យេរេមា 7:1-34
យេរេមា 7:1-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់លោកយេរេមាថា៖ ចូរឈរត្រង់ទ្វារនៃព្រះវិហារព្រះយេហូវ៉ា ហើយប្រកាសប្រាប់នៅទីនោះ តាមពាក្យនេះថា ឱអស់អ្នកក្នុងពួកយូដា ដែលចូលទៅថ្វាយបង្គំព្រះយេហូវ៉ា តាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ ចូរកែផ្លូវ និងការប្រព្រឹត្តរបស់អ្នករាល់គ្នាឲ្យល្អទៅ នោះយើងនឹងឲ្យអ្នករាល់គ្នាអាស្រ័យនៅទីនេះ តទៅ។ កុំទុកចិត្តនឹងពាក្យបញ្ឆោត ដែលថា នេះជាព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះវិហាររបស់ព្រះយេហូវ៉ាឡើយ។ ដ្បិតបើអ្នករាល់គ្នាកែផ្លូវប្រព្រឹត្ត និងចរិតរបស់អ្នកឲ្យល្អ ហើយបើសម្រេចក្ដីដល់មនុស្ស និងអ្នកជិតខាងដោយយុត្តិធម៌ បើអ្នកមិនសង្កត់សង្កិនមនុស្សប្រទេសដទៃ ពួកកំព្រា និងពួកស្ត្រីមេម៉ាយ ហើយមិនកម្ចាយឈាមដែលឥតមានទោសនៅទីនេះ ក៏មិនគោរពតាមព្រះដទៃ ឲ្យខ្លួនបានអន្តរាយឡើយ នោះយើងនឹងឲ្យអ្នករាល់គ្នាអាស្រ័យនៅទីនេះតទៅ គឺក្នុងស្រុកដែលយើងបានឲ្យដល់បុព្វបុរសអ្នក ចាប់តាំងពីចាស់បុរាណ ដរាបដល់អស់កល្បជានិច្ច។ មើល៍! អ្នករាល់គ្នាទុកចិត្តនឹងពាក្យកំភូត ដែលគ្មានប្រយោជន៍។ តើអ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតគ្នា ស្បថបំពាន ដុតកំញានថ្វាយព្រះបាល ហើយគោរពតាមព្រះដទៃ ដែលអ្នកមិនបានស្គាល់ពីដើម រួចមកឈរនៅមុខយើងក្នុងវិហារនេះ ដែលបានហៅតាមឈ្មោះយើង ហើយពោលថា៖ យើងបានសង្គ្រោះហើយ គឺដើម្បីឲ្យអ្នកបានធ្វើអស់ទាំងការគួរស្អប់ខ្ពើមយ៉ាងនេះឬ? ព្រះវិហារនេះដែលហៅតាមឈ្មោះយើង តើបានត្រឡប់ជារោងចោរនៅភ្នែកអ្នករាល់គ្នាឬ ? ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គឺខ្លួនយើងបានឃើញការនេះហើយ។ ចូរអ្នករាល់គ្នាទៅទីកន្លែងរបស់យើង ដែលនៅត្រង់ស៊ីឡូរចុះ ជាកន្លែងដែលយើងបានតាំងឈ្មោះយើងឲ្យនៅមុនដំបូង ត្រូវពិចារណាមើល ដែលយើងបានធ្វើដល់កន្លែងនោះជាយ៉ាងណា ដោយព្រោះអំពើអាក្រក់របស់អ៊ីស្រាអែល ជាប្រជារាស្ត្រយើង ហើយឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ដោយព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើទាំងនេះ យើងបាននិយាយនឹងអ្នករាល់គ្នា ទាំងខ្នះខ្នែងរំឭកអ្នកតាំងពីព្រលឹមស្រាងផង តែអ្នករាល់គ្នាមិនបានស្តាប់តាមទេ យើងក៏បានហៅអ្នករាល់គ្នា តែអ្នកមិនបានឆ្លើយតបសោះ។ ហេតុនោះ យើងនឹងធ្វើដល់វិហារ ដែលហៅតាមឈ្មោះយើង គឺជាទីដែលអ្នករាល់គ្នាទុកចិត្តនេះ ហើយដល់ទីកន្លែងដែលយើងបានឲ្យដល់អ្នករាល់គ្នា និងបុព្វបុរសអ្នកផង ដូចជាបានធ្វើដល់ស៊ីឡូរនោះដែរ។ យើងនឹងបោះបង់អ្នករាល់គ្នាចេញពីភ្នែកយើង ដូចជាបានបោះបង់ពួកបងប្អូនអ្នកដែរ គឺជាពូជអេប្រាអិមទាំងប៉ុន្មាន។ សម្រាប់អ្នករាល់គ្នា កុំអធិស្ឋានឲ្យជនជាតិនេះឡើយ ក៏កុំឲ្យបន្លឺសំឡេងអំពាវនាវ ឬអធិស្ឋានឲ្យគេ ឬអង្វរដល់យើងជំនួសគេឲ្យសោះ ព្រោះយើងមិនព្រមស្តាប់អ្នកទេ។ តើអ្នកមិនឃើញអំពើដែលគេប្រព្រឹត្ត នៅក្នុងក្រុងនានានៃស្រុកយូដា ហើយនៅតាមផ្លូវក្រុងយេរូសាឡិមទេឬ? គឺកូនក្មេងរើសឧស ឪពុកបង្កាត់ភ្លើង ហើយពួកស្រីៗច្របាច់ម្សៅធ្វើនំថ្វាយដល់ព្រះចន្ទ ព្រមទាំងច្រួចតង្វាយថ្វាយដល់ព្រះឯទៀត នេះជាការដែលបណ្ដាលឲ្យយើងខឹងក្តៅ។ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា៖ តើគេបណ្ដាលឲ្យយើងមានសេចក្ដីក្រោធមែនឬ? តើមិនមែនខ្លួនគេដែលមានសេចក្ដីខ្មាសជ្រប់មុខទេឬ? ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍ កំហឹង និងសេចក្ដីក្រោធរបស់យើង បានចាក់មកលើទីនេះ គឺលើមនុស្ស លើសត្វ ហើយលើដើមឈើនៅចម្ការ និងលើផលដែលកើតពីដីផង កំហឹងនោះនឹងឆេះឡើងឥតរលត់ឡើយ។ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ ចូរថ្វាយតង្វាយដុតថែមលើយញ្ញបូជារបស់អ្នករាល់គ្នា ហើយស៊ីសាច់ចុះ ពីព្រោះនៅគ្រាដែលយើងបាននាំបុព្វបុរសអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះយើងមិនបាននិយាយនឹងគេ ឬបង្គាប់គេ ពីដំណើរតង្វាយដុត និងយញ្ញបូជាទេ គឺយើងបានបង្គាប់សេចក្ដីនេះដល់គេវិញថា ចូរស្តាប់តាមពាក្យយើង នោះយើងនឹងធ្វើជាព្រះដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង អ្នករាល់គ្នាត្រូវដើរតាមផ្លូវដែលយើងបង្គាប់អ្នកគ្រប់ជំពូក ដើម្បីឲ្យអ្នកបានសេចក្ដីសុខ។ ប៉ុន្តែ គេមិនបានស្តាប់តាមសោះ ក៏មិនបានផ្ទៀងត្រចៀកផង គឺគេបានដើរតាមតែគំនិតរបស់ខ្លួនគេ និងសេចក្ដីរឹងចចេសក្នុងចិត្តអាក្រក់របស់គេវិញ គេបានរាថយក្រោយ ឥតជឿនទៅខាងមុខទេ។ ចាប់តាំងពីថ្ងៃដែលបុព្វបុរសអ្នករាល់គ្នា បានចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះ យើងបានចាត់ពួកហោរា ជាអ្នកបម្រើរបស់យើងឲ្យមករកអ្នក ដោយខ្នះខ្នែងចាត់គេពីព្រលឹមស្រាងរាល់ថ្ងៃផង។ ប៉ុន្តែ អ្នកមិនបានស្តាប់តាមយើង ឬផ្ទៀងត្រចៀកមកសោះ គឺបានតាំងក្បាលរឹង ហើយបានប្រព្រឹត្តអាក្រក់ជាងបុព្វបុរសទៅទៀត។ អ្នកត្រូវប្រាប់ដល់គេតាមអស់ទាំងពាក្យនេះ តែគេនឹងមិនស្តាប់តាមអ្នកទេ ហើយអ្នកនឹងស្រែកហៅគេដែរ តែគេមិនព្រមឆ្លើយតបឡើយ។ អ្នកត្រូវប្រាប់គេថា នេះហើយ ជាសាសន៍ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ក៏មិនបានទទួលសេចក្ដីប្រៀនប្រដៅ។ សេចក្ដីពិតបានសូន្យបាត់ គឺបានកាត់ចេញពីមាត់គេហើយ។ ចូរកាត់សក់អ្នកបោះចោលទៅ ហើយចាប់ផ្ដើមទួញទំនួញនៅលើទីខ្ពស់ចុះ ព្រោះព្រះយេហូវ៉ាបានបដិសេធ ហើយបោះបង់ចោលតំណមនុស្ស ដែលត្រូវសេចក្ដីក្រោធរបស់ព្រះអង្គ។ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ពួកកូនចៅយូដាបានប្រព្រឹត្តអំពើដ៏អាក្រក់នៅភ្នែកយើង គេបានដាក់របស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះយើង ដើម្បីធ្វើឲ្យអាប់ឱន។ គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាននៅត្រង់តូផែត ដែលនៅក្នុងច្រកភ្នំនៃពួកកូនចៅហ៊ីនណម ដើម្បីដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើង ជាការដែលយើងមិនបានបង្គាប់ឡើយ ក៏មិនដែលចូលក្នុងគំនិតយើងដែរ។ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មានពេលមកដល់ ដែលគេនឹងលែងហៅទីនោះថា តូផែត ឬថាច្រកភ្នំនៃកូនចៅហ៊ីនណមតទៅ គឺនឹងហៅថាច្រកភ្នំនៃការសម្ល៉េះវិញ ពីព្រោះគេនឹងបញ្ចុះសពនៅត្រង់តូផែតនោះ ទាល់តែគ្មានកន្លែងទំនេរទៀត។ សាកសពទាំងប៉ុន្មានរបស់ជនជាតិនេះនឹងក្លាយជាចំណីសត្វហើរលើអាកាស សត្វនៅដីផង ឥតមានអ្នកណាបង្អើលវាចេញឡើយ។ នៅគ្រានោះ យើងលែងឲ្យមានសំឡេងអំណរ និងសំឡេងរីករាយ ជាសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី ពីក្រុងស្រុកយូដា ហើយពីផ្លូវក្រុងយេរូសាឡិមទៅ ពីព្រោះស្រុកនេះនឹងត្រូវវិនាសសូន្យ។
យេរេមា 7:1-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកលោកយេរេមាដូចតទៅ៖ «ចូរទៅឈរនៅមាត់ទ្វារព្រះវិហារ ហើយប្រកាសពាក្យនេះថា: អ្នកទាំងអស់គ្នាជាជនជាតិយូដាអើយ! អ្នករាល់គ្នាចូលតាមទ្វារទាំងនេះ ដើម្បីទៅក្រាបថ្វាយបង្គំព្រះអម្ចាស់ ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ! ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទៅ នោះយើងនឹងទុកឲ្យអ្នករាល់គ្នាចូលមកទីនេះតទៅមុខទៀត។ មិនត្រូវអះអាងលើពាក្យដែលអ្នករាល់គ្នាធ្លាប់បញ្ឆោតខ្លួនឯងថា “ទីនេះជាព្រះវិហាររបស់ព្រះអម្ចាស់! ព្រះវិហាររបស់ព្រះអម្ចាស់! ព្រះវិហាររបស់ព្រះអម្ចាស់!”