យ៉ូហាន 1:35-41

យ៉ូហាន 1:35-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ស្អែក​ឡើង​ទៀត លោក​យ៉ូហាន​ឈរ​ជា​មួយ​សិស្ស​របស់​លោក​ពីរ​នាក់ ហើយ​ពេល​លោក​តាម​មើល​ព្រះ‌យេស៊ូវ​យាង​កាត់​តាម​នោះ លោក​ពោល​ឡើង​ថា៖ «ន៎ុះន៏ កូន​ចៀម​របស់​ព្រះ!» សិស្ស​ទាំង​ពីរ​នាក់​បាន​ឮ​ពាក្យ​នេះ គេ​ក៏​ដើរ​តាម​ព្រះ‌យេស៊ូវ​ទៅ។ ពេល​ព្រះ‌យេស៊ូវ​ងាក​មក​ឃើញ​អ្នក​ទាំង​ពីរ​កំពុង​ដើរ​តាម ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​មក​រក​អ្វី?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី (ដែល​ប្រែ​ថា លោក​គ្រូ) តើ​លោក​នៅ​ឯ​ណា?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​មក​មើល​ចុះ!» គេ​ក៏​ទៅ ឃើញ​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ ហើយ​គេ​នៅ​ជា​មួយ​ព្រះ‌អង្គ​នៅ​ថ្ងៃ​នោះ។ ពេល​នោះ ប្រហែល​ជា​ម៉ោង​បួន​រសៀល។ ក្នុង​ចំណោម​ពីរ​នាក់ ដែល​បាន​ឮ​ពាក្យ​របស់​លោក​យ៉ូហាន ហើយ​ដើរ​តាម​ព្រះ‌អង្គ មាន​ម្នាក់​ឈ្មោះ​អន‌ទ្រេ ជា​ប្អូន​របស់​ស៊ីម៉ូន-ពេត្រុស។ ដំបូង​គាត់​ជួប​ស៊ីម៉ូន​ជា​បង ប្រាប់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌មែស្ស៊ី​ហើយ» (ដែល​ប្រែ​ថា ព្រះ‌គ្រីស្ទ)។

ចែក​រំលែក
អាន យ៉ូហាន 1

យ៉ូហាន 1:35-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ថ្ងៃ​បន្ទាប់​មក​ទៀត លោក​យ៉ូហាន​នៅ​ទី​នោះ​ដដែល ហើយ​មាន​សិស្ស​របស់​លោក​ពីរ​នាក់​នៅ​ជា​មួយ​ផង។ លោក​សម្លឹង​មើល​ព្រះ‌យេស៊ូ​យាង​កាត់​តាម​នោះ ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! លោក​នេះ​ហើយ​ជា​កូន​ចៀម​របស់​ព្រះ‌ជាម្ចាស់»។ កាល​សិស្ស​ទាំង​ពីរ​បាន​ឮ​ពាក្យ​នេះ គេ​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។ ព្រះ‌យេស៊ូ​ងាក​មក​ក្រោយ ទត​ឃើញ​អ្នក​ទាំង​ពីរ​ដើរ​តាម ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «អ្នក​ទាំង​ពីរ​មក​រក​អ្វី?»។ គេ​ទូល​ព្រះអង្គ​ថា៖ «រ៉ាប៊ី! (ពាក្យ​“រ៉ាប៊ី” នេះ​ប្រែ​ថា​“លោក​គ្រូ”) តើ​លោក​នៅ​កន្លែង​ណា?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​វិញ​ថា៖ «សុំ​អញ្ជើញ​មក អ្នក​នឹង​បាន​ឃើញ!»។ គេ​ក៏​ទៅ​ឃើញ​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ ហើយ​គេ​ក៏​នៅ​ជា​មួយ​ព្រះអង្គ​នៅ​ថ្ងៃ​នោះ (ពេល​នោះ ប្រហែល​ជា​ម៉ោង​បួន​រសៀល)។ ក្នុង​ចំណោម​សិស្ស​ទាំង​ពីរ​ដែល​បាន​ឮ​ពាក្យ​របស់​លោក​យ៉ូហាន ហើយ​តាម​ព្រះ‌យេស៊ូ​ទៅ​នោះ មាន​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​ពេត្រុស*។ គាត់​ទៅ​ជួប​លោក​ស៊ីម៉ូន​ជា​បង​មុន​គេ ប្រាប់​ថា៖ «យើង​បាន​រក​ព្រះ‌មេស្ស៊ី​ឃើញ​ហើយ!» (ពាក្យ​“មេស្ស៊ី”​នេះ ប្រែ​ថា“ព្រះ‌គ្រិស្ត”)។

ចែក​រំលែក
អាន យ៉ូហាន 1

យ៉ូហាន 1:35-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ស្អែក​ឡើង​ទៀត យ៉ូហាន​ឈរ​នៅ​ជា​មួយ​នឹង​សិស្ស​គាត់​២​នាក់ គាត់​មើល​ទៅ​ព្រះ‌យេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​ទៅ ក៏​ពោល​ថា នុ៎ះ​ន៏ កូន​ចៀម​នៃ​ព្រះ សិស្ស​គាត់​ទាំង​២​នាក់​នោះ​ក៏​ឮ​ដែរ រួច​គេ​ដើរ​តាម​ព្រះ‌យេស៊ូវ​ទៅ ឯ​ព្រះ‌យេស៊ូវ ទ្រង់​ងាក​បែរ​មក ឃើញ​អ្នក​ទាំង​២​កំពុង​តែ​ដើរ​តាម ក៏​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​មក​រក​អី គេ​ទូល​ឆ្លើយ​ថា រ៉ាប៊ី (គឺ​ប្រែ​ថា លោក​គ្រូ) តើ​លោក​នៅ​ឯ​ណា ទ្រង់​មាន​បន្ទូល​ថា ចូរ​តាម​ខ្ញុំ​ទៅ​មើល គេ​ក៏​ទៅ​ឃើញ​កន្លែង​ដែល​ទ្រង់​គង់​នៅ រួច​នៅ​ជា​មួយ​នឹង​ទ្រង់​ក្នុង​ថ្ងៃ​នោះ ពេល​នោះ​ប្រហែល​ជា​ម៉ោង​៤​ល្ងាច​ហើយ ក្នុង​អ្នក​២​នាក់ ដែល​ឮ​យ៉ូហាន​ពោល​នោះ ហើយ​ក៏​តាម​ទ្រង់​ទៅ នោះ​មាន​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​ស៊ីម៉ូន-ពេត្រុស មុន​ដំបូង​គាត់​រក​ស៊ីម៉ូន ជា​បង​បង្កើត ក៏​ប្រាប់​ថា យើង​បាន​ឃើញ​ព្រះ‌មែស្ស៊ី​ហើយ (គឺ​ប្រែ​ថា ព្រះ‌គ្រីស្ទ)

ចែក​រំលែក
អាន យ៉ូហាន 1