យេរេមា 8:18-22
យេរេមា 8:18-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱបើខ្ញុំអាចកម្សាន្តទុក្ខរបស់ខ្ញុំបាន ចិត្តរបស់ខ្ញុំល្វើយនៅក្នុងខ្លួន ន៎ ឮសំឡេងកូនស្រីរបស់សាសន៍ខ្ញុំ ដែលស្រែកនៅស្រុកឆ្ងាយណាស់ថា តើព្រះយេហូវ៉ាមិនគង់នៅក្រុងស៊ីយ៉ូនទេឬ? តើមហាក្សត្រនៃក្រុងនោះមិននៅទេឬ? ហេតុអ្វីបានជាគេបណ្ដាលឲ្យយើងខឹង ដោយសាររូបឆ្លាក់របស់គេ ហើយដោយរបស់ឥតប្រយោជន៍ពីប្រទេសដទៃដូច្នេះ? រដូវច្រូតកាត់បានកន្លងហើយ រដូវក្តៅក៏ផុតទៅ តែយើងរាល់គ្នាមិនទាន់បានសង្គ្រោះនៅឡើយ។ ខ្ញុំត្រូវរបួសដោយឈឺឆ្អាលចំពោះរបួស របស់កូនស្រីនៃសាសន៍ខ្ញុំ ខ្ញុំកាន់ទុក្ខ ហើយសេចក្ដីស្រឡាំងកាំងបានចាប់ខ្ញុំផង តើគ្មានប្រទាលមុខសះនៅស្រុកកាឡាតទេឬ? តើគ្មានគ្រូពេទ្យនៅទីនោះទេឬ? ចុះតើហេតុអ្វីបានជាកូនស្រីនៃសាសន៍ខ្ញុំមិនជាដូច្នេះ?
យេរេមា 8:18-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំឈឺចុកចាប់ក្នុងចិត្តពន់ប្រមាណ តែគ្មានអ្វីអាចសម្រាលទុក្ខរបស់ខ្ញុំបានទេ សម្រែកយំសោកនៃប្រជាជនរបស់ខ្ញុំ លាន់ឮពីដែនដីដ៏សែនឆ្ងាយ ព្រះអម្ចាស់លែងគង់នៅក្រុងស៊ីយ៉ូនហើយឬ? ក្រុងស៊ីយ៉ូនលែងមានព្រះមហាក្សត្រហើយឬ? «ហេតុអ្វីបានជាពួកគេធ្វើឲ្យយើងខឹង ដោយសាររូបព្រះក្លែងក្លាយជាព្រះឥតបានការ របស់សាសន៍ដទៃដូច្នេះ?»។ រដូវចម្រូតកន្លងផុតទៅ រដូវប្រាំងក៏ជិតផុតទៅដែរ តែពួកយើងពុំបានទទួលការសង្គ្រោះសោះ! ដួងចិត្តខ្ញុំត្រូវខ្ទេចខ្ទាំ ដោយសារមហន្តរាយនៃប្រជាជនរបស់ខ្ញុំ ខ្ញុំវិលវល់ស្មារតី ដោយសារទុក្ខព្រួយដ៏ធ្ងន់។ តើនៅស្រុកកាឡាដលែងមានប្រេង សម្រាប់រឹតឲ្យបានធូរស្រាលហើយឬ? តើនៅទីនោះ លែងមានគ្រូពេទ្យហើយឬ? ហេតុអ្វីបានជាដំបៅនៃប្រជាជនរបស់ខ្ញុំ មិនព្រមសះដូច្នេះ?
យេរេមា 8:18-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱបើខ្ញុំនឹងអាចកំសាន្តទុក្ខរបស់ខ្ញុំបានទៅអេះ ចិត្តរបស់ខ្ញុំល្វើយនៅក្នុងខ្លួន ន៏ ឮសំឡេងកូនស្រីរបស់សាសន៍ខ្ញុំ ដែលស្រែកនៅឯស្រុកឆ្ងាយណាស់ថា តើព្រះយេហូវ៉ាមិនគង់នៅក្រុងស៊ីយ៉ូនទេឬអី តើមហាក្សត្រនៃក្រុងនោះមិននៅទេឬ ហេតុអ្វីបានជាគេបណ្តាលឲ្យអញខឹង ដោយសាររូបឆ្លាក់របស់គេ ហើយដោយរបស់ឥតប្រយោជន៍ពីប្រទេសដទៃដូច្នេះ រដូវច្រូតកាត់បានកន្លងហើយ រដូវក្តៅក៏ផុតទៅ តែយើងរាល់គ្នាមិនទាន់បានសង្គ្រោះនៅឡើយ ខ្ញុំត្រូវរបួសដោយឈឺឆ្អាលចំពោះរបួសរបស់កូនស្រីនៃសាសន៍ខ្ញុំ ខ្ញុំកាន់ទុក្ខ ហើយសេចក្ដីស្រឡាំងកាំងបានចាប់ខ្ញុំផង តើគ្មានប្រទាលមុខសះនៅស្រុកកាឡាតទេឬអី តើគ្មានគ្រូពេទ្យនៅទីនោះទេឬ ចុះតើហេតុអ្វីបានជាកូនស្រីនៃសាសន៍ខ្ញុំមិនជាដូច្នេះ។