យេរេមា 7:4-11

យេរេមា 7:4-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កុំ​ទុក​ចិត្ត​នឹង​ពាក្យ​បញ្ឆោត ដែល​ថា នេះ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ឡើយ។ ដ្បិត​បើ​អ្នក​រាល់​គ្នា​កែ​ផ្លូវ​ប្រព្រឹត្ត និង​ចរិត​របស់​អ្នក​ឲ្យ​ល្អ ហើយ​បើ​សម្រេច​ក្ដី​ដល់​មនុស្ស និង​អ្នក​ជិត​ខាង​ដោយ​យុត្តិ‌ធម៌ បើ​អ្នក​មិន​សង្កត់‌សង្កិន​មនុស្ស​ប្រទេស​ដទៃ ពួក​កំព្រា និង​ពួក​ស្ត្រី​មេម៉ាយ ហើយ​មិន​កម្ចាយ​ឈាម​ដែល​ឥត​មាន​ទោស​នៅ​ទី​នេះ ក៏​មិន​គោរព​តាម​ព្រះ​ដទៃ ឲ្យ​ខ្លួន​បាន​អន្តរាយ​ឡើយ នោះ​យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​អាស្រ័យ​នៅ​ទី​នេះ​តទៅ គឺ​ក្នុង​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​អ្នក ចាប់​តាំង​ពី​ចាស់​បុរាណ ដរាប​ដល់​អស់‌កល្ប​ជា‌និច្ច។ មើល៍! អ្នក​រាល់​គ្នា​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត ដែល​គ្មាន​ប្រយោជន៍។ តើ​អ្នក​រាល់​គ្នា​លួច​ប្លន់ កាប់​សម្លាប់ ផិត​គ្នា ស្បថ​បំពាន ដុត​កំញាន​ថ្វាយ​ព្រះ‌បាល ហើយ​គោរព​តាម​ព្រះ​ដទៃ ដែល​អ្នក​មិន​បាន​ស្គាល់​ពី​ដើម រួច​មក​ឈរ​នៅ​មុខ​យើង​ក្នុង​វិហារ​នេះ ដែល​បាន​ហៅ​តាម​ឈ្មោះ​យើង ហើយ​ពោល​ថា៖ យើង​បាន​សង្គ្រោះ​ហើយ គឺ​ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​នេះ​ឬ? ព្រះ‌វិហារ​នេះ​ដែល​ហៅ​តាម​ឈ្មោះ​យើង តើ​បាន​ត្រឡប់​ជា​រោង​ចោរ​នៅ​ភ្នែក​អ្នក​រាល់​គ្នា​ឬ ? ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ គឺ​ខ្លួន​យើង​បាន​ឃើញ​ការ​នេះ​ហើយ។

