យ៉ូហាន 1:1-51
យ៉ូហាន 1:1-51 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលគង់នៅជាមួយ ព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ។ ព្រះអង្គគង់នៅជាមួយព្រះតាំងពីដំបូង គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះអង្គ ហើយគ្មានអ្វីណាមួយកើតមកក្រៅពីព្រះអង្គឡើយ។ នៅក្នុងព្រះអង្គ អ្វីៗដែលបានកើតមកមានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក។ ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្តីងងឹត តែសេចក្តីងងឹតមិនយល់ដល់ពន្លឺទេ។ មានបុរសម្នាក់ឈ្មោះយ៉ូហាន ដែលព្រះបានចាត់ឲ្យមក។ លោកបានមកដើម្បីធ្វើបន្ទាល់ពីពន្លឺ ដើម្បីឲ្យមនុស្សទាំងអស់បានជឿ តាមរយៈលោក លោកមិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែធ្វើបន្ទាល់ពីពន្លឺប៉ុណ្ណោះ។ ពន្លឺដ៏ពិតដែលមកក្នុងលោកីយ៍ គឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់។ ព្រះអង្គបានគង់នៅក្នុងពិភពលោក ហើយពិភពលោកកើតមកដោយសារព្រះអង្គ តែមនុស្សលោកមិនស្គាល់ព្រះអង្គទេ។ ព្រះអង្គបានយាងមកគង់នៅទឹកដីរបស់ព្រះអង្គ តែប្រជារាស្ត្រព្រះអង្គមិនបានទទួលព្រះអង្គឡើយ។ ប៉ុន្តែ អស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គ ព្រះអង្គប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ ជាកូនដែលមិនមែនកើតមកពីឈាម ពីប្រាថ្នាខាងរូបសាច់ ឬពីចំណង់របស់មនុស្សឡើយ គឺកើតមកពីព្រះវិញ។ ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើង យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្តីពិត។ លោកយ៉ូហានបានធ្វើបន្ទាល់អំពីព្រះអង្គ ដោយប្រកាសថា៖ «គឺព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា៖ "ព្រះអង្គដែលយាងមកក្រោយខ្ញុំ មានឋានៈធំជាងខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ"»។ យើងរាល់គ្នាបានទទួលសេចក្តីពោរពេញរបស់ព្រះអង្គ មកពីព្រះអង្គ ជាព្រះគុណថែមលើព្រះគុណ ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្តីពិត បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។ គ្មាននរណាដែលឃើញព្រះឡើយ មានតែព្រះរាជបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលគង់នៅក្នុងឱរាព្រះវរបិតា ទ្រង់បានសម្តែងឲ្យស្គាល់ព្រះអង្គ។ កាលពួកសាសន៍យូដាចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរលោកយ៉ូហានថា៖ «តើលោកជាអ្នកណា?» លោកធ្វើបន្ទាល់យ៉ាងនេះ គឺលោកប្រាប់តាមត្រង់ ឥតលាក់លៀមអ្វីឡើយ គឺលោកប្រកាសប្រាប់ថា៖ «ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ»។ គេសួរលោកថា៖ «ចុះលោកជាអ្នកណា? ជាលោកអេលីយ៉ាឬ?» លោកឆ្លើយថា៖ «មិនមែនទេ» តើលោកជាហោរានោះឬ? លោកឆ្លើយថា៖ «ទេ»។ ដូច្នេះ គេសួរលោកទៀតថា៖ «តើលោកជាអ្នកណាទៅវិញ? តើលោកមានប្រសាសន៍ដូចម្តេចអំពីខ្លួនលោក ដើម្បីឲ្យយើងខ្ញុំបាននាំពាក្យទៅជម្រាបអស់លោក ដែលចាត់ឲ្យយើងខ្ញុំមកផង?» លោកមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងដែលបន្លឺឡើងនៅទីរហោស្ថានថា "ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់" ដូចហោរាអេសាយបានថ្លែងទុក»។ ឯពួកអ្នកដែលគេចាត់ឲ្យមក ជាពួកផារិស៊ីនោះវិញ គេសួរលោកថា៖ «បើលោកមិនមែនជាព្រះគ្រីស្ទ ឬលោកអេលីយ៉ា ឬហោរានោះទេ ចុះហេតុអ្វីបានជាលោកធ្វើពិធីជ្រមុជទឹកដូច្នេះ?» លោកយ៉ូហានឆ្លើយថា៖ «ខ្ញុំធ្វើពិធីជ្រមុជដោយទឹក ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់ដែលអ្នករាល់គ្នាមិនស្គាល់ គឺមួយអង្គដែលមកក្រោយខ្ញុំ ខ្ញុំមិនសមនឹងស្រាយខ្សែសុព័ណ៌បាទព្រះអង្គផង»។ ការនេះកើតមកនៅភូមិបេថានី ខាងនាយទន្លេយ័រដាន់ ជាកន្លែងដែលលោកយ៉ូហានកំពុងធ្វើពិធីជ្រមុជទឹក។ លុះស្អែកឡើង លោកយ៉ូហានឃើញព្រះយេស៊ូវកំពុងយាងមករកលោក ហើយពោលថា៖ «ន៎ុះន៏ កូនចៀមរបស់ព្រះដែលដោះបាបមនុស្សលោក! គឺព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា៖ "ក្រោយខ្ញុំមានមួយអង្គយាងមក ដែលមានឋានៈធំជាងខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ"។ ខ្ញុំមិនបានស្គាល់ព្រះអង្គទេ តែខ្ញុំមកធ្វើពិធីជ្រមុជដោយទឹកនេះ គឺដើម្បីសម្តែងឲ្យសាសន៍អ៊ីស្រាអែលបានស្គាល់ព្រះអង្គប៉ុណ្ណោះ»។ លោកយ៉ូហានធ្វើបន្ទាល់ថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីលើមេឃ ដូចជាសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។ ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ប៉ុន្តែ ព្រះដែលចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជដោយទឹក ទ្រង់មានព្រះបន្ទូលមកខ្ញុំថា "អ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ"។ ខ្ញុំបានឃើញ ហើយក៏ធ្វើបន្ទាល់ថា ព្រះអង្គនេះហើយជាព្រះរាជបុត្រារបស់ព្រះមែន»។ លុះស្អែកឡើងទៀត លោកយ៉ូហានឈរជាមួយសិស្សរបស់លោកពីរនាក់ ហើយពេលលោកតាមមើលព្រះយេស៊ូវយាងកាត់តាមនោះ លោកពោលឡើងថា៖ «ន៎ុះន៏ កូនចៀមរបស់ព្រះ!» សិស្សទាំងពីរនាក់បានឮពាក្យនេះ គេក៏ដើរតាមព្រះយេស៊ូវទៅ។ ពេលព្រះយេស៊ូវងាកមកឃើញអ្នកទាំងពីរកំពុងដើរតាម ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នកមករកអ្វី?» គេទូលព្រះអង្គថា៖ «រ៉ាប៊ី (ដែលប្រែថា លោកគ្រូ) តើលោកនៅឯណា?» ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរមកមើលចុះ!» គេក៏ទៅ ឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេនៅជាមួយព្រះអង្គនៅថ្ងៃនោះ។ ពេលនោះ ប្រហែលជាម៉ោងបួនរសៀល។ ក្នុងចំណោមពីរនាក់ ដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយដើរតាមព្រះអង្គ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់ស៊ីម៉ូន-ពេត្រុស។ ដំបូងគាត់ជួបស៊ីម៉ូនជាបង ប្រាប់ថា៖ «យើងបានឃើញព្រះមែស្ស៊ីហើយ» (ដែលប្រែថា ព្រះគ្រីស្ទ)។ គាត់នាំបងទៅជួបព្រះយេស៊ូវ។ ព្រះយេស៊ូវទតមើលគាត់ ហើយមានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូហាន តែត្រូវហៅថា កេផាស (ដែលប្រែថា ថ្ម)»។ លុះស្អែកឡើង ព្រះយេស៊ូវសព្វព្រះហឫទ័យចង់យាងទៅស្រុកកាលីឡេ។ ព្រះអង្គបានជួបភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ ភីលីពមកពីក្រុងបេតសៃដា ដូចអនទ្រេ និងពេត្រុសដែរ។ ភីលីពបានជួបណាថាណែល ហើយប្រាប់គាត់ថា៖ «យើងបានឃើញព្រះអង្គ ដែលលោកម៉ូសេបានចែងទុកក្នុងក្រឹត្យវិន័យ ហើយពួកហោរាក៏បានចែងពីព្រះអង្គដែរ ព្រះអង្គមាននាមថា យេស៊ូវជាអ្នកស្រុកណាសារ៉ែត ជាបុត្ររបស់លោកយ៉ូសែប»។ ណាថាណែលតបទៅគាត់ថា៖ «តើមានអ្វីល្អ អាចចេញពីណាសារ៉ែតមកបានឬ?» ភីលីពពោលទៅគាត់ថា៖ «ចូរមកមើលចុះ!»។ កាលព្រះយេស៊ូវទតឃើញណាថាណែលដើរសំដៅមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាសាសន៍អ៊ីស្រាអែលពិតមែន គាត់គ្មានពុតត្បុតអ្វីសោះ!» ណាថាណែលទូលសួរព្រះអង្គថា៖ «តើលោកស្គាល់ខ្ញុំពីអង្កាល់?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបានឃើញអ្នកនៅក្រោមដើមល្វា មុនភីលីពហៅអ្នកទៅទៀត»។ ណាថាណែលទូលព្រះអង្គថា៖ «រ៉ាប៊ី លោកពិតជាព្រះរាជបុត្រារបស់ព្រះ! លោកជាស្តេចនៃសាសន៍អ៊ីស្រាអែលមែន!» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ដោយព្រោះតែខ្ញុំបានប្រាប់អ្នកថា ខ្ញុំបានឃើញអ្នកនៅក្រោមដើមល្វានោះ បានជាអ្នកជឿឬ? អ្នកនឹងឃើញការធំវិសេសលើសជាងនេះទៅទៀត»។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ទៀតថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នានឹងឃើញស្ថានសួគ៌បើកចំហ ហើយពួកទេវតារបស់ព្រះហោះចុះឡើងនៅពីលើកូនមនុស្ស»។
យ៉ូហាន 1:1-51 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលពីដើមដំបូងបង្អស់ ព្រះបន្ទូលមានព្រះជន្មគង់នៅ។ ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។ ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ កាលពីដើមដំបូងបង្អស់។ អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្ដាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ។ ព្រះបន្ទូលជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។ ពន្លឺភ្លឺក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតពុំបានទទួលពន្លឺទេ។ ព្រះជាម្ចាស់បានចាត់បុរសម្នាក់ឈ្មោះយ៉ូហានឲ្យមក។ លោកបានមកធ្វើជាបន្ទាល់ផ្ដល់សក្ខីភាពអំពីពន្លឺ ដើម្បីឲ្យមនុស្សទាំងអស់ជឿដោយសារលោក។ លោកយ៉ូហានមិនមែនជាពន្លឺទេ គឺលោកគ្រាន់តែមកផ្ដល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។ ព្រះបន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោក ហើយបំភ្លឺមនុស្សគ្រប់ៗរូប។ ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារព្រះអង្គ ប៉ុន្តែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។ ព្រះបន្ទូលបានយាងមកគង់ជាមួយប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ត្រនោះពុំបានទទួលព្រះអង្គឡើយ។ រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានឲ្យគេអាចទៅជាបុត្ររបស់ព្រះជាម្ចាស់។ អ្នកទាំងនោះពុំមែនកើតពីលោហិត ពីចំណង់តណ្ហា ឬពីបំណងមនុស្សឡើយ គឺកើតពីព្រះជាម្ចាស់វិញ។ ព្រះបន្ទូលបានកើតមកជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា ព្រះអង្គពោរពេញទៅដោយព្រះគុណ និងសេចក្ដីពិត។ លោកយ៉ូហានបានផ្ដល់សក្ខីភាពអំពីព្រះអង្គ ដោយប្រកាសថា៖ «គឺលោកនេះហើយដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”»។ យើងទាំងអស់គ្នាបានទទួលព្រះគុណមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ដ្បិតព្រះអង្គប្រទានក្រឹត្យវិន័យ*តាមរយៈលោកម៉ូសេ ហើយព្រះគុណ និងសេចក្ដីពិត តាមរយៈព្រះយេស៊ូគ្រិស្ត។ ពុំដែលមាននរណាម្នាក់បានឃើញព្រះជាម្ចាស់ឡើយ មានតែព្រះបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលបាននាំយើងឲ្យស្គាល់ព្រះអង្គ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា។ ជនជាតិយូដាចាត់ពួកបូជាចារ្យ* និងពួកលេវី* ពីក្រុងយេរូសាឡឹម ឲ្យទៅជួបលោកយ៉ូហាន ដើម្បីសួរថា៖ «លោកជានរណា?»។ លោកយ៉ូហានប្រកាសប្រាប់គេដោយពុំលាក់លៀមអ្វីឡើយ គឺលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្ត*ទេ»។ ពួកគេសួរលោកថា៖ «ដូច្នេះ តើលោកជានរណា? តើលោកជាព្យាការីអេលីយ៉ាឬ?»។ លោកឆ្លើយថា៖ «ទេ មិនមែនទេ!»។ គេក៏សួរទៀតថា៖ «តើលោកជាព្យាការី*ដែលយើងរង់ចាំនោះឬ?»។ លោកឆ្លើយថា៖ «មិនមែនទេ!»។ គេសួរលោកទៀតថា៖ «តើលោកជានរណា? ដ្បិតយើងខ្ញុំចង់បានចម្លើយយកទៅជម្រាបអស់លោក ដែលចាត់យើងខ្ញុំឲ្យមក តើលោកថាខ្លួនលោកជានរណា!»។ លោកយ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែក នៅវាលរហោស្ថាន*ថា: “ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់” ត្រូវនឹងសេចក្ដីដែលព្យាការីអេសាយបានថ្លែងទុកមក»។ អ្នកដែលគេចាត់ឲ្យមកនោះជាពួកខាងគណៈផារីស៊ី*។ គេសួរលោកយ៉ូហានទៀតថា៖ «បើលោកមិនមែនជាព្រះគ្រិស្ត មិនមែនជាព្យាការីអេលីយ៉ា ហើយក៏មិនមែនជាព្យាការីដែលយើងរង់ចាំនោះទេ ហេតុដូចម្ដេចបានជាលោកធ្វើពិធីជ្រមុជទឹក*ដូច្នេះ?»