យ៉ូហាន 10:1-4
យ៉ូហាន 10:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនចូលទៅក្នុងក្រោលចៀមតាមទ្វារ តែឡើងចូលតាមកន្លែងណាផ្សេងវិញ អ្នកនោះឈ្មោះថាជាចោរលួច ចោរប្លន់ហើយ។ អ្នកដែលចូលតាមទ្វារ អ្នកនោះជាគង្វាលរបស់ចៀម។ ឆ្មាំទ្វារបើកទ្វារឲ្យអ្នកនោះ ហើយចៀមស្តាប់តាមសំឡេងគាត់ដែរ គាត់ហៅចៀមតាមឈ្មោះវានីមួយៗ នាំចេញទៅក្រៅ។ ពេលគាត់បញ្ចេញចៀមខ្លួនទៅក្រៅអស់ហើយ គាត់ដើរមុនវា ហើយចៀមក៏ដើរតាមក្រោយគាត់ ព្រោះវាស្គាល់សំឡេងគាត់។
យ៉ូហាន 10:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនចូលក្នុងក្រោលចៀមតាមទ្វារ តែផ្លោះចូលតាមកន្លែងផ្សេង អ្នកនោះជាចោរលួចចោរប្លន់។ រីឯអ្នកដែលចូលតាមទ្វារ ពិតជាគង្វាលរបស់ចៀម។ ឆ្មាំទ្វារបើកទ្វារឲ្យគាត់ចូល ហើយចៀមទាំងប៉ុន្មានស្ដាប់សំឡេងគាត់។ គាត់ហៅចៀមផ្ទាល់របស់គាត់តាមឈ្មោះរបស់វារៀងៗខ្លួន រួចនាំចេញទៅខាងក្រៅ។ លុះគាត់បញ្ចេញចៀមចេញពីក្រោលអស់ហើយ គាត់ដើរនាំមុខវា ហើយវាដើរតាមក្រោយគាត់ ពីព្រោះវាស្គាល់សំឡេងរបស់គាត់។
យ៉ូហាន 10:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលចូលទៅក្នុងក្រោលចៀម មិនមែនតាមទ្វារ គឺឡើងចូលតាមកន្លែងណាឯទៀតវិញ អ្នកនោះឈ្មោះថាជាចោរលួច ចោរប្លន់ហើយ ឯអ្នកដែលចូលតាមទ្វារ នោះជាអ្នកគង្វាលចៀមពិត អ្នកឆ្មាំទ្វារក៏បើកឲ្យអ្នកនោះ ហើយហ្វូងចៀមស្តាប់តាមសំឡេងគាត់ដែរ ឯចៀមរបស់គាត់ នោះគាត់ហៅតាមឈ្មោះវានិមួយៗ នាំចេញទៅក្រៅ កាលបានបញ្ចេញចៀមខ្លួន ទៅក្រៅអស់ហើយ នោះគាត់ដើរមុនវា ហើយចៀមក៏ដើរតាមក្រោយទៅ ដ្បិតវាស្គាល់សំឡេងគាត់