យ៉ូហាន 1:29-42
យ៉ូហាន 1:29-42 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះស្អែកឡើង លោកយ៉ូហានឃើញព្រះយេស៊ូវកំពុងយាងមករកលោក ហើយពោលថា៖ «ន៎ុះន៏ កូនចៀមរបស់ព្រះដែលដោះបាបមនុស្សលោក! គឺព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា៖ "ក្រោយខ្ញុំមានមួយអង្គយាងមក ដែលមានឋានៈធំជាងខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ"។ ខ្ញុំមិនបានស្គាល់ព្រះអង្គទេ តែខ្ញុំមកធ្វើពិធីជ្រមុជដោយទឹកនេះ គឺដើម្បីសម្តែងឲ្យសាសន៍អ៊ីស្រាអែលបានស្គាល់ព្រះអង្គប៉ុណ្ណោះ»។ លោកយ៉ូហានធ្វើបន្ទាល់ថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីលើមេឃ ដូចជាសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។ ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ប៉ុន្តែ ព្រះដែលចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជដោយទឹក ទ្រង់មានព្រះបន្ទូលមកខ្ញុំថា "អ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ"។ ខ្ញុំបានឃើញ ហើយក៏ធ្វើបន្ទាល់ថា ព្រះអង្គនេះហើយជាព្រះរាជបុត្រារបស់ព្រះមែន»។ លុះស្អែកឡើងទៀត លោកយ៉ូហានឈរជាមួយសិស្សរបស់លោកពីរនាក់ ហើយពេលលោកតាមមើលព្រះយេស៊ូវយាងកាត់តាមនោះ លោកពោលឡើងថា៖ «ន៎ុះន៏ កូនចៀមរបស់ព្រះ!» សិស្សទាំងពីរនាក់បានឮពាក្យនេះ គេក៏ដើរតាមព្រះយេស៊ូវទៅ។ ពេលព្រះយេស៊ូវងាកមកឃើញអ្នកទាំងពីរកំពុងដើរតាម ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នកមករកអ្វី?» គេទូលព្រះអង្គថា៖ «រ៉ាប៊ី (ដែលប្រែថា លោកគ្រូ) តើលោកនៅឯណា?» ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរមកមើលចុះ!» គេក៏ទៅ ឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេនៅជាមួយព្រះអង្គនៅថ្ងៃនោះ។ ពេលនោះ ប្រហែលជាម៉ោងបួនរសៀល។ ក្នុងចំណោមពីរនាក់ ដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយដើរតាមព្រះអង្គ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់ស៊ីម៉ូន-ពេត្រុស។ ដំបូងគាត់ជួបស៊ីម៉ូនជាបង ប្រាប់ថា៖ «យើងបានឃើញព្រះមែស្ស៊ីហើយ» (ដែលប្រែថា ព្រះគ្រីស្ទ)។ គាត់នាំបងទៅជួបព្រះយេស៊ូវ។ ព្រះយេស៊ូវទតមើលគាត់ ហើយមានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូហាន តែត្រូវហៅថា កេផាស (ដែលប្រែថា ថ្ម)»។
យ៉ូហាន 1:29-42 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃបន្ទាប់ លោកយ៉ូហានឃើញព្រះយេស៊ូយាងតម្រង់មករកលោក រួចលោកក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបចេញពីមនុស្សលោក គឺលោកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា “អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។ កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់លោកទេ ប៉ុន្តែ ខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹក* ដើម្បីឲ្យលោកបង្ហាញខ្លួនឲ្យប្រជារាស្ត្រអ៊ីស្រាអែលស្គាល់»។ លោកយ៉ូហានបានផ្ដល់សក្ខីភាពថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីស្ថានបរមសុខ* ដូចសត្វព្រាប មកសណ្ឋិតលើលោក។ ពីមុន ខ្ញុំពុំស្គាល់ឋានៈលោកទេ ប៉ុន្តែ ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជក្នុងទឹក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “អ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ*”។ ខ្ញុំបានឃើញដូច្នោះមែន ហើយខ្ញុំសូមបញ្ជាក់ថា លោកនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។ ថ្ងៃបន្ទាប់មកទៀត លោកយ៉ូហាននៅទីនោះដដែល ហើយមានសិស្សរបស់លោកពីរនាក់នៅជាមួយផង។ លោកសម្លឹងមើលព្រះយេស៊ូយាងកាត់តាមនោះ ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់»។ កាលសិស្សទាំងពីរបានឮពាក្យនេះ គេនាំគ្នាដើរតាមព្រះយេស៊ូទៅ។ ព្រះយេស៊ូងាកមកក្រោយ ទតឃើញអ្នកទាំងពីរដើរតាម ព្រះអង្គក៏មានព្រះបន្ទូលសួរថា៖ «អ្នកទាំងពីរមករកអ្វី?»។ គេទូលព្រះអង្គថា៖ «រ៉ាប៊ី! (ពាក្យ“រ៉ាប៊ី” នេះប្រែថា“លោកគ្រូ”) តើលោកនៅកន្លែងណា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «សុំអញ្ជើញមក អ្នកនឹងបានឃើញ!»។ គេក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេក៏នៅជាមួយព្រះអង្គនៅថ្ងៃនោះ (ពេលនោះ ប្រហែលជាម៉ោងបួនរសៀល)។ ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយតាមព្រះយេស៊ូទៅនោះ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស*។ គាត់ទៅជួបលោកស៊ីម៉ូនជាបងមុនគេ ប្រាប់ថា៖ «យើងបានរកព្រះមេស្ស៊ីឃើញហើយ!» (ពាក្យ“មេស្ស៊ី”នេះ ប្រែថា“ព្រះគ្រិស្ត”)។ គាត់ក៏នាំលោកស៊ីម៉ូនទៅគាល់ព្រះយេស៊ូ។ ព្រះយេស៊ូសម្លឹងមើលលោកស៊ីម៉ូន ក៏មានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូនជាកូនរបស់លោកយ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា“កេផាស” (ពាក្យ “កេផាស”នេះ ប្រែថា ពេត្រុស*)»។
យ៉ូហាន 1:29-42 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៏ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក គឺពីព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា ក្រោយខ្ញុំមានព្រះ១អង្គយាងមក ដែលបានត្រឡប់ជាមុនខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ ខ្ញុំមិនបានស្គាល់ទ្រង់ទេ តែខ្ញុំមកធ្វើបុណ្យជ្រមុជនេះ គឺដើម្បីនឹងសំដែង ឲ្យសាសន៍អ៊ីស្រាអែលបានស្គាល់ទ្រង់ប៉ុណ្ណោះ។ យ៉ូហានក៏ធ្វើបន្ទាល់ថា ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីលើមេឃ មានរូបដូចជាព្រាប មកសណ្ឋិតលើទ្រង់ ខ្ញុំមិនបានស្គាល់ទ្រង់ទេ ប៉ុន្តែព្រះដែលចាត់ឲ្យខ្ញុំមកធ្វើបុណ្យជ្រមុជដោយទឹក ទ្រង់មានបន្ទូលមកខ្ញុំថា ដែលឯងឃើញព្រះវិញ្ញាណយាងចុះមក សណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំបានឃើញមែន ហើយក៏ធ្វើបន្ទាល់ពីព្រះអង្គនោះថា ទ្រង់ជាព្រះរាជបុត្រានៃព្រះពិតមែន។ លុះស្អែកឡើងទៀត យ៉ូហានឈរនៅជាមួយនឹងសិស្សគាត់២នាក់ គាត់មើលទៅព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងទៅ ក៏ពោលថា នុ៎ះន៏ កូនចៀមនៃព្រះ សិស្សគាត់ទាំង២នាក់នោះក៏ឮដែរ រួចគេដើរតាមព្រះយេស៊ូវទៅ ឯព្រះយេស៊ូវ ទ្រង់ងាកបែរមក ឃើញអ្នកទាំង២កំពុងតែដើរតាម ក៏មានបន្ទូលទៅគេថា អ្នកមករកអី គេទូលឆ្លើយថា រ៉ាប៊ី (គឺប្រែថា លោកគ្រូ) តើលោកនៅឯណា ទ្រង់មានបន្ទូលថា ចូរតាមខ្ញុំទៅមើល គេក៏ទៅឃើញកន្លែងដែលទ្រង់គង់នៅ រួចនៅជាមួយនឹងទ្រង់ក្នុងថ្ងៃនោះ ពេលនោះប្រហែលជាម៉ោង៤ល្ងាចហើយ ក្នុងអ្នក២នាក់ ដែលឮយ៉ូហានពោលនោះ ហើយក៏តាមទ្រង់ទៅ នោះមានម្នាក់ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស មុនដំបូងគាត់រកស៊ីម៉ូន ជាបងបង្កើត ក៏ប្រាប់ថា យើងបានឃើញព្រះមែស្ស៊ីហើយ (គឺប្រែថា ព្រះគ្រីស្ទ) រួចគាត់នាំបងទៅឯព្រះយេស៊ូវ ឯទ្រង់ ក៏ទតមើលគាត់ ហើយមានបន្ទូលថា អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូណាស តែត្រូវហៅថា កេផាសវិញ (គឺប្រែថា ថ្ម)។