យេរេមា 7:1-15
យេរេមា 7:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់លោកយេរេមាថា៖ ចូរឈរត្រង់ទ្វារនៃព្រះវិហារព្រះយេហូវ៉ា ហើយប្រកាសប្រាប់នៅទីនោះ តាមពាក្យនេះថា ឱអស់អ្នកក្នុងពួកយូដា ដែលចូលទៅថ្វាយបង្គំព្រះយេហូវ៉ា តាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ ចូរកែផ្លូវ និងការប្រព្រឹត្តរបស់អ្នករាល់គ្នាឲ្យល្អទៅ នោះយើងនឹងឲ្យអ្នករាល់គ្នាអាស្រ័យនៅទីនេះ តទៅ។ កុំទុកចិត្តនឹងពាក្យបញ្ឆោត ដែលថា នេះជាព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះវិហាររបស់ព្រះយេហូវ៉ាឡើយ។ ដ្បិតបើអ្នករាល់គ្នាកែផ្លូវប្រព្រឹត្ត និងចរិតរបស់អ្នកឲ្យល្អ ហើយបើសម្រេចក្ដីដល់មនុស្ស និងអ្នកជិតខាងដោយយុត្តិធម៌ បើអ្នកមិនសង្កត់សង្កិនមនុស្សប្រទេសដទៃ ពួកកំព្រា និងពួកស្ត្រីមេម៉ាយ ហើយមិនកម្ចាយឈាមដែលឥតមានទោសនៅទីនេះ ក៏មិនគោរពតាមព្រះដទៃ ឲ្យខ្លួនបានអន្តរាយឡើយ នោះយើងនឹងឲ្យអ្នករាល់គ្នាអាស្រ័យនៅទីនេះតទៅ គឺក្នុងស្រុកដែលយើងបានឲ្យដល់បុព្វបុរសអ្នក ចាប់តាំងពីចាស់បុរាណ ដរាបដល់អស់កល្បជានិច្ច។ មើល៍! អ្នករាល់គ្នាទុកចិត្តនឹងពាក្យកំភូត ដែលគ្មានប្រយោជន៍។ តើអ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតគ្នា ស្បថបំពាន ដុតកំញានថ្វាយព្រះបាល ហើយគោរពតាមព្រះដទៃ ដែលអ្នកមិនបានស្គាល់ពីដើម រួចមកឈរនៅមុខយើងក្នុងវិហារនេះ ដែលបានហៅតាមឈ្មោះយើង ហើយពោលថា៖ យើងបានសង្គ្រោះហើយ គឺដើម្បីឲ្យអ្នកបានធ្វើអស់ទាំងការគួរស្អប់ខ្ពើមយ៉ាងនេះឬ? ព្រះវិហារនេះដែលហៅតាមឈ្មោះយើង តើបានត្រឡប់ជារោងចោរនៅភ្នែកអ្នករាល់គ្នាឬ ? ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គឺខ្លួនយើងបានឃើញការនេះហើយ។ ចូរអ្នករាល់គ្នាទៅទីកន្លែងរបស់យើង ដែលនៅត្រង់ស៊ីឡូរចុះ ជាកន្លែងដែលយើងបានតាំងឈ្មោះយើងឲ្យនៅមុនដំបូង ត្រូវពិចារណាមើល ដែលយើងបានធ្វើដល់កន្លែងនោះជាយ៉ាងណា ដោយព្រោះអំពើអាក្រក់របស់អ៊ីស្រាអែល ជាប្រជារាស្ត្រយើង ហើយឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ដោយព្រោះអ្នករាល់គ្នាបានប្រព្រឹត្តអំពើទាំងនេះ យើងបាននិយាយនឹងអ្នករាល់គ្នា ទាំងខ្នះខ្នែងរំឭកអ្នកតាំងពីព្រលឹមស្រាងផង តែអ្នករាល់គ្នាមិនបានស្តាប់តាមទេ យើងក៏បានហៅអ្នករាល់គ្នា តែអ្នកមិនបានឆ្លើយតបសោះ។ ហេតុនោះ យើងនឹងធ្វើដល់វិហារ ដែលហៅតាមឈ្មោះយើង គឺជាទីដែលអ្នករាល់គ្នាទុកចិត្តនេះ ហើយដល់ទីកន្លែងដែលយើងបានឲ្យដល់អ្នករាល់គ្នា និងបុព្វបុរសអ្នកផង ដូចជាបានធ្វើដល់ស៊ីឡូរនោះដែរ។ យើងនឹងបោះបង់អ្នករាល់គ្នាចេញពីភ្នែកយើង ដូចជាបានបោះបង់ពួកបងប្អូនអ្នកដែរ គឺជាពូជអេប្រាអិមទាំងប៉ុន្មាន។
