យេរេមា 7:30-34
យេរេមា 7:30-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ពួកកូនចៅយូដាបានប្រព្រឹត្តអំពើដ៏អាក្រក់នៅភ្នែកយើង គេបានដាក់របស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះយើង ដើម្បីធ្វើឲ្យអាប់ឱន។ គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាននៅត្រង់តូផែត ដែលនៅក្នុងច្រកភ្នំនៃពួកកូនចៅហ៊ីនណម ដើម្បីដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើង ជាការដែលយើងមិនបានបង្គាប់ឡើយ ក៏មិនដែលចូលក្នុងគំនិតយើងដែរ។ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មានពេលមកដល់ ដែលគេនឹងលែងហៅទីនោះថា តូផែត ឬថាច្រកភ្នំនៃកូនចៅហ៊ីនណមតទៅ គឺនឹងហៅថាច្រកភ្នំនៃការសម្ល៉េះវិញ ពីព្រោះគេនឹងបញ្ចុះសពនៅត្រង់តូផែតនោះ ទាល់តែគ្មានកន្លែងទំនេរទៀត។ សាកសពទាំងប៉ុន្មានរបស់ជនជាតិនេះនឹងក្លាយជាចំណីសត្វហើរលើអាកាស សត្វនៅដីផង ឥតមានអ្នកណាបង្អើលវាចេញឡើយ។ នៅគ្រានោះ យើងលែងឲ្យមានសំឡេងអំណរ និងសំឡេងរីករាយ ជាសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី ពីក្រុងស្រុកយូដា ហើយពីផ្លូវក្រុងយេរូសាឡិមទៅ ពីព្រោះស្រុកនេះនឹងត្រូវវិនាសសូន្យ។
យេរេមា 7:30-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ជនជាតិយូដានាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលយើងមិនពេញចិត្ត -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- គឺពួកគេយករូបព្រះដ៏ចង្រៃមកតម្កល់ក្នុងដំណាក់របស់យើងផ្ទាល់ ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង។ ពួកគេបានសង់ទីសក្ការៈនៅតូផេត ក្នុងជ្រលងភ្នំហ៊ីនណម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួនទៅដុតធ្វើជាយញ្ញបូជា។ យើងពុំដែលបង្គាប់ឲ្យពួកគេធ្វើអំពើបែបនេះសោះ ហើយយើងក៏មិនដែលនឹកឃើញអំពីការនេះដែរ។ ដូច្នេះ នៅពេលខាងមុខ គេលែងហៅកន្លែងនោះថា “តូផេត” ឬ“ជ្រលងភ្នំហ៊ីនណម” ទៀតហើយ តែគេនឹងហៅថា “ជ្រលងភ្នំពិឃាត”។ គេនឹងយកសពទៅកប់នៅតូផេតនោះ ដ្បិតកន្លែងឯទៀតៗគ្មាននៅសល់ដីសម្រាប់កប់សាកសពទេ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ សាកសពរបស់ប្រជាជននេះនឹងក្លាយទៅជាចំណីរបស់ត្មាត និងឆ្កែចចក។ វានឹងស៊ីសាកសពទាំងនោះ ដោយឥតមាននរណាមកដេញវាឡើយ។ តាមក្រុងនានានៅស្រុកយូដា និងតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម យើងនឹងលែងឲ្យមានឮសូរសំឡេងដ៏សប្បាយ បទចម្រៀងសម្រាប់ពិធីបុណ្យ ឬក៏ភ្លេងការទៀតហើយ ដ្បិតស្រុកនេះនឹងវិនាសសូន្យ»។
យេរេមា 7:30-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ពួកកូនចៅយូដាបានប្រព្រឹត្តអំពើដ៏អាក្រក់នៅភ្នែកអញ គេបានទាំងដាក់របស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះអញផង ដើម្បីនឹងធ្វើឲ្យអាប់ឱនទៅ គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាន នៅត្រង់តូផែត ដែលនៅក្នុងច្រកភ្នំនៃពួកកូនចៅហ៊ីនណំម ដើម្បីនឹងដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើង ជាការដែលអញមិនបានបង្គាប់ឡើយ ក៏មិនដែលចូលក្នុងគំនិតអញដែរ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលគេនឹងលែងហៅទីនោះថា តូផែត ឬថាច្រកភ្នំនៃកូនចៅហ៊ីនណំមតទៅ គឺនឹងហៅថាជាច្រកភ្នំនៃការសំឡេះវិញ ពីព្រោះគេនឹងកប់ខ្មោចនៅត្រង់តូផែតនោះ ទាល់តែគ្មានកន្លែងទំនេរទៀត ហើយខ្មោចទាំងប៉ុន្មានរបស់ជនជាតិនេះ នឹងជាចំណីដល់សត្វហើរលើអាកាស នឹងដល់សត្វនៅដីផង ឥតមានអ្នកណាបង្អើលវាចេញឡើយ នៅគ្រានោះអញនឹងធ្វើឲ្យបាត់ឮសំឡេងអំណរ នឹងសំឡេងរីករាយ ជាសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី ពីអស់ទាំងក្រុងស្រុកយូដា ហើយពីផ្លូវក្រុងយេរូសាឡិមទៅ ពីព្រោះស្រុកនេះនឹងត្រឡប់ជាទីសូន្យបង់។