យ៉ូហាន 11:32-57

យ៉ូហាន 11:32-57 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នាង​ម៉ារា​ទៅ​ដល់​កន្លែង​ដែល​ព្រះ‌យេស៊ូវ​គង់​នៅ ហើយ​ឃើញ​ព្រះ‌អង្គ នាង​ក្រាប​នៅ​ទៀប​ព្រះ‌បាទ ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​ព្រះ‌អង្គ​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​ស្លាប់​ទេ»។ កាល​ព្រះ‌យេស៊ូវ​ឃើញ​នាង​យំ ហើយ​ពួក​សាសន៍​យូដា ដែល​មក​ជា​មួយ​នាង​យំ​ដែរ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​រំជួល និង​រន្ធត់​យ៉ាង​ខ្លាំង។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​បញ្ចុះ​សព​គាត់​នៅ​ឯ​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់ សូម​យាង​ទៅ​មើល​ចុះ»។ ព្រះ‌យេស៊ូវ​ទ្រង់​ព្រះ‌កន្សែង។ ដូច្នេះ ពួក​សាសន៍​យូដា​និយាយ​ថា៖ «មើល៍! លោក​ស្រឡាញ់​គាត់​ណាស់​ហ្ន៎»។ ប៉ុន្តែ អ្នក​ខ្លះ​និយាយ​ថា៖ «លោក​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​បាន​ភ្លឺ ហេតុ​អ្វី​បាន​ជា​មិន​ឃាត់​មនុស្ស​នេះ​កុំ​ឲ្យ​ស្លាប់​ផង​ទៅ?» ពេល​នោះ ព្រះ‌យេស៊ូវ​រំជួល​ព្រះ‌ហឫ‌ទ័យ​ម្តង​ទៀត រួច​យាង​ទៅ​ឯ​ផ្នូរ។ ផ្នូរ​នោះ​ជា​រូង​ភ្នំ មាន​ថ្ម​មួយ​បិទ​សន្ធប់។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​ថ្ម​ចេញ» តែ​ម៉ាថា ជា​បង​ស្រី​របស់​សព ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សព​នេះ​ធុំ​ក្លិន​អាក្រក់ ព្រោះ​ស្លាប់​បួន​ថ្ងៃ​មក​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា ប្រសិន‌បើ​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរី​ល្អ​នៃ​ព្រះ​ទេ​ឬ?» ដូច្នេះ គេ​ក៏​យក​ថ្ម​ចេញ រួច​ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ​ទៅ​លើ ទូល​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ ទូល​បង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ទូល​បង្គំ។ ទូល​បង្គំ​ដឹង​ថា ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ទូល​បង្គំ​ជា‌និច្ច តែ​ដែល​ទូល​បង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្តា​ជន​ដែល​ឈរ​នៅ​ទី​នេះ ដើម្បី​ឲ្យ​គេ​ជឿ​ថា ព្រះ‌អង្គ​បាន​ចាត់​ទូល​បង្គំ​ឲ្យ​មក​មែន»។ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ទ្រង់​បន្លឺ​ព្រះ​សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «ឡាសារ​អើយ ចេញ​មក!» អ្នក​ដែល​បាន​ស្លាប់​នោះ​ក៏​ចេញ​មក ទាំង​មាន​សំពត់​ស្នប​រុំ​ជាប់​នៅ​ដៃ​ជើង ហើយ​មាន​កន្សែង​គ្រប​មុខ​ផង ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្រាយ​ក្រណាត់​គាត់​ចេញ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។ ដូច្នេះ កាល​ពួក​សាសន៍​យូដា​ជា​ច្រើន ដែល​មក​តាម​នាង​ម៉ារា បាន​ឃើញ​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ គេ​ក៏​ជឿ​ដល់​ព្រះ‌អង្គ តែ​មាន​ខ្លះ​បាន​ទៅ​ជួប​ពួក​ផារិ‌ស៊ី ហើយ​ប្រាប់​ពី​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ។ ពេលនោះ ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​បាន​ប្រមូល​ក្រុម​ប្រឹក្សា​មក ហើយ​ពោល​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច? ព្រោះ​មនុស្ស​នេះ​ធ្វើ​ទី​សម្គាល់​ច្រើន​ណាស់។ បើ​យើង​ទុក​ឲ្យ​ធ្វើ​តែ​យ៉ាង​ដូច្នេះ មនុស្ស​ទាំង​អស់​នឹង​ជឿ​តាម​គាត់ ហើយ​សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក និង​ជាតិ​យើង​ផង!»។ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ឈ្មោះ​កៃផា ដែល​ជា​សម្តេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​មិន​ដឹង​អ្វី​សោះ! ក៏​មិន​យល់​ថា បើ​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តា‌ជន​នេះ នោះ​មាន​ប្រយោជន៍​ជាង ដើម្បី​កុំ​ឲ្យ​សាសន៍​ទាំង​មូល​ត្រូវ​វិនាស»។ លោក​មាន​ប្រសាសន៍​ដូច្នេះ មិន​មែន​ដោយ​គំនិត​របស់​លោក​ទេ គឺ​ដោយ​ព្រោះ​លោក​ជា​សម្តេច​សង្ឃ​នៅ​ឆ្នាំ​នោះ លោក​បាន​ទាយ​ថា ព្រះ‌យេស៊ូវ​ត្រូវ​សុគត​ជំនួស​សាសន៍​នោះ ហើយ​មិន​ត្រឹម​តែ​ជំនួស​សាសន៍​នោះ​ប៉ុណ្ណោះ គឺ​សុគត​ដើម្បី​ឲ្យ​អស់​ទាំង​កូន​របស់​ព្រះ ដែល​ខ្ចាត់‌ខ្ចាយ​ទៅ បាន​ប្រមូល​រួម​មក​ជា​សាសន៍​តែ​មួយ​ដែរ។ ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គេ​ក៏​ពិគ្រោះ​គ្នា​ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ។ ដូច្នេះ ព្រះ‌យេស៊ូវ​មិន​យាង​ទៅ​មក​ដោយ​ចេញ​មុខ ឲ្យ​ពួក​សាសន៍​យូដា​ឃើញ​ទៀត​ឡើយ គឺ​ព្រះ‌អង្គ​យាង​ទៅ​ឯ​ស្រុក​ស្រែ​ក្បែរ​ទី​រហោ‌ស្ថាន​វិញ ដល់​ភូមិ​មួយ​ហៅ​ថា អេប្រា‌អិម ហើយ​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស។ ពេលនោះ ថ្ងៃ​បុណ្យ​រំលង​របស់​សាសន៍​យូដា ក៏​ជិត​មក​ដល់ មាន​មនុស្ស​ជា​ច្រើន​ចេញ​ពី​ស្រុក​ស្រែ ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​មុន​បុណ្យ​នោះ ដើម្បី​ឲ្យ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ។ ពេល​គេ​កំពុង​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ គេ​សួរ​រក​ព្រះ‌យេស៊ូវ​ថា៖ «តើ​អ្នក​គិត​ដូច​ម្តេច? លោក​មិន​មកចូល​រួម​ពិធី​បុណ្យ​នេះ​ទេ​ឬ?» ប៉ុន្តែ ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​បាន​បង្គាប់​ថា បើ​អ្នក​ណា​ដឹង​ថា​ព្រះ‌អង្គ​គង់​នៅ​ឯ​ណា ត្រូវ​ប្រាប់​គេ​ឲ្យ​ដឹង​ផង ដើម្បី​ឲ្យ​គេ​បាន​ទៅ​ចាប់​ព្រះ‌អង្គ។

ចែក​រំលែក
អាន យ៉ូហាន 11

