល់សាសន៍យូដា មិនគ្រាន់តែជាប្រយោជន៍ដល់សាសន៍នេះប៉ុណ្ណោះទេ គឺដើម្បីឲ្យកូនចៅរបស់ព្រះជាម្ចាស់ដែលបែកខ្ញែកគ្នា មករួបរួមជាប្រជាជនតែមួយ។ តាំងពីថ្ងៃនោះមក ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី* បានសម្រេចធ្វើគុតព្រះយេស៊ូ។
យ៉ូហាន 11:45-53 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ កាលពួកសាសន៍យូដា ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវធ្វើ នោះមានគ្នាជាច្រើនជឿដល់ទ្រង់ តែមានខ្លះទៅជំរាបដល់ពួកផារិស៊ី ពីការដែលព្រះយេស៊ូវបានធ្វើ នោះពួកសង្គ្រាជ នឹងពួកផារិស៊ី គេប្រមូលក្រុមប្រឹក្សាមកនិយាយថា តើយើងត្រូវធ្វើដូចម្តេច ព្រោះមនុស្សនេះធ្វើទីសំគាល់ច្រើនណាស់ បើយើងទុកឲ្យធ្វើតែយ៉ាងដូច្នេះទៅ នោះមុខជាមនុស្សទាំងអស់នឹងជឿតាមវាហើយ រួចសាសន៍រ៉ូមនឹងមកចាប់យកទាំងស្រុក នឹងជាតិយើងផង មានក្រុមជំនុំម្នាក់ឈ្មោះកៃផា ដែលធ្វើជាសំដេចសង្ឃក្នុងឆ្នាំនោះ លោកមានប្រសាសន៍ថា អ្នករាល់គ្នាមិនដឹងអ្វីសោះ ក៏មិនគិតពិចារណាឃើញថា បើមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន នោះមានប្រយោជន៍ ដល់អ្នករាល់គ្នាជាជាង ដើម្បីកុំឲ្យជាតិយើងនេះត្រូវវិនាសទាំងអស់ឡើយ តែលោកមិននិយាយសេចក្ដីនោះ ដោយអាងតែខ្លួនលោកទេ គឺដោយព្រោះលោកជាសំដេចសង្ឃនៅឆ្នាំនោះ បានជាលោកទាយថា ព្រះយេស៊ូវត្រូវសុគតជំនួសសាសន៍នោះ ហើយមិនជំនួសត្រឹមតែសាសន៍នោះប៉ុណ្ណោះ គឺសុគតដើម្បីឲ្យអស់ទាំងកូននៃព្រះ ដែលខ្ចាត់ខ្ចាយទៅ បានប្រមូលរួមមកជាសាសន៍តែ១ដែរ ដូច្នេះ ចាប់តាំងពីថ្ងៃនោះមក គេក៏ពិគ្រោះគ្នានឹងសំឡាប់ទ្រង់ចេញ