ឡើយ។ ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត។ ចូររកយុត្តិធម៌ឲ្យគ្នាទៅវិញទៅមក។ ចូរឈប់ជិះជាន់ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ចូរឈប់ប្រហារជីវិតជនស្លូតត្រង់នៅទីនេះ ហើយឈប់រត់ទៅគោរពព្រះដទៃដែលធ្វើឲ្យអ្នករាល់គ្នាត្រូវវេទនា។ ប្រសិនបើអ្នករាល់គ្នាធ្វើដូច្នេះ យើងនឹងទុកឲ្យអ្នករាល់គ្នារស់នៅទីនេះ គឺនៅក្នុងស្រុកដែលយើងប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ។ ផ្ទុយទៅវិញ អ្នករាល់គ្នាអះអាងលើពាក្យដែលអ្នករាល់គ្នាបញ្ឆោតខ្លួនឯង ជាពាក្យឥតបានការនោះទៅវិញ។ អ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតក្បត់ ស្បថបំពាន ដុតគ្រឿងសក្ការៈបូជាថ្វាយព្រះបាល និងរត់ទៅគោរពព្រះដទៃ ដែលអ្នករាល់គ្នាពុំស្គាល់ពីមុន រួចហើយនាំគ្នាចូលមកថ្វាយបង្គំយើងក្នុងព្រះវិហារនេះ ដែលជាដំណាក់របស់យើង។ អ្នករាល់គ្នាហ៊ានប្រកាសថា “នៅកន្លែងនេះ យើងរួចខ្លួន!”។ អ្នករាល់គ្នាពោលដូច្នេះ ហើយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមតទៅទៀត។ តើអ្នករាល់គ្នាស្មានថា ព្រះវិហារដែលជាដំណាក់របស់យើងនេះ ជាសំបុកចោរឬ? តាមពិត យើងឃើញថា ទីនេះពិតជាសំបុកចោរមែន!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «ចូរនាំគ្នាទៅទីសក្ការៈរបស់យើងនៅស៊ីឡូ ដែលជាដំណាក់របស់យើងកាលពីមុននោះ ហើយសង្កេតមើលទៅ! ដោយសារអំពើទុច្ចរិតរបស់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងបានបំផ្លាញទីនោះឲ្យខ្ទេចខ្ទី»។ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ដោយអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតទាំងនេះ ដោយអ្នករាល់គ្នាពុំស្ដាប់ពាក្យយើង គឺទោះបីយើងនិយាយជាមួយអ្នករាល់គ្នាតាំងពីដំបូងមកក្ដី ហើយដោយអ្នករាល់គ្នាពុំបានឆ្លើយ នៅពេលយើងស្រែកហៅ យើងនឹងប្រព្រឹត្តចំពោះព្រះវិហារនេះ ដូចយើងបានប្រព្រឹត្តចំពោះស៊ីឡូដែរ ទោះបីទីនេះជាដំណាក់របស់យើង ជាកន្លែងដែលអ្នករាល់គ្នាទុកចិត្ត ហើយជាកន្លែងដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នាក៏ដោយ។ យើងនឹងបំបរបង់អ្នករាល់គ្នាឲ្យឆ្ងាយពីយើង ដូចយើងបានបំបរបង់ពួកអេប្រាអ៊ីមទាំងមូលជាបងប្អូនរបស់អ្នករាល់គ្នាដែរ»។ «រីឯអ្នកវិញ កុំទូលអង្វរយើងសម្រាប់ប្រជាជននេះ កុំបន្លឺសំឡេងអធិស្ឋាន ឬទទូចសុំឲ្យយើងប្រណីពួកគេឡើយ យើងមិនស្ដាប់ពាក្យអ្នកទេ។ តើអ្នកមិនឃើញអំពើដែលគេប្រព្រឹត្តនៅតាមក្រុងនានាក្នុងស្រុកយូដា និងតាមដងផ្លូវក្នុងក្រុងយេរូសាឡឹមទេឬ? កូនៗនាំគ្នាដើររើសអុស ឪពុកបង្កាត់ភ្លើង ហើយម្ដាយច្របាច់ម្សៅធ្វើនំថ្វាយព្រះនាងម្ចាស់សួគ៌ ពួកគេច្រួចស្រាថ្វាយព្រះដទៃ ដើម្បីបញ្ឈឺចិត្តយើង។ តាមពិត មិនមែនយើងទេដែលឈឺចិត្ត គឺពួកគេវិញឯណោះដែលឈឺចិត្ត ព្រោះត្រូវអាម៉ាស់មុខ!