យេរេមា 9:23-26

យេរេមា 9:23-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កុំ​បី​ឲ្យ​អ្នក​ប្រាជ្ញ​អួត​ពី​ប្រាជ្ញា​របស់​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​មនុស្ស​ខ្លាំង​ពូកែ​អួត​ពី​កម្លាំង​ខ្លួន ឬ​អ្នក​មាន​អួត​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែរ។ ឯ​អ្នក​ដែល​អួត នោះ​ត្រូវ​ឲ្យ​អួត​តែ​ពី​សេចក្ដី​នេះ​វិញ គឺ​ថា​ខ្លួន​មាន​យោបល់ ហើយ​ក៏​ស្គាល់​ដល់​យើង​ថា យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​ប្រោស​ផ្សាយ​សេចក្ដី​សប្បុរស សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ផែនដី ដ្បិត​យើង​រីក‌រាយ​ចិត្ត​ចំពោះ​សេចក្ដី​ទាំង​នោះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍! នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​វាយ​ផ្ចាល​ពួក​កាត់​ស្បែក ដែល​កាត់​មិន​ស្មោះ​ត្រង់ គឺ​សាសន៍​អេស៊ីព្ទ សាសន៍​យូដា សាសន៍​អេដុម និង​ពួក​កូន​ចៅ​អាំម៉ូន និង​ម៉ូអាប់ ព្រម​ទាំង​អស់​អ្នក​នៅ​ទី​រហោ‌ស្ថាន ដែល​កាត់​ជ្រុង​ពុក‌ចង្កា​ផង ដ្បិត​បណ្ដា​សាសន៍​ទាំង​ប៉ុន្មាន មិន​កាត់​ស្បែក​ទេ ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​មិន​បាន​កាត់​ស្បែក​ចិត្ត​ដែរ។

ចែក​រំលែក
អាន យេរេមា 9

យេរេមា 9:23-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ប្រាជ្ញ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​ប្រាជ្ញា អ្នក​ខ្លាំង​ពូកែ​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​កម្លាំង ហើយ​អ្នក​មាន​ក៏​មិន​ត្រូវ​អួត ព្រោះ​ខ្លួន​មាន​ទ្រព្យ​សម្បត្តិ​ដែរ។ បើ​អ្នក​ណា​ចង់​អួត​ខ្លួន ត្រូវ​អួត ព្រោះ​តែ​ការ​ចេះ​ដឹង និង​ស្គាល់​យើង ជា​ព្រះ‌អម្ចាស់ ដែល​សម្តែង​សេចក្ដី​សប្បុរស សេចក្ដី​សុចរិត និង​យុត្តិធម៌​នៅ​លើ​ផែនដី។ មនុស្ស​ប្រភេទ​នេះ​ហើយ​ដែល​យើង​ពេញ​ចិត្ត» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​ធ្វើ​ពិធី​កាត់​ស្បែក*​តែ​សំបក​ក្រៅ គឺ​ជន‌ជាតិ​អេស៊ីប ជន‌ជាតិ​យូដា ជន‌ជាតិ​អេដុម ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​ពួក​អ្នក​កោរ​ជើង​សក់ ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាន ដ្បិត​ប្រជា‌ជាតិ​ទាំង​នោះ​ពុំ​បាន​កាត់​ស្បែក​ទេ។ សូម្បី​តែ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ក៏​ពុំ​បាន​ធ្វើ​ពិធី​កាត់​ស្បែក ដើម្បី​ប្រគល់​ចិត្ត​គំនិត​មក​យើង​ដែរ»។

ចែក​រំលែក
អាន យេរេមា 9

យេរេមា 9:23-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កុំ​បី​ឲ្យ​អ្នក​ប្រាជ្ញ​អួត​ពី​ប្រាជ្ញា​របស់​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​មនុស្ស​ខ្លាំង​ពូកែ​អួត​ពី​កំឡាំង​ខ្លួន ឬ​អ្នក​មាន​អួត​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែរ ឯ​អ្នក​ដែល​អួត នោះ​ត្រូវ​ឲ្យ​អួត​តែ​ពី​សេចក្ដី​នេះ​វិញ គឺ​ថា​ខ្លួន​មាន​យោបល់ ហើយ​ក៏​ស្គាល់​ដល់​អញ​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ដែល​ប្រោស​ផ្សាយ​សេចក្ដី​សប្បុរស សេចក្ដី​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត​នៅ​ផែនដី ដ្បិត​អញ​រីក‌រាយ​ចិត្ត​ចំពោះ​សេចក្ដី​ទាំង​នោះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​វាយ‌ផ្ចាល​ពួក​កាត់​ស្បែក ដែល​កាត់​មិន​ស្មោះ‌ត្រង់ គឺ​សាសន៍​អេស៊ីព្ទ សាសន៍​យូដា សាសន៍​អេដំម ហើយ​ពួក​កូន​ចៅ​អាំម៉ូន នឹង​ម៉ូអាប់ ព្រម​ទាំង​អស់​អ្នក​នៅ​ទី​រហោ‌ស្ថាន ដែល​កាត់​ជ្រុង​ពុក‌ចង្កា​ផង ដ្បិត​បណ្តា​សាសន៍​ទាំង​ប៉ុន្មាន មិន​កាត់​ស្បែក​ទេ ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់ ក៏​មិន​បាន​កាត់​ស្បែក​ចិត្ត​ដែរ។

ចែក​រំលែក
អាន យេរេមា 9