យេរេមា 5:19-31

យេរេមា 5:19-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បើ​កាល​ណា​អ្នក​រាល់​គ្នា​សួរ​ថា៖ ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ព្រះ‌អង្គ​ប្រព្រឹត្ត​ការ​យ៉ាង​នេះ​ដល់​យើង? នោះ​ព្រះ‌អង្គ​នឹង​ឆ្លើយ​ដល់​គេ​ថា៖ អ្នក​រាល់​គ្នា​បាន​បោះ‌បង់​យើង ទៅ​គោរព​ព្រះ​ដទៃ​នៅ​ក្នុង​ស្រុក​អ្នក​ជា​យ៉ាង​ណា អ្នក​រាល់​គ្នា​នឹង​ត្រូវ​គោរព​ដល់​សាសន៍​ដទៃ នៅ​ក្នុង​ស្រុក​មួយ​ដែល​មិន​មែន​ជា​របស់​ខ្លួន​យ៉ាង​នោះ​ដែរ។ ចូរ​ថ្លែង​សេចក្ដី​នេះ​នៅ​ក្នុង​ពួក​វង្ស​យ៉ាកុប ហើយ​ប្រកាស​ប្រាប់​នៅ​ក្នុង​ពួក​យូដា​ថា៖ ឱ​ជន​ជាតិ​ល្ងី‌ល្ងើ ហើយ​ឥត​យោបល់ ជា​ពួក​អ្នក​ដែល​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ​ចុះ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច​ដល់​យើង​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ញាប់‌ញ័រ​នៅ​ចំពោះ​យើង​ទេ​ឬ? ដែល​យើង​បាន​ដាក់​ខ្សាច់​ធ្វើ​ជា​ព្រំ​ខណ្ឌ​សមុទ្រ ដោយ​បញ្ញត្តិ​នៅ​ជា‌និច្ច ដើម្បី​មិន​ឲ្យ​ហូរ​រំលង ហើយ​ទោះ​បើ​រលក​បោក​មាត់​ច្រាំង គង់​តែ​នឹង​ឈ្នះ​មិន​បាន ទោះ​បើ​ឮ​សន្ធឹក​យ៉ាង​ណា គង់​តែ​នឹង​ហូរ​រំលង​មិន​បាន​ដែរ តែ​ជន​ជាតិ​នេះ​គេ​មាន​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ​វិញ គេ​បាន​បះ‌បោរ​ចេញ​បាត់​ទៅ​ហើយ។ គេ​ក៏​មិន​ដែល​នឹក​ក្នុង​ចិត្ត​ថា ឥឡូវ​នេះ ចូរ​យើង​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ ដែល​ព្រះ‌អង្គ​ប្រទាន​ភ្លៀង​មក គឺ​ទាំង​ភ្លៀង​ដើមរដូវ ហើយ​ចុង​រដូវ តាម​រដូវ​ភ្លៀង ហើយ​ក៏​កំណត់​រក្សា​ទុក​ប៉ុន្មាន​អាទិត្យ ដែល​សម្រាប់​ច្រូត​កាត់​ដល់​យើង​នោះ​ឡើយ។ អំពើ​ទុច្ចរិត​របស់​អ្នក​រាល់​គ្នា​បាន​បង្វែរ​ការ​ទាំង​នោះ​ចេញ ហើយ​អំពើ​បាប​របស់​អ្នក បាន​បង្ខាំង​សេចក្ដី​ល្អ​ចេញ​ពី​អ្នក​រាល់​គ្នា​ដែរ។ ដ្បិត​នៅ​ក្នុង​ប្រជា‌រាស្ត្រ​យើង ឃើញ​មាន​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​រំពៃ​ចាំ​ដូច​ជា​អ្នក​ទាក់​សត្វ​ហើរ​ពួន​ចាំ​ដែរ គេ​ដាក់​អន្ទាក់​ចាប់​មនុស្ស។ ទ្រុង​មាន​ពេញ​ដោយ​សត្វ​ហើរ​យ៉ាង​ណា ផ្ទះ​គេ​ក៏​ពេញ​ដោយ​ការ​ឆ‌បោក​យ៉ាង​នោះ​ដែរ ដូច្នេះ គេ​បាន​ត្រឡប់​ជា​ធំ ហើយ​ជា​អ្នក​មានផង។ គេ​ឡើង​សាច់​ធាត់ ហើយ​ប៉ផូរ គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​ល្បត់ ឥត​ដែល​កាន់​ក្ដី​ជំនួស​ពួក​កំព្រា ដើម្បី​ឲ្យ​ពួក​នោះ​បាន​ចម្រើន​ឡើង​ឡើយ ក៏​មិន​សម្រេច​ត្រឹម​ត្រូវ​ដល់​ពួក​កម្សត់។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ តើ​យើង​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​ការ​ដូច្នេះ​ទេ​ឬ? តើ​ព្រលឹង​យើង​មិន​ត្រូវ​សង‌សឹក នឹង​សាសន៍​យ៉ាង​នោះ​ទេ​ឬ? មាន​ការ​ដ៏​អស្ចារ្យ ហើយ​គួរ​ស្ញែង​ខ្លាច បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក គឺ​ពួក​ហោរា​បាន​ថ្លែងទំនាយ​កុហក ពួក​សង្ឃ​ក៏​គ្រប់‌គ្រង​ដោយ​កម្លាំង​ដៃ​ខ្លួន ឯ​ប្រជា‌រាស្ត្រ​យើង​ក៏​ឃើញ​យ៉ាង​នោះ​ដែរ ដូច្នេះ ដល់​ចុង​បំផុត តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្តេច?

ចែក​រំលែក
អាន យេរេមា 5

យេរេមា 5:19-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យេរេមា​អើយ ប្រសិន​បើ​ពួក​គេ​សួរ​ថា: “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រព្រឹត្ត​បែប​នេះ​ចំពោះ​យើង?” ចូរ​ឆ្លើយ​ទៅ​គេ​វិញ​ថា: “ដោយ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ​ព្រះ​របស់​ជន​បរទេស ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​បម្រើ​ជន​បរទេស​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា”»។ «ចូរ​ប្រាប់​ឲ្យ​កូន​ចៅ​របស់​លោក​យ៉ាកុប​ដឹង ចូរ​ប្រកាស​ដល់​ប្រជា‌ជន​នៅ​ស្រុក​យូដា​ថា: ប្រជា‌ជន​ល្ងី‌ល្ងើ​ឥត​ដឹង​ខ្យល់​អ្វី​អើយ ចូរ​ស្ដាប់! អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ អ្នក​រាល់​គ្នា​មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​មិន​កោតខ្លាច ហើយ​ញាប់‌ញ័រ នៅ​ចំពោះ​មុខ​យើង​ទេ​ឬ? យើង​ដាក់​ឆ្នេរ​ខ្សាច់​ជា​ព្រំ‌ដែន​អស់‌កល្ប​ជានិច្ច សម្រាប់​សមុទ្រ ទឹក​សមុទ្រ​ពុំ​អាច​ឆ្លង​ហួស​បាន ទោះ​បី​រលក​បក់​បោក កញ្ជ្រោល​ខ្លាំង​យ៉ាង​ណា ក៏​ពុំ​អាច​ឆ្លង​ព្រំ‌ដែន​នេះ​បាន​ដែរ។ រីឯ​ប្រជា‌ជន​នេះ​វិញ គេ​មាន​ចិត្ត​រឹង‌រូស បះ‌បោរ​ប្រឆាំង​នឹង​យើង ហើយ​នាំ​គ្នា​ដក​ខ្លួន​ចាក​ចេញ​ពី​យើង។ គេ​ពុំ​ព្រម​រិះគិត​ក្នុង​ចិត្ត​ថា “ចូរ​យើង​នាំ​គ្នា​គោរព​កោតខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។ ព្រះអង្គ​ប្រទាន​ទឹក​ភ្លៀង​មក​យើង តាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវ និង​ភ្លៀង​នៅ​ចុង​រដូវ ហើយ​ព្រះអង្គ​ក៏​បាន​កំណត់​ទុក​នូវ​សប្ដាហ៍ ដែល​យើង​ត្រូវ​ច្រូត​កាត់​ដែរ”។ កំហុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ ធាតុ​អាកាស​ប្រែ‌ប្រួល អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ អ្នក​រាល់​គ្នា​បាត់​បង់​ពរ​ទាំង​នោះ។ មាន​ជន​ពាល​ស្ថិត​នៅ​ក្នុង​ចំណោម ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​ដាក់​អន្ទាក់​ចាំ​ចាប់​មនុស្ស ដូច​ព្រាន​ដាក់​អន្ទាក់​ចាំ​ចាប់​សត្វ។ ផ្ទះ​របស់​ពួក​គេ​មាន​ពោរ‌ពេញ​ដោយ​ទ្រព្យ ដែល​គេ​ប្លន់​យក​បាន ដូច​ទ្រុង​ពេញ​ដោយ​សត្វ​ស្លាប គឺ​ពួក​គេ​មាន​អំណាច និង​មាន​ទ្រព្យ​ជា​ច្រើន ដោយ‌សារ​តែ​អំពើ​ទុច្ចរិត​របស់​ខ្លួន។ ពួក​គេ​ដុះ​ក្បាល​ពោះ មុខ​ឡើង​ខ្លាញ់ ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​កម្រិត ពួក​គេ​មិន​គិត​ពី​យុត្តិធម៌​ទេ ហើយ​ក៏​មិន​គោរព​សិទ្ធិ​របស់​ក្មេង​កំព្រា​ដែរ។ ពួក​គេ​ចេះ​តែ​ចម្រើន​ឡើង ពួក​គេ​មិន​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ​ឡើយ។ តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទារុណ‌កម្ម​ពួក​គេ ព្រោះ​តែ​អំពើ​ទាំង​នោះ​ទេ​ឬ? តើ​មិន​គួរ​ឲ្យ​យើង​សង‌សឹក​ប្រជា‌ជាតិ អាក្រក់​បែប​នេះ​ទេ​ឬ? - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ នៅ​ក្នុង​ស្រុក​នេះ​មាន​កើត​រឿង​អាស្រូវ ដ៏​ថោក​ទាប​បំផុត គឺ​ពួក​ព្យាការី​នាំ​គ្នា​ថ្លែង​ពាក្យ ក្នុង​នាម​ព្រះ​ក្លែងក្លាយ ក្រុម​បូជា‌ចារ្យ​គិត​តែ​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ពេញ​ចិត្ត​នឹង អំពើ​ទាំង​នោះ​ណាស់! ទៅ​អនាគត តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ យ៉ាង​ណា​ទៀត?»។

ចែក​រំលែក
អាន យេរេមា 5

យេរេមា 5:19-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ បើ​កាល​ណា​ឯង​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទ្រង់​ប្រព្រឹត្ត​ការ​យ៉ាង​នេះ​ដល់​យើង នោះ​ទ្រង់​នឹង​ឆ្លើយ​ដល់​គេ​ថា ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​អញ ទៅ​គោរព​ដល់​ព្រះ​ដទៃ​នៅ​ក្នុង​ស្រុក​ឯង​ជា​យ៉ាង​ណា ឯង​រាល់​គ្នា​នឹង​ត្រូវ​គោរព​ដល់​សាសន៍​ដទៃ នៅ​ក្នុង​ស្រុក​១​ដែល​មិន​មែន​ជា​របស់​ផង​ខ្លួន​យ៉ាង​នោះ​ដែរ។ ចូរ​ថ្លែង​សេចក្ដី​នេះ​នៅ​ក្នុង​ពួក​វង្ស​យ៉ាកុប ហើយ​ប្រកាស​ប្រាប់​នៅ​ក្នុង​ពួក​យូដា​ថា