យ៉ូហាន 11:40-44
យ៉ូហាន 11:40-44 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «តើខ្ញុំមិនបានប្រាប់នាងថា ប្រសិនបើនាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬ?» ដូច្នេះ គេក៏យកថ្មចេញ រួចព្រះយេស៊ូវងើបព្រះនេត្រទៅលើ ទូលថា៖ «ឱព្រះវរបិតាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្ដាប់ទូលបង្គំ។ ទូលបង្គំដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់ទូលបង្គំជានិច្ច តែដែលទូលបង្គំទូលដូច្នេះ គឺដោយព្រោះតែបណ្តាជនដែលឈរនៅទីនេះ ដើម្បីឲ្យគេជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន»។ ពេលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ទ្រង់បន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «ឡាសារអើយ ចេញមក!» អ្នកដែលបានស្លាប់នោះក៏ចេញមក ទាំងមានសំពត់ស្នបរុំជាប់នៅដៃជើង ហើយមានកន្សែងគ្របមុខផង ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរស្រាយក្រណាត់គាត់ចេញ ហើយឲ្យគាត់ទៅចុះ»។
យ៉ូហាន 11:40-44 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំបានប្រាប់នាងរួចមកហើយថា បើនាងជឿ នាងនឹងឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់»។ គេក៏យកថ្មចេញពីមាត់ផ្នូរ។ ព្រះយេស៊ូងើបព្រះភ័ក្ត្រទតទៅលើ មានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្ដាប់ទូលបង្គំ។ ចំពោះទូលបង្គំ ទូលបង្គំដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់ទូលបង្គំជានិច្ច ប៉ុន្តែ ទូលបង្គំទូលព្រះអង្គដូច្នេះ ដើម្បីឲ្យបណ្ដាជនដែលនៅជុំវិញទូលបង្គំ ជឿថាព្រះអង្គពិតជាបានចាត់ទូលបង្គំឲ្យមកមែន»។ លុះព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ឡាសារអើយ! ចេញមក!»។ ពេលនោះ លោកឡាសារដែលបានស្លាប់ ក៏ចេញពីផ្នូរមក មានទាំងក្រណាត់រុំដៃជើង និងកន្សែងគ្របមុខផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «សុំស្រាយក្រណាត់ចេញពីគាត់ ហើយឲ្យគាត់ទៅចុះ»។
យ៉ូហាន 11:40-44 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេស៊ូវមានបន្ទូលទៅនាងថា តើខ្ញុំមិនបានប្រាប់នាងថា បើសិនជានាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬអី ដូច្នេះ គេក៏យកថ្មចេញ រួចព្រះយេស៊ូវងើបព្រះនេត្រទៅលើ ទូលថា ឱព្រះវរបិតាអើយ ទូលបង្គំអរព្រះគុណដល់ព្រះអង្គ ដោយព្រោះទ្រង់បានអនុញ្ញាតតាមទូលបង្គំ ទូលបង្គំដឹងថា ទ្រង់អនុញ្ញាតតាមទូលបង្គំជាដរាប តែដែលទូលបង្គំទូលដូច្នេះ គឺដោយព្រោះតែបណ្តាមនុស្សដែលឈរនៅជុំវិញទេ ដើម្បីឲ្យគេជឿថា ទ្រង់បានចាត់ឲ្យទូលបង្គំមកមែន កាលទ្រង់មានបន្ទូលដូច្នេះហើយ ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក នោះអ្នកដែលបានស្លាប់ ក៏ចេញមក មានទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ ព្រះយេស៊ូវមានបន្ទូលទៅគេថា ចូរស្រាយគាត់ឲ្យទៅចុះ។