យ៉ូហាន 11:32-57 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​នាង​ម៉ារី​ទៅ​ដល់​កន្លែង​ព្រះ‌យេស៊ូ​គង់​នៅ​ហើយ នាង​ឃើញ​ព្រះអង្គ ក៏​ក្រាប​ទៀប​ព្រះ‌បាទា ទូល​ថា៖ «លោក​ម្ចាស់! ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​នាង​ខ្ញុំ​មិន​ស្លាប់​ទេ»។ ពេល​ព្រះ‌យេស៊ូ​ឃើញ​នាង​ម៉ារី និង​ជន‌ជាតិ​យូដា​ដែល​មក​ជា​មួយ​នាង យំ​ដូច្នេះ ព្រះអង្គ​រំជួល​ព្រះ‌ហឫទ័យ ហើយ​រន្ធត់​ជា​ខ្លាំង​ផង។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​យក​សព​ទៅ​ទុក​នៅ​ឯ​ណា?»។ គេ​ទូល​ព្រះអង្គ​ថា៖ «សូម​អញ្ជើញ​មក លោក​នឹង​ឃើញ»។ ពេល​នោះ ព្រះ‌យេស៊ូ​ទ្រង់​ព្រះ‌កន្សែង។ ជន‌ជាតិ​យូដា​នាំ​គ្នា​ពោល​ថា៖ «មើល៍! លោក​ស្រឡាញ់​ឡាសារ​ខ្លាំង​ណាស់!»។ ប៉ុន្តែ នៅ​ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​និយាយ​ថា៖ «លោក​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​មើល​ឃើញ ម្ដេច​ក៏​លោក​មិន​ធ្វើ​ឲ្យ​ឡាសារ​គេច​ផុត​ពី​ស្លាប់​ផង​ទៅ!»។ ព្រះ‌យេស៊ូ​រំជួល​ព្រះ‌ហឫទ័យ​ម្ដង​ទៀត រួច​យាង​ទៅ​ផ្នូរ។ ផ្នូរ​នោះ​ជា​រូង​ភ្នំ មាន​ថ្ម​បាំង​នៅ​មាត់​រូង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​យក​ថ្ម​នេះ​ចេញ!»។ នាង​ម៉ាថា ជា​បង​របស់​សព ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ សព​ធុំ​ក្លិន​ហើយ ព្រោះ​គេ​បាន​យក​មក​ដាក់​តាំង​ពី​បួន​ថ្ងៃ​ម៉្លេះ»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​បាន​ប្រាប់​នាង​រួច​មក​ហើយ​ថា បើ​នាង​ជឿ នាង​នឹង​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់»។ គេ​ក៏​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ។ ព្រះ‌យេស៊ូ​ងើប​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​លើ មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌បិតា ទូលបង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះអង្គ ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ។ ចំពោះ​ទូលបង្គំ ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ​ជានិច្ច ប៉ុន្តែ ទូលបង្គំ​ទូល​ព្រះអង្គ​ដូច្នេះ ដើម្បី​ឲ្យ​បណ្ដា‌ជន​ដែល​នៅ​ជុំ‌វិញ​ទូលបង្គំ ជឿ​ថា​ព្រះអង្គ​ពិត​ជា​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​មែន»។ លុះ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖ «ឡាសារ​អើយ! ចេញ​មក!»