យ៉ូហាន 11:24-45
យ៉ូហាន 11:24-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ម៉ាថាទូលព្រះអង្គថា៖ «ខ្ញុំម្ចាស់ដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងវិញដែរ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំជាសេចក្តីរស់ឡើងវិញ និងជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ អ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ។ តើនាងជឿសេចក្តីនេះឬទេ?» នាងទូលព្រះអង្គថា៖ «ព្រះពរព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយ ថាព្រះអង្គជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះ ដែលត្រូវយាងមកក្នុងពិភពលោកនេះមែន»។ ពេលនាងម៉ាថានិយាយដូច្នេះហើយ នាងក៏ទៅហៅម៉ារាជាប្អូន ដោយស្ងាត់ៗថា៖ «លោកគ្រូអញ្ជើញមកដល់ហើយ លោកហៅឯង»។ កាលនាងម៉ារាបានឮដូច្នេះ នាងក្រោកឡើងជាប្រញាប់ទៅរកព្រះអង្គ។ ពេលនេះ ព្រះយេស៊ូវមិនទាន់យាងចូលក្នុងភូមិនៅឡើយទេ គឺព្រះអង្គគង់នៅត្រង់កន្លែងដែលម៉ាថាបានជួប។ កាលពួកសាសន៍យូដា ដែលនៅក្នុងផ្ទះជាមួយនាង កំពុងកម្សាន្តចិត្តនាង ឃើញម៉ារាក្រោកឡើង ហើយចេញទៅយ៉ាងប្រញាប់ប្រញាល់ដូច្នេះ គេក៏ទៅតាមនាង ព្រោះគេគិតថានាងទៅយំនៅឯផ្នូរ។ ពេលនាងម៉ារាទៅដល់កន្លែងដែលព្រះយេស៊ូវគង់នៅ ហើយឃើញព្រះអង្គ នាងក្រាបនៅទៀបព្រះបាទ ទូលថា៖ «ព្រះអម្ចាស់អើយ បើព្រះអង្គបានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនស្លាប់ទេ»។ កាលព្រះយេស៊ូវឃើញនាងយំ ហើយពួកសាសន៍យូដា ដែលមកជាមួយនាងយំដែរ ព្រះអង្គមានព្រះហឫទ័យរំជួល និងរន្ធត់យ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖ «តើអ្នករាល់គ្នាបញ្ចុះសពគាត់នៅឯណា?» គេទូលឆ្លើយថា៖ «ព្រះអម្ចាស់ សូមយាងទៅមើលចុះ»។ ព្រះយេស៊ូវទ្រង់ព្រះកន្សែង។ ដូច្នេះ ពួកសាសន៍យូដានិយាយថា៖ «មើល៍! លោកស្រឡាញ់គាត់ណាស់ហ្ន៎»។ ប៉ុន្តែ អ្នកខ្លះនិយាយថា៖ «លោកនេះអាចធ្វើឲ្យមនុស្សខ្វាក់បានភ្លឺ ហេតុអ្វីបានជាមិនឃាត់មនុស្សនេះកុំឲ្យស្លាប់ផងទៅ?» ពេលនោះ ព្រះយេស៊ូវរំជួលព្រះហឫទ័យម្តងទៀត រួចយាងទៅឯផ្នូរ។ ផ្នូរនោះជារូងភ្នំ មានថ្មមួយបិទសន្ធប់។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ចូរយកថ្មចេញ» តែម៉ាថា ជាបងស្រីរបស់សព ទូលថា៖ «ព្រះអម្ចាស់អើយ សពនេះធុំក្លិនអាក្រក់ ព្រោះស្លាប់បួនថ្ងៃមកហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «តើខ្ញុំមិនបានប្រាប់នាងថា ប្រសិនបើនាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬ?» ដូច្នេះ គេក៏យកថ្មចេញ រួចព្រះយេស៊ូវងើបព្រះនេត្រទៅលើ ទូលថា៖ «ឱព្រះវរបិតាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្ដាប់ទូលបង្គំ។ ទូលបង្គំដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់ទូលបង្គំជានិច្ច តែដែលទូលបង្គំទូលដូច្នេះ គឺដោយព្រោះតែបណ្តាជនដែលឈរនៅទីនេះ ដើម្បីឲ្យគេជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន»។ ពេលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ទ្រង់បន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «ឡាសារអើយ ចេញមក!» អ្នកដែលបានស្លាប់នោះក៏ចេញមក ទាំងមានសំពត់ស្នបរុំជាប់នៅដៃជើង ហើយមានកន្សែងគ្របមុខផង ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរស្រាយក្រណាត់គាត់ចេញ ហើយឲ្យគាត់ទៅចុះ»។ ដូច្នេះ កាលពួកសាសន៍យូដាជាច្រើន ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវបានធ្វើ គេក៏ជឿដល់ព្រះអង្គ
យ៉ូហាន 11:24-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នាងទូលទៅព្រះអង្គវិញថា៖ «នាងខ្ញុំដឹងហើយ នៅថ្ងៃចុងក្រោយបំផុត កាលណាមនុស្សស្លាប់នឹងរស់ឡើងវិញ ប្អូននាងខ្ញុំក៏នឹងរស់ឡើងវិញដែរ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំហ្នឹងហើយ ដែលប្រោសមនុស្សឲ្យរស់ឡើងវិញ ខ្ញុំនឹងផ្ដល់ឲ្យគេមានជីវិត។ អ្នកណាជឿលើខ្ញុំ ទោះបីស្លាប់ទៅហើយក៏ដោយ ក៏នឹងបានរស់ជាមិនខាន។ រីឯអស់អ្នកដែលកំពុងតែមានជីវិតនៅរស់ ហើយជឿលើខ្ញុំ មិនស្លាប់សោះឡើយ តើនាងជឿសេចក្ដីនេះឬទេ?»។ នាងម៉ាថាទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ខ្ញុំម្ចាស់ជឿថា ព្រះអង្គពិតជាព្រះគ្រិស្ត* ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះអង្គដែលត្រូវយាងមកក្នុងពិភពលោកនេះមែន!»។ នាងម៉ាថានិយាយដូច្នេះហើយ ក៏ចេញទៅហៅនាងម៉ារីជាប្អូន ដោយស្ងាត់ៗថា៖ «ព្រះគ្រូយាងមកដល់ហើយ ព្រះអង្គហៅប្អូនឯង»។ នាងម៉ារីឮហើយ ក៏ស្ទុះក្រោកឡើង ទៅគាល់ព្រះយេស៊ូជាប្រញាប់។ ពេលនោះ ព្រះអង្គពុំទាន់យាងចូលក្នុងភូមិនៅឡើយទេ គឺព្រះអង្គគង់នៅកន្លែងដែលនាងម៉ាថាទៅជួប។ ជនជាតិយូដា ដែលមកជួយរំលែកទុក្ខក្នុងផ្ទះជាមួយនាងម៉ារី ឃើញនាងស្ទុះក្រោកឡើង ប្រញាប់ប្រញាល់ចេញទៅខាងក្រៅដូច្នេះ ក៏នាំគ្នាចេញទៅតាម ព្រោះគេស្មានថានាងទៅយំឯផ្នូរ។ លុះនាងម៉ារីទៅដល់កន្លែងព្រះយេស៊ូគង់នៅហើយ នាងឃើញព្រះអង្គ ក៏ក្រាបទៀបព្រះបាទា ទូលថា៖ «លោកម្ចាស់! ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសនាងខ្ញុំមិនស្លាប់ទេ»។ ពេលព្រះយេស៊ូឃើញនាងម៉ារី និងជនជាតិយូដាដែលមកជាមួយនាង យំដូច្នេះ ព្រះអង្គរំជួលព្រះហឫទ័យ ហើយរន្ធត់ជាខ្លាំងផង។ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នករាល់គ្នាយកសពទៅទុកនៅឯណា?»។ គេទូលព្រះអង្គថា៖ «សូមអញ្ជើញមក លោកនឹងឃើញ»។ ពេលនោះ ព្រះយេស៊ូទ្រង់ព្រះកន្សែង។ ជនជាតិយូដានាំគ្នាពោលថា៖ «មើល៍! លោកស្រឡាញ់ឡាសារខ្លាំងណាស់!»។ ប៉ុន្តែ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះនិយាយថា៖ «លោកអាចធ្វើឲ្យមនុស្សខ្វាក់មើលឃើញ ម្ដេចក៏លោកមិនធ្វើឲ្យឡាសារគេចផុតពីស្លាប់ផងទៅ!»។ ព្រះយេស៊ូរំជួលព្រះហឫទ័យម្ដងទៀត រួចយាងទៅផ្នូរ។ ផ្នូរនោះជារូងភ្នំ មានថ្មបាំងនៅមាត់រូង។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សុំយកថ្មនេះចេញ!»។ នាងម៉ាថា ជាបងរបស់សព ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ សពធុំក្លិនហើយ ព្រោះគេបានយកមកដាក់តាំងពីបួនថ្ងៃម៉្លេះ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំបានប្រាប់នាងរួចមកហើយថា បើនាងជឿ នាងនឹងឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់»។ គេក៏យកថ្មចេញពីមាត់ផ្នូរ។ ព្រះយេស៊ូងើបព្រះភ័ក្ត្រទតទៅលើ មានព្រះបន្ទូលថា៖ «បពិត្រព្រះបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្ដាប់ទូលបង្គំ។ ចំពោះទូលបង្គំ ទូលបង្គំដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់ទូលបង្គំជានិច្ច ប៉ុន្តែ ទូលបង្គំទូលព្រះអង្គដូច្នេះ ដើម្បីឲ្យបណ្ដាជនដែលនៅជុំវិញទូលបង្គំ ជឿថាព្រះអង្គពិតជាបានចាត់ទូលបង្គំឲ្យមកមែន»។ លុះព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ព្រះអង្គបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ឡាសារអើយ! ចេញមក!»។ ពេលនោះ លោកឡាសារដែលបានស្លាប់ ក៏ចេញពីផ្នូរមក មានទាំងក្រណាត់រុំដៃជើង និងកន្សែងគ្របមុខផង។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «សុំស្រាយក្រណាត់ចេញពីគាត់ ហើយឲ្យគាត់ទៅចុះ»។ ជនជាតិយូដាជាច្រើននាក់ ដែលមកផ្ទះនាងម៉ារី បានឃើញព្រះយេស៊ូធ្វើកិច្ចការទាំងនោះ ក៏ជឿលើព្រះអង្គ។
យ៉ូហាន 11:24-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម៉ាថាទូលទ្រង់ថា ខ្ញុំដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងដែរ ព្រះយេស៊ូវមានបន្ទូលទៅនាងថា ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្ដីនេះឬទេ នាងទូលឆ្លើយថា ព្រះពរព្រះអម្ចាស់ ខ្ញុំម្ចាស់ជឿហើយថា ទ្រង់ជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះ ដែលត្រូវយាងមកក្នុងលោកីយមែន។ កាលនាងបានពោលពាក្យដូច្នោះហើយ នោះក៏ទៅហៅម៉ារា ប្អូននាង មកដោយសំងាត់ ប្រាប់ថា លោកគ្រូអញ្ជើញមកដល់ហើយ លោកហៅរកឯង កាលនាងម៉ារាបានឮពាក្យនោះ ក៏ក្រោកឡើងជាប្រញាប់ទៅឯទ្រង់ ឯព្រះយេស៊ូវ ទ្រង់មិនទាន់យាងចូលក្នុងភូមិនៅឡើយ គឺទ្រង់គង់នៅត្រង់កន្លែងដែលម៉ាថាបានជួបនោះ កាលពួកសាសន៍យូដា ដែលនៅក្នុងផ្ទះ កំពុងតែជួយកំសាន្តចិត្តនាងម៉ារា បានឃើញថា នាងក្រោកឡើងចេញទៅជាប្រញាប់ដូច្នេះ គេក៏តាមនាងទៅ ដោយនិយាយគ្នាថា នាងគិតទៅយំឯផ្នូរហើយ។ នាងម៉ារាក៏ទៅដល់កន្លែង ដែលព្រះយេស៊ូវគង់នៅ កាលបានឃើញទ្រង់ នោះនាងក្រាបនៅទៀបព្រះបាទទូលថា ព្រះអម្ចាស់អើយ បើទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ កាលព្រះយេស៊ូវឃើញនាងយំ ព្រមទាំងពួកសាសន៍យូដា ដែលមកជាមួយនឹងនាងផង នោះទ្រង់មានសេចក្ដីរំជួល ទាំងក្នាញ់ក្នុងព្រះហឫទ័យ ហើយមានបន្ទូលសួរថា អ្នករាល់គ្នាបានយករូបបុគ្គលទៅទុកឯណា គេទូលឆ្លើយថា ព្រះអម្ចាស់ សូមយាងទៅទតមើល ព្រះយេស៊ូវក៏ទ្រង់ព្រះកន្សែង ដូច្នេះ ពួកសាសន៍យូដានិយាយថា មើល លោកស្រឡាញ់គាត់ណាស់ហ្ន៎ ហើយពួកគេខ្លះនិយាយថា លោកនេះដែលបានប្រោសមនុស្សខ្វាក់ឲ្យភ្លឺ តើពុំអាចនឹងឃាត់មិនឲ្យមនុស្សនេះស្លាប់បានដែរឬ នោះព្រះយេស៊ូវយាងទៅដល់ផ្នូរ ទាំងមានសេចក្ដីក្នាញ់ក្នុងព្រះហឫទ័យម្តងទៀត ឯផ្នូរនោះជារអាងភ្នំ ហើយមានថ្ម១បិទសន្ធប់ ព្រះយេស៊ូវមានបន្ទូលថា ចូរយកថ្មចេញ តែម៉ាថា ជាបងរបស់រូបបុគ្គលនោះទូលថា ព្រះអម្ចាស់អើយ ខ្មោចនេះធុំក្លិនហើយ ព្រោះស្លាប់កន្លងមកបាន៤ថ្ងៃ ព្រះយេស៊ូវមានបន្ទូលទៅនាងថា តើខ្ញុំមិនបានប្រាប់នាងថា បើសិនជានាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬអី ដូច្នេះ គេក៏យកថ្មចេញ រួចព្រះយេស៊ូវងើបព្រះនេត្រទៅលើ ទូលថា ឱព្រះវរបិតាអើយ ទូលបង្គំអរព្រះគុណដល់ព្រះអង្គ ដោយព្រោះទ្រង់បានអនុញ្ញាតតាមទូលបង្គំ ទូលបង្គំដឹងថា ទ្រង់អនុញ្ញាតតាមទូលបង្គំជាដរាប តែដែលទូលបង្គំទូលដូច្នេះ គឺដោយព្រោះតែបណ្តាមនុស្សដែលឈរនៅជុំវិញទេ ដើម្បីឲ្យគេជឿថា ទ្រង់បានចាត់ឲ្យទូលបង្គំមកមែន កាលទ្រង់មានបន្ទូលដូច្នេះហើយ ក៏បន្លឺវាចាថា ឡាសារអើយ ចូរចេញមក នោះអ្នកដែលបានស្លាប់ ក៏ចេញមក មានទាំងសំពត់ស្នបរុំជាប់នៅជើងដៃផង ហើយមានកន្សែងគ្របមុខដែរ ព្រះយេស៊ូវមានបន្ទូលទៅគេថា ចូរស្រាយគាត់ឲ្យទៅចុះ។ ដូច្នេះ កាលពួកសាសន៍យូដា ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវធ្វើ នោះមានគ្នាជាច្រើនជឿដល់ទ្រង់