ឱ​ជន‌ជាតិ​ល្ងី‌ល្ងើ ហើយ​ឥត​យោបល់ ជា​ពួក​អ្នក​ដែល​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​ឯង​រាល់​គ្នា​មិន​កោត‌ខ្លាច​ដល់​អញ​ទេ​ឬ តើ​ឯង​រាល់​គ្នា​មិន​ញាប់‌ញ័រ​នៅ​ចំពោះ​អញ​ទេ​ឬ​អី ដែល​អញ​បាន​ដាក់​ខ្សាច់​ធ្វើ​ជា​ព្រំ‌ខណ្ឌ​សមុទ្រ ដោយ​បញ្ញត្ត​ដ៏​នៅ​ជានិច្ច ដើម្បី​មិន​ឲ្យ​ហូរ​រំលង​ឡើយ ហើយ​ទោះ​បើ​រលក​បោក​មាត់​ច្រាំង​គង់​តែ​នឹង​ឈ្នះ​មិន​បាន ទោះ​បើ​ឮ​សន្ធឹក​យ៉ាង​ណា គង់​តែ​នឹង​ហូរ​រំលង​មិន​បាន​ដែរ តែ​ជន‌ជាតិ​នេះ​គេ​មាន​ចិត្ត​រឹង‌ចចេស ហើយ​បះ‌បោរ​វិញ គេ​បាន​បះ‌បោរ​ចេញ​បាត់​ទៅ​ហើយ គេ​ក៏​មិន​ដែល​នឹក​ក្នុង​ចិត្ត​ថា ឥឡូវ​នេះ ចូរ​យើង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ ដែល​ទ្រង់​ប្រទាន​ភ្លៀង​មក គឺ​ទាំង​ភ្លៀង​ដើម ហើយ​ចុង​រដូវ​ផង​តាម​រដូវ​ភ្លៀង ហើយ​ក៏​កំណត់​រក្សា​ទុក​ប៉ុន្មាន​អាទិត្យ ដែល​សំរាប់​ច្រូត​កាត់​ដល់​យើង​ដែរ នោះ​ឡើយ អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា​បាន​បង្វែរ​ការ​ទាំង​នោះ​ចេញ ហើយ​អំពើ​បាប​របស់​ឯង បាន​បង្ខាំង​សេចក្ដី​ល្អ ចេញ​ពី​ឯង​រាល់​គ្នា​ដែរ ដ្បិត​នៅ​ក្នុង​រាស្ត្រ​អញ ឃើញ​មាន​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​រំពៃ​ចាំ​ដូច​ជា​អ្នក​ទាក់​សត្វ​ហើរ​ពួន​ចាំ​ដែរ ឯ​គេ​គឺ​ដាក់​អន្ទាក់ ហើយ​ចាប់​មនុស្ស​វិញ ទ្រុង​មាន​ពេញ​ដោយ​សត្វ​ហើរ​យ៉ាង​ណា ផ្ទះ​គេ​ក៏​ពេញ​ដោយ​សេចក្ដី​ឆ‌បោក​យ៉ាង​នោះ​ដែរ ដូច្នេះ គេ​បាន​ត្រឡប់​ជា​ធំ ហើយ​មាន​ឡើង គេ​បាន​ឡើង​សាច់​ធាត់ ហើយ​ប៉ផូរ អើ គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​ល្បត់ ឥត​ដែល​កាន់​ក្តី​ជំនួស​ពួក​កំព្រា ដើម្បី​ឲ្យ​ពួក​នោះ​បាន​ចំរើន​ឡើង​ឡើយ ក៏​មិន​សំរេច​ត្រឹម‌ត្រូវ​ដល់​ពួក​កំសត់​ផង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​អញ​មិន​ត្រូវ​ធ្វើ​ទោស​ចំពោះ​ការ​ដូច្នេះ​ទេ​ឬ តើ​ព្រលឹង​អញ​មិន​ត្រូវ​សង‌សឹក​នឹង​សាសន៍​យ៉ាង​នោះ​ទេ​ឬ​អី។ មាន​ការ​ដ៏​អស្ចារ្យ ហើយ​គួរ​ស្ញែង​ខ្លាច បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក គឺ​ពួក​ហោរា​បាន​ទាយ​កុហក ពួក​សង្ឃ​ក៏​គ្រប់‌គ្រង​ដោយ​កំឡាំង​ដៃ​ខ្លួន​វិញ ឯ​រាស្ត្រ​អញ​គេ​ក៏​ឃើញ​គួរ​យ៉ាង​នោះ​ដែរ ដូច្នេះ ដល់​ចុង​បំផុត តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច​ទៅ។

ចែក​រំលែក
អាន យេរេមា 5