យ៉ូហាន 1:35-51
យ៉ូហាន 1:35-51 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះស្អែកឡើងទៀត លោកយ៉ូហានឈរជាមួយសិស្សរបស់លោកពីរនាក់ ហើយពេលលោកតាមមើលព្រះយេស៊ូវយាងកាត់តាមនោះ លោកពោលឡើងថា៖ «ន៎ុះន៏ កូនចៀមរបស់ព្រះ!» សិស្សទាំងពីរនាក់បានឮពាក្យនេះ គេក៏ដើរតាមព្រះយេស៊ូវទៅ។ ពេលព្រះយេស៊ូវងាកមកឃើញអ្នកទាំងពីរកំពុងដើរតាម ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នកមករកអ្វី?» គេទូលព្រះអង្គថា៖ «រ៉ាប៊ី (ដែលប្រែថា លោកគ្រូ) តើលោកនៅឯណា?» ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរមកមើលចុះ!» គេក៏ទៅ ឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេនៅជាមួយព្រះអង្គនៅថ្ងៃនោះ។ ពេលនោះ ប្រហែលជាម៉ោងបួនរសៀល។ ក្នុងចំណោមពីរនាក់ ដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយដើរតាមព្រះអង្គ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់ស៊ីម៉ូន-ពេត្រុស។ ដំបូងគាត់ជួបស៊ីម៉ូនជាបង ប្រាប់ថា៖ «យើងបានឃើញព្រះមែស្ស៊ីហើយ» (ដែលប្រែថា ព្រះគ្រីស្ទ)។ គាត់នាំបងទៅជួបព្រះយេស៊ូវ។ ព្រះយេស៊ូវទតមើលគាត់ ហើយមានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូហាន តែត្រូវហៅថា កេផាស (ដែលប្រែថា ថ្ម)»។ លុះស្អែកឡើង ព្រះយេស៊ូវសព្វព្រះហឫទ័យចង់យាងទៅស្រុកកាលីឡេ។ ព្រះអង្គបានជួបភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ ភីលីពមកពីក្រុងបេតសៃដា ដូចអនទ្រេ និងពេត្រុសដែរ។ ភីលីពបានជួបណាថាណែល ហើយប្រាប់គាត់ថា៖ «យើងបានឃើញព្រះអង្គ ដែលលោកម៉ូសេបានចែងទុកក្នុងក្រឹត្យវិន័យ ហើយពួកហោរាក៏បានចែងពីព្រះអង្គដែរ ព្រះអង្គមាននាមថា យេស៊ូវជាអ្នកស្រុកណាសារ៉ែត ជាបុត្ររបស់លោកយ៉ូសែប»។ ណាថាណែលតបទៅគាត់ថា៖ «តើមានអ្វីល្អ អាចចេញពីណាសារ៉ែតមកបានឬ?» ភីលីពពោលទៅគាត់ថា៖ «ចូរមកមើលចុះ!»។ កាលព្រះយេស៊ូវទតឃើញណាថាណែលដើរសំដៅមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាសាសន៍អ៊ីស្រាអែលពិតមែន គាត់គ្មានពុតត្បុតអ្វីសោះ!» ណាថាណែលទូលសួរព្រះអង្គថា៖ «តើលោកស្គាល់ខ្ញុំពីអង្កាល់?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបានឃើញអ្នកនៅក្រោមដើមល្វា មុនភីលីពហៅអ្នកទៅទៀត»។ ណាថាណែលទូលព្រះអង្គថា៖ «រ៉ាប៊ី លោកពិតជាព្រះរាជបុត្រារបស់ព្រះ! លោកជាស្តេចនៃសាសន៍អ៊ីស្រាអែលមែន!» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ដោយព្រោះតែខ្ញុំបានប្រាប់អ្នកថា ខ្ញុំបានឃើញអ្នកនៅក្រោមដើមល្វានោះ បានជាអ្នកជឿឬ? អ្នកនឹងឃើញការធំវិសេសលើសជាងនេះទៅទៀត»។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ទៀតថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នានឹងឃើញស្ថានសួគ៌បើកចំហ ហើយពួកទេវតារបស់ព្រះហោះចុះឡើងនៅពីលើកូនមនុស្ស»។
