យេរេមា 7:9-26

យេរេមា 7:9-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

តើ​អ្នក​រាល់​គ្នា​លួច​ប្លន់ កាប់​សម្លាប់ ផិត​គ្នា ស្បថ​បំពាន ដុត​កំញាន​ថ្វាយ​ព្រះ‌បាល ហើយ​គោរព​តាម​ព្រះ​ដទៃ ដែល​អ្នក​មិន​បាន​ស្គាល់​ពី​ដើម រួច​មក​ឈរ​នៅ​មុខ​យើង​ក្នុង​វិហារ​នេះ ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង ហើយ​ពោល​ថា៖ យើង​បាន​សង្គ្រោះ​ហើយ គឺ​ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​នេះ​ឬ? ព្រះ‌វិហារ​នេះ​ដែល​ហៅ​តាម​ឈ្មោះ​យើង តើ​បាន​ត្រឡប់​ជា​រោង​ចោរ​នៅ​ភ្នែក​អ្នក​រាល់​គ្នា​ឬ ? ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ គឺ​ខ្លួន​យើង​បាន​ឃើញ​ការ​នេះ​ហើយ។ ចូរ​អ្នក​រាល់​គ្នា​ទៅ​ទី​កន្លែង​របស់​យើង ដែល​នៅ​ត្រង់​ស៊ីឡូរ​ចុះ ជា​កន្លែង​ដែល​យើង​បាន​តាំង​ឈ្មោះ​យើង​ឲ្យ​នៅ​មុន​ដំបូង ត្រូវ​ពិចារណា​មើល ដែល​យើង​បាន​ធ្វើ​ដល់​កន្លែង​នោះ​ជា​យ៉ាង​ណា ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង ហើយ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ យើង​បាន​និយាយ​នឹង​អ្នក​រាល់​គ្នា ទាំង​ខ្នះ‌ខ្នែង​រំឭក​អ្នក​តាំង​ពី​ព្រលឹម​ស្រាង​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ យើង​ក៏​បាន​ហៅ​អ្នក​រាល់​គ្នា តែ​អ្នក​មិន​បាន​ឆ្លើយ​តប​សោះ។ ហេតុ​នោះ យើង​នឹង​ធ្វើ​ដល់​វិហារ ដែល​ហៅ​តាម​ឈ្មោះ​យើង គឺ​ជា​ទី​ដែល​អ្នក​រាល់​គ្នា​ទុក​ចិត្ត​នេះ ហើយ​ដល់​ទី​កន្លែង​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក​រាល់​គ្នា និង​បុព្វ‌បុរស​អ្នក​ផង ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីឡូរ​នោះ​ដែរ។ យើង​នឹង​បោះ‌បង់​អ្នក​រាល់​គ្នា​ចេញ​ពី​ភ្នែក​យើង ដូច​ជា​បាន​បោះ‌បង់​ពួក​បង‌ប្អូន​អ្នក​ដែរ គឺ​ជា​ពូជ​អេប្រាអិម​ទាំង​ប៉ុន្មាន។ សម្រាប់​អ្នក​រាល់​គ្នា កុំ​អធិស្ឋាន​ឲ្យ​ជន​ជាតិ​នេះ​ឡើយ ក៏​កុំ​ឲ្យ​បន្លឺ​សំឡេង​អំពាវ‌នាវ ឬ​អធិស្ឋាន​ឲ្យ​គេ ឬ​អង្វរ​ដល់​យើង​ជំនួស​គេ​ឲ្យ​សោះ ព្រោះ​យើង​មិន​ព្រម​ស្តាប់​អ្នក​ទេ។ តើ​អ្នក​មិន​ឃើញ​អំពើ​ដែល​គេ​ប្រព្រឹត្ត នៅ​ក្នុង​ក្រុង​នានា​នៃ​ស្រុក​យូដា ហើយ​នៅ​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទេ​ឬ? គឺ​កូន​ក្មេង​រើស​ឧស ឪពុក​បង្កាត់​ភ្លើង ហើយ​ពួក​ស្រីៗ​ច្របាច់​ម្សៅ​ធ្វើ​នំ​ថ្វាយ​ដល់​ព្រះ‌ចន្ទ ព្រម​ទាំង​ច្រួច​តង្វាយ​ថ្វាយ​ដល់​ព្រះ​ឯ​ទៀត នេះ​ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង​ក្តៅ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ តើ​គេ​បណ្ដាល​ឲ្យ​យើង​មាន​សេចក្ដី​ក្រោធ​មែន​ឬ? តើ​មិន​មែន​ខ្លួន​គេ​ដែល​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ទេ​ឬ? ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍ កំហឹង និង​សេចក្ដី​ក្រោធ​របស់​យើង បាន​ចាក់​មក​លើ​ទី​នេះ គឺ​លើ​មនុស្ស លើ​សត្វ ហើយ​លើ​ដើម​ឈើ​នៅ​ចម្ការ និង​លើ​ផល​ដែល​កើត​ពី​ដី​ផង កំហឹង​នោះ​នឹង​ឆេះ​ឡើង​ឥត​រលត់​ឡើយ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​ថ្វាយ​តង្វាយ​ដុត​ថែម​លើ​យញ្ញ‌បូជា​របស់​អ្នក​រាល់​គ្នា ហើយ​ស៊ី​សាច់​ចុះ ពី​ព្រោះ​នៅ​គ្រា​ដែល​យើង​បាន​នាំ​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​យើង​មិន​បាន​និយាយ​នឹង​គេ ឬ​បង្គាប់​គេ ពី​ដំណើរ​តង្វាយ​ដុត និង​យញ្ញ‌បូជា​ទេ គឺ​យើង​បាន​បង្គាប់​សេចក្ដី​នេះ​ដល់​គេ​វិញ​ថា ចូរ​ស្តាប់​តាម​ពាក្យ​យើង នោះ​យើង​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​រាល់​គ្នា​ត្រូវ​ដើរ​តាម​ផ្លូវ​ដែល​យើង​បង្គាប់​អ្នក​គ្រប់​ជំពូក ដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ។ ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​សោះ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង គឺ​គេ​បាន​ដើរ​តាម​តែ​គំនិត​របស់​ខ្លួន​គេ និង​សេចក្ដី​រឹង​ចចេស​ក្នុង​ចិត្ត​អាក្រក់​របស់​គេ​វិញ គេ​បាន​រា​ថយ​ក្រោយ ឥត​ជឿន​ទៅ​ខាង​មុខ​ទេ។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​បុព្វ‌បុរស​អ្នក​រាល់​គ្នា បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ យើង​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក​រក​អ្នក ដោយ​ខ្នះ‌ខ្នែង​ចាត់​គេ​ពី​ព្រលឹម​ស្រាង​រាល់​ថ្ងៃ​ផង។ ប៉ុន្តែ អ្នក​មិន​បាន​ស្តាប់​តាម​យើង ឬ​ផ្ទៀង​ត្រចៀក​មក​សោះ គឺ​បាន​តាំង​ក្បាល​រឹង ហើយ​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​បុព្វ‌បុរស​ទៅ​ទៀត។

ចែក​រំលែក
អាន យេរេមា 7

យេរេមា 7:9-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​រាល់​គ្នា​លួច​ប្លន់ កាប់​សម្លាប់ ផិត​ក្បត់ ស្បថ​បំពាន ដុត​គ្រឿង​សក្ការៈ​បូជា​ថ្វាយ​ព្រះ​បាល និង​រត់​ទៅ​គោរព​ព្រះ​ដទៃ ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់​ពី​មុន រួច​ហើយ​នាំ​គ្នា​ចូល​មក​ថ្វាយ‌បង្គំ​យើង​ក្នុង​ព្រះ‌វិហារ​នេះ ដែល​ជា​ដំណាក់​របស់​យើង។ អ្នក​រាល់​គ្នា​ហ៊ាន​ប្រកាស​ថា “នៅ​កន្លែង​នេះ យើង​រួច​ខ្លួន!”។ អ្នក​រាល់​គ្នា​ពោល​ដូច្នេះ ហើយ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ត​ទៅ​ទៀត។ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ព្រះ‌វិហារ​ដែល​ជា​ដំណាក់​របស់​យើង​នេះ ជា​សំបុក​ចោរ​ឬ? តាម​ពិត យើង​ឃើញ​ថា ទី​នេះ​ពិត​ជា​សំបុក​ចោរ​មែន!» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ «ចូរ​នាំ​គ្នា​ទៅ​ទីសក្ការៈ​របស់​យើង​នៅ​ស៊ីឡូ ដែល​ជា​ដំណាក់​របស់​យើង​កាល​ពី​មុន​នោះ ហើយ​សង្កេត​មើល​ទៅ! ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​បាន​បំផ្លាញ​ទី​នោះ​ឲ្យ​ខ្ទេច‌ខ្ទី»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទាំង​នេះ ដោយ​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​ពាក្យ​យើង គឺ​ទោះ​បី​យើង​និយាយ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​ដំបូង​មក​ក្ដី ហើយ​ដោយ​អ្នក​រាល់​គ្នា​ពុំ​បាន​ឆ្លើយ នៅ​ពេល​យើង​ស្រែក​ហៅ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ព្រះ‌វិហារ​នេះ ដូច​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីឡូ​ដែរ ទោះ​បី​ទី​នេះ​ជា​ដំណាក់​របស់​យើង ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ទុក​ចិត្ត ហើយ​ជា​កន្លែង​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ក៏​ដោយ។ យើង​នឹង​បំបរ‌បង់​អ្នក​រាល់​គ្នា​ឲ្យ​ឆ្ងាយ​ពី​យើង ដូច​យើង​បាន​បំបរ‌បង់​ពួក​អេប្រាអ៊ីម​ទាំង​មូល​ជា​បងប្អូន​របស់​អ្នក​រាល់​គ្នា​ដែរ»។ «រីឯ​អ្នក​វិញ កុំ​ទូល‌អង្វរ​យើង​សម្រាប់​ប្រជា‌ជន​នេះ កុំ​បន្លឺ​សំឡេង​អធិស្ឋាន ឬ​ទទូច​សុំ​ឲ្យ​យើង​ប្រណី​ពួក​គេ​ឡើយ យើង​មិន​ស្ដាប់​ពាក្យ​អ្នក​ទេ។ តើ​អ្នក​មិន​ឃើញ​អំពើ​ដែល​គេ​ប្រព្រឹត្ត​នៅ​តាម​ក្រុង​នានា​ក្នុង​ស្រុក​យូដា និង​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​យេរូ‌សាឡឹម​ទេ​ឬ? កូនៗ​នាំ​គ្នា​ដើរ​រើស​អុស ឪពុក​បង្កាត់​ភ្លើង ហើយ​ម្ដាយ​ច្របាច់​ម្សៅ​ធ្វើ​នំ​ថ្វាយ​ព្រះ‌នាង​ម្ចាស់​សួគ៌ ពួក​គេ​ច្រួច‌ស្រា​ថ្វាយ​ព្រះ‌ដទៃ ដើម្បី​បញ្ឈឺ​ចិត្ត​យើង។ តាម​ពិត មិន​មែន​យើង​ទេ​ដែល​ឈឺ​ចិត្ត គឺ​ពួក​គេ​វិញ​ឯ‌ណោះ​ដែល​ឈឺ​ចិត្ត ព្រោះ​ត្រូវ​អាម៉ាស់​មុខ!» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «យើង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង​មក​លើ​កន្លែង​នេះ គឺ​លើ​មនុស្ស សត្វ ព្រៃ​ព្រឹក្សា និង​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី។ កំហឹង​នេះ​ប្រៀប​បាន​នឹង​ភ្លើង ដែល​ឆេះ​ពុំ​រលត់​ឡើយ»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បន្ថែម​តង្វាយ​ដុត​ពី​លើ​យញ្ញ‌បូជា​របស់​អ្នក​រាល់​គ្នា ហើយ​បរិភោគ​សាច់​នោះ​ខ្លួន​ឯង​ទៅ ដ្បិត​នៅ​ថ្ងៃ​ដែល​យើង​បាន​នាំ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប យើង​ពុំ​បាន​និយាយ​អ្វី​ជា​មួយ​ពួក​គេ ហើយ​យើង​ក៏​ពុំ​បាន​បង្គាប់​ពួក​គេ​ស្ដី​អំពី​តង្វាយ​ដុត និង​យញ្ញ‌បូជា​ដែរ។ យើង​គ្រាន់​តែ​បង្គាប់​ពួក​គេ​ថា “ចូរ​ស្ដាប់​សំឡេង​យើង ដើម្បី​ឲ្យ​យើង​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង។ ចូរ​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​ដែល​យើង​បង្ហាញ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​សុភមង្គល​ជា​មិន​ខាន”។ ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់ ហើយ​ក៏​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​យើង​ទេ។ ពួក​គេ​បាន​ធ្វើ​តាម​ទំនើង​ចិត្ត​របស់​ខ្លួន ពួក​គេ​នៅ​តែ​ចចេស​រឹង‌រូស ប្រព្រឹត្ត​តាម​ចិត្ត​អាក្រក់​របស់​ខ្លួន ពួក​គេ​បែរ​ខ្នង​ដាក់​យើង មិន​ព្រម​ងាក​មុខ​មក​រក​យើង​ទេ។ តាំង​ពី​ថ្ងៃ​ដែល​បុព្វបុរស​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប​រហូត​មក​ដល់​សព្វ​ថ្ងៃ យើង​តែងតែ​ចាត់​ព្យាការី​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​ទៅ​រក​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ មិន​ដែល​អាក់‌ខាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​មិន​ព្រម​ស្ដាប់ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​របស់​យើង​ទេ ពួក​គេ​តាំង​ចិត្ត​រឹង‌រូស ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាង​បុព្វបុរស​របស់​ខ្លួន​ទៅ​ទៀត»។

ចែក​រំលែក
អាន យេរេមា 7

យេរេមា 7:9-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តើ​ឯង​រាល់​គ្នា​នឹង​លួច​ប្លន់ កាប់​សំឡាប់ ផិត​គ្នា ស្បថ​បំពាន ដុត​កំញាន​ថ្វាយ​ព្រះ‌បាល ហើយ​គោរព​តាម​ព្រះ​ដទៃ ដែល​ឯង​មិន​បាន​ស្គាល់​ពី​ដើម រួច​មក​ឈរ​នៅ​មុខ​អញ​ក្នុង​វិហារ​នេះ ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ ហើយ​ពោល​ថា យើង​បាន​សង្គ្រោះ​ហើយ គឺ​ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​នេះ​ឬ ព្រះ‌វិហារ​នេះ​ដែល​ហៅ​តាម​ឈ្មោះ​អញ តើ​បាន​ត្រឡប់​ជា​រោង​ចោរ​នៅ​ភ្នែក​ឯង​រាល់​គ្នា​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គឺ​ខ្លួន​អញ​បាន​ឃើញ​ការ​នេះ​ហើយ។ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ទៅ​ឯ​ទី​កន្លែង​របស់​អញ ដែល​នៅ​ត្រង់​ស៊ីឡូរ​ចុះ ជា​កន្លែង​ដែល​អញ​បាន​តាំង​ឈ្មោះ​អញ ឲ្យ​នៅ​ជា​មុន​ដំបូង ត្រូវ​ឲ្យ​ពិចារណា​មើល ដែល​អញ​បាន​ធ្វើ​ដល់​កន្លែង​នោះ​ជា​យ៉ាង​ណា ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​អ៊ីស្រាអែល ជា​រាស្ត្រ​អញ ហើយ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ហើយ​អញ​បាន​និយាយ​នឹង​ឯង​រាល់​គ្នា ទាំង​ខ្នះ‌ខ្នែង​រំឭក​ឯង​តាំង​ពី​ព្រលឹម​ស្រាង​ផង តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ អញ​ក៏​បាន​ហៅ​ឯង​រាល់​គ្នា តែ​ឯង​មិន​បាន​ឆ្លើយ​តប​សោះ ហេតុ​នោះ អញ​នឹង​ធ្វើ​ដល់​វិហារ ដែល​ហៅ​តាម​ឈ្មោះ​អញ គឺ​ជា​ទី​ដែល​ឯង​រាល់​គ្នា​ទុក​ចិត្ត​នេះ ហើយ​ដល់​ទី​កន្លែង​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​រាល់​គ្នា នឹង​ពួក​ព្ធយុ‌កោ​ឯង​ផង