យ៉ូហាន 10:14-18
យ៉ូហាន 10:14-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំជាគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំដែរ គឺដូចជាព្រះវរបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះអង្គដែរ ខ្ញុំស៊ូប្តូរជីវិតខ្ញុំដើម្បីចៀម។ ខ្ញុំនៅមានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ។ ដូច្នេះ នឹងមានហ្វូងចៀមតែមួយ មានគង្វាលតែមួយ។ ហេតុនេះបានជាព្រះវរបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំលះបង់ជីវិតខ្ញុំ ដើម្បីឲ្យបានជីវិតមកវិញ។ គ្មាននរណាដកយកជីវិតពីខ្ញុំបានឡើយ គឺខ្ញុំដាក់ជីវិតចុះដោយខ្លួនខ្ញុំ ខ្ញុំអាចនឹងដាក់ជីវិតនេះចុះ ហើយក៏អាចនឹងយកមកវិញបានដែរ ខ្ញុំបានទទួលអំណាចនេះពីព្រះវរបិតារបស់ខ្ញុំ»។
យ៉ូហាន 10:14-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ គឺដូចព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះបិតាដូច្នោះដែរ។ ខ្ញុំស៊ូប្ដូរជីវិត ដើម្បីចៀមរបស់ខ្ញុំ។ ខ្ញុំមានចៀមឯទៀតៗ ដែលមិននៅក្នុងក្រោលនេះទេ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ។ ចៀមទាំងនោះនឹងស្ដាប់សំឡេងខ្ញុំ ហើយនៅពេលនោះនឹងមានហ្វូងចៀមតែមួយ មានគង្វាលតែមួយ។ ព្រះបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្តស៊ូប្ដូរជីវិត ដើម្បីឲ្យបានជីវិតនោះមកវិញ។ គ្មាននរណាដកហូតជីវិតរបស់ខ្ញុំឡើយ គឺខ្ញុំស៊ូប្ដូរជីវិត ដោយខ្លួនខ្ញុំផ្ទាល់តែម្ដង។ ខ្ញុំមានអំណាចនឹងស៊ូប្ដូរជីវិតរបស់ខ្ញុំ ហើយខ្ញុំក៏មានអំណាចនឹងយកជីវិតនោះមកវិញ តាមបទបញ្ជាដែលខ្ញុំបានទទួលពីព្រះបិតាមក»។
យ៉ូហាន 10:14-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯខ្ញុំ ជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំ ដូចជាព្រះវរបិតា ទ្រង់ស្គាល់ខ្ញុំ ហើយខ្ញុំក៏ស្គាល់ទ្រង់ដែរ ខ្ញុំស៊ូប្តូរជីវិតខ្ញុំនឹងចៀម ខ្ញុំក៏មានចៀមឯទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ ត្រូវតែខ្ញុំនាំចៀមទាំងនោះមកដែរ វានឹងស្តាប់តាមសំឡេងខ្ញុំ នោះនឹងមានហ្វូងតែ១ នឹងអ្នកគង្វាលតែ១វិញ ហេតុនោះបានជាព្រះវរបិតាទ្រង់ស្រឡាញ់ខ្ញុំ ពីព្រោះខ្ញុំដាក់ជីវិតខ្ញុំចុះ ដើម្បីឲ្យបានយកមកវិញ គ្មានអ្នកណាដកយកជីវិតពីខ្ញុំបានទេ គឺខ្ញុំដាក់ជីវិតចុះដោយខ្លួនខ្ញុំ ខ្ញុំអាចនឹងដាក់ជីវិតនេះចុះ ហើយក៏អាចនឹងយកមកវិញបានដែរ ខ្ញុំបានទទួលអំណាចនេះ ពីព្រះវរបិតាខ្ញុំមក