យ៉ូហាន 1:35-51 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃបន្ទាប់មកទៀត លោកយ៉ូហាននៅទីនោះដដែល ហើយមានសិស្សរបស់លោកពីរនាក់នៅជាមួយផង។ លោកសម្លឹងមើលព្រះយេស៊ូយាងកាត់តាមនោះ ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់»។ កាលសិស្សទាំងពីរបានឮពាក្យនេះ គេនាំគ្នាដើរតាមព្រះយេស៊ូទៅ។ ព្រះយេស៊ូងាកមកក្រោយ ទតឃើញអ្នកទាំងពីរដើរតាម ព្រះអង្គក៏មានព្រះបន្ទូលសួរថា៖ «អ្នកទាំងពីរមករកអ្វី?»។ គេទូលព្រះអង្គថា៖ «រ៉ាប៊ី! (ពាក្យ“រ៉ាប៊ី” នេះប្រែថា“លោកគ្រូ”) តើលោកនៅកន្លែងណា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «សុំអញ្ជើញមក អ្នកនឹងបានឃើញ!»។ គេក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេក៏នៅជាមួយព្រះអង្គនៅថ្ងៃនោះ (ពេលនោះ ប្រហែលជាម៉ោងបួនរសៀល)។ ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយតាមព្រះយេស៊ូទៅនោះ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស*។ គាត់ទៅជួបលោកស៊ីម៉ូនជាបងមុនគេ ប្រាប់ថា៖ «យើងបានរកព្រះមេស្ស៊ីឃើញហើយ!» (ពាក្យ“មេស្ស៊ី”នេះ ប្រែថា“ព្រះគ្រិស្ត”)។ គាត់ក៏នាំលោកស៊ីម៉ូនទៅគាល់ព្រះយេស៊ូ។ ព្រះយេស៊ូសម្លឹងមើលលោកស៊ីម៉ូន ក៏មានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូនជាកូនរបស់លោកយ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា“កេផាស” (ពាក្យ “កេផាស”នេះ ប្រែថា ពេត្រុស*)»។ លុះថ្ងៃបន្ទាប់មកទៀត ព្រះយេស៊ូសព្វព្រះហឫទ័យយាងទៅស្រុកកាលីឡេ។ ព្រះអង្គបានជួបលោកភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖ «សូមអញ្ជើញមកតាមខ្ញុំ»។ លោកភីលីពជាអ្នកភូមិបេតសៃដាដូចលោកអនទ្រេ និងលោកពេត្រុសដែរ។ លោកភីលីពទៅជួបលោកណាថាណែល ប្រាប់គាត់ថា៖ «ព្រះអង្គដែលលោកម៉ូសេបានចារទុកក្នុងគម្ពីរវិន័យ ហើយគម្ពីរព្យាការីក៏មានចែងទុកដែរនោះ ឥឡូវនេះ យើងបានជួបហើយ ព្រះអង្គមាននាមថា យេស៊ូ ជាអ្នកភូមិណាសារ៉ែតជាបុត្ររបស់លោកយ៉ូសែប»។ លោកណាថាណែលពោលតបទៅលោកភីលីពវិញថា៖ «ពុំដែលមានអ្វីល្អអាចចេញពីភូមិណាសារ៉ែតឡើយ»។ លោកភីលីពប្រាប់គាត់ថា៖ «សូមអញ្ជើញមក អ្នកនឹងបានឃើញ!»។ កាលព្រះយេស៊ូទតឃើញលោកណាថាណែលដើរមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាជាតិអ៊ីស្រាអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។ លោកណាថាណែលទូលសួរព្រះអង្គថា៖ «តើលោកគ្រូដែលស្គាល់ខ្ញុំពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំបានឃើញអ្នក កាលអ្នកនៅក្រោមដើមឧទុម្ពរ មុនភីលីពហៅអ្នកទៅទៀត»។ លោកណាថាណែលទូលព្រះអង្គថា៖ «ព្រះគ្រូ! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែលមែន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកបានជឿមកពីឮខ្ញុំនិយាយថា ខ្ញុំបានឃើញអ្នកនៅក្រោមដើមឧទុម្ពរ* ថ្ងៃក្រោយ អ្នកមុខតែឃើញការអស្ចារ្យលើសនេះទៅទៀត»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហ ហើយមានពួកទេវតា*របស់ព្រះជាម្ចាស់ចុះឡើងនៅពីលើបុត្រមនុស្ស*»។
យ៉ូហាន 1:35-51 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះស្អែកឡើងទៀត យ៉ូហានឈរនៅជាមួយនឹងសិស្សគាត់២នាក់ គាត់មើលទៅព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងទៅ ក៏ពោលថា នុ៎ះន៏ កូនចៀមនៃព្រះ សិស្សគាត់ទាំង២នាក់នោះក៏ឮដែរ រួចគេដើរតាមព្រះយេស៊ូវទៅ ឯព្រះយេស៊ូវ ទ្រង់ងាកបែរមក ឃើញអ្នកទាំង២កំពុងតែដើរតាម ក៏មានបន្ទូលទៅគេថា អ្នកមករកអី គេទូលឆ្លើយថា រ៉ាប៊ី (គឺប្រែថា លោកគ្រូ) តើលោកនៅឯណា ទ្រង់មានបន្ទូលថា ចូរតាមខ្ញុំទៅមើល គេក៏ទៅឃើញកន្លែងដែលទ្រង់គង់នៅ រួចនៅជាមួយនឹងទ្រង់ក្នុងថ្ងៃនោះ ពេលនោះប្រហែលជាម៉ោង៤ល្ងាចហើយ ក្នុងអ្នក២នាក់ ដែលឮយ៉ូហានពោលនោះ ហើយក៏តាមទ្រង់ទៅ នោះមានម្នាក់ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស មុនដំបូងគាត់រកស៊ីម៉ូន ជាបងបង្កើត ក៏ប្រាប់ថា យើងបានឃើញព្រះមែស្ស៊ីហើយ (គឺប្រែថា ព្រះគ្រីស្ទ) រួចគាត់នាំបងទៅឯព្រះយេស៊ូវ ឯទ្រង់ ក៏ទតមើលគាត់ ហើយមានបន្ទូលថា អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូណាស តែត្រូវហៅថា កេផាសវិញ (គឺប្រែថា ថ្ម)។ លុះដល់ស្អែកឡើង ព្រះយេស៊ូវសព្វព្រះហឫទ័យចង់យាងទៅឯស្រុកកាលីឡេ ទ្រង់ក៏រកភីលីព កាលបានឃើញហើយ នោះទ្រង់មានបន្ទូលទៅគាត់ថា ចូរតាមខ្ញុំមក ឯភីលីពនេះ គាត់នៅបេតសៃដា ជាទីក្រុងរបស់អនទ្រេ នឹងពេត្រុស ភីលីពក៏រកណាថាណែល រួចប្រាប់ថា យើងបានឃើញព្រះអង្គនោះហើយ គឺជាព្រះដែលលោកម៉ូសេបានចែងទុកពីទ្រង់ នៅក្នុងក្រិត្យវិន័យ ហើយពួកហោរាក៏បានទាយពីទ្រង់ផង ទ្រង់ព្រះនាមជា យេស៊ូវ ជាបុត្រយ៉ូសែប នៅភូមិណាសារ៉ែត តែណាថាណែលនិយាយថា តើមានអ្វីដ៏ល្អ អាចចេញពីណាសារ៉ែតមកបានឬទេ ភីលីពឆ្លើយឡើងថា ចូរតាមខ្ញុំទៅមើលចុះ ព្រះយេស៊ូវ ទ្រង់ឃើញណាថាណែលមកឯទ្រង់ ក៏មានបន្ទូលពីគាត់ថា នុ៎ះន៏ ជាសាសន៍អ៊ីស្រាអែលពិតមែន ដែលឥតមានចិត្តឧបាយ នោះណាថាណែលទូលសួរថា លោកស្គាល់ខ្ញុំពីណាមក ព្រះយេស៊ូវមានបន្ទូលឆ្លើយថា មុនដែលភីលីពហៅមក កាលអ្នកនៅក្រោមដើមល្វានៅឡើយ នោះខ្ញុំបានឃើញហើយ ណាថាណែលក៏ទូលទ្រង់ថា លោកគ្រូ លោកជាព្រះរាជបុត្រានៃព្រះ លោកប្រាកដជាស្តេចនៃសាសន៍អ៊ីស្រាអែលមែន ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ដោយព្រោះតែខ្ញុំបាននិយាយប្រាប់អ្នកថា ខ្ញុំឃើញអ្នកនៅក្រោមដើមល្វានោះ បានជាអ្នកជឿឬអី អ្នកនឹងឃើញការដ៏ធំវិសេស លើសជាងនេះទៅទៀត រួចទ្រង់មានបន្ទូលទៀតថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នានឹងឃើញមេឃបើកចំហ នឹងពួកទេវតានៃព្រះហោះឡើងហោះចុះលើកូនមនុស្ស។