ចែក​រំលែក
អាន យេរេមា 7

យេរេមា 7:4-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មិន​ត្រូវ​អះ‌អាង​លើ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បញ្ឆោត​ខ្លួន​ឯង​ថា “ទី​នេះ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់! ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់! ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់!”ឡើយ។ ចូរ​កែ​ប្រែ​កិរិយា​មារយាទ និង​លះ‌បង់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ ចូរ​រក​យុត្តិធម៌​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ចូរ​ឈប់​ជិះ‌ជាន់​ជន​បរទេស ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ចូរ​ឈប់​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់​នៅ​ទី​នេះ ហើយ​ឈប់​រត់​ទៅ​គោរព​ព្រះ​ដទៃ​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ យើង​នឹង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ទី​នេះ គឺ​នៅ​ក្នុង​ស្រុក​ដែល​យើង​ប្រគល់​ឲ្យ​ដូនតា​របស់​អ្នក​រាល់​គ្នា តាំង​ពី​ដើម​រៀង​មក ហើយ​អស់‌កល្ប​ត​រៀង​ទៅ។ ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​អះ‌អាង​លើ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បញ្ឆោត​ខ្លួន​ឯង ជា​ពាក្យ​ឥត​បាន​ការ​នោះ​ទៅ​វិញ។ អ្នក​រាល់​គ្នា​លួច​ប្លន់ កាប់​សម្លាប់ ផិត​ក្បត់ ស្បថ​បំពាន ដុត​គ្រឿង​សក្ការៈ​បូជា​ថ្វាយ​ព្រះ​បាល និង​រត់​ទៅ​គោរព​ព្រះ​ដទៃ ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់​ពី​មុន រួច​ហើយ​នាំ​គ្នា​ចូល​មក​ថ្វាយ‌បង្គំ​យើង​ក្នុង​ព្រះ‌វិហារ​នេះ ដែល​ជា​ដំណាក់​របស់​យើង។ អ្នក​រាល់​គ្នា​ហ៊ាន​ប្រកាស​ថា “នៅ​កន្លែង​នេះ យើង​រួច​ខ្លួន!”។ អ្នក​រាល់​គ្នា​ពោល​ដូច្នេះ ហើយ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ត​ទៅ​ទៀត។ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ព្រះ‌វិហារ​ដែល​ជា​ដំណាក់​របស់​យើង​នេះ ជា​សំបុក​ចោរ​ឬ? តាម​ពិត យើង​ឃើញ​ថា ទី​នេះ​ពិត​ជា​សំបុក​ចោរ​មែន!» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន យេរេមា 7

យេរេមា 7:4-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត​ឡើយ ដែល​ថា​នេះ​ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ពិត ដ្បិត​បើ​ឯង​រាល់​គ្នា​កែ​ផ្លូវ​ប្រព្រឹត្ត នឹង​ចរិត​របស់​ឯង​ឲ្យ​ល្អ ហើយ​បើ​សំរេច​ក្តី​ដល់​មនុស្ស នឹង​អ្នក​ជិត​ខាង​ដោយ​យុត្តិ‌ធម៌ បើ​ឯង​មិន​សង្កត់‌សង្កិន​មនុស្ស​ប្រទេស​ដទៃ ពួក​កំព្រា នឹង​ពួក​ស្រី​មេម៉ាយ ហើយ​មិន​កំចាយ​ឈាម​ដែល​ឥត​មាន​ទោស​នៅ​ទី​នេះ ក៏​មិន​គោរព​តាម​ព្រះ​ដទៃ ឲ្យ​ខ្លួន​បាន​អន្តរាយ​ឡើយ នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​អាស្រ័យ​នៅ​ទី​នេះ​ត​ទៅ គឺ​ក្នុង​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ព្ធយុ‌កោ​ឯង ចាប់​តាំង​ពី​ចាស់​បុរាណ ដរាប​ដល់​អស់‌កល្ប‌ជានិច្ច។ មើល ឯង​រាល់​គ្នា​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត ដែល​នឹង​មាន​ប្រយោជន៍​មិន​បាន តើ​ឯង​រាល់​គ្នា​នឹង​លួច​ប្លន់ កាប់​សំឡាប់ ផិត​គ្នា ស្បថ​បំពាន ដុត​កំញាន​ថ្វាយ​ព្រះ‌បាល ហើយ​គោរព​តាម​ព្រះ​ដទៃ ដែល​ឯង​មិន​បាន​ស្គាល់​ពី​ដើម រួច​មក​ឈរ​នៅ​មុខ​អញ​ក្នុង​វិហារ​នេះ ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ ហើយ​ពោល​ថា យើង​បាន​សង្គ្រោះ​ហើយ គឺ​ដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​នេះ​ឬ ព្រះ‌វិហារ​នេះ​ដែល​ហៅ​តាម​ឈ្មោះ​អញ តើ​បាន​ត្រឡប់​ជា​រោង​ចោរ​នៅ​ភ្នែក​ឯង​រាល់​គ្នា​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា គឺ​ខ្លួន​អញ​បាន​ឃើញ​ការ​នេះ​ហើយ។

ចែក​រំលែក
អាន យេរេមា 7