។ ពេល​នោះ លោក​ឡាសារ​ដែល​បាន​ស្លាប់ ក៏​ចេញ​ពី​ផ្នូរ​មក មាន​ទាំង​ក្រណាត់​រុំ​ដៃ​ជើង និង​កន្សែង​គ្រប​មុខ​ផង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «សុំ​ស្រាយ​ក្រណាត់​ចេញ​ពី​គាត់ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។ ជន‌ជាតិ​យូដា​ជា​ច្រើន​នាក់ ដែល​មក​ផ្ទះ​នាង​ម៉ារី បាន​ឃើញ​ព្រះ‌យេស៊ូ​ធ្វើ​កិច្ចការ​ទាំង​នោះ ក៏​ជឿ​លើ​ព្រះអង្គ។ ប៉ុន្តែ មាន​គ្នា​គេ​ខ្លះ​ទៅ​ជួប​ពួក​ខាង​គណៈ​ផារីស៊ី* រៀប​រាប់​នូវ​កិច្ចការ​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ។ ពេល​នោះ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​មក​ប្រជុំ ហើយ​ពោល​ថា៖ «អ្នក​នោះ​បាន​ធ្វើ​ទី​សម្គាល់​ជា​ច្រើន តើ​យើង​គិត​ធ្វើ​ដូច​ម្ដេច? ប្រសិន​បើ​យើង​បណ្ដោយ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ត​ទៅ​ទៀត ប្រជា‌ជន​មុខ​តែ​ជឿ​ទៅ​លើ​គាត់​ទាំង​អស់​គ្នា ហើយ​ជន‌ជាតិ​រ៉ូម៉ាំង​នឹង​មក​បំផ្លាញ​ព្រះ‌វិហារ* និង​បំបាត់​ជាតិ​សាសន៍​របស់​យើង​ជា​មិន​ខាន»។ នៅ​ក្នុង​ចំណោម​ពួក​គេ មាន​លោក​ម្នាក់​ឈ្មោះ កៃផា ដែល​ជា​មហា​បូជា‌ចារ្យ​នៅ​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​ពុំ​យល់​អ្វី​សោះ! តើ​អស់​លោក​គិត​មិន​ឃើញ​ទេ​ឬ​ថា បើ​មនុស្ស​តែ​ម្នាក់​ស្លាប់​ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ​នោះ ប្រសើរ​ជាង​ទុក​ឲ្យ​ជាតិ​ទាំង​មូល​ត្រូវ​វិនាស!»។ លោក​មាន​ប្រសាសន៍​ដូច្នេះ មិន​មែន​ផុស​ចេញ​ពី​គំនិត​ខ្លួន​ឯង​ផ្ទាល់​ឡើយ គឺ​ក្នុង​ឋានៈ​ជា​មហា​បូជា‌ចារ្យ​នៅ​ឆ្នាំ​នោះ លោក​បាន​ទាយ​ថា ព្រះ‌យេស៊ូ​ត្រូវ​សោយ​ទិវង្គត ដើម្បី​ជា​ប្រយោជន៍​ដល់​សាសន៍​យូដា មិន​គ្រាន់​តែ​ជា​ប្រយោជន៍​ដល់​សាសន៍​នេះ​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​ឲ្យ​កូន​ចៅ​របស់​ព្រះ‌ជាម្ចាស់​ដែល​បែក‌ខ្ញែក​គ្នា មក​រួប‌រួម​ជា​ប្រជា‌ជន​តែ​មួយ។ តាំង​ពី​ថ្ងៃ​នោះ​មក ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី* បាន​សម្រេច​ធ្វើ​គុត​ព្រះ‌យេស៊ូ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​យាង​ទៅ​មក ដោយ​ចេញ​មុខ​ឲ្យ​ជន‌ជាតិ​យូដា​ឃើញ​ទៀត​ឡើយ គឺ​ព្រះអង្គ​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​តំបន់​ជិត​វាល​រហោ‌ស្ថាន ត្រង់​ភូមិ​មួយ​ឈ្មោះ​អេប្រាអ៊ីម ហើយ​ព្រះអង្គ​ស្នាក់​នៅ​ក្នុង​ភូមិ​នោះ​ជា​មួយ​ពួក​សិស្ស*។ ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​ចម្លង*​របស់​ជន‌ជាតិ​យូដា​ហើយ។ អ្នក​ស្រុក​ជា​ច្រើន​នាំ​គ្នា​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម មុន​ថ្ងៃ​បុណ្យ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ*។ គេ​រក​ព្រះ‌យេស៊ូ ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ព្រះ‌វិហារ*​ថា៖ «អ្នក​គិត​ដូច​ម្ដេច? លោក​មិន​ហ៊ាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ទេ​មើល​ទៅ!»។ ពួក​នាយក​បូជា‌ចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ចេញ​បញ្ជា​ថា បើ​អ្នក​ណា​ដឹង​ព្រះអង្គ​គង់​នៅ​ឯ​ណា ត្រូវ​ប្រាប់​ពួក​គេ ដើម្បី​ឲ្យ​គេ​ចាប់​ព្រះអង្គ។

ចែក​រំលែក
អាន យ៉ូហាន 11

យ៉ូហាន 11:32-57 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នាង​ម៉ារា​ក៏​ទៅ​ដល់​កន្លែង ដែល​ព្រះ‌យេស៊ូវ​គង់​នៅ កាល​បាន​ឃើញ​ទ្រង់ នោះ​នាង​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទូល​ថា ព្រះ‌អម្ចាស់​អើយ បើ​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ កាល​ព្រះ‌យេស៊ូវ​ឃើញ​នាង​យំ ព្រម​ទាំង​ពួក​សាសន៍​យូដា ដែល​មក​ជា​មួយ​នឹង​នាង​ផង នោះ​ទ្រង់​មាន​សេចក្ដី​រំជួល ទាំង​ក្នាញ់​ក្នុង​ព្រះ‌ហឫទ័យ ហើយ​មាន​បន្ទូល​សួរ​ថា អ្នក​រាល់​គ្នា​បាន​យក​រូប​បុគ្គល​ទៅ​ទុក​ឯ​ណា គេ​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់ សូម​យាង​ទៅ​ទត​មើល ព្រះ‌យេស៊ូវ​ក៏​ទ្រង់​ព្រះ‌កន្សែង ដូច្នេះ ពួក​សាសន៍​យូដា​និយាយ​ថា មើល លោក​ស្រឡាញ់​គាត់​ណាស់​ហ្ន៎ ហើយ​ពួក​គេ​ខ្លះ​និយាយ​ថា លោក​នេះ​ដែល​បាន​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​ភ្លឺ តើ​ពុំ​អាច​នឹង​ឃាត់​មិន​ឲ្យ​មនុស្ស​នេះ​ស្លាប់​បាន​ដែរ​ឬ នោះ​ព្រះ‌យេស៊ូវ​យាង​ទៅ​ដល់​ផ្នូរ ទាំង​មាន​សេចក្ដី​ក្នាញ់​ក្នុង​ព្រះ‌ហឫទ័យ​ម្តង​ទៀត ឯ​ផ្នូរ​នោះ​ជា​រអាង​ភ្នំ ហើយ​មាន​ថ្ម​១​បិទ​សន្ធប់ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ចូរ​យក​ថ្ម​ចេញ តែ​ម៉ាថា ជា​បង​របស់​រូប​បុគ្គល​នោះ​ទូល​ថា ព្រះ‌អម្ចាស់​អើយ ខ្មោច​នេះ​ធុំ​ក្លិន​ហើយ ព្រោះ​ស្លាប់​កន្លង​មក​បាន​៤​ថ្ងៃ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​នាង​ថា តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា បើ​សិន​ជា​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរី‌ល្អ​នៃ​ព្រះ​ទេ​ឬ​អី ដូច្នេះ គេ​ក៏​យក​ថ្ម​ចេញ រួច​ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ​ទៅ​លើ ទូល​ថា ឱ​ព្រះវរ‌បិតា​អើយ ទូលបង្គំ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដោយ​ព្រោះ​ទ្រង់​បាន​អនុញ្ញាត​តាម​ទូលបង្គំ ទូលបង្គំ​ដឹង​ថា ទ្រង់​អនុញ្ញាត​តាម​ទូលបង្គំ​ជា​ដរាប តែ​ដែល​ទូលបង្គំ​ទូល​ដូច្នេះ គឺ​ដោយ​ព្រោះ​តែ​បណ្តា​មនុស្ស​ដែល​ឈរ​នៅ​ជុំ‌វិញ​ទេ ដើម្បី​ឲ្យ​គេ​ជឿ​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន កាល​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ហើយ ក៏​បន្លឺ​វាចា​ថា ឡាសារ​អើយ ចូរ​ចេញ​មក នោះ​អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់‌ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ​ផង