យេរេមា 7:8-11
យេរេមា 7:8-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មើល៍! អ្នករាល់គ្នាទុកចិត្តនឹងពាក្យកំភូត ដែលគ្មានប្រយោជន៍។ តើអ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតគ្នា ស្បថបំពាន ដុតកំញានថ្វាយព្រះបាល ហើយគោរពតាមព្រះដទៃ ដែលអ្នកមិនបានស្គាល់ពីដើម រួចមកឈរនៅមុខយើងក្នុងវិហារនេះ ដែលបានហៅតាមឈ្មោះយើង ហើយពោលថា៖ យើងបានសង្គ្រោះហើយ គឺដើម្បីឲ្យអ្នកបានធ្វើអស់ទាំងការគួរស្អប់ខ្ពើមយ៉ាងនេះឬ? ព្រះវិហារនេះដែលហៅតាមឈ្មោះយើង តើបានត្រឡប់ជារោងចោរនៅភ្នែកអ្នករាល់គ្នាឬ ? ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គឺខ្លួនយើងបានឃើញការនេះហើយ។
យេរេមា 7:8-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ផ្ទុយទៅវិញ អ្នករាល់គ្នាអះអាងលើពាក្យដែលអ្នករាល់គ្នាបញ្ឆោតខ្លួនឯង ជាពាក្យឥតបានការនោះទៅវិញ។ អ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតក្បត់ ស្បថបំពាន ដុតគ្រឿងសក្ការៈបូជាថ្វាយព្រះបាល និងរត់ទៅគោរពព្រះដទៃ ដែលអ្នករាល់គ្នាពុំស្គាល់ពីមុន រួចហើយនាំគ្នាចូលមកថ្វាយបង្គំយើងក្នុងព្រះវិហារនេះ ដែលជាដំណាក់របស់យើង។ អ្នករាល់គ្នាហ៊ានប្រកាសថា “នៅកន្លែងនេះ យើងរួចខ្លួន!”។ អ្នករាល់គ្នាពោលដូច្នេះ ហើយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមតទៅទៀត។ តើអ្នករាល់គ្នាស្មានថា ព្រះវិហារដែលជាដំណាក់របស់យើងនេះ ជាសំបុកចោរឬ? តាមពិត យើងឃើញថា ទីនេះពិតជាសំបុកចោរមែន!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
យេរេមា 7:8-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល ឯងរាល់គ្នាទុកចិត្តនឹងពាក្យកំភូត ដែលនឹងមានប្រយោជន៍មិនបាន តើឯងរាល់គ្នានឹងលួចប្លន់ កាប់សំឡាប់ ផិតគ្នា ស្បថបំពាន ដុតកំញានថ្វាយព្រះបាល ហើយគោរពតាមព្រះដទៃ ដែលឯងមិនបានស្គាល់ពីដើម រួចមកឈរនៅមុខអញក្នុងវិហារនេះ ដែលបានហៅតាមឈ្មោះអញ ហើយពោលថា យើងបានសង្គ្រោះហើយ គឺដើម្បីឲ្យឯងបានធ្វើអស់ទាំងការគួរស្អប់ខ្ពើមយ៉ាងនេះឬ ព្រះវិហារនេះដែលហៅតាមឈ្មោះអញ តើបានត្រឡប់ជារោងចោរនៅភ្នែកឯងរាល់គ្នាឬអី ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គឺខ្លួនអញបានឃើញការនេះហើយ។