យេរេមា 7:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកលោកយេរេមាដូចតទៅ៖ «ចូរទៅឈរនៅមាត់ទ្វារព្រះវិហារ ហើយប្រកាសពាក្យនេះថា: អ្នកទាំងអស់គ្នាជាជនជាតិយូដាអើយ! អ្នករាល់គ្នាចូលតាមទ្វារទាំងនេះ ដើម្បីទៅក្រាបថ្វាយបង្គំព្រះអម្ចាស់ ចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ! ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា: ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទៅ នោះយើងនឹងទុកឲ្យអ្នករាល់គ្នាចូលមកទីនេះតទៅមុខទៀត។ មិនត្រូវអះអាងលើពាក្យដែលអ្នករាល់គ្នាធ្លាប់បញ្ឆោតខ្លួនឯងថា “ទីនេះជាព្រះវិហាររបស់ព្រះអម្ចាស់! ព្រះវិហាររបស់ព្រះអម្ចាស់! ព្រះវិហាររបស់ព្រះអម្ចាស់!”ឡើយ។ ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត។ ចូររកយុត្តិធម៌ឲ្យគ្នាទៅវិញទៅមក។ ចូរឈប់ជិះជាន់ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ចូរឈប់ប្រហារជីវិតជនស្លូតត្រង់នៅទីនេះ ហើយឈប់រត់ទៅគោរពព្រះដទៃដែលធ្វើឲ្យអ្នករាល់គ្នាត្រូវវេទនា។ ប្រសិនបើអ្នករាល់គ្នាធ្វើដូច្នេះ យើងនឹងទុកឲ្យអ្នករាល់គ្នារស់នៅទីនេះ គឺនៅក្នុងស្រុកដែលយើងប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ។ ផ្ទុយទៅវិញ អ្នករាល់គ្នាអះអាងលើពាក្យដែលអ្នករាល់គ្នាបញ្ឆោតខ្លួនឯង ជាពាក្យឥតបានការនោះទៅវិញ។ អ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតក្បត់ ស្បថបំពាន ដុតគ្រឿងសក្ការៈបូជាថ្វាយព្រះបាល និងរត់ទៅគោរពព្រះដទៃ ដែលអ្នករាល់គ្នាពុំស្គាល់ពីមុន រួចហើយនាំគ្នាចូលមកថ្វាយបង្គំយើងក្នុងព្រះវិហារនេះ ដែលជាដំណាក់របស់យើង។ អ្នករាល់គ្នាហ៊ានប្រកាសថា “នៅកន្លែងនេះ យើងរួចខ្លួន!”។ អ្នករាល់គ្នាពោលដូច្នេះ ហើយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមតទៅទៀត។ តើអ្នករាល់គ្នាស្មានថា ព្រះវិហារដែលជាដំណាក់របស់យើងនេះ ជាសំបុកចោរឬ? តាមពិត យើងឃើញថា ទីនេះពិតជាសំបុកចោរមែន!» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «ចូរនាំគ្នាទៅទីសក្ការៈរបស់យើងនៅស៊ីឡូ ដែលជាដំណាក់របស់យើងកាលពីមុននោះ ហើយសង្កេតមើលទៅ! ដោយសារអំពើទុច្ចរិតរបស់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង យើងបានបំផ្លាញទីនោះឲ្យខ្ទេចខ្ទី»។ ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ដោយអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតទាំងនេះ ដោយអ្នករាល់គ្នាពុំស្ដាប់ពាក្យយើង គឺទោះបីយើងនិយាយជាមួយអ្នករាល់គ្នាតាំងពីដំបូងមកក្ដី ហើយដោយអ្នករាល់គ្នាពុំបានឆ្លើយ នៅពេលយើងស្រែកហៅ យើងនឹងប្រព្រឹត្តចំពោះព្រះវិហារនេះ ដូចយើងបានប្រព្រឹត្តចំពោះស៊ីឡូដែរ ទោះបីទីនេះជាដំណាក់របស់យើង ជាកន្លែងដែលអ្នករាល់គ្នាទុកចិត្ត ហើយជាកន្លែងដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នាក៏ដោយ។ យើងនឹងបំបរបង់អ្នករាល់គ្នាឲ្យឆ្ងាយពីយើង ដូចយើងបានបំបរបង់ពួកអេប្រាអ៊ីមទាំងមូលជាបងប្អូនរបស់អ្នករាល់គ្នាដែរ»។
យេរេមា 7:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពាក្យនេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ាដល់យេរេមា ថា ចូរឈរត្រង់ទ្វារនៃព្រះវិហារព្រះយេហូវ៉ា ហើយប្រកាសប្រាប់នៅទីនោះ តាមពាក្យនេះថា ឱអស់អ្នកក្នុងពួកយូដា ដែលចូលទៅថ្វាយបង្គំព្រះយេហូវ៉ា តាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា ចូរកែផ្លូវប្រព្រឹត្ត នឹងចរិតរបស់ឯងរាល់គ្នាឲ្យល្អវិញចុះ នោះអញនឹងឲ្យឯងរាល់គ្នាអាស្រ័យនៅទីនេះតទៅ កុំឲ្យទុកចិត្តនឹងពាក្យកំភូតឡើយ ដែលថានេះជាព្រះវិហារនៃព្រះយេហូវ៉ា គឺជាព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះវិហារនៃព្រះយេហូវ៉ាពិត ដ្បិតបើឯងរាល់គ្នាកែផ្លូវប្រព្រឹត្ត នឹងចរិតរបស់ឯងឲ្យល្អ ហើយបើសំរេចក្តីដល់មនុស្ស នឹងអ្នកជិតខាងដោយយុត្តិធម៌ បើឯងមិនសង្កត់សង្កិនមនុស្សប្រទេសដទៃ ពួកកំព្រា នឹងពួកស្រីមេម៉ាយ ហើយមិនកំចាយឈាមដែលឥតមានទោសនៅទីនេះ ក៏មិនគោរពតាមព្រះដទៃ ឲ្យខ្លួនបានអន្តរាយឡើយ នោះអញនឹងឲ្យឯងរាល់គ្នាអាស្រ័យនៅទីនេះតទៅ គឺក្នុងស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោឯង ចាប់តាំងពីចាស់បុរាណ ដរាបដល់អស់កល្បជានិច្ច។ មើល ឯងរាល់គ្នាទុកចិត្តនឹងពាក្យកំភូត ដែលនឹងមានប្រយោជន៍មិនបាន តើឯងរាល់គ្នានឹងលួចប្លន់ កាប់សំឡាប់ ផិតគ្នា ស្បថបំពាន ដុតកំញានថ្វាយព្រះបាល ហើយគោរពតាមព្រះដទៃ ដែលឯងមិនបានស្គាល់ពីដើម រួចមកឈរនៅមុខអញក្នុងវិហារនេះ ដែលបានហៅតាមឈ្មោះអញ ហើយពោលថា យើងបានសង្គ្រោះហើយ គឺដើម្បីឲ្យឯងបានធ្វើអស់ទាំងការគួរស្អប់ខ្ពើមយ៉ាងនេះឬ ព្រះវិហារនេះដែលហៅតាមឈ្មោះអញ តើបានត្រឡប់ជារោងចោរនៅភ្នែកឯងរាល់គ្នាឬអី ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា គឺខ្លួនអញបានឃើញការនេះហើយ។ ចូរឲ្យឯងរាល់គ្នាទៅឯទីកន្លែងរបស់អញ ដែលនៅត្រង់ស៊ីឡូរចុះ ជាកន្លែងដែលអញបានតាំងឈ្មោះអញ ឲ្យនៅជាមុនដំបូង ត្រូវឲ្យពិចារណាមើល ដែលអញបានធ្វើដល់កន្លែងនោះជាយ៉ាងណា ដោយព្រោះអំពើអាក្រក់របស់អ៊ីស្រាអែល ជារាស្ត្រអញ ហើយឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ដោយព្រោះឯងរាល់គ្នាបានប្រព្រឹត្តអំពើទាំងនេះ ហើយអញបាននិយាយនឹងឯងរាល់គ្នា ទាំងខ្នះខ្នែងរំឭកឯងតាំងពីព្រលឹមស្រាងផង តែឯងរាល់គ្នាមិនបានស្តាប់តាមទេ អញក៏បានហៅឯងរាល់គ្នា តែឯងមិនបានឆ្លើយតបសោះ ហេតុនោះ អញនឹងធ្វើដល់វិហារ ដែលហៅតាមឈ្មោះអញ គឺជាទីដែលឯងរាល់គ្នាទុកចិត្តនេះ ហើយដល់ទីកន្លែងដែលអញបានឲ្យដល់ឯងរាល់គ្នា នឹងពួកព្ធយុកោឯងផង ដូចជាបានធ្វើដល់ស៊ីឡូរនោះដែរ ហើយអញនឹងបោះបង់ឯងរាល់គ្នាពីភ្នែកអញចេញ ដូចជាបានបោះបង់ពួកបងប្អូនឯងដែរ គឺជាពូជអេប្រាអិមទាំងប៉ុន្មាន។