យេរេមា 6:8-30

យេរេមា 6:8-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ឲ្យ​អ្នក​រាង​ចាល ក្រែង​ព្រលឹង​យើង​ព្រាត់​ចេញ​ពី​អ្នក ក្រែង​លោ​យើង​បំផ្លាញ​អ្នក ឲ្យ​ទៅ​ជា​ស្រុក​ចោល​ស្ងាត់​ទទេ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ គេ​នឹង​ប្រឡេះ​ពួក​សំណល់​សាសន៍​អ៊ីស្រា‌អែល​អស់​រលីង ដូច​ជា​ផ្លែ​ទំពាំង‌បាយ‌ជូរ ចូរ​ដាក់​ដៃ​អ្នក​ទៅ​ក្នុង​កព្ឆោ​វិញ ដូច​ជា​អ្នក​បេះ​ផ្លែ។ តើ​ឲ្យ​ខ្ញុំ​និយាយ ហើយ​ធ្វើ​បន្ទាល់​ដល់​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ស្តាប់​តាម មើល​ត្រចៀក​គេ​មិន​បាន​កាត់​ស្បែក ទេ គេ​ស្តាប់​មិន​ឮ មើល៍ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ត្រឡប់​ជា​ទី​មើល‌ងាយ​ដល់​គេ គេ​មិន​យក​ជា​ទី​រីក‌រាយ​ចិត្ត​ឡើយ។ ដូច្នេះ ខ្លួន​ខ្ញុំ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ របស់​ព្រះ‌យេហូវ៉ា ខ្ញុំ​ទប់​ចិត្ត​ទៀត​មិន​បាន​ទេ បើ​ដូច្នេះ ចូរ​ចាក់​ទៅ​លើកូន​ក្មេង​តាម​ផ្លូវ ហើយ​លើ​ជំនុំ​ពួក​កំលោះៗ ដ្បិត​នឹង​ត្រូវ​ចាប់​យក​ទាំង​ប្ដី និង​ប្រពន្ធ ទាំង​មនុស្ស​ចាស់​ជរា​ផង។ ផ្ទះ​គេ​នឹង​ក្លាយ​ជា​របស់​អ្នក​ដទៃ ព្រម​ទាំង​ស្រែ​ចម្ការ និង​ប្រពន្ធ​របស់​គេ​ដែរ ដ្បិត​យើង​នឹង​លូក​ដៃ​ទៅ​លើ​ពួក​អ្នក​ស្រុក នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ពី​ព្រោះ​ចាប់​តាំង​តែ​ពី​អ្នក​តូច​បំផុត ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ សុទ្ធ​តែ​លង់​ទៅ​ក្នុង​សេចក្ដី​លោភ ហើយ​ចាប់​តាំង​ពី​ហោរា​ទៅ​ដល់​សង្ឃ គ្រប់​គ្នា​ក៏​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ដែរ។ គេ​បាន​មើល​របួស​របស់​ប្រជា‌រាស្ត្រ​យើង ឲ្យ​សះ​តែ​បន្តិច‌បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា​សុខៗ​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឥត​មាន​សេចក្ដី​សុខ​ឡើយ។ កាល​គេ​បាន​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម នោះ​តើ​គេ​មាន​សេចក្ដី​ខ្មាស​ឬ​ទេ? ទេ គេ​មិន​បាន​ខ្មាស​សោះ ក៏​មិន​ទាំង​ឡើង​មុខ​ក្រហម ដូច្នេះ គេ​នឹង​ដួល​ទៅ​ជា‌មួយ​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​វេលា​ដែល​យើង​ធ្វើ​ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​អ្នក​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួរ​រក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ដើ​រ​តាម​ផ្លូវ​នោះ​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សម្រាក​ដល់​ព្រលឹង តែ​គេ​ប្រកែក​ថា៖ យើង​រាល់​គ្នា​មិន​ព្រម​ដើរ​តាម​ទេ។ យើង​ក៏​បាន​ដាក់​ពួក​ចាំ​យាម​ឲ្យ​ត្រួត​លើ​អ្នក​រាល់​គ្នា ឲ្យ​ប្រាប់​ថា៖ ចូរ​ប្រុង​ស្តាប់​សូរ​ត្រែ តែ​គេ​ប្រកែក​ថា៖ យើង​មិន​ព្រម​ស្តាប់​ទេ។ ដូច្នេះ ចូរ​ស្តាប់​ចុះ អស់​ទាំង​សាសន៍ ហើយ​ក្រុម​ជំនុំ​អើយ ចូរ​ដឹង​ពី​សេចក្ដី​ដែល​ត្រូវ​កើត​ដល់​គេ។ ម្នាល​ផែនដី​អើយ ចូរ​ស្តាប់​ចុះ មើល៍ យើង​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​ជន​ជាតិ​នេះ គឺ​ជា​ផល​នៃ​គំនិត​របស់​គេ ដោយ​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ពាក្យ​របស់​យើង​ទេ ឯ​ចំណែក​ក្រឹត្យ‌វិន័យ​របស់​យើង នោះ​គេ​បាន​បោះ‌បង់​ចោល​ហើយ។ តើ​មាន​ប្រយោជន៍​អ្វី​ដែល​មាន​កំញាន មក​ពី​ស្រុក​សេបា និង​ឫស​កន្ធាយ​ពី​ស្រុក​ឆ្ងាយ មក​ឲ្យ​យើង​ដូច្នេះ? យើង​មិន​ទទួល​តង្វាយ​ដុត​របស់​អ្នក​រាល់​គ្នា​ទេ ហើយ​យញ្ញ‌បូជា​របស់​អ្នក ក៏​មិន​គាប់​ចិត្ត​ដល់​យើង​ដែរ។ ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល​យើង​នឹង​ដាក់​ថ្ម​ចំពប់​មួយ​នៅ​មុខ​ជន​ជាតិ​នេះ ហើយ​ទាំង​ឪពុក ទាំង​កូន​នឹង​ចំពប់​លើ​ថ្ម​នោះ​ជា‌មួយ​គ្នា ហើយ​ទាំង​អ្នក​ជិត​ខាង និង​មិត្ត​សម្លាញ់​របស់​គេ​ផង គេ​នឹង​ត្រូវ​វិនាស​ទាំង​អស់។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មាន​ជន​ជាតិ​មក​ពី​ស្រុក​ខាង​ជើង គឺ​សាសន៍​មួយ​យ៉ាង​ធំ ដែល​នៅ​ចុង​ផែនដី នឹង​ត្រូវ​កម្រើក​ឡើង។ គេ​ចាប់​កាន់​ធ្នូ និង​លំពែង ជា​សាសន៍​សាហាវ ឥត​ត្រា​ប្រណី សំឡេង​គេ​ក៏​លាន់​ឮ​សន្ធឹក​ដូច​ជា​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ​តម្រៀប​ជា​ក្បួន​ទ័ព ដូច​ជា​មនុស្ស​ដែល​ចូល​ទៅ​ច្បាំង ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ គឺ​ច្បាំង​នឹង​អ្នក​ហើយ។ យើង​រាល់​គ្នា​បាន​ឮ​សូរ​ពី​ការ​នោះ​ហើយ ដៃ​យើង​ក៏​បាន​ខ្សោយ​ទៅ ហើយ​យើង​មាន​ការ​ព្រួយ​បារម្ភ ព្រម​ទាំង​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​រៀប​នឹង​សម្រាល​កូន។ កុំ​ចេញ​ទៅ​ចម្ការ​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​ដែរ ដ្បិត​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ និង​សេចក្ដី​ស្ញែង​ខ្លាច បាន​នៅ​ពាស‌ពេញ​ជុំ‌វិញ​ហើយ។ ឱ​កូន​ស្រី​នៃ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ននៀល​ក្នុង​ផេះ​ចុះ ត្រូវ​កាន់​ទុក្ខ ដូច​ជា​កាន់​ទុក្ខ​នឹង​កូន​តែ​មួយ ជា​ទំនួញ​យ៉ាង​ជូរ‌ចត់​បំផុត ព្រោះ​មេ​បំផ្លាញ​នឹង​មក​លើ​យើង​រាល់​គ្នា​ភ្លាម។ យើង​បាន​តាំង​អ្នក​ឡើង ឲ្យ​បាន​ដូច​ជា​ប៉ម​ចាំ​យាម ហើយ​ជា​បន្ទាយ​នៅ​កណ្ដាល​ប្រជា‌រាស្ត្រ​យើង ដើម្បី​ឲ្យ​អ្នក​បាន​ស្គាល់ ហើយ​ល្បង​ល​ផ្លូវ​ប្រព្រឹត្ត​របស់​គេ។ គេ​សុទ្ធ​តែ​ជា​ពួក​បះ‌បោរ គេ​ដើរ​ទៅ​មក ទាំង​មួល​បង្កាច់​មនុស្ស គេ​សុទ្ធ​តែ​ជា​លង្ហិន និង​ដែក គេ​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់​គ្រប់ៗ​គ្នា។ ឯ​ស្នប់​ក៏​សប់​យ៉ាង​ខ្លាំង សំណ​បាន​សូន្យ​បាត់​ទៅ ការ​ដែល​គេ​នៅ​តែ​សម្រង់​ទៀត នោះ​ជា​ឥត​អំពើ​សោះ ដ្បិត​ពួក​អាក្រក់​មិន​ទាន់​បាន​ដក​ចេញ​នៅ​ឡើយ។ មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​គេ​ជា​អាចម៍​ប្រាក់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​គេ​ហើយ។

ចែក​រំលែក
អាន យេរេមា 6

យេរេមា 6:8-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យេរូ‌សាឡឹម​អើយ ចូរ​ទទួល​មេរៀន​នេះ​ទៅ ក្រែង​លោ​យើង​ដក​ខ្លួន​លែង​រវី‌រវល់​នឹង​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​វិនាស​អន្តរាយ ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​គ្មាន​នរណា​រស់​នៅ»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: «ខ្មាំង​សត្រូវ​នឹង​ប្រឡេះ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​នៅ​សេស‌សល់ ដូច​គេ​បេះ​ផ្លែ​ទំពាំង‌បាយជូរ​ទាល់​តែ​អស់ គឺ​គេ​នឹង​មក​សា​ជា​ថ្មី ដូច​អ្នក​បេះ​ផ្លែ​ទំពាំង‌បាយជូរ​វិល​មក ប្រឡេះ​ផ្លែ​ដែល​នៅ​សល់»។ តើ​ខ្ញុំ​ត្រូវ​និយាយ​ទៅ​កាន់​នរណា តើ​នរណា​ជួយ​ពន្យល់​ពួក​គេ​ឲ្យ​ស្ដាប់​ខ្ញុំ ដ្បិត​ពួក​គេ​ធ្វើ​ជា​ថ្លង់ ហើយ​មិន​អាច​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បាន​ទេ។ ពេល​ខ្ញុំ​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មក​ប្រាប់ ពួក​គេ​បែរ​ជា​នាំ​គ្នា​សើច​ចំអក គឺ​ពួក​គេ​មិន​ចូល​ចិត្ត​ឮ​ឡើយ។ ឃើញ​ដូច្នេះ ខ្ញុំ​ខឹង​ជំនួស​ព្រះ‌អម្ចាស់ ខ្ញុំ​ទប់​ចិត្ត​លែង​បាន​ទៀត​ហើយ។ «ចូរ​ជះ​កំហឹង​នេះ​ទៅ​លើ​ក្មេងៗ​នៅ​តាម​ផ្លូវ ព្រម​ទាំង​ជះ​ទៅ​លើ​ក្រុម​យុវជន​ផង ដ្បិត​មនុស្ស​ប្រុស​ស្រី និង​មនុស្ស​ចាស់​ជរា នឹង​ត្រូវ​ខ្មាំង​សត្រូវ​នាំ​យក​ទៅ។ ពេល​ណា​យើង​ដាក់​ទោស​អ្នក​ស្រុក​នេះ ផ្ទះ​របស់​គេ​នឹង​ត្រូវ​អ្នក​ផ្សេង​មក​រស់​នៅ ហើយ​ចម្ការ និង​ប្រពន្ធ​របស់​គេ ក៏​នឹង​បាន​ទៅ​ជា​កម្មសិទ្ធិ​របស់​អ្នក​ផ្សេង​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​ទាំង​អស់​គ្នា ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ គិត​តែ​ពី​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ទាំង​ព្យាការី ទាំង​បូជា‌ចារ្យ សុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។ ពួក​គេ​មិន​ឈឺ‌ឆ្អាល​នឹង​មហន្ត‌រាយ នៃ​ប្រជា‌រាស្ត្រ​របស់​យើង​ទេ។ ពួក​គេ​និយាយ​ពី «សន្តិ‌ភាព! សន្តិ‌ភាព!» តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ! ពួក​គេ​គួរ​តែ​អៀន​ខ្មាស​ចំពោះ​អំពើ​ព្រៃ‌ផ្សៃ ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ប៉ុន្តែ ពួក​គេ​មាន​មុខ​ក្រាស់ មិន​ចេះ​ខ្មាស។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​វិនាស ជា​មួយ​អស់​អ្នក​ដែល​ត្រូវ​វិនាស នៅ​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស​ពួក​គេ ពួក​គេ​នឹង​ត្រូវ​ដួល​ជា​មិន​ខាន» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: «ចូរ​ឈប់​មួយ​សន្ទុះ ហើយ​ពិចារណា​មើល៍ ចូរ​រំពឹង​គិត​អំពី​មាគ៌ា​ជំនាន់​ដើម ដើម្បី​ឲ្យ​ដឹង​ថា តើ​មាគ៌ា​ណា​ជា​មាគ៌ា​ល្អ រួច​នាំ​គ្នា​ដើរ​តាម​មាគ៌ា​នោះ​ទៅ ចិត្ត​របស់​អ្នក​រាល់​គ្នា​នឹង​បាន​ស្ងប់។ ប៉ុន្តែ ពួក​គេ​ឆ្លើយ​មក​វិញ​ថា: “យើង​ខ្ញុំ​មិន​ដើរ​តាម​ផ្លូវ​នោះ​ទេ!”។ យើង​បាន​ដាក់​អ្នក​យាម‌ល្បាត សម្រាប់​នាំ​ដំណឹង​មក​អ្នក​រាល់​គ្នា ចូរ​ត្រង‌ត្រាប់​ស្ដាប់​សំឡេង​ស្នែង​របស់​គេ​ទៅ! តែ​ពួក​គេ​ឆ្លើយ​ថា “យើង​មិន​រវី‌រវល់​ស្ដាប់​ទេ!” ហេតុ​នេះ ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្ដាប់! ចូរ​ដឹង​ថា នឹង​មាន​ហេតុ‌ការណ៍​មួយ កើត​ឡើង​ចំពោះ​ប្រជា‌រាស្ត្រ​នេះ។ ផែនដី​អើយ ចូរ​ស្ដាប់! យើង​នឹង​ធ្វើ​ឲ្យ ប្រជា‌រាស្ត្រ​នេះ​រង​ទុក្ខ​វេទនា ដែល​ជា​លទ្ធ‌ផល​នៃ​គំនិត​អាក្រក់​របស់​ពួក​គេ ដ្បិត​ពួក​គេ​ពុំ​បាន​ត្រង‌ត្រាប់ ស្ដាប់​ពាក្យ​របស់​យើង​ទេ ពួក​គេ​ក៏​មើល‌ងាយ​ក្រឹត្យ‌វិន័យ​របស់​យើង​ដែរ។ តើ​យើង​ត្រូវ​ការ​ឲ្យ​អ្នក​រាល់​គ្នា​យក​ធូប​ពី ស្រុក​សេបា និង​យក​គ្រឿង​ក្រអូប​ពី​ស្រុក​ឆ្ងាយ មក​ថ្វាយ​យើង​ឬ? យើង​មិន​ព្រម​ទទួល​តង្វាយ​ដុត​របស់ អ្នក​រាល់​គ្នា​ទេ ហើយ​យើង​ក៏​មិន​ពេញ​ចិត្ត​នឹង​យញ្ញ‌បូជា របស់​អ្នក​រាល់​គ្នា​ដែរ»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា: «ហេតុ​នេះ យើង​នឹង​ដាក់​ថ្ម ធ្វើ​ជា​ឧបសគ្គ​នៅ​ចំពោះ​មុខ​ប្រជា‌ជន​នេះ ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ហើយ​វិនាស​ទាំង​ឪពុក ទាំង​កូន ទាំង​ញាតិ‌សន្ដាន ទាំង​អ្នក​ដែល​នៅ​ជិត​ខាង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: «មើល៍! មាន​កង‌ទ័ព​មក​ពី​ទិស​ខាង​ជើង ប្រជា‌ជាតិ​មួយ​ដែល​ជា​មហា​អំណាច ចេញ​ដំណើរ​ពី​ទី​ដាច់​ស្រយាល​នៃ​ផែនដី ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើង ពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេ សន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រ ពួក​គេ​ជិះ​សេះ​មក ហើយ​តម្រៀប​គ្នា​ជា​ក្បួន​ទ័ព ដើម្បី​វាយ​លុក​ក្រុង​ស៊ីយ៉ូន!» «យើង​ខ្ញុំ​បាន​ឮ​ដំណឹង​នេះ យើង​ខ្ញុំ​ក៏​ទន់​ដៃ​ទន់​ជើង ភ័យ​តក់‌ស្លុត និង​ឈឺ​ចាប់​ដូច​ស្ត្រី​កំពុង​សម្រាល​កូន។ កុំ​ចេញ​ទៅ​ស្រែ​ចម្ការ កុំ​ចេញ​ទៅ​តាម​ផ្លូវ ដ្បិត​ខ្មាំង​សត្រូវ​កាន់​ដាវ​ចាំ​នៅ​ទី​នោះ! ការ​ព្រឺ‌ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង»។ ប្រជា‌ជន​របស់​យើង​អើយ ចូរ​ស្លៀក​បាវ ហើយ​អង្គុយ​ក្នុង​ផេះ រួច​នាំ​គ្នា​កាន់​ទុក្ខ ដូច​គេ​កាន់​ទុក្ខ កូន​តែ​មួយ​គត់​ដែល​ស្លាប់​នោះ​ទៅ! ចូរ​នាំ​គ្នា​យំ​សោក​សង្រេង​យ៉ាង​ខ្លាំង​ទៅ ដ្បិត​មេ​បំផ្លាញ​មក​វាយ​ប្រហារ​អ្នក​រាល់​គ្នា ពុំ​ឲ្យ​ដឹង​ខ្លួន​ជា​មុន​ឡើយ! «យេរេមា​អើយ យើង​បាន​តែង‌តាំង​អ្នក ឲ្យ​ល្បង‌ល​មើល​ប្រជា‌ជន​របស់​យើង ដូច​ជាង​សាក​ល្បង‌លោហ‌ធាតុ គឺ​យើង​ឲ្យ​អ្នក​សង្កេត និង​ល្បង‌ល​មើល មាគ៌ា​របស់​ពួក​គេ»។ «ពួក​គេ​ចូល​ចិត្ត​និយាយ​មួល​បង្កាច់ មាន​ចិត្ត​រឹង‌រូស ដូច​លង្ហិន និង​ដែក‌ថែប ដែល​ពុំ​អាច​ពត់​បាន​ឡើយ គឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់ៗ​គ្នា! ធម្មតា ភ្លើង​ដែល​គេ​សប់​យ៉ាង​ក្ដៅ អាច​បន្សុទ្ធ​លោហ‌ធាតុ​បាន រីឯ​ប្រជា‌ជន​នេះ​វិញ គ្មាន​នរណា​អាច​បន្សុទ្ធ​បាន​ទេ ព្រោះ​អំពើ​អាក្រក់​ស្ថិត​ជាប់​នឹង​ពួក​គេ​ជានិច្ច។ គេ​ហៅ​អ្នក​ទាំង​នោះ​ថា “ប្រាក់​គ្មាន​តម្លៃ” ដ្បិត​ព្រះ‌អម្ចាស់​មិន​ទទួល​ពួក​គេ​ទេ!»។

ចែក​រំលែក
អាន យេរេមា 6

យេរេមា 6:8-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ឲ្យ​ឯង​រាង‌ចាល​ចុះ ក្រែង​ព្រលឹង​អញ​ព្រាត់​ចេញ​ពី​ឯង ក្រែង​លោ​អញ​បំផ្លាញ​ឯង ឲ្យ​ទៅ​ជា​ស្រុក​ចោល​ស្ងាត់​ទទេ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា គេ​នឹង​ប្រឡេះ​ពួក​សំណល់​សាសន៍​អ៊ីស្រាអែល​អស់​រលីង ដូច​ជា​ផ្លែ​ទំពាំង‌បាយ‌ជូរ ចូរ​ដាក់​ដៃ​ឯង​ទៅ​ក្នុង​កព្ឆោ​វិញ ដូច​ជា​អ្នក​បេះ​ផ្លែ តើ​នឹង​ឲ្យ​ខ្ញុំ​និយាយ ហើយ​ធ្វើ​បន្ទាល់​ដល់​អ្នក​ណា ដើម្បី​ឲ្យ​គេ​បាន​ស្តាប់​តាម មើល​ត្រចៀក​គេ​មិន​បាន​កាត់​ស្បែក​ទេ គេ​ស្តាប់​មិន​បាន មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​ត្រឡប់​ជា​ទី​មើល‌ងាយ​ដល់​គេ គេ​មិន​យក​ជា​ទី​រីក‌រាយ​ចិត្ត​ឡើយ ដូច្នេះ ខ្លួន​ខ្ញុំ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា ខ្ញុំ​ទប់​ចិត្ត​ទៀត​មិន​បាន​ទេ បើ​ដូច្នេះ ចូរ​ចាក់​ទៅ​លើ​កូន​ក្មេង​តាម​ផ្លូវ ហើយ​លើ​ជំនុំ​ពួក​កំឡោះៗ ដ្បិត​នឹង​ត្រូវ​ចាប់​យក​ទាំង​ប្ដី នឹង​ប្រពន្ធ ទាំង​មនុស្ស​ចាស់‌ជរា នឹង​មនុស្ស​មាន​វ័យ​កន្លង​ផង ផ្ទះ​គេ​នឹង​ទៅ​ជា​របស់​ផង​មនុស្ស​ដទៃ ព្រម​ទាំង​ស្រែ​ចំការ នឹង​ប្រពន្ធ​របស់​គេ​ដែរ ដ្បិត​អញ​នឹង​លូក​ដៃ​ទៅ​លើ​ពួក​អ្នក​ស្រុក នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ចាប់​តាំង​តែ​ពី​អ្នក​តូច​បំផុត ទៅ​ដល់​អ្នក​ធំ​បំផុត​ក្នុង​ពួក​គេ នោះ​សុទ្ធ​តែ​លង់​ទៅ​ក្នុង​សេចក្ដី​លោភ ហើយ​ចាប់​តាំង​ពី​ហោរា ទៅ​ដល់​សង្ឃ នោះ​គ្រប់​គ្នា​ក៏​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ដែរ គេ​បាន​មើល​របួស​របស់​រាស្ត្រ​អញ ឲ្យ​សះ​តែ​បន្តិច‌បន្តួច​ទេ ដោយ​ពោល​តែ​ពាក្យ​ថា​សុខៗ​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឥត​មាន​សេចក្ដី​សុខ​ឡើយ កាល​គេ​បាន​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម នោះ​តើ​គេ​មាន​សេចក្ដី​ខ្មាស​ឬ​ទេ ទេ គេ​មិន​បាន​ខ្មាស​សោះ ក៏​មិន​ទាំង​ឡើង​មុខ​ក្រហម​ផង ដូច្នេះ គេ​នឹង​ដួល​ទៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ត្រូវ​ដួល ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​វេលា​ដែល​អញ​ធ្វើ​ទោស​ដល់​គេ នោះ​គេ​នឹង​ត្រូវ​ចំពប់​ដួល​ជា​ពិត។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ឈរ​តាម​ផ្លូវ ហើយ​មើល​ចុះ ត្រូវ​ឲ្យ​សួរ​រក​ផ្លូវ​ចាស់​ទាំង​ប៉ុន្មាន មើល​ជា​មាន​ផ្លូវ​ណា​ដែល​ល្អ រួច​ឲ្យ​ដើរ​តាម​ផ្លូវ​នោះ​ចុះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​សេចក្ដី​សំរាក​ដល់​ព្រលឹង តែ​គេ​ប្រកែក​ថា យើង​រាល់​គ្នា​មិន​ព្រម​ដើរ​តាម​ទេ អញ​ក៏​បាន​ដាក់​ពួក​ចាំ​យាម​ឲ្យ​ត្រួត​លើ​ឯង​រាល់​គ្នា ឲ្យ​ប្រាប់​ថា ចូរ​ប្រុង​ស្តាប់​សូរ​ត្រែ តែ​គេ​ប្រកែក​ថា យើង​មិន​ព្រម​ស្តាប់​ទេ ដូច្នេះ ចូរ​ស្តាប់​ចុះ អស់​ទាំង​សាសន៍​អើយ ហើយ​ពួក​ជំនុំ​អើយ ចូរ​ដឹង​ពី​សេចក្ដី​ដែល​ត្រូវ​កើត​ដល់​គេ ម្នាល​ផែនដី​អើយ ចូរ​ស្តាប់​ចុះ មើល អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​ជន‌ជាតិ​នេះ គឺ​ជា​ផល​នៃ​គំនិត​របស់​គេ ដោយ​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ពាក្យ​របស់​អញ​ទេ ឯ​ចំណែក​ក្រឹត្យ‌វិន័យ​របស់​អញ នោះ​គេ​បាន​បោះ‌បង់​ចោល​ហើយ តើ​មាន​ប្រយោជន៍​អ្វី​ដែល​មាន​កំញាន​មក​ពី​ស្រុក​សេបា ហើយ​នឹង​ឫស​កន្ធាយ​ពី​ស្រុក​ឆ្ងាយ មក​ឯ​អញ​ដូច្នេះ អញ​មិន​ទទួល​ដង្វាយ​ដុត​របស់​ឯង​រាល់​គ្នា​ទេ ហើយ​យញ្ញ‌បូជា​របស់​ឯង ក៏​មិន​គាប់​ចិត្ត​ដល់​អញ​ដែរ ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ដាក់​ថ្ម​ចំពប់​មួយ នៅ​មុខ​ជន‌ជាតិ​នេះ ហើយ​ទាំង​ឪពុក នឹង​កូន​ផង នឹង​ចំពប់​ចុះ​លើ​ថ្ម​នោះ​ជា​មួយ​គ្នា ហើយ​ទាំង​អ្នក​ជិត​ខាង នឹង​មិត្រ​សំឡាញ់​របស់​គេ​ផង គេ​នឹង​ត្រូវ​វិនាស​បង់​ទាំង​អស់។ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល មាន​ជន‌ជាតិ​មក​ពី​ស្រុក​ខាង​ជើង គឺ​សាសន៍​១​យ៉ាង​ធំ ដែល​នៅ​ចុង​ផែនដី នឹង​ត្រូវ​កំរើក​ឡើង គេ​ចាប់​កាន់​ធ្នូ នឹង​លំពែង ជា​សាសន៍​សាហាវ ឥត​ត្រា‌ប្រណី សំឡេង​គេ​ក៏​លាន់​ឮ​សន្ធឹក​ដូច​ជា​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ​ដំរៀប​ជា​ក្បួន​ទ័ព ដូច​ជា​មនុស្ស​ដែល​ចូល​ទៅ​ច្បាំង ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ គឺ​ច្បាំង​នឹង​ឯង​ហើយ យើង​រាល់​គ្នា​បាន​ឮ​សូរ​ពី​ការ​នោះ​ហើយ ដៃ​យើង​ក៏​បាន​ខ្សោយ​ទៅ ហើយ​យើង​កើត​មាន​សេចក្ដី​បារម្ភ​ព្រួយ ព្រម​ទាំង​ឈឺ‌ចាប់ ដូច​ជា​ស្រី​ដែល​រៀប​នឹង​សំរាល​កូន កុំ​ឲ្យ​ចេញ​ទៅ​ឯ​ចំការ​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​ដែរ ដ្បិត​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ នឹង​សេចក្ដី​ស្ញែង​ខ្លាច បាន​នៅ​ពាស‌ពេញ​ជុំវិញ​ហើយ ឱ​កូន​ស្រី​នៃ​រាស្ត្រ​អញ​អើយ ចូរ​ស្លៀក​សំពត់​ធ្មៃ ហើយ​ននៀល​ក្នុង​ផេះ​ចុះ ត្រូវ​ឲ្យ​កាន់​ទុក្ខ ដូច​ជា​កាន់​ទុក្ខ​នឹង​កូន​តែ​១ ជា​ទំនួញ​យ៉ាង​ជូរ‌ចត់​បំផុត ពី​ព្រោះ​មេ​បំផ្លាញ​នឹង​ស្រាប់​តែ​មក​លើ​យើង​រាល់​គ្នា​ភ្លាម។ អញ​បាន​តាំង​ឯង​ឡើង ឲ្យ​បាន​ដូច​ជា​ប៉ម​ចាំ​យាម ហើយ​ជា​បន្ទាយ​នៅ​កណ្តាល​រាស្ត្រ​អញ ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់ ហើយ​ល្បង​ល​ផ្លូវ​ប្រព្រឹត្ត​របស់​គេ គេ​សុទ្ធ​តែ​ជា​ពួក​បះ‌បោរ​យ៉ាង​ខ្លាំង គេ​ដើរ​ទៅ​មក​ទាំង​បង្កាច់​មនុស្ស​ក៏​សុទ្ធ​តែ​ជា​លង្ហិន នឹង​ដែក​ផង គេ​ប្រព្រឹត្ត​សេចក្ដី​ដ៏​លាមក​អាក្រក់​គ្រប់ៗ​គ្នា ឯ​ស្នប់​ក៏​សប់​យ៉ាង​ខ្លាំង សំណ​បាន​សូន្យ​បាត់​ទៅ ការ​ដែល​គេ​នៅ​តែ​សំរង​ទៀត នោះ​ជា​ឥត​អំពើ​សោះ ដ្បិត​ពួក​អាក្រក់​មិន​ទាន់​បាន​ដក​ចេញ​នៅ​ឡើយ មនុស្ស​ទាំង‌ឡាយ​នឹង​ហៅ​គេ​ជា​អាចម៍​ប្រាក់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បោះ‌បង់​ចោល​គេ​ហើយ។

ចែក​រំលែក
អាន យេរេមា 6