ហើយ​មាន​កន្សែង​គ្រប​មុខ​ដែរ ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​ស្រាយ​គាត់​ឲ្យ​ទៅ​ចុះ។ ដូច្នេះ កាល​ពួក​សាសន៍​យូដា ដែល​មក​តាម​នាង​ម៉ារា បាន​ឃើញ​ការ​ដែល​ព្រះ‌យេស៊ូវ​ធ្វើ នោះ​មាន​គ្នា​ជា​ច្រើន​ជឿ​ដល់​ទ្រង់ តែ​មាន​ខ្លះ​ទៅ​ជំរាប​ដល់​ពួក​ផារិស៊ី ពី​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ នោះ​ពួក​សង្គ្រាជ នឹង​ពួក​ផារិស៊ី គេ​ប្រមូល​ក្រុម​ប្រឹក្សា​មក​និយាយ​ថា តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ព្រោះ​មនុស្ស​នេះ​ធ្វើ​ទី​សំគាល់​ច្រើន​ណាស់ បើ​យើង​ទុក​ឲ្យ​ធ្វើ​តែ​យ៉ាង​ដូច្នេះ​ទៅ នោះ​មុខ​ជា​មនុស្ស​ទាំង​អស់​នឹង​ជឿ​តាម​វា​ហើយ រួច​សាសន៍​រ៉ូម​នឹង​មក​ចាប់​យក​ទាំង​ស្រុក នឹង​ជាតិ​យើង​ផង មាន​ក្រុម‌ជំនុំ​ម្នាក់​ឈ្មោះ​កៃផា ដែល​ធ្វើ​ជា​សំដេច​សង្ឃ​ក្នុង​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ថា អ្នក​រាល់​គ្នា​មិន​ដឹង​អ្វី​សោះ ក៏​មិន​គិត​ពិចារណា​ឃើញ​ថា បើ​មាន​មនុស្ស​ម្នាក់​ស្លាប់​ជំនួស​បណ្តាជន នោះ​មាន​ប្រយោជន៍ ដល់​អ្នក​រាល់​គ្នា​ជា​ជាង ដើម្បី​កុំ​ឲ្យ​ជាតិ​យើង​នេះ​ត្រូវ​វិនាស​ទាំង​អស់​ឡើយ តែ​លោក​មិន​និយាយ​សេចក្ដី​នោះ ដោយ​អាង​តែ​ខ្លួន​លោក​ទេ គឺ​ដោយ​ព្រោះ​លោក​ជា​សំដេច​សង្ឃ​នៅ​ឆ្នាំ​នោះ បាន​ជា​លោក​ទាយ​ថា ព្រះ‌យេស៊ូវ​ត្រូវ​សុគត​ជំនួស​សាសន៍​នោះ ហើយ​មិន​ជំនួស​ត្រឹម​តែ​សាសន៍​នោះ​ប៉ុណ្ណោះ គឺ​សុគត​ដើម្បី​ឲ្យ​អស់​ទាំង​កូន​នៃ​ព្រះ ដែល​ខ្ចាត់​ខ្ចាយ​ទៅ បាន​ប្រមូល​រួម​មក​ជា​សាសន៍​តែ​១​ដែរ ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គេ​ក៏​ពិគ្រោះ​គ្នា​នឹង​សំឡាប់​ទ្រង់​ចេញ ហេតុ​នោះ​បាន​ជា​ព្រះ‌យេស៊ូវ មិន​បាន​យាង​នៅ​ក្នុង​ពួក​សាសន៍​យូដា ឲ្យ​គេ​ឃើញ​ទៀត​ទេ គឺ​ទ្រង់​យាង​ទៅ​ឯ​ស្រុក​ស្រែ​ក្បែរ​ទី​រហោ‌ស្ថាន​វិញ ដល់​ភូមិ​១​ហៅ​ថា អេប្រា‌អិម ក៏​គង់​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​សិស្ស។ រីឯ​បុណ្យ​រំលង​របស់​សាសន៍​យូដា នោះ​ជិត​ដល់​ហើយ ក៏​មាន​មនុស្ស​ជា​ច្រើន​ចេញ​ពី​ស្រុក​ស្រែ ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​មុន​បុណ្យ​នោះ ដើម្បី​ឲ្យ​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ ពួក​អ្នក​ទាំង​នោះ​កំពុង​តែ​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ សួរ​គ្នា​រក​ព្រះ‌យេស៊ូវ​ថា លោក​នោះ​មិន​មក​ឯ​បុណ្យ​នេះ​ទេ​ឬ​អី តើ​គិត​ដូច​ម្តេច ឯ​ពួក​សង្គ្រាជ​នឹង​ពួក​ផារិស៊ី​បាន​បង្គាប់​មក​ថា បើ​អ្នក​ណា​ដឹង​ជា​ទ្រង់​គង់​នៅ​ឯ​ណា នោះ​ត្រូវ​ប្រាប់​ឲ្យ​គេ​ដឹង​ផង ដើម្បី​ឲ្យ​គេ​បាន​ទៅ​ចាប់​ទ្រង់។

ចែក​រំលែក
អាន យ៉ូហាន 11