យេរេមា 51:45-64

យេរេមា 51:45-64 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​ចេញ​ពី​កណ្ដាល​ពួក​គេ​ទៅ ត្រូវ​ឲ្យ​គ្រប់​គ្នា​ដោះ​ខ្លួន ឲ្យ​រួច​ពី​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា។ អ្នក​រាល់​គ្នា​កុំ​ស្រយុត​ចិត្ត​ឡើយ ក៏​កុំ​ភ័យ​ខ្លាច​ចំពោះ​ដំណឹង​ដែល​ឮ​នៅ​ក្នុង​ស្រុក​ដែរ ដ្បិត​នៅ​ឆ្នាំ​មួយ នឹង​មាន​ឮ​ដំណឹង​មក​ដល់ រួច​ដល់​ឆ្នាំ​ក្រោយ ក៏​នឹង​ឮ​ដំណឹង​មួយ​ទៀត ព្រម​ទាំង​មាន​ការ​យុក‌យាក់​នៅ​ក្នុង​ស្រុក​ផង គឺ​ជា​ស្តេច​មួយ​ទាស់​នឹង​ស្តេច​មួយ​ទៀត។ ហេតុ​នោះ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​សម្រេច​ទោស​ដល់​អស់​ទាំង​រូប​ឆ្លាក់ របស់​ស្រុក​បាប៊ីឡូន ហើយ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ជ្រប់​មុខ ឯ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​ត្រូវ​គេ​សម្លាប់​នោះ នឹង​ដួល​នៅ​កណ្ដាល​វា។ គ្រា​នោះ ទាំង​ផ្ទៃ​មេឃ ផែនដី និង​របស់​សព្វ​សារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ នឹង​ច្រៀង​អរ​សប្បាយ ពី​ដំណើរ​ក្រុង​បាប៊ីឡូន ពី​ព្រោះ​ពួក​បំផ្លាញ​នឹង​មក​ដល់​វា ពី​ទិស​ខាង​ជើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ក្រុង​បាប៊ីឡូន​បាន​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល ដួល​ស្លាប់​ទៅ​យ៉ាង​ណា នោះ​ពួក​អ្នក​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ដល់​ស្លាប់ នៅ​ត្រង់​ក្រុង​បាប៊ីឡូន​យ៉ាង​នោះ​ដែរ។ អ្នក​រាល់​គ្នា​ដែល​បាន​រួច​ពី​ដាវ​អើយ ចូរ​ទៅ​ចុះ កុំ​បង្អង់​ឡើយ ចូរ​នឹក​ដល់​ព្រះ‌យេហូវ៉ា​ពី​ទី​ចម្ងាយ ហើយ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ចូល​ក្នុង​គំនិត​អ្នក​ដែរ។ យើង​រាល់​គ្នា​ត្រូវ​ខ្មាស ដោយ​បាន​ឮ​ពាក្យ​ត្មះ‌តិះ‌ដៀល យើង​រាល់​គ្នា​បាន​ឡើង​មុខ​ក្រហម​ហើយ ដ្បិត​មាន​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។ ហេតុ​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​សម្រេច​ទោស ដល់​អស់​ទាំង​រូប​ឆ្លាក់​របស់​គេ ហើយ​ពួក​គេ​ដែល​ត្រូវ​របួស ក៏​ថ្ងូរ​នៅ​ពេញ​ក្នុង​ស្រុក។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ទោះ​បើ​ក្រុង​បាប៊ីឡូន​នឹង​លើក​ខ្លួន​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ចម្រើន​កម្លាំង​នៃ​ទី​ខ្ពស់​របស់​គេ ឲ្យ​រឹត​តែ​មាំ‌មួន​ឡើង​ក៏​ដោយ គង់​តែ​យើង​នឹង​ឲ្យ​ពួក​បំផ្លាញ​ឡើង​ទៅ​ដល់​គេ​ដែរ។ មាន​ឮ​សូរ​សម្រែក​ចេញ​ពី​ក្រុង​បាប៊ីឡូន​មក និង​សូរ​នៃ​ការ​បំផ្លាញ​យ៉ាង​សម្បើម មក​ពី​ស្រុក​របស់​ពួក​ខាល់ដេ។ ដ្បិត​ព្រះ‌យេហូវ៉ា​រំលាង​ក្រុង​បាប៊ីឡូន ហើយ​ក៏​បំផ្លាញ​សំឡេង​យ៉ាង​ធំ​ឲ្យ​បាត់​ចេញ​ពី​វា​ទៅ រលក​គេ​ឮ​សន្ធឹក​ដូច​ជា​ទឹក​ធំ ក៏​ឮ​សូរ​របស់​គេ​ចេញ​មក។ ដ្បិត​មេ​បំផ្លាញ​បាន​មក​លើ​វា​ហើយ គឺ​លើក្រុង​បាប៊ីឡូន ពួក​ខ្លាំង​ពូកែ​របស់​វា​ត្រូវ​គេ​ចាប់​បាន ហើយ​ធ្នូ​ទាំង​ប៉ុន្មាន​របស់​គេ​ត្រូវ​បាក់​ខ្ទេច‌ខ្ទី ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​សង​សំណង ព្រះ‌អង្គ​នឹង​តប​ស្នង​ជា​មិន​ខាន។ ឯ​ពួក​មេ‌ទ័ព ពួក​អ្នក​ប្រាជ្ញ ពួក​ចៅ‌ហ្វាយ ពួក​នាយ និង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន​របស់​វា នោះ​យើង​នឹង​ធ្វើ​ឲ្យ​ស្រវឹង គេ​នឹង​ដេក​លក់​ទៅ​ជា​រៀង‌រហូត ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​មហា‌ក្សត្រ ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ កំផែង​យ៉ាង​ក្រាស់​របស់​ក្រុង​បាប៊ីឡូន នឹង​ត្រូវ​រលំ​អស់​រលីង ហើយ​ទ្វារ​ដ៏​ខ្ពស់​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​ភ្លើង​ឆេះ គឺ​យ៉ាង​នោះ​ដែល​ជន​ជាតិ​ទាំង‌ឡាយ បាន​ខំ​ធ្វើ​ការ​ជាឥត​ប្រយោជន៍ ហើយ​សាសន៍​ទាំង​ប៉ុន្មាន ធ្វើ​ឲ្យ​តែ​បាន​ជា​ចំណី​ភ្លើង​ប៉ុណ្ណោះ។ នេះ​ជា​ពាក្យ​ដែល​ហោរា​យេរេមា​បាន​ផ្តាំ​ដល់​សេរ៉ាយ៉ា ជា​កូន​នេរីយ៉ា ដែល​ជា​កូន​ម៉ាសេយ៉ា ក្នុង​កាល​ដែល​លោក​បាន​ទៅ​ឯ​ក្រុង​បាប៊ីឡូន ជា‌មួយ​ព្រះបាទ​សេដេគា ស្តេច​យូដា នៅ​ឆ្នាំ​ទី​បួន​ក្នុង​រាជ្យ​ទ្រង់ រីឯ​សេរ៉ាយ៉ា​នេះ លោក​ជា​ចៅ‌ហ្វាយ​ស្លូត​ល្អ។ ហោរា​យេរេមា​ក៏​សរសេរ​ចុះ​ក្នុង​សៀវភៅ ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ត្រូវ​កើត​ដល់​ក្រុង​បាប៊ីឡូន គឺ​គ្រប់​ពាក្យ​ទាំង​នេះ​ដែល​បាន​កត់​ទុក ពី​ដំណើរ​ក្រុង​បាប៊ីឡូន​ហើយ។ ហោរា​យេរេមា​ក៏​ជម្រាប​សេរ៉ាយ៉ា​ថា៖ កាល​ណា​លោក​ទៅ​ដល់​ក្រុង​បាប៊ីឡូន​ហើយ លោក​ត្រូវ​អាន​មើល​ព្រះ‌បន្ទូល​ទាំង​អស់​នេះ។ បន្ទាប់​មក ត្រូវ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ពី​ដំណើរ​ទី​នេះ ដើម្បី​នឹង​កាត់​ចេញ ឲ្យ​ឥត​មាន​អ្វី​នៅ​ទៀត​ឡើយ ទោះ​មនុស្ស ឬ​សត្វ​ក្ដី គឺ​ឲ្យ​ទី​នេះ​បាន​នៅ​ចោល​ស្ងាត់​ជា​រៀង‌រាប​ដរាប​ទៅ។ កាល​ណា​លោក​អាន​មើល​សៀវភៅ​នេះ​សព្វ​គ្រប់​ហើយ ត្រូវ​យក​ថ្ម​មក​ចង​ភ្ជាប់ ហើយ​បោះ​ទម្លាក់​ទៅ​កណ្ដាល​ទន្លេ​អ៊ើប្រាត​ទៅ។ បន្ទាប់​មក ត្រូវ​ថា ក្រុង​បាប៊ីឡូន​នឹង​លិច​បាត់​យ៉ាង​ដូច្នេះ​ដែរ ឥត​ដែល​ងើប​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ការ​អាក្រក់​ដែល​យើង​នឹង​នាំ​មក​លើ​វា នោះ​គេ​នឹង​នឿយ‌ហត់​ទៅ។ ពាក្យ​របស់​ហោរា​យេរេមា​ចប់​តែ​ប៉ុណ្ណេះ។

ចែក​រំលែក
អាន យេរេមា 51

យេរេមា 51:45-64 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រជា‌រាស្ត្រ​របស់​យើង​អើយ ចូរ​នាំ​គ្នា​រត់​ចេញ​ពី​បាប៊ី‌ឡូន ម្នាក់ៗ​ត្រូវ​រត់​ប្រាស​អាយុ គេច​ឲ្យ​ផុត​ពី​កំហឹង​របស់​យើង ចំពោះ​ក្រុង​នេះ។ មិន​ត្រូវ​បាក់​ទឹក​ចិត្ត ហើយ​ភ័យ​ខ្លាច ដោយ​ឮ​ពាក្យ​ចចាម‌អារ៉ាម​ដែល​គេ​និយាយ ក្នុង​ស្រុក​នោះ​ឡើយ! ដ្បិត​ឆ្នាំ​នេះ​មាន​ឮ​ពាក្យ​ចចាម‌អារ៉ាម​មួយ ឆ្នាំ​ក្រោយ​មាន​ឮ​ពាក្យ​ចចាម‌អារ៉ាម​មួយ​ទៀត អំពើ​ហិង្សា​នឹង​កើត​មាន​នៅ​ក្នុង​ស្រុក ហើយ​អ្នក​កាន់​អំណាច​ផ្ដាច់​ការ​នឹង​ដណ្ដើម អំណាច​តៗ​គ្នា។ ហេតុ​នេះ នៅ​គ្រា​ខាង​មុខ យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែងក្លាយ របស់​ស្រុក​បាប៊ី‌ឡូន ស្រុក​នោះ​ទាំង​មូល​នឹង​ត្រូវ​អាម៉ាស់ ហើយ​នឹង​មាន​មនុស្ស​ដួល​ស្លាប់​ដោយ​មុខ​ដាវ ពាស‌ពេញ​ក្នុង​ទីក្រុង។ អ្វីៗ​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី នឹង​នាំ​គ្នា​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ដោយ​បាប៊ី‌ឡូន​រលំ ដ្បិត​មាន​សត្រូវ​ពី​ទិស​ខាង​ជើង មក​បំផ្លាញ​ក្រុង​នេះ!» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ បាប៊ី‌ឡូន​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន នៅ​លើ​ផែនដី​ទាំង​មូល​បាត់​បង់​ជីវិត ឥឡូវ​នេះ បាប៊ី‌ឡូន​ក៏​ត្រូវ​បាត់​បង់​ជីវិត​ដែរ ព្រោះ​គេ​បាន​សម្លាប់​ជន‌ជាតិ​អ៊ីស្រា‌អែល។ អស់​អ្នក​ដែល​គេច​ផុត​ពី​មុខ​ដាវ​អើយ ចូរ​រត់​ទៅ​ចុះ កុំ​ឈប់​ឲ្យ​សោះ ចូរ​គិត​ដល់​ព្រះ‌អម្ចាស់​ពី​ចម្ងាយ ហើយ​នឹក​ដល់​ក្រុង​យេរូ‌សាឡឹម​ជានិច្ច! ពួក​យើង​ធ្លាប់​អាម៉ាស់ នៅ​ពេល​ឮ​ខ្មាំង​សត្រូវ​ជេរ​ប្រមាថ ពួក​យើង​បាន​បាក់​មុខ នៅ​ពេល​សាសន៍​ដទៃ​នាំ​គ្នា​ចូល​ក្នុង​ទីសក្ការៈ នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ «ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រា​ខាង​មុខ យើង​នឹង​ដាក់​ទោស​ព្រះ​ក្លែងក្លាយ របស់​ជន‌ជាតិ​បាប៊ី‌ឡូន ហើយ​អ្នក​របួស​នឹង​ថ្ងូរ​ពាស‌ពេញ​ក្នុង​ស្រុក​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ទោះ​បី​បាប៊ី‌ឡូន​លើក​ខ្លួន​ឡើង​ដល់​មេឃ ទោះ​បី​ពួក​គេ​សង់​បន្ទាយ​យ៉ាង​ខ្ពស់ៗ​ក្ដី ក៏​យើង​នឹង​ចាត់​អ្នក​បំផ្លាញ​ឲ្យ​នាំ​គ្នា​មក ប្រហារ​ក្រុង​នេះ​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ មាន​សម្រែក​លាន់​ឮ​ឡើង​ពី​ក្រុង​បាប៊ី‌ឡូន ហើយ​សំឡេង​មហន្ត‌រាយ​លាន់​ឮ​ឡើង ពី​ស្រុក​ខាល់ដេ ដ្បិត​ព្រះ‌អម្ចាស់​កម្ទេច​ក្រុង​បាប៊ី‌ឡូន ព្រះអង្គ​ធ្វើ​ឲ្យ​សម្រែក​លាន់​ឮ​ក្នុង​ក្រុង​នេះ ប្រែ​ទៅ​ជា​ស្ងាត់​ជ្រងំ កង‌ទ័ព​ដែល​មាន​សូរ​សន្ធឹក​ដូច​មហា​សាគរ នាំ​គ្នា​វាយ​លុក​ក្រុង​នេះ​ដោយ​សម្រែក ទ្រហឹង​អឺង‌អាប់។ ពិត​មែន​ហើយ មេ​បំផ្លាញ​មក​វាយ​លុក ក្រុង​បាប៊ី‌ឡូន ទាហាន​ដ៏​អង់‌អាច​របស់​ក្រុង​នេះ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង ធ្នូ​របស់​ពួក​គេ​ត្រូវ​បាក់។ ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​តែងតែ​សង​ទៅ​មនុស្ស តាម​អំពើ​ដែល​ម្នាក់ៗ​ប្រព្រឹត្ត។ «យើង​នឹង​បង្អក​មន្ត្រី អ្នក​ប្រាជ្ញ ចៅហ្វាយ​ខេត្ត ទេសា‌ភិបាល និង​ទាហាន​ដ៏​អង់‌អាច​របស់​ពួក​គេ ឲ្យ​ស្រវឹង។ ពួក​គេ​ដេក​លក់​រហូត​លែង​ភ្ញាក់​ទៀត» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌មហា‌ក្សត្រ ដែល​មាន​នាម​ថា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ព្រះ‌អម្ចាស់​នៃ​ពិភព ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «កំពែង​ដ៏​ស្កឹម‌ស្កៃ​របស់​ក្រុង​បាប៊ី‌ឡូន បាក់​បែក​រហូត​ដល់​គ្រឹះ ទ្វារ​ដ៏​ខ្ពស់ៗ​ក៏​ឆេះ​អស់ គឺ​ស្នា‌ដៃ​ដែល​ប្រជា‌ជន​ទាំង‌ឡាយ បាន​ធ្វើ​ក្លាយ​ជា​អសារ‌បង់ អ្វីៗ​ដែល​ប្រជា‌ជាតិ​នានា​ខំ​ប្រឹង​ធ្វើ ក្លាយ​ទៅ​ជា​ចំណី​ភ្លើង»។ នេះ​ជា​សេចក្ដី​ដែល​ព្យាការី​យេរេមា​បង្គាប់​ដល់​លោក​សេរ៉ាយ៉ា ជា​កូន​របស់​លោក​នេរី‌យ៉ា និង​ជា​ចៅ​របស់​លោក​ម៉ាសេ‌យ៉ា នៅ​ពេល​ដែល​គាត់​ទៅ​ស្រុក​បាប៊ី‌ឡូន ជា​មួយ​ព្រះ‌បាទ​សេដេ‌គា នៅ​ឆ្នាំ​ទី​បួន ក្នុង​រជ្ជកាល​របស់​ស្ដេច​នេះ។ កាល​នោះ លោក​សេរ៉ាយ៉ា​មាន​មុខ​តំណែង​ជា​មេ​លើ​ពួក​មហា‌តលិក។ លោក​យេរេមា​សរសេរ​អំពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ដល់​ស្រុក​បាប៊ី‌ឡូន ទុក​ក្នុង​ក្រាំង​មួយ គឺ​ព្រះ‌បន្ទូល​ទាំង​អស់​ស្ដី​អំពី​ស្រុក​បាប៊ី‌ឡូន ដូច​មាន​ចែង​ទុក​ខាង​លើ​នេះ​ស្រាប់។ លោក​យេរេមា​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សេរ៉ាយ៉ា​ថា៖ «ពេល​លោក​ទៅ​ដល់​បាប៊ី‌ឡូន លោក​ត្រូវ​អាន​សេចក្ដី​ទាំង​នេះ រួច​ពោល​ថា: បពិត្រ​ព្រះ‌អម្ចាស់ គឺ​ព្រះអង្គ​ផ្ទាល់​ដែល​មាន​ព្រះ‌បន្ទូល​ថា ក្រុង​នេះ​នឹង​ត្រូវ​បំផ្លាញ លែង​មាន​មនុស្ស មាន​សត្វ​រស់​នៅ​ទៀត​ហើយ គឺ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​រហូត​ត​ទៅ។ ពេល​លោក​អាន​សេចក្ដី​ក្នុង​ក្រាំង​នេះ​ចប់ សូម​ចង​ភ្ជាប់​នឹង​ថ្ម​មួយ​ដុំ រួច​យក​ទៅ​ទម្លាក់​នៅ​កណ្ដាល​ទន្លេ​អឺប្រាត។ បន្ទាប់​មក សូម​ប្រកាស​ថា: ក្រុង​បាប៊ី‌ឡូន​នឹង​ត្រូវ​លិច​លង់​ដូច្នេះ​ដែរ គឺ​ក្រុង​នេះ​រង​ទុក្ខ​លំបាក ដែល​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​កើត​មាន​ដល់​ពួក​គេ ពួក​គេ​នឹង​រលំ ក្រោក​ឡើង​វិញ​ពុំ​រួច​ឡើយ»។ ពាក្យ​របស់​លោក​យេរេមា​ចប់​តែ​ត្រឹម​ណេះ។

ចែក​រំលែក
អាន យេរេមា 51

យេរេមា 51:45-64 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​រាស្ត្រ​អញ​អើយ ចូរ​ចេញ​ពី​កណ្តាល​ពួក​គេ​ទៅ ត្រូវ​ឲ្យ​គ្រប់​គ្នា​ដោះ​ខ្លួន ឲ្យ​រួច​ពី​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា កុំ​ឲ្យ​ឯង​រាល់​គ្នា​ស្រយុត​ចិត្ត​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ដំណឹង​ដែល​ឮ​នៅ​ក្នុង​ស្រុក​ដែរ ដ្បិត​នៅ​ឆ្នាំ​១ នឹង​មាន​ឮ​ដំណឹង​មក​ដល់ រួច​ដល់​ឆ្នាំ​ក្រោយ ក៏​នឹង​ឮ​ដំណឹង​១​ទៀត ព្រម​ទាំង​មាន​ការ​យុក‌យាក់​នៅ​ក្នុង​ស្រុក​ផង គឺ​ជា​ស្តេច​១​ទាស់​នឹង​ស្តេច​១​ទៀត ហេតុ​នោះ​មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​សំរេច​ទោស​ដល់​អស់​ទាំង​រូប​ឆ្លាក់​របស់​ស្រុក​បាប៊ីឡូន