យ៉ូហាន 1:9-18
យ៉ូហាន 1:9-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពន្លឺដ៏ពិតដែលមកក្នុងលោកីយ៍ គឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់។ ព្រះអង្គបានគង់នៅក្នុងពិភពលោក ហើយពិភពលោកកើតមកដោយសារព្រះអង្គ តែមនុស្សលោកមិនស្គាល់ព្រះអង្គទេ។ ព្រះអង្គបានយាងមកគង់នៅទឹកដីរបស់ព្រះអង្គ តែប្រជារាស្ត្រព្រះអង្គមិនបានទទួលព្រះអង្គឡើយ។ ប៉ុន្តែ អស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គ ព្រះអង្គប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ ជាកូនដែលមិនមែនកើតមកពីឈាម ពីប្រាថ្នាខាងរូបសាច់ ឬពីចំណង់របស់មនុស្សឡើយ គឺកើតមកពីព្រះវិញ។ ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើង យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្តីពិត។ លោកយ៉ូហានបានធ្វើបន្ទាល់អំពីព្រះអង្គ ដោយប្រកាសថា៖ «គឺព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា៖ "ព្រះអង្គដែលយាងមកក្រោយខ្ញុំ មានឋានៈធំជាងខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ"»។ យើងរាល់គ្នាបានទទួលសេចក្តីពោរពេញរបស់ព្រះអង្គ មកពីព្រះអង្គ ជាព្រះគុណថែមលើព្រះគុណ ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្តីពិត បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។ គ្មាននរណាដែលឃើញព្រះឡើយ មានតែព្រះរាជបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលគង់នៅក្នុងឱរាព្រះវរបិតា ទ្រង់បានសម្តែងឲ្យស្គាល់ព្រះអង្គ។
យ៉ូហាន 1:9-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោក ហើយបំភ្លឺមនុស្សគ្រប់ៗរូប។ ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារព្រះអង្គ ប៉ុន្តែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។ ព្រះបន្ទូលបានយាងមកគង់ជាមួយប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ត្រនោះពុំបានទទួលព្រះអង្គឡើយ។ រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានឲ្យគេអាចទៅជាបុត្ររបស់ព្រះជាម្ចាស់។ អ្នកទាំងនោះពុំមែនកើតពីលោហិត ពីចំណង់តណ្ហា ឬពីបំណងមនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។ ព្រះបន្ទូលបានកើតមកជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា ព្រះអង្គពោរពេញទៅដោយព្រះគុណ និងសេចក្ដីពិត។ លោកយ៉ូហានបានផ្ដល់សក្ខីភាពអំពីព្រះអង្គ ដោយប្រកាសថា៖ «គឺលោកនេះហើយដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”»។ យើងទាំងអស់គ្នាបានទទួលព្រះគុណមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ដ្បិតព្រះអង្គប្រទានក្រឹត្យវិន័យ*តាមរយៈលោកម៉ូសេ ហើយព្រះគុណ និងសេចក្ដីពិត តាមរយៈព្រះយេស៊ូគ្រិស្ត។ ពុំដែលមាននរណាម្នាក់បានឃើញព្រះជាម្ចាស់ឡើយ មានតែព្រះបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលបាននាំយើងឲ្យស្គាល់ព្រះអង្គ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា។
យ៉ូហាន 1:9-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពន្លឺដ៏ពិត នោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ ទ្រង់បានគង់ក្នុងលោកីយ ហើយលោកីយក៏កើតមកដោយសារទ្រង់ តែមិនស្គាល់ទ្រង់ទេ ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ គឺជាកូន ដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ។ ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ នឹងសេចក្ដីពិត ឯយ៉ូហានបានធ្វើបន្ទាល់ពីទ្រង់ ដោយបន្លឺឧទានឡើងថា គឺពីព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់បានត្រឡប់ជាមុនខ្ញុំវិញ ដ្បិតទ្រង់គង់នៅមុនខ្ញុំ ហើយយើងទាំងអស់គ្នាបានទទួលអំពីសេចក្ដីពោរពេញរបស់ទ្រង់មក គឺជាព្រះគុណថែមលើព្រះគុណផង ដ្បិតបណ្តាក្រិត្យវិន័យទាំងប៉ុន្មាន បានប្រទានមក ដោយសារលោកម៉ូសេ តែឯព្រះគុណ នឹងសេចក្ដីពិត នោះបានមក ដោយសារព្រះយេស៊ូវគ្រីស្ទវិញ គ្មានអ្នកណាដែលឃើញព្រះឡើយ មានតែព្រះរាជបុត្រាតែ១ដែលគង់នៅក្នុងឱរាព្រះវរបិតាប៉ុណ្ណោះ ទ្រង់បានសំដែងឲ្យស្គាល់ព្រះអង្គ។