។ លោកយ៉ូហានឆ្លើយទៅគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជក្នុងទឹកមែន ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់ដែលអ្នករាល់គ្នាពុំស្គាល់ លោកមកក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែឲ្យខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង»។ ហេតុការណ៍នេះកើតមាននៅភូមិបេតថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងលោកយ៉ូហានធ្វើពិធីជ្រមុជទឹក*។ នៅថ្ងៃបន្ទាប់ លោកយ៉ូហានឃើញព្រះយេស៊ូយាងតម្រង់មករកលោក រួចលោកក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបចេញពីមនុស្សលោក គឺលោកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា “អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។ កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់លោកទេ ប៉ុន្តែ ខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹក* ដើម្បីឲ្យលោកបង្ហាញខ្លួនឲ្យប្រជារាស្ត្រអ៊ីស្រាអែលស្គាល់»។ លោកយ៉ូហានបានផ្ដល់សក្ខីភាពថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីស្ថានបរមសុខ* ដូចសត្វព្រាប មកសណ្ឋិតលើលោក។ ពីមុន ខ្ញុំពុំស្គាល់ឋានៈលោកទេ ប៉ុន្តែ ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជក្នុងទឹក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “អ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ*”។ ខ្ញុំបានឃើញដូច្នោះមែន ហើយខ្ញុំសូមបញ្ជាក់ថា លោកនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។ ថ្ងៃបន្ទាប់មកទៀត លោកយ៉ូហាននៅទីនោះដដែល ហើយមានសិស្សរបស់លោកពីរនាក់នៅជាមួយផង។ លោកសម្លឹងមើលព្រះយេស៊ូយាងកាត់តាមនោះ ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់»។ កាលសិស្សទាំងពីរបានឮពាក្យនេះ គេនាំគ្នាដើរតាមព្រះយេស៊ូទៅ។ ព្រះយេស៊ូងាកមកក្រោយ ទតឃើញអ្នកទាំងពីរដើរតាម ព្រះអង្គក៏មានព្រះបន្ទូលសួរថា៖ «អ្នកទាំងពីរមករកអ្វី?»។ គេទូលព្រះអង្គថា៖ «រ៉ាប៊ី! (ពាក្យ“រ៉ាប៊ី” នេះប្រែថា“លោកគ្រូ”) តើលោកនៅកន្លែងណា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «សុំអញ្ជើញមក អ្នកនឹងបានឃើញ!»។ គេក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេក៏នៅជាមួយព្រះអង្គនៅថ្ងៃនោះ (ពេលនោះ ប្រហែលជាម៉ោងបួនរសៀល)។ ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយតាមព្រះយេស៊ូទៅនោះ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស*។ គាត់ទៅជួបលោកស៊ីម៉ូនជាបងមុនគេ ប្រាប់ថា៖ «យើងបានរកព្រះមេស្ស៊ីឃើញហើយ!» (ពាក្យ“មេស្ស៊ី”នេះ ប្រែថា“ព្រះគ្រិស្ត”)។ គាត់ក៏នាំលោកស៊ីម៉ូនទៅគាល់ព្រះយេស៊ូ។ ព្រះយេស៊ូសម្លឹងមើលលោកស៊ីម៉ូន ក៏មានព្រះបន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូនជាកូនរបស់លោកយ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា“កេផាស” (ពាក្យ “កេផាស”នេះ ប្រែថា ពេត្រុស*)»។ លុះថ្ងៃបន្ទាប់មកទៀត ព្រះយេស៊ូសព្វព្រះហឫទ័យយាងទៅស្រុកកាលីឡេ។ ព្រះអង្គបានជួបលោកភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖ «សូមអញ្ជើញមកតាមខ្ញុំ»។ លោកភីលីពជាអ្នកភូមិបេតសៃដាដូចលោកអនទ្រេ និងលោកពេត្រុសដែរ។ លោកភីលីពទៅជួបលោកណាថាណែល ប្រាប់គាត់ថា៖ «ព្រះអង្គដែលលោកម៉ូសេបានចារទុកក្នុងគម្ពីរវិន័យ ហើយគម្ពីរព្យាការីក៏មានចែងទុកដែរនោះ ឥឡូវនេះ យើងបានជួបហើយ ព្រះអង្គមាននាមថា យេស៊ូ ជាអ្នកភូមិណាសារ៉ែតជាបុត្ររបស់លោកយ៉ូសែប»។ លោកណាថាណែលពោលតបទៅលោកភីលីពវិញថា៖ «ពុំដែលមានអ្វីល្អអាចចេញពីភូមិណាសារ៉ែតឡើយ»។ លោកភីលីពប្រាប់គាត់ថា៖ «សូមអញ្ជើញមក អ្នកនឹងបានឃើញ!»។ កាលព្រះយេស៊ូទតឃើញលោកណាថាណែលដើរមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាជាតិអ៊ីស្រាអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។ លោកណាថាណែលទូលសួរព្រះអង្គថា៖ «តើលោកគ្រូដែលស្គាល់ខ្ញុំពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំបានឃើញអ្នក កាលអ្នកនៅក្រោមដើមឧទុម្ពរ មុនភីលីពហៅអ្នកទៅទៀត»។ លោកណាថាណែលទូលព្រះអង្គថា៖ «ព្រះគ្រូ! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែលមែន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកបានជឿមកពីឮខ្ញុំនិយាយថា ខ្ញុំបានឃើញអ្នកនៅក្រោមដើមឧទុម្ពរ* ថ្ងៃក្រោយ អ្នកមុខតែឃើញការអស្ចារ្យលើសនេះទៅទៀត»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហ ហើយមានពួកទេវតា*របស់ព្រះជាម្ចាស់ចុះឡើងនៅពីលើបុត្រមនុស្ស*»។
យ៉ូហាន 1:1-51 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ នៅក្នុងទ្រង់មានជីវិត ហើយជីវិតនោះជាពន្លឺនៃមនុស្សលោក ពន្លឺនោះក៏ភ្លឺមកក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតយល់មិនដល់ពន្លឺទេ។ មានម្នាក់ឈ្មោះយ៉ូហាន ដែលព្រះទ្រង់ចាត់ឲ្យមក អ្នកនោះបានមកសំរាប់ជាទីបន្ទាល់ ដើម្បីនឹងធ្វើបន្ទាល់ពីពន្លឺ ប្រយោជន៍ឲ្យមនុស្សទាំងអស់បានជឿ ដោយសារគាត់ គាត់មិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែនឹងធ្វើបន្ទាល់ពីពន្លឺតែប៉ុណ្ណោះ ឯពន្លឺដ៏ពិត នោះគឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់ ដែលកើតមកក្នុងលោកីយ ទ្រង់បានគង់ក្នុងលោកីយ ហើយលោកីយក៏កើតមកដោយសារទ្រង់ តែមិនស្គាល់ទ្រង់ទេ ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះ គឺជាកូន ដែលមិនមែនកើតមកពីឈាម ឬតាមប្រាថ្នាខាងរូបសាច់ ឬតាមចំណង់នៃមនុស្សឡើយ គឺកើតមកអំពីព្រះវិញ។ ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា មានពេញជាព្រះគុណ នឹងសេចក្ដីពិត ឯយ៉ូហានបានធ្វើបន្ទាល់ពីទ្រង់ ដោយបន្លឺឧទានឡើងថា គឺពីព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់បានត្រឡប់ជាមុនខ្ញុំវិញ ដ្បិតទ្រង់គង់នៅមុនខ្ញុំ ហើយយើងទាំងអស់គ្នាបានទទួលអំពីសេចក្ដីពោរពេញរបស់ទ្រង់មក គឺជាព្រះគុណថែមលើព្រះគុណផង ដ្បិតបណ្តាក្រិត្យវិន័យទាំងប៉ុន្មាន បានប្រទានមក ដោយសារលោកម៉ូសេ តែឯព្រះគុណ នឹងសេចក្ដីពិត នោះបានមក ដោយសារព្រះយេស៊ូវគ្រីស្ទវិញ គ្មានអ្នកណាដែលឃើញព្រះឡើយ មានតែព្រះរាជបុត្រាតែ១ដែលគង់នៅក្នុងឱរាព្រះវរបិតាប៉ុណ្ណោះ ទ្រង់បានសំដែងឲ្យស្គាល់ព្រះអង្គ។ កាលពួកសាសន៍យូដាចាត់ពួកសង្ឃ នឹងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរយ៉ូហានថា តើលោកជាអ្នកណា នោះគាត់ធ្វើបន្ទាល់យ៉ាងនេះ គឺគាត់ប្រាប់តាមត្រង់ ឥតមានលាក់អ្វីឡើយ ថា ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ នោះគេសួរថា ចុះលោកជាអ្នកណា ជាលោកអេលីយ៉ាឬអី គាត់ឆ្លើយថា មិនមែនទេ តើលោកជាហោរានោះឬអី នោះគាត់ឆ្លើយថា ទេ ដូច្នេះ គេសួរគាត់ទៀតថា តើលោកជាអ្នកណាទៅវិញ លោកនឹងមានប្រសាសន៍ពីខ្លួនលោកដូចម្តេច ដើម្បីឲ្យយើងរាល់គ្នាបាននាំពាក្យទៅជំរាបដល់លោក ដែលចាត់ឲ្យយើងខ្ញុំមកផង នោះគាត់ក៏ប្រាប់ថា ខ្ញុំជាសំឡេង ដែលបន្លឺឡើងនៅទីរហោស្ថានថា «ចូរដំរង់ផ្លូវថ្វាយព្រះអម្ចាស់» ដូចជាហោរាអេសាយបានទាយទុក ឯពួកអ្នកដែលបានចាត់មកនោះ គេជាពួកផារិស៊ី គេក៏សួរគាត់ថា បើលោកមិនមែនជាព្រះគ្រីស្ទ ឬលោកអេលីយ៉ា ឬហោរានោះទេ ចុះហេតុអ្វីបានជាលោកធ្វើបុណ្យជ្រមុជទឹកដូច្នេះ យ៉ូហានឆ្លើយថា ឯខ្ញុំៗ ធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែ នៅកណ្តាលពួកអ្នករាល់គ្នា នោះមានព្រះ១អង្គ ដែលអ្នករាល់គ្នាមិនស្គាល់ គឺព្រះអង្គនោះហើយ ដែលមកក្រោយខ្ញុំ តែបានគង់នៅមុនខ្ញុំ ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ទេ រីឯការទាំងនេះ បានកើតមកនៅភូមិបេថានី ខាងនាយទន្លេយ័រដាន់ ជាកន្លែងដែលយ៉ូហានកំពុងតែធ្វើបុណ្យជ្រមុជទឹក។ លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៏ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក គឺពីព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា ក្រោយខ្ញុំមានព្រះ១អង្គយាងមក ដែលបានត្រឡប់ជាមុនខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ ខ្ញុំមិនបានស្គាល់ទ្រង់ទេ តែខ្ញុំមកធ្វើបុណ្យជ្រមុជនេះ គឺដើម្បីនឹងសំដែង ឲ្យសាសន៍អ៊ីស្រាអែលបានស្គាល់ទ្រង់ប៉ុណ្ណោះ។ យ៉ូហានក៏ធ្វើបន្ទាល់ថា ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីលើមេឃ មានរូបដូចជាព្រាប មកសណ្ឋិតលើទ្រង់ ខ្ញុំមិនបានស្គាល់ទ្រង់ទេ ប៉ុន្តែព្រះដែលចាត់ឲ្យខ្ញុំមកធ្វើបុណ្យជ្រមុជដោយទឹក ទ្រង់មានបន្ទូលមកខ្ញុំថា ដែលឯងឃើញព្រះវិញ្ញាណយាងចុះមក សណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើបុណ្យជ្រមុជ ដោយព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំបានឃើញមែន ហើយក៏ធ្វើបន្ទាល់ពីព្រះអង្គនោះថា ទ្រង់ជាព្រះរាជបុត្រានៃព្រះពិតមែន។ លុះស្អែកឡើងទៀត យ៉ូហានឈរនៅជាមួយនឹងសិស្សគាត់២នាក់ គាត់មើលទៅព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងទៅ ក៏ពោលថា នុ៎ះន៏ កូនចៀមនៃព្រះ សិស្សគាត់ទាំង២នាក់នោះក៏ឮដែរ រួចគេដើរតាមព្រះយេស៊ូវទៅ ឯព្រះយេស៊ូវ ទ្រង់ងាកបែរមក ឃើញអ្នកទាំង២កំពុងតែដើរតាម ក៏មានបន្ទូលទៅគេថា អ្នកមករកអី គេទូលឆ្លើយថា រ៉ាប៊ី (គឺប្រែថា លោកគ្រូ) តើលោកនៅឯណា ទ្រង់មានបន្ទូលថា ចូរតាមខ្ញុំទៅមើល គេក៏ទៅឃើញកន្លែងដែលទ្រង់គង់នៅ រួចនៅជាមួយនឹងទ្រង់ក្នុងថ្ងៃនោះ ពេលនោះប្រហែលជាម៉ោង៤ល្ងាចហើយ ក្នុងអ្នក២នាក់ ដែលឮយ៉ូហានពោលនោះ ហើយក៏តាមទ្រង់ទៅ នោះមានម្នាក់ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស មុនដំបូងគាត់រកស៊ីម៉ូន ជាបងបង្កើត ក៏ប្រាប់ថា យើងបានឃើញព្រះមែស្ស៊ីហើយ (គឺប្រែថា ព្រះគ្រីស្ទ) រួចគាត់នាំបងទៅឯព្រះយេស៊ូវ ឯទ្រង់ ក៏ទតមើលគាត់ ហើយមានបន្ទូលថា អ្នកឈ្មោះស៊ីម៉ូន ជាកូនយ៉ូណាស តែត្រូវហៅថា កេផាសវិញ (គឺប្រែថា ថ្ម)។ លុះដល់ស្អែកឡើង ព្រះយេស៊ូវសព្វព្រះហឫទ័យចង់យាងទៅឯស្រុកកាលីឡេ ទ្រង់ក៏រកភីលីព កាលបានឃើញហើយ នោះទ្រង់មានបន្ទូលទៅគាត់ថា ចូរតាមខ្ញុំមក ឯភីលីពនេះ គាត់នៅបេតសៃដា ជាទីក្រុងរបស់អនទ្រេ នឹងពេត្រុស ភីលីពក៏រកណាថាណែល រួចប្រាប់ថា យើងបានឃើញព្រះអង្គនោះហើយ គឺជាព្រះដែលលោកម៉ូសេបានចែងទុកពីទ្រង់ នៅក្នុងក្រិត្យវិន័យ ហើយពួកហោរាក៏បានទាយពីទ្រង់ផង ទ្រង់ព្រះនាមជា យេស៊ូវ ជាបុត្រយ៉ូសែប នៅភូមិណាសារ៉ែត តែណាថាណែលនិយាយថា តើមានអ្វីដ៏ល្អ អាចចេញពីណាសារ៉ែតមកបានឬទេ ភីលីពឆ្លើយឡើងថា ចូរតាមខ្ញុំទៅមើលចុះ ព្រះយេស៊ូវ ទ្រង់ឃើញណាថាណែលមកឯទ្រង់ ក៏មានបន្ទូលពីគាត់ថា នុ៎ះន៏ ជាសាសន៍អ៊ីស្រាអែលពិតមែន ដែលឥតមានចិត្តឧបាយ នោះណាថាណែលទូលសួរថា លោកស្គាល់ខ្ញុំពីណាមក ព្រះយេស៊ូវមានបន្ទូលឆ្លើយថា មុនដែលភីលីពហៅមក កាលអ្នកនៅក្រោមដើមល្វានៅឡើយ នោះខ្ញុំបានឃើញហើយ ណាថាណែលក៏ទូលទ្រង់ថា លោកគ្រូ លោកជាព្រះរាជបុត្រានៃព្រះ លោកប្រាកដជាស្តេចនៃសាសន៍អ៊ីស្រាអែលមែន ព្រះយេស៊ូវមានបន្ទូលឆ្លើយថា ដោយព្រោះតែខ្ញុំបាននិយាយប្រាប់អ្នកថា ខ្ញុំឃើញអ្នកនៅក្រោមដើមល្វានោះ បានជាអ្នកជឿឬអី អ្នកនឹងឃើញការដ៏ធំវិសេស លើសជាងនេះទៅទៀត រួចទ្រង់មានបន្ទូលទៀតថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នានឹងឃើញមេឃបើកចំហ នឹងពួកទេវតានៃព្រះហោះឡើងហោះចុះលើកូនមនុស្ស។