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «យើងជះកំហឹងដ៏ខ្លាំងរបស់យើងមកលើកន្លែងនេះ គឺលើមនុស្ស សត្វ ព្រៃព្រឹក្សា និងដំណាំដែលដុះចេញពីដី។ កំហឹងនេះប្រៀបបាននឹងភ្លើង ដែលឆេះពុំរលត់ឡើយ»។ ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរបន្ថែមតង្វាយដុតពីលើយញ្ញបូជារបស់អ្នករាល់គ្នា ហើយបរិភោគសាច់នោះខ្លួនឯងទៅ ដ្បិតនៅថ្ងៃដែលយើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប យើងពុំបាននិយាយអ្វីជាមួយពួកគេ ហើយយើងក៏ពុំបានបង្គាប់ពួកគេស្ដីអំពីតង្វាយដុត និងយញ្ញបូជាដែរ។ យើងគ្រាន់តែបង្គាប់ពួកគេថា “ចូរស្ដាប់សំឡេងយើង ដើម្បីឲ្យយើងធ្វើជាព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាធ្វើជាប្រជារាស្ដ្ររបស់យើង។ ចូរដើរតាមមាគ៌ាទាំងប៉ុន្មានដែលយើងបង្ហាញអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានសុភមង្គលជាមិនខាន”។ ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងទេ។ ពួកគេបានធ្វើតាមទំនើងចិត្តរបស់ខ្លួន ពួកគេនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ពួកគេបែរខ្នងដាក់យើង មិនព្រមងាកមុខមករកយើងទេ។ តាំងពីថ្ងៃដែលបុព្វបុរសរបស់ពួកគេចេញពីស្រុកអេស៊ីបរហូតមកដល់សព្វថ្ងៃ យើងតែងតែចាត់ព្យាការីទាំងប៉ុន្មាន ជាអ្នកបម្រើរបស់យើង ឲ្យទៅរកពួកគេ ជារៀងរាល់ថ្ងៃ មិនដែលអាក់ខានឡើយ។ ផ្ទុយទៅវិញ ពួកគេមិនព្រមស្ដាប់ មិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ ពួកគេតាំងចិត្តរឹងរូស ហើយប្រព្រឹត្តអំពើអាក្រក់ជាងបុព្វបុរសរបស់ខ្លួនទៅទៀត»។ «ពេលអ្នកយកពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេ ពួកគេមិនព្រមស្ដាប់ ពេលអ្នកហៅពួកគេ ពួកគេមិនព្រមឆ្លើយ។ ដូច្នេះ ចូរប្រាប់ពួកគេថា អ្នករាល់គ្នាជាប្រជាជាតិដែលមិនព្រមស្ដាប់ព្រះសូរសៀងព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ហើយក៏មិនព្រមទទួលព្រះបន្ទូលប្រៀនប្រដៅពីព្រះអង្គដែរ។ អ្នករាល់គ្នាលែងស្មោះត្រង់ ពាក្យសម្ដីដែលអ្នករាល់គ្នានិយាយមិនពិតទាល់តែសោះ»។ ប្រជាជនក្រុងយេរូសាឡឹមអើយ អ្នកលែងជាប្រជាជនដែលញែកខ្លួនថ្វាយ ព្រះអម្ចាស់ទៀតហើយ! ចូរយំរៀបរាប់នៅលើភ្នំនេះទៅ! ដ្បិតព្រះអម្ចាស់មិនរវីរវល់នឹងអ្នកទេ ព្រះអង្គបោះបង់ចោលមនុស្សមួយជំនាន់នេះ ដែលបាននាំគ្នាធ្វើឲ្យព្រះអង្គពិរោធ។ «ជនជាតិយូដានាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលយើងមិនពេញចិត្ត -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- គឺពួកគេយករូបព្រះដ៏ចង្រៃមកតម្កល់ក្នុងដំណាក់របស់យើងផ្ទាល់ ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង។ ពួកគេបានសង់ទីសក្ការៈនៅតូផេត ក្នុងជ្រលងភ្នំហ៊ីនណម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួនទៅដុតធ្វើជាយញ្ញបូជា។ យើងពុំដែលបង្គាប់ឲ្យពួកគេធ្វើអំពើបែបនេះសោះ ហើយយើងក៏មិនដែលនឹកឃើញអំពីការនេះដែរ។ ដូច្នេះ នៅពេលខាងមុខ គេលែងហៅកន្លែងនោះថា “តូផេត” ឬ“ជ្រលងភ្នំហ៊ីនណម” ទៀតហើយ តែគេនឹងហៅថា “ជ្រលងភ្នំពិឃាត”។ គេនឹងយកសពទៅកប់នៅតូផេតនោះ ដ្បិតកន្លែងឯទៀតៗគ្មាននៅសល់ដីសម្រាប់កប់សាកសពទេ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ សាកសពរបស់ប្រជាជននេះនឹងក្លាយទៅជាចំណីរបស់ត្មាត និងឆ្កែចចក។ វានឹងស៊ីសាកសពទាំងនោះ ដោយឥតមាននរណាមកដេញវាឡើយ។ តាមក្រុងនានានៅស្រុកយូដា និងតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម យើងនឹងលែងឲ្យមានឮសូរសំឡេងដ៏សប្បាយ បទចម្រៀងសម្រាប់ពិធីបុណ្យ ឬក៏ភ្លេងការទៀតហើយ ដ្បិតស្រុកនេះនឹងវិនាសសូន្យ»។
យេរេមា 7:1-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពាក្យនេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ាដល់យេរេមា ថា ចូរឈរត្រង់ទ្វារនៃព្រះវិហារព្រះយេហូវ៉ា ហើយប្រកាសប្រាប់នៅទីនោះ តាមពាក្យនេះថា ឱអស់អ្នកក្នុងពួកយូដា ដែលចូលទៅថ្វាយបង្គំព្រះយេហូវ៉ា តាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ចូរកែផ្លូវប្រព្រឹត្ត នឹងចរិតរបស់ឯងរាល់គ្នាឲ្យល្អវិញចុះ នោះអញនឹងឲ្យឯងរាល់គ្នាអាស្រ័យនៅទីនេះតទៅ កុំឲ្យទុកចិត្តនឹងពាក្យកំភូតឡើយ ដែលថានេះជាព្រះវិហារនៃព្រះយេហូវ៉ា គឺជាព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះវិហារនៃព្រះយេហូវ៉ាពិត ដ្បិតបើឯងរាល់គ្នាកែផ្លូវប្រព្រឹត្ត នឹងចរិតរបស់ឯងឲ្យល្អ ហើយបើសំរេចក្តីដល់មនុស្ស នឹងអ្នកជិតខាងដោយយុត្តិធម៌ បើឯងមិនសង្កត់សង្កិនមនុស្សប្រទេសដទៃ ពួកកំព្រា នឹងពួកស្រីមេម៉ាយ ហើយមិនកំចាយឈាមដែលឥតមានទោសនៅទីនេះ ក៏មិនគោរពតាមព្រះដទៃ ឲ្យខ្លួនបានអន្តរាយឡើយ នោះអញនឹងឲ្យឯងរាល់គ្នាអាស្រ័យនៅទីនេះតទៅ គឺក្នុងស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោឯង ចាប់តាំងពីចាស់បុរាណ ដរាបដល់អស់កល្បជានិច្ច។ មើល ឯងរាល់គ្នាទុកចិត្តនឹងពាក្យកំភូត ដែលនឹងមានប្រយោជន៍មិនបាន តើឯងរាល់គ្នានឹងលួចប្លន់ កាប់សំឡាប់ ផិតគ្នា ស្បថបំពាន ដុតកំញានថ្វាយព្រះបាល ហើយគោរពតាមព្រះដទៃ ដែលឯងមិនបានស្គាល់ពីដើម រួចមកឈរនៅមុខអញក្នុងវិហារនេះ ដែលបានហៅតាមឈ្មោះអញ ហើយពោលថា យើងបានសង្គ្រោះហើយ គឺដើម្បីឲ្យឯងបានធ្វើអស់ទាំងការគួរស្អប់ខ្ពើមយ៉ាងនេះឬ ព្រះវិហារនេះដែលហៅតាមឈ្មោះអញ តើបានត្រឡប់ជារោងចោរនៅភ្នែកឯងរាល់គ្នាឬអី ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គឺខ្លួនអញបានឃើញការនេះហើយ។ ចូរឲ្យឯងរាល់គ្នាទៅឯទីកន្លែងរបស់អញ ដែលនៅត្រង់ស៊ីឡូរចុះ ជាកន្លែងដែលអញបានតាំងឈ្មោះអញ ឲ្យនៅជាមុនដំបូង ត្រូវឲ្យពិចារណាមើល ដែលអញបានធ្វើដល់កន្លែងនោះជាយ៉ាងណា ដោយព្រោះអំពើអាក្រក់របស់អ៊ីស្រាអែល ជារាស្ត្រអញ ហើយឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ដោយព្រោះឯងរាល់គ្នាបានប្រព្រឹត្តអំពើទាំងនេះ ហើយអញបាននិយាយនឹងឯងរាល់គ្នា ទាំងខ្នះខ្នែងរំឭកឯងតាំងពីព្រលឹមស្រាងផង តែឯងរាល់គ្នាមិនបានស្តាប់តាមទេ អញក៏បានហៅឯងរាល់គ្នា តែឯងមិនបានឆ្លើយតបសោះ ហេតុនោះ អញនឹងធ្វើដល់វិហារ ដែលហៅតាមឈ្មោះអញ គឺជាទីដែលឯងរាល់គ្នាទុកចិត្តនេះ ហើយដល់ទីកន្លែងដែលអញបានឲ្យដល់ឯងរាល់គ្នា នឹងពួកព្ធយុកោឯងផង ដូចជាបានធ្វើដល់ស៊ីឡូរនោះដែរ ហើយអញនឹងបោះបង់ឯងរាល់គ្នាពីភ្នែកអញចេញ ដូចជាបានបោះបង់ពួកបងប្អូនឯងដែរ គឺជាពូជអេប្រាអិមទាំងប៉ុន្មាន។ ដូច្នេះ កុំឲ្យអធិស្ឋានឲ្យជនជាតិនេះឡើយ ក៏កុំឲ្យបន្លឺសំឡេងអំពាវនាវ ឬអធិស្ឋានឲ្យគេ ឬអង្វរដល់អញជំនួសគេឲ្យសោះ ពីព្រោះអញមិនព្រមស្តាប់ឯងទេ តើឯងមិនឃើញអំពើដែលគេប្រព្រឹត្ត នៅអស់ទាំងក្រុងនៃស្រុកយូដា ហើយនៅផ្លូវក្រុងយេរូសាឡិមទេឬអី គឺកូនក្មេងរើសឧស ឪពុកបង្កាត់ភ្លើងឡើង ហើយពួកស្រីៗគេច្របាច់ម្សៅធ្វើនំថ្វាយដល់ព្រះចន្ទ ព្រមទាំងច្រួចដង្វាយថ្វាយដល់ព្រះឯទៀតផង ជាការដែលបណ្តាលឲ្យអញខឹងក្តៅ ព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរថា តើគេបណ្តាលឲ្យអញមានសេចក្ដីកំហឹងមែនឬ តើមិនមែនដល់ខ្លួនគេវិញ ដរាបដល់មានសេចក្ដីខ្មាសជ្រប់មុខផងទេឬអី ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា មើល សេចក្ដីកំហឹង នឹងសេចក្ដីក្រោធរបស់អញ នឹងបានចាក់មកលើទីនេះ គឺលើមនុស្ស លើសត្វ ហើយលើដើមឈើនៅចំការ នឹងលើផលដែលកើតពីដីផង សេចក្ដីកំហឹងនោះនឹងឆេះឡើង ឥតរលត់ឡើយ។ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ចូរថ្វាយដង្វាយដុតថែមលើយញ្ញបូជារបស់ឯងរាល់គ្នា ហើយស៊ីសាច់ចុះ ពីព្រោះនៅគ្រាដែលអញបាននាំពួកព្ធយុកោឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបាននិយាយនឹងគេ ឬបង្គាប់គេ ពីដំណើរដង្វាយដុត នឹងយញ្ញបូជាទេ គឺអញបានបង្គាប់សេចក្ដីនេះដល់គេវិញថា ចូរស្តាប់តាមពាក្យអញ នោះអញនឹងធ្វើជាព្រះដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងបានជារាស្ត្ររបស់អញ ត្រូវឲ្យឯងរាល់គ្នាដើរតាមផ្លូវដែលអញបង្គាប់ឯងគ្រប់ជំពូក ដើម្បីឲ្យឯងបានសេចក្ដីសុខស្រួល ប៉ុន្តែគេមិនបានស្តាប់តាមសោះ ក៏មិនបានផ្ទៀងត្រចៀកផង គឺគេបានដើរតាមតែគំនិតរបស់ខ្លួនគេ នឹងសេចក្ដីរឹងចចេសក្នុងចិត្តអាក្រក់របស់គេវិញ គេបានរាថយក្រោយ ឥតជឿនទៅខាងមុខទេ ចាប់តាំងពីថ្ងៃដែលពួកព្ធយុកោឯងរាល់គ្នា បានចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះ អញបានចាត់ពួកហោរា ជាអ្នកបំរើរបស់អញ ឲ្យមកឯឯង ដោយខ្នះខ្នែងនឹងចាត់គេពីព្រលឹមស្រាងរាល់តែថ្ងៃផង ប៉ុន្តែ ឯងមិនបានស្តាប់តាមអញ ឬផ្ទៀងត្រចៀកមកសោះ គឺបានតាំងក្បាលរឹង ហើយបានប្រព្រឹត្តអាក្រក់ជាងពួកព្ធយុកោទៅទៀត។ ត្រូវឲ្យឯងប្រាប់ដល់គេតាមអស់ទាំងពាក្យនេះ តែគេនឹងមិនស្តាប់តាមឯងទេ ហើយឯងនឹងស្រែកហៅគេដែរ តែគេមិនព្រមឆ្លើយតបឡើយ ត្រូវឲ្យឯងប្រាប់គេថា នេះហើយ ជាសាសន៍ដែលមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃខ្លួន ក៏មិនបានទទួលសេចក្ដីប្រៀនប្រដៅឡើយ ឯសេចក្ដីពិត នោះបានសូន្យបាត់ គឺបានកាត់ចេញពីមាត់គេហើយ។ ចូរកាត់សក់ឯងបោះចោលទៅ ហើយចាប់តាំងទួញទំនួញនៅលើទីខ្ពស់ចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់បានបដិសេធ ហើយបោះបង់ចោលដំណមនុស្ស ដែលត្រូវសេចក្ដីខ្ញាល់របស់ទ្រង់ចេញ ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ពួកកូនចៅយូដាបានប្រព្រឹត្តអំពើដ៏អាក្រក់នៅភ្នែកអញ គេបានទាំងដាក់របស់គួរស្អប់ខ្ពើមរបស់គេ នៅក្នុងវិហារដែលហៅតាមឈ្មោះអញផង ដើម្បីនឹងធ្វើឲ្យអាប់ឱនទៅ គេក៏បានធ្វើទីខ្ពស់ទាំងប៉ុន្មាន នៅត្រង់តូផែត ដែលនៅក្នុងច្រកភ្នំនៃពួកកូនចៅហ៊ីនណំម ដើម្បីនឹងដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើង ជាការដែលអញមិនបានបង្គាប់ឡើយ ក៏មិនដែលចូលក្នុងគំនិតអញដែរ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលគេនឹងលែងហៅទីនោះថា តូផែត ឬថាច្រកភ្នំនៃកូនចៅហ៊ីនណំមតទៅ គឺនឹងហៅថាជាច្រកភ្នំនៃការសំឡេះវិញ ពីព្រោះគេនឹងកប់ខ្មោចនៅត្រង់តូផែតនោះ ទាល់តែគ្មានកន្លែងទំនេរទៀត ហើយខ្មោចទាំងប៉ុន្មានរបស់ជនជាតិនេះ នឹងជាចំណីដល់សត្វហើរលើអាកាស នឹងដល់សត្វនៅដីផង ឥតមានអ្នកណាបង្អើលវាចេញឡើយ នៅគ្រានោះអញនឹងធ្វើឲ្យបាត់ឮសំឡេងអំណរ នឹងសំឡេងរីករាយ ជាសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី ពីអស់ទាំងក្រុងស្រុកយូដា ហើយពីផ្លូវក្រុងយេរូសាឡិមទៅ ពីព្រោះស្រុកនេះនឹងត្រឡប់ជាទីសូន្យបង់។