យ៉ូហាន 10:22-33
យ៉ូហាន 10:22-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ជារដូវរងា ហើយគេនាំគ្នាធ្វើបុណ្យឆ្លងនៅក្រុងយេរូសាឡិម ព្រះយេស៊ូវយាងចុះឡើងក្នុងព្រះវិហារ ត្រង់ថែវព្រះបាទសាឡូម៉ូន។ ដូច្នេះពួកសាសន៍យូដាចោមរោមព្រះអង្គ ហើយទូលសួរថា៖ «តើលោកទុកឲ្យយើងខ្ញុំនៅស្ទាក់ស្ទើរដល់កាលណាទៀត? បើលោកជាព្រះគ្រីស្ទពិតមែន សូមប្រាប់យើងខ្ញុំឲ្យច្បាស់មក»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នាមិនជឿ កិច្ចការទាំងប៉ុន្មានដែលខ្ញុំធ្វើ ក្នុងនាមព្រះវរបិតាខ្ញុំ កិច្ចការនោះឯងធ្វើបន្ទាល់ពីខ្ញុំ ប៉ុន្តែ អ្នករាល់គ្នាមិនជឿ ព្រោះអ្នករាល់គ្នាមិនមែនជាចៀមរបស់ខ្ញុំទេ។ ចៀមរបស់ខ្ញុំតែងស្តាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះដែរ ហើយចៀមទាំងនោះមកតាមខ្ញុំ។ ខ្ញុំឲ្យគេមានជីវិតអស់កល្បជានិច្ច គេមិនត្រូវវិនាសឡើយ ក៏គ្មានអ្នកណាឆក់យកគេពីដៃខ្ញុំបានដែរ។ ព្រះវរបិតាខ្ញុំ ដែលប្រទានចៀមទាំងនោះមកខ្ញុំ ទ្រង់ធំលើសជាងអ្វីទាំងអស់ គ្មានអ្នកណាអាចឆក់គេចេញពីព្រះហស្តរបស់ព្រះអង្គបានឡើយ ព្រះវរបិតា និងខ្ញុំ គឺតែមួយ»។ ពួកសាសន៍យូដាក៏រើសដុំថ្មម្ដងទៀត បម្រុងនឹងគប់ព្រះអង្គ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានសម្តែងឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើន ដែលមកពីព្រះវរបិតាខ្ញុំ តើមានអ្វីដែលនាំឲ្យអ្នករាល់គ្នាចង់គប់ខ្ញុំ?» ពួកសាសន៍យូដាទូលឆ្លើយថា៖ «មិនមែនដោយព្រោះការល្អណាទេ យើងចង់គប់អ្នកនឹងដុំថ្ម គឺដោយព្រោះពាក្យប្រមាថដល់ព្រះ អ្នកជាមនុស្ស ហើយតាំងខ្លួនជាព្រះ»។
យ៉ូហាន 10:22-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ជារដូវរងា គេនាំគ្នាធ្វើបុណ្យរំឭកពិធីឆ្លងព្រះវិហារ* នៅក្រុងយេរូសាឡឹម។ ព្រះយេស៊ូយាងចុះឡើងក្នុងថែវព្រះវិហារដែលមានឈ្មោះថា «ថែវព្រះបាទសាឡូម៉ូន»។ ជនជាតិយូដានាំគ្នាចោមរោមព្រះអង្គ ទូលសួរថា៖ «តើលោកទុកឲ្យយើងខ្ញុំនៅរារែកក្នុងចិត្តដល់ណាទៀត? ប្រសិនបើលោកពិតជាព្រះគ្រិស្ត*មែន សូមប្រាប់យើងខ្ញុំឲ្យត្រង់ៗមក»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយ តែអ្នករាល់គ្នាមិនជឿទេ។ កិច្ចការទាំងប៉ុន្មានដែលខ្ញុំបានធ្វើក្នុងព្រះនាមព្រះបិតារបស់ខ្ញុំ ជាសក្ខីភាព*បញ្ជាក់អំពីខ្ញុំស្រាប់។ ប៉ុន្តែ អ្នករាល់គ្នាមិនជឿសោះ ព្រោះអ្នករាល់គ្នាមិននៅក្នុងចំណោមចៀមរបស់ខ្ញុំ។ ចៀមរបស់ខ្ញុំតែងស្ដាប់សំឡេងខ្ញុំ ខ្ញុំស្គាល់ចៀមទាំងនោះ ហើយចៀមទាំងនោះមកតាមខ្ញុំ។ ខ្ញុំឲ្យគេមានជីវិតអស់កល្បជានិច្ច គេមិនវិនាសអន្តរាយឡើយ ហើយគ្មាននរណាអាចឆក់យកគេពីដៃខ្ញុំជាដាច់ខាត។ ព្រះបិតាដែលបានប្រទានចៀមទាំងនោះមកឲ្យខ្ញុំ ព្រះអង្គមានអំណាចធំលើសអ្វីៗទាំងអស់ គ្មាននរណាអាចឆក់យកគេពីព្រះហស្ដព្រះបិតាឡើយ។ ខ្ញុំ និងព្រះបិតាជាអង្គតែមួយ»។ ជនជាតិយូដានាំគ្នារើសដុំថ្មម្ដងទៀត បម្រុងនឹងគប់សម្លាប់ព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានបង្ហាញឲ្យអ្នករាល់គ្នាឃើញកិច្ចការដ៏ល្អប្រសើរជាច្រើន ដែលព្រះបិតាប្រទានឲ្យខ្ញុំធ្វើ។ ក្នុងបណ្ដាកិច្ចការទាំងនោះ តើកិច្ចការណាមួយដែលនាំឲ្យអ្នករាល់គ្នាយកដុំថ្មបម្រុងនឹងគប់សម្លាប់ខ្ញុំ?»។ ជនជាតិយូដាតបទៅព្រះអង្គថា៖ «យើងចង់សម្លាប់លោក មិនមែនមកពីលោកបានធ្វើកិច្ចការដ៏ល្អប្រសើរណាមួយនោះឡើយ គឺមកពីលោកបានពោលពាក្យប្រមាថព្រះជាម្ចាស់ ដ្បិតលោកជាមនុស្ស ហើយតាំងខ្លួនជាព្រះជាម្ចាស់»។
យ៉ូហាន 10:22-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះជារដូវរងា ហើយនៅក្រុងយេរូសាឡិមគេកំពុងតែធ្វើបុណ្យឆ្លង ឯព្រះយេស៊ូវ ទ្រង់យាងចុះឡើងក្នុងព្រះវិហារ ត្រង់បាំងសាចហ្លួងសាឡូម៉ូន នោះមានពួកសាសន៍យូដាចោមព័ទ្ធទ្រង់ទូលសួរថា តើលោកទុកឲ្យយើងខ្ញុំនៅស្ទាក់ស្ទើរដល់កាលណាទៀត បើលោកជាព្រះគ្រីស្ទពិត នោះសូមប្រាប់យើងខ្ញុំឲ្យច្បាស់មកចុះ ព្រះយេស៊ូវទ្រង់ឆ្លើយទៅគេថា ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នាមិនជឿ ឯការទាំងប៉ុន្មានដែលខ្ញុំធ្វើដោយនូវនាមព្រះវរបិតាខ្ញុំ ការទាំងនោះឯងធ្វើបន្ទាល់ពីខ្ញុំហើយ ប៉ុន្តែ អ្នករាល់គ្នាមិនជឿ ដ្បិតអ្នករាល់គ្នាមិនមែនជាចៀមរបស់ខ្ញុំទេ ដូចជាខ្ញុំបានប្រាប់ស្រេចហើយ ចៀមខ្ញុំទាំងប៉ុន្មានវាស្តាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ ព្រះវរបិតានៃខ្ញុំ ដែលប្រទានវាមកខ្ញុំ ទ្រង់ធំលើសជាងទាំងអស់ គ្មានអ្នកណាអាចនឹងឆក់យកវាចេញពីព្រះហស្តរបស់ព្រះវរបិតាខ្ញុំបានឡើយ ខ្ញុំ ហើយនឹងព្រះវរបិតា គឺតែ១ព្រះអង្គទេ។ នោះពួកសាសន៍យូដាក៏រើសថ្មម្តងទៀត ដើម្បីនឹងចោលព្រះយេស៊ូវ តែទ្រង់មានបន្ទូលសួរគេថា ខ្ញុំបានសំដែងឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើន ដែលមកពីព្រះវរបិតាខ្ញុំ តើអ្នករាល់គ្នាចោលខ្ញុំនឹងថ្ម ដោយព្រោះការណាមួយនោះ ពួកសាសន៍យូដាទូលឆ្លើយថា យើងចោលអ្នកនឹងថ្ម មិនមែនដោយព្រោះការល្អណាទេ គឺដោយព្រោះពាក្យប្រមាថដល់ព្រះ ហើយពីព្រោះអ្នក ដែលជាមនុស្ស បានតាំងខ្លួនឡើងជាព្រះវិញប៉ុណ្ណោះ