យេរេមា 8:4-7
យេរេមា 8:4-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មួយទៀត អ្នកត្រូវប្រាប់គេថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ បើមនុស្សដួល តើមិនក្រោកឡើងវិញទេឬ? បើអ្នកណាបែរចេញ តើមិនវិលមកវិញឬ? ចុះហេតុអ្វីបានជាប្រជាជននៅក្រុងយេរូសាឡិម ទាំងនេះបានវង្វេងចេញ ហើយជាប់នៅក្នុងការនោះជានិច្ចដូច្នេះ? គេកាន់ខ្ជាប់តាមពាក្យបញ្ឆោត ហើយមិនព្រមវិលមកវិញទេ។ យើងបានផ្ទៀងត្រចៀក ហើយប្រុងស្តាប់ តែគេមិនបាននិយាយដោយទៀងត្រង់សោះ គ្មានអ្នកណាមួយបានប្រែចិត្តចេញ ពីអំពើអាក្រក់របស់ខ្លួន ដោយថា តើយើងបានធ្វើអ្វីនេះ គ្រប់គ្នាបានបែរទៅតាមផ្លូវរបស់ខ្លួនវិញ ដូចជាសេះស្ទុះចូលទៅក្នុងសង្គ្រាម។ ឯសត្វកុកដែលហើរលើអាកាសក៏ស្គាល់រដូវវាដែរ ឯលលក និងត្រចៀកកាំ ហើយក្រៀល ក៏កាន់ពេលវេលាដែលត្រូវមកដែរ តែប្រជារាស្ត្ររបស់យើង គេមិនស្គាល់ច្បាប់របស់ព្រះយេហូវ៉ាទេ។
យេរេមា 8:4-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរប្រាប់ពួកគេថា ព្រះអម្ចាស់មានព្រះបន្ទូល ដូចតទៅ: «ធម្មតា អ្នកដួលតែងតែក្រោកឡើងវិញ ហើយអ្នកវង្វេងផ្លូវ ក៏តែងតែបកក្រោយវិញដែរ។ ចុះហេតុដូចម្ដេចបានជាប្រជាជន ក្រុងយេរូសាឡឹមនាំគ្នាវង្វេងចេញពីយើង ហើយចេះតែមានចិត្តសាវាដូច្នេះ? ពួកគេនៅតែឈ្លក់ចិត្តនឹងព្រះក្លែងក្លាយ ពួកគេពុំព្រមវិលត្រឡប់មកវិញទេ!។ យើងផ្ទៀងត្រចៀកស្ដាប់ ឮពួកគេពោលពាក្យសុទ្ធតែឥតខ្លឹមសារ គ្មាននរណាម្នាក់សោកស្ដាយថា ខ្លួនបានប្រព្រឹត្តអំពើអាក្រក់ ដោយពោលថា “ខ្ញុំបានធ្វើខុសហើយ” នោះឡើយ គឺពួកគេទាំងអស់គ្នារត់ទៅប្រព្រឹត្តតាម អំពើចិត្តរបស់ខ្លួនដូចសេះបោលក្នុងសមរភូមិ។ កុកដែលហើរនៅលើមេឃចេះស្គាល់រដូវកាល ហើយលលក ត្រចៀកកាំ និងស្មោញ ក៏ចេះសម្គាល់មើលថា តើពេលណាវាត្រូវវិលមកវិញដែរ ប៉ុន្តែ ប្រជាជនរបស់យើងមិនស្គាល់ វិន័យរបស់យើងទេ។
យេរេមា 8:4-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មួយទៀត ត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះបើមនុស្សដួល តើមិនក្រោកឡើងវិញទេឬ បើអ្នកណាបែរចេញ តើមិនវិលមកវិញឬ ចុះហេតុអ្វីបានជាប្រជាជននៅក្រុងយេរូសាឡិមទាំងនេះ បានរាថយចេញ ហើយជាប់នៅក្នុងការនោះជានិច្ចដូច្នេះ គេកាន់ខ្ជាប់តាមសេចក្ដីកំភូត ហើយមិនព្រមវិលមកវិញទេ អញបានផ្ទៀងត្រចៀក ហើយប្រុងស្តាប់ តែគេមិនបាននិយាយដោយទៀងត្រង់សោះ គ្មានអ្នកណាមួយបានប្រែចិត្តចេញពីអំពើអាក្រក់របស់ខ្លួន ដោយថា តើអញបានធ្វើអ្វីនេះគ្រប់គ្នាបានបែរទៅតាមផ្លូវរបស់ខ្លួនវិញ ដូចជាសេះស្ទុះចូលទៅក្នុងសង្គ្រាម ឯសត្វកុកដែលហើរលើអាកាសវាក៏ស្គាល់រដូវវាដែរ ឯលលក នឹងត្រចៀកកាំ ហើយក្រៀល ក៏កាន់ពេលវេលាដែលត្រូវមកដែរ តែរាស្ត្ររបស់អញ គេមិនស្គាល់ច្បាប់របស់ព្រះយេហូវ៉ាទេ។