យ៉ូហាន 1:35-43
យ៉ូហាន 1:35-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះស្អែកឡើងទៀត លោកយ៉ូហានឈរជាមួយសិស្សរបស់លោកពីរនាក់ ហើយពេលលោកតាមមើលព្រះយេស៊ូវយាងកាត់តាមនោះ លោកពោលឡើងថា៖ «ន៎ុះន៏ កូនចៀមរបស់ព្រះ!» សិស្សទាំងពីរនាក់បានឮពាក្យនេះ គេក៏ដើរតាមព្រះយេស៊ូវទៅ។ ពេលព្រះយេស៊ូវងាកមកឃើញអ្នកទាំងពីរកំពុងដើរតាម ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នកមករកអ្វី?» គេទូលព្រះអង្គថា៖ «រ៉ាប៊ី (ដែលប្រែថា លោកគ្រូ) តើលោកនៅឯណា?» ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរមកមើលចុះ!» គេក៏ទៅ ឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេនៅជាមួយព្រះអង្គនៅថ្ងៃនោះ។ ពេលនោះ ប្រហែលជាម៉ោងបួនរសៀល។ ក្នុងចំណោមពីរនាក់ ដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយដើរតាមព្រះអង្គ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់ស៊ីម៉ូន-ពេត្រុស។ ដំបូងគាត់ជួបស៊ីម៉ូនជាបង ប្រាប់ថា៖ «យើងបានឃើញព្រះមែស្ស៊ីហើយ» (ដែលប្រែថា ព្រះគ្រីស្ទ)។ គាត់នាំបងទៅជួបព្រះយេស៊ូវ។ ព្រះយេស៊ូវទតមើលគាត់ ហើយមានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូហាន តែត្រូវហៅថា កេផាស (ដែលប្រែថា ថ្ម)»។ លុះស្អែកឡើង ព្រះយេស៊ូវសព្វព្រះហឫទ័យចង់យាងទៅស្រុកកាលីឡេ។ ព្រះអង្គបានជួបភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។
យ៉ូហាន 1:35-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃបន្ទាប់មកទៀត លោកយ៉ូហាននៅទីនោះដដែល ហើយមានសិស្សរបស់លោកពីរនាក់នៅជាមួយផង។ លោកសម្លឹងមើលព្រះយេស៊ូយាងកាត់តាមនោះ ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់»។ កាលសិស្សទាំងពីរបានឮពាក្យនេះ គេនាំគ្នាដើរតាមព្រះយេស៊ូទៅ។ ព្រះយេស៊ូងាកមកក្រោយ ទតឃើញអ្នកទាំងពីរដើរតាម ព្រះអង្គក៏មានព្រះបន្ទូលសួរថា៖ «អ្នកទាំងពីរមករកអ្វី?»។ គេទូលព្រះអង្គថា៖ «រ៉ាប៊ី! (ពាក្យ“រ៉ាប៊ី” នេះប្រែថា“លោកគ្រូ”) តើលោកនៅកន្លែងណា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «សុំអញ្ជើញមក អ្នកនឹងបានឃើញ!»។ គេក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេក៏នៅជាមួយព្រះអង្គនៅថ្ងៃនោះ (ពេលនោះ ប្រហែលជាម៉ោងបួនរសៀល)។ ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយតាមព្រះយេស៊ូទៅនោះ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស*។ គាត់ទៅជួបលោកស៊ីម៉ូនជាបងមុនគេ ប្រាប់ថា៖ «យើងបានរកព្រះមេស្ស៊ីឃើញហើយ!» (ពាក្យ“មេស្ស៊ី”នេះ ប្រែថា“ព្រះគ្រិស្ត”)។ គាត់ក៏នាំលោកស៊ីម៉ូនទៅគាល់ព្រះយេស៊ូ។ ព្រះយេស៊ូសម្លឹងមើលលោកស៊ីម៉ូន ក៏មានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូនជាកូនរបស់លោកយ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា“កេផាស” (ពាក្យ “កេផាស”នេះ ប្រែថា ពេត្រុស*)»។ លុះថ្ងៃបន្ទាប់មកទៀត ព្រះយេស៊ូសព្វព្រះហឫទ័យយាងទៅស្រុកកាលីឡេ។ ព្រះអង្គបានជួបលោកភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖ «សូមអញ្ជើញមកតាមខ្ញុំ»។
យ៉ូហាន 1:35-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះស្អែកឡើងទៀត យ៉ូហានឈរនៅជាមួយនឹងសិស្សគាត់២នាក់ គាត់មើលទៅព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងទៅ ក៏ពោលថា នុ៎ះន៏ កូនចៀមនៃព្រះ សិស្សគាត់ទាំង២នាក់នោះក៏ឮដែរ រួចគេដើរតាមព្រះយេស៊ូវទៅ ឯព្រះយេស៊ូវ ទ្រង់ងាកបែរមក ឃើញអ្នកទាំង២កំពុងតែដើរតាម ក៏មានបន្ទូលទៅគេថា អ្នកមករកអី គេទូលឆ្លើយថា រ៉ាប៊ី (គឺប្រែថា លោកគ្រូ) តើលោកនៅឯណា ទ្រង់មានបន្ទូលថា ចូរតាមខ្ញុំទៅមើល គេក៏ទៅឃើញកន្លែងដែលទ្រង់គង់នៅ រួចនៅជាមួយនឹងទ្រង់ក្នុងថ្ងៃនោះ ពេលនោះប្រហែលជាម៉ោង៤ល្ងាចហើយ ក្នុងអ្នក២នាក់ ដែលឮយ៉ូហានពោលនោះ ហើយក៏តាមទ្រង់ទៅ នោះមានម្នាក់ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស មុនដំបូងគាត់រកស៊ីម៉ូន ជាបងបង្កើត ក៏ប្រាប់ថា យើងបានឃើញព្រះមែស្ស៊ីហើយ (គឺប្រែថា ព្រះគ្រីស្ទ) រួចគាត់នាំបងទៅឯព្រះយេស៊ូវ ឯទ្រង់ ក៏ទតមើលគាត់ ហើយមានបន្ទូលថា អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូណាស តែត្រូវហៅថា កេផាសវិញ (គឺប្រែថា ថ្ម)។ លុះដល់ស្អែកឡើង ព្រះយេស៊ូវសព្វព្រះហឫទ័យចង់យាងទៅឯស្រុកកាលីឡេ ទ្រង់ក៏រកភីលីព កាលបានឃើញហើយ នោះទ្រង់មានបន្ទូលទៅគាត់ថា ចូរតាមខ្ញុំមក