យេរេមា 6:1-9
យេរេមា 6:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱពួកកូនចៅបេនយ៉ាមីនអើយ ចូររត់ទៅ ចូរចេញពីក្រុងយេរូសាឡិមទៅ ហើយផ្លុំត្រែនៅត្រង់ត្កូអា ត្រូវដុតភ្លើងទុកជាទីសម្គាល់ នៅត្រង់បេត-ហាកេរែមដែរ ពីព្រោះមានសេចក្ដីអាក្រក់បានចេញពីទិសខាងជើង ព្រមទាំងការបំផ្លាញយ៉ាងធំ។ ឯកូនស្រីស៊ីយ៉ូនដ៏ល្អរុងរឿងនោះ យើងនឹងបំផ្លាញចោល។ ពួកគង្វាលនឹងនាំហ្វូងចៀមរបស់គេទៅក្រុងនោះ គេនឹងបោះជំរំនៅជុំវិញ គេនឹងឃ្វាលហ្វូងចៀមរបស់គេ តាមកន្លែងរៀងៗខ្លួន។ ចូរចាត់ចែងច្បាំងនឹងទីក្រុងនេះចុះ ចូររៀបចំ យើងនឹងឡើងទៅក្នុងវេលាថ្ងៃត្រង់ វរហើយយើង ពីព្រោះថ្ងៃជ្រេហើយ ស្រមោលល្ងាចក៏កាន់តែវែងទៅ។ ចូរក្រោកឡើង យើងនឹងឡើងទៅទាំងយប់ យើងនឹងបំផ្លាញអស់ទាំងដំណាក់របស់គេ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានមានព្រះបន្ទូលដូច្នេះថា៖ ចូរកាប់ដើមឈើ ហើយជីកស្នាមភ្លោះ ទាស់នឹងក្រុងយេរូសាឡិមទៅ នេះហើយជាទីក្រុងដែលត្រូវទោស ដ្បិតនៅកណ្ដាលនោះ មានសុទ្ធតែការសង្កត់សង្កិន។ អណ្តូងផុសទឹកចេញមកជាយ៉ាងណា ទីក្រុងនេះក៏ផុសចេញជាអំពើអាក្រក់យ៉ាងនោះដែរ មានឮសុទ្ធតែការច្រឡោត និងការបំផ្លាញ ឃើញមានតែជំងឺឈឺ និងរបួសនៅមុខយើងជានិច្ច។ ឱក្រុងយេរូសាឡិមអើយ ចូរឲ្យអ្នករាងចាល ក្រែងព្រលឹងយើងព្រាត់ចេញពីអ្នក ក្រែងលោយើងបំផ្លាញអ្នក ឲ្យទៅជាស្រុកចោលស្ងាត់ទទេ។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ គេនឹងប្រឡេះពួកសំណល់សាសន៍អ៊ីស្រាអែលអស់រលីង ដូចជាផ្លែទំពាំងបាយជូរ ចូរដាក់ដៃអ្នកទៅក្នុងកព្ឆោវិញ ដូចជាអ្នកបេះផ្លែ។
យេរេមា 6:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កូនចៅបេនយ៉ាមីនអើយ ចូររត់ចេញពីក្រុងយេរូសាឡឹមទៅ! ចូរផ្លុំត្រែនៅតូអា ចូរលើកទង់សញ្ញានៅបេតហាកេរែម ដ្បិតមហន្តរាយ និងទុក្ខវេទនា កំពុងតែមកពីទិសខាងជើង។ ក្រុងស៊ីយ៉ូនដ៏ស្អាត និងល្អប្រណីត មុខជាត្រូវវិនាសហើយ! ខ្មាំងសត្រូវកំពុងតែដើរមករកក្រុងស៊ីយ៉ូន ដូចពួកគង្វាលមកជាមួយហ្វូងសត្វរបស់ខ្លួន គេនឹងបោះជំរំព័ទ្ធជុំវិញក្រុងនេះ ម្នាក់ៗនឹងរឹបអូសយកតាមចំណែករៀងៗខ្លួន។ ពួកគេស្រែកថា: “ចូរវាយសម្រុកក្រុងនេះ ចូរក្រោកឡើង យើងវាយលុកទាំងថ្ងៃត្រង់! ប៉ុន្តែ គួរឲ្យស្ដាយណាស់ ព្រោះថ្ងៃកាន់តែទាបទៅៗ ហើយយប់ក៏កាន់តែងងឹតទៅៗដែរ! ក្រោកឡើង! យើងវាយលុកទាំងយប់ក៏បាន យើងបំផ្លាញវិមានដ៏ស្កឹមស្កៃរបស់ក្រុងនេះ”»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: «ចូរនាំគ្នាកាប់ដើមឈើ ហើយសង់ប៉មឲ្យខ្ពស់ ដើម្បីវាយលុកក្រុងយេរូសាឡឹម! ត្រូវតែដាក់ទោសក្រុងនេះ ព្រោះនៅក្នុងទីក្រុងមានសុទ្ធតែការជិះជាន់។ អំពើអាក្រក់ហូរចេញពីក្រុងនេះ ដូចទឹកហូរចេញពីប្រភពទឹក។ ក្នុងទីក្រុងមានឮនិយាយតែអំពើឃោរឃៅ និងការបំផ្លិចបំផ្លាញ។ ការឈឺចុកចាប់ និងស្នាមរបួស ស្ថិតនៅក្រោមក្រសែភ្នែករបស់យើងជានិច្ច។ យេរូសាឡឹមអើយ ចូរទទួលមេរៀននេះទៅ ក្រែងលោយើងដកខ្លួនលែងរវីរវល់នឹងអ្នក ហើយធ្វើឲ្យអ្នកវិនាសអន្តរាយ ក្លាយទៅជាទឹកដីដែលគ្មាននរណារស់នៅ»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: «ខ្មាំងសត្រូវនឹងប្រឡេះជនជាតិអ៊ីស្រាអែល ដែលនៅសេសសល់ ដូចគេបេះផ្លែទំពាំងបាយជូរទាល់តែអស់ គឺគេនឹងមកសាជាថ្មី ដូចអ្នកបេះផ្លែទំពាំងបាយជូរវិលមក ប្រឡេះផ្លែដែលនៅសល់»។
យេរេមា 6:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱពួកកូនចៅបេនយ៉ាមីនអើយ ចូររត់ទៅចុះ ចូរចេញពីក្រុងយេរូសាឡិមទៅ ហើយផ្លុំត្រែនៅត្រង់ត្កូអា ត្រូវឲ្យដុតភ្លើង ទុកជាទីសំគាល់ នៅត្រង់បេត-ហាកេរែមដែរ ពីព្រោះមានសេចក្ដីអាក្រក់ បានចេញពីទិសខាងជើងមក ព្រមទាំងការបំផ្លាញយ៉ាងធំផង ឯកូនស្រីស៊ីយ៉ូនដ៏ល្អហើយរុងរឿង នោះអញនឹងបំផ្លាញបង់ ពួកអ្នកគង្វាលនឹងនាំហ្វូងចៀមរបស់គេទៅឯក្រុងនោះ គេនឹងដំឡើងត្រសាល នៅផ្ទល់មុខជុំវិញ គេនឹងឃ្វាលហ្វូងចៀមរបស់គេ តាមកន្លែងទីទៃពីគ្នា ចូរចាត់ចែងច្បាំងនឹងទីក្រុងនេះចុះ ចូររៀបចំឡើង យើងនឹងឡើងទៅក្នុងវេលាថ្ងៃត្រង់ វរហើយយើង ពីព្រោះថ្ងៃជ្រេហើយ ស្រមោលល្ងាចក៏កាន់តែវែងទៅ ចូរក្រោកឡើង យើងនឹងឡើងទៅទាំងយប់ យើងនឹងបំផ្លាញអស់ទាំងដំណាក់របស់គេ ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានបន្ទូលដូច្នេះថា ចូរកាប់ដើមឈើចុះ ហើយជីកស្នាមភ្លោះទាស់នឹងក្រុងយេរូសាឡិមទៅ នេះហើយជាទីក្រុងដែលត្រូវទោស ដ្បិតនៅកណ្តាលនោះ មានសុទ្ធតែការសង្កត់សង្កិន អណ្តូងផុសទឹកចេញមកជាយ៉ាងណា ទីក្រុងនេះក៏ផុសចេញ ជាអំពើអាក្រក់យ៉ាងនោះដែរ មានឮសុទ្ធតែការច្រឡោត នឹងការបំផ្លាញ ឃើញមានតែជំងឺឈឺ នឹងរបួសនៅមុខអញជានិច្ច ឱក្រុងយេរូសាឡិមអើយ ចូរឲ្យឯងរាងចាលចុះ ក្រែងព្រលឹងអញព្រាត់ចេញពីឯង ក្រែងលោអញបំផ្លាញឯង ឲ្យទៅជាស្រុកចោលស្ងាត់ទទេ។ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា គេនឹងប្រឡេះពួកសំណល់សាសន៍អ៊ីស្រាអែលអស់រលីង ដូចជាផ្លែទំពាំងបាយជូរ ចូរដាក់ដៃឯងទៅក្នុងកព្ឆោវិញ ដូចជាអ្នកបេះផ្លែ