ហើយ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ជ្រប់​មុខ ឯ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​ត្រូវ​គេ​សំឡាប់​នោះ នឹង​ដួល​នៅ​កណ្តាល​វា គ្រា​នោះ ទាំង​ផ្ទៃ​មេឃ ហើយ​ផែនដី នឹង​របស់​សព្វ​សារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ នឹង​ច្រៀង​អរ​សប្បាយ ពី​ដំណើរ​ក្រុង​បាប៊ីឡូន ពី​ព្រោះ​ពួក​បំផ្លាញ​នឹង​មក​ដល់​វា ពី​ទិស​ខាង​ជើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា រីឯ​ក្រុង​បាប៊ីឡូន​បាន​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ដួល​ស្លាប់​ទៅ​យ៉ាង​ណា នោះ​ពួក​អ្នក​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ដួល​ស្លាប់ នៅ​ត្រង់​ក្រុង​បាប៊ីឡូន​យ៉ាង​នោះ​ដែរ។ នែ ឯង​រាល់​គ្នា​ដែល​បាន​រួច​ពី​ដាវ​អើយ ចូរ​ទៅ​ចុះ​កុំ​បង្អង់​ឡើយ ចូរ​នឹក​ដល់​ព្រះ‌យេហូវ៉ា​ពី​ទី​ចំងាយ ហើយ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ចូល​ក្នុង​គំនិត​ឯង​ដែរ យើង​រាល់​គ្នា​ត្រូវ​ខ្មាស ដោយ​បាន​ឮ​ពាក្យ​ត្មះ‌តិះដៀល យើង​រាល់​គ្នា​បាន​ឡើង​មុខ​ក្រហម​ហើយ ដ្បិត​មាន​សាសន៍​ដទៃ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​សំរេច​ទោស ដល់​អស់​ទាំង​រូប​ឆ្លាក់​របស់​គេ ហើយ​ពួក​គេ​ដែល​ត្រូវ​របួស​ក៏​នឹង​ថ្ងូរ នៅ​ពេញ​ក្នុង​ស្រុក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ទោះ​បើ​ក្រុង​បាប៊ីឡូន​នឹង​លើក​ខ្លួន​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ចំរើន​កំឡាំង​នៃ​ទី​ខ្ពស់​របស់​គេ ឲ្យ​រឹង‌រឹត‌តែ​មាំ‌មួន​ឡើង​ក៏​ដោយ គង់​តែ​អញ​នឹង​ឲ្យ​ពួក​បំផ្លាញ​ឡើង​ទៅ​ដល់​គេ​ដែរ។ មាន​ឮ​សូរ​សំរែក​ចេញ​ពី​ក្រុង​បាប៊ីឡូន​មក នឹង​សូរ​នៃ​ការ​បំផ្លាញ​យ៉ាង​សំបើម មក​ពី​ស្រុក​របស់​ពួក​ខាល់ដេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​រំលាង​ក្រុង​បាប៊ីឡូន ហើយ​ក៏​បំផ្លាញ​សំឡេង​យ៉ាង​ធំ​ឲ្យ​បាត់​ចេញ​ពី​វា​ទៅ រលក​គេ​ឮ​សន្ធឹក​ដូច​ជា​ទឹក​ធំ ក៏​ឮ​សូរ​របស់​គេ​ចេញ​មក ដ្បិត​មេ​បំផ្លាញ​បាន​មក​លើ​វា​ហើយ គឺ​លើ​ក្រុង​បាប៊ីឡូន ពួក​ខ្លាំង​ពូកែ​របស់​វា​ត្រូវ​គេ​ចាប់​បាន ហើយ​ធ្នូ​ទាំង​ប៉ុន្មាន​របស់​គេ​ត្រូវ​បាក់​ខ្ទេច‌ខ្ទី ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​សង​សំណង ទ្រង់​នឹង​តប​ស្នង​ជា​មិន​ខាន ឯ​ពួក​មេ‌ទ័ព ពួក​អ្នក​ប្រាជ្ញ ពួក​ចៅហ្វាយ ពួក​នាយ នឹង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន​របស់​វា នោះ​អញ​នឹង​ធ្វើ​ឲ្យ​ស្រវឹង គេ​នឹង​ដេក​លក់​ទៅ​ជា​រៀង‌រាប​ដរាប ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​មហា‌ក្សត្រ ដែល​ព្រះ‌នាម​ទ្រង់​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ថា កំផែង​យ៉ាង​ក្រាស់​របស់​ក្រុង​បាប៊ីឡូន នឹង​ត្រូវ​រលំ​អស់​រលីង ហើយ​ទ្វារ​ដ៏​ខ្ពស់​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​ភ្លើង​ឆេះ គឺ​យ៉ាង​នោះ​ដែល​ជន‌ជាតិ​ទាំង‌ឡាយ​បាន​ខំ​ធ្វើ​ការ​ឲ្យ​តែ​បាន​ទទេៗ ហើយ​សាសន៍​ទាំង​ប៉ុន្មាន​ឲ្យ​តែ​បាន​ជា​ចំណី​ភ្លើង​ដែរ គេ​នឹង​នឿយ‌ហត់​ទៅ។ នេះ​ជា​ពាក្យ ដែល​ហោរា​យេរេមា​បាន​ផ្តាំ ដល់​សេរ៉ាយ៉ា ជា​កូន​នេរីយ៉ា ដែល​ជា​កូន​ម៉ាសេយ៉ា ក្នុង​កាល​ដែល​លោក​បាន​ទៅ​ឯ​ក្រុង​បាប៊ីឡូន ជា​មួយ​នឹង​សេដេគា​ស្តេច​យូដា នៅ​ឆ្នាំ​ទី​៤​ក្នុង​រាជ្យ​ទ្រង់ រីឯ​សេរ៉ាយ៉ា​នេះ​លោក​ជា​ចៅហ្វាយ​ស្លូត​ល្អ យេរេមា​ក៏​សរសេរ​ចុះ​ក្នុង​សៀវភៅ ពី​គ្រប់​ទាំង​ការ​អាក្រក់ ដែល​ត្រូវ​កើត​ដល់​ក្រុង​បាប៊ីឡូន គឺ​គ្រប់​ពាក្យ​ទាំង​នេះ​ដែល​បាន​កត់​ទុក ពី​ដំណើរ​ក្រុង​បាប៊ីឡូន​ហើយ យេរេមា​ក៏​ជំរាប​សេរ៉ាយ៉ា​ថា កាល​ណា​លោក​ទៅ​ដល់​ក្រុង​បាប៊ីឡូន​ហើយ នោះ​ត្រូវ​ឲ្យ​លោក​អាន​មើល​អស់​ទាំង​ព្រះ‌បន្ទូល​នេះ បន្ទាប់​មកត្រូវ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ពី​ដំណើរ​ទី​នេះ ដើម្បី​នឹង​កាត់​ចេញ ឲ្យ​ឥត​មាន​អ្វី​នៅ​ទៀត​ឡើយ ទោះ​មនុស្សឬ​សត្វ​ក្តី គឺ​ឲ្យ​ទី​នេះ​បាន​នៅ​ចោល​ស្ងាត់​ជា​រៀង‌រាប​ដរាប​ទៅ រួច​កាល​ណា​លោក​អាន​មើល​សៀវភៅ​នេះ​សព្វ​គ្រប់​ហើយ នោះ​ត្រូវ​យក​ថ្ម​មក​ចង​ភ្ជាប់ ហើយ​បោះ​ទំលាក់​ទៅ​កណ្តាល​ទន្លេ​អ៊ើប្រាត​ទៅ រួច​ត្រូវ​ថា ក្រុង​បាប៊ីឡូន​នឹង​លិច​បាត់​យ៉ាង​ដូច្នេះ​ដែរ ឥត​ដែល​ងើប​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ការ​អាក្រក់​ដែល​អញ​នឹង​នាំ​មក​លើ​វា នោះ​គេ​នឹង​នឿយ‌ហត់​ទៅ។ ពាក្យ​របស់​យេរេមា​ចប់​តែ​ប៉ុណ្ណេះ។

ចែក​រំលែក
អាន យេរេមា 51