ដូច​ជា​បាន​ធ្វើ​ដល់​ស៊ីឡូរ​នោះ​ដែរ ហើយ​អញ​នឹង​បោះ‌បង់​ឯង​រាល់​គ្នា​ពី​ភ្នែក​អញ​ចេញ ដូច​ជា​បាន​បោះ‌បង់​ពួក​បង​ប្អូន​ឯង​ដែរ គឺ​ជា​ពូជ​អេប្រា‌អិម​ទាំង​ប៉ុន្មាន។ ដូច្នេះ កុំ​ឲ្យ​អធិស្ឋាន​ឲ្យ​ជន‌ជាតិ​នេះ​ឡើយ ក៏​កុំ​ឲ្យ​បន្លឺ​សំឡេង​អំពាវ‌នាវ ឬ​អធិស្ឋាន​ឲ្យ​គេ ឬ​អង្វរ​ដល់​អញ​ជំនួស​គេ​ឲ្យ​សោះ ពី​ព្រោះ​អញ​មិន​ព្រម​ស្តាប់​ឯង​ទេ តើ​ឯង​មិន​ឃើញ​អំពើ​ដែល​គេ​ប្រព្រឹត្ត នៅ​អស់​ទាំង​ក្រុង​នៃ​ស្រុក​យូដា ហើយ​នៅ​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទេ​ឬ​អី គឺ​កូន​ក្មេង​រើស​ឧស ឪពុក​បង្កាត់​ភ្លើង​ឡើង ហើយ​ពួក​ស្រីៗ​គេ​ច្របាច់​ម្សៅ​ធ្វើ​នំ​ថ្វាយ​ដល់​ព្រះ‌ចន្ទ ព្រម​ទាំង​ច្រួច​ដង្វាយ​ថ្វាយ​ដល់​ព្រះ​ឯ​ទៀត​ផង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង​ក្តៅ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​គេ​បណ្តាល​ឲ្យ​អញ​មាន​សេចក្ដី​កំហឹង​មែន​ឬ តើ​មិន​មែន​ដល់​ខ្លួន​គេ​វិញ ដរាប​ដល់​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ផង​ទេ​ឬ​អី ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល សេចក្ដី​កំហឹង នឹង​សេចក្ដី​ក្រោធ​របស់​អញ នឹង​បាន​ចាក់​មក​លើ​ទី​នេះ គឺ​លើ​មនុស្ស លើ​សត្វ ហើយ​លើ​ដើម​ឈើ​នៅ​ចំការ នឹង​លើ​ផល​ដែល​កើត​ពី​ដី​ផង សេចក្ដី​កំហឹង​នោះ​នឹង​ឆេះ​ឡើង ឥត​រលត់​ឡើយ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ថ្វាយ​ដង្វាយ​ដុត​ថែម​លើ​យញ្ញ‌បូជា​របស់​ឯង​រាល់​គ្នា ហើយ​ស៊ី​សាច់​ចុះ ពី​ព្រោះ​នៅ​គ្រា​ដែល​អញ​បាន​នាំ​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​អញ​មិន​បាន​និយាយ​នឹង​គេ ឬ​បង្គាប់​គេ ពី​ដំណើរ​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា​ទេ គឺ​អញ​បាន​បង្គាប់​សេចក្ដី​នេះ​ដល់​គេ​វិញ​ថា ចូរ​ស្តាប់​តាម​ពាក្យ​អញ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដើរ​តាម​ផ្លូវ​ដែល​អញ​បង្គាប់​ឯង​គ្រប់​ជំពូក ដើម្បី​ឲ្យ​ឯង​បាន​សេចក្ដី​សុខ​ស្រួល ប៉ុន្តែគេ​មិន​បាន​ស្តាប់​តាម​សោះ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង គឺ​គេ​បាន​ដើរ​តាម​តែ​គំនិត​របស់​ខ្លួន​គេ នឹង​សេចក្ដី​រឹង‌ចចេស​ក្នុង​ចិត្ត​អាក្រក់​របស់​គេ​វិញ គេ​បាន​រា‌ថយ​ក្រោយ ឥត​ជឿន​ទៅ​ខាង​មុខ​ទេ ចាប់​តាំង​ពី​ថ្ងៃ​ដែល​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ អញ​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បំរើ​របស់​អញ ឲ្យ​មក​ឯ​ឯង ដោយ​ខ្នះ‌ខ្នែង​នឹង​ចាត់​គេ​ពី​ព្រលឹម​ស្រាង​រាល់​តែ​ថ្ងៃ​ផង ប៉ុន្តែ ឯង​មិន​បាន​ស្តាប់​តាម​អញ ឬ​ផ្ទៀង​ត្រចៀក​មក​សោះ គឺ​បាន​តាំង​ក្បាល​រឹង ហើយ​បាន​ប្រព្រឹត្ត​អាក្រក់​ជាង​ពួក​ព្ធយុ‌កោ​ទៅ​ទៀត។

ចែក​រំលែក